

ពលរដ្ឋខ្មែរម្នាក់ដែលជាអតីតជនភៀសខ្លួនក្នុងសង្គ្រាមកាលពីទសវត្សឆ្នាំ៨០ បានអះអាងថា តំបន់ភូមិជោគជ័យ ព្រៃចាន់ និងបឹងត្រកួន ដែលយោធាថៃកំពុងកាន់កាប់ និងអះអាងថា ជារបស់ថៃនោះ តាមពិតគឺជាទឹកដីខ្មែរ និងជាទីតាំងជំរំចាស់ ដែលជនភៀសខ្លួនខ្មែររាប់សែននាក់ ធ្លាប់ជ្រកកោន និងបង្កើតចលនាតស៊ូប្រដាប់អាវុធ។ ការចេញមកបញ្ជាក់នេះ ធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យកងទ័ពជើងគោកថៃ បានចោទប្រកាន់មកលើជនភៀសសឹកខ្មែរ ដែលមិនអាចត្រឡប់ទៅផ្ទះវិញបានថា ជាអ្នកឈ្លានពានទឹកដីថៃ ដោយសុំទឹកដីថៃជ្រកកោន កាលពីសង្គ្រាមខ្មែរក្រហម។
ភាគីថៃ បានបញ្ចេញប្រតិកម្មជាបន្តបន្ទាប់ ក្រោយពីនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ (Reuters) ថា យោធាថៃ នៅតែបន្តឈរជើង និងកាន់កាប់ជ្រៅចូលក្នុងទឹកដីកម្ពុជា នៅតាមតំបន់ព្រំដែនជាច្រើនទីតាំង ក្រោយមានបទឈប់បាញ់ ដែលធ្វើឱ្យជនភៀសសឹកខ្មែរប្រមាណ ៨ម៉ឺននាក់ មិនអាចវិលត្រឡប់ទៅផ្ទះវិញបាន។
អ្នកនាំពាក្យកងទ័ពជើងគោកថៃ លោក វីនថៃ ស៊ូវារី (Winthai Suvari) បានចេញសេចក្ដីថ្លែងការណ៍ នៅថ្ងៃនេះ ដោយអះអាងថា ពលរដ្ឋខ្មែរទាំង ៨ម៉ឺននាក់ ដែលបាត់បង់ផ្ទះសម្បែង និងដីធ្លី ក្រោមស្នាដៃទាហានថៃ ដែលបានវាយកម្ទេច និងរាយបន្លាលួសព័ទ្ធយកនោះ មិនត្រូវបានគេហៅថាជាជនភៀសសឹក ដូចដែលមេដឹកនាំកម្ពុជាបានអះអាងនោះឡើយ។
លោក វីនថៃ ចោទថា ជនភៀសសឹកខ្មែរទាំងនោះ បានរំលោភលើអធិបតេយ្យភាពរបស់ប្រទេសថៃ ដោយពួកគេបានភៀសខ្លួនមករស់នៅក្នុងតំបន់មានជម្លោះនេះ តាំងពីសម័យសង្គ្រាមខ្មែរក្រហមមកម្ល៉េះ រហូតដល់បញ្ចប់សង្គ្រាម ពួកគេមិនត្រឡប់ទៅវិញនោះឡើយ ទោះបីជាភាគីថៃ បានដាក់បណ្ដឹងតវ៉ាជាច្រើនដងហើយក៏ដោយ។
ទោះជាបែបនេះក្ដី អតីតទាហានប៉ារ៉ាម្នាក់ គឺលោក ហួន សារ៉ាវុធ បានអះអាងថា ទីតាំងដែលយោធាថៃ បានរាយបន្លាលួយ និងតម្រៀប ទូកុងតឺន័រ ព័ទ្ធយកនោះ គឺជាទឹកដីរបស់កម្ពុជា និងជាទីតាំងមូលដ្ឋានទ័ពរបស់ខ្មែរសេរី ដែលមានពលរដ្ឋខ្មែរមករស់នៅ តាំងពីមុនផ្ទុះសង្គ្រាមខ្មែរក្រហមមកម្ល៉េះ។
លោក ហួន សរ៉ាវុធ៖ «ចលនាតស៊ូ ដែលបង្កើតនៅក្នុងជំរំហ្នឹង មិនមែននៅក្នុងទឹកដីថៃទេ។ ចលនាតស៊ូបង្កើតឡើងនៅក្នុងទឹកដីខ្មែរទេ ប៉ុន្តែនៅតំបន់ព្រំដែន មិនមែនដីថៃទេ។ ថៃក៏គេមិនអនុញ្ញាតឱ្យមានចលនាតស៊ូប្រដាប់អាវុធ នៅលើទឹកដីគេដែរ»។
លោក ហួន សារ៉ាវុធ បានរៀបរាប់បន្តថា នៅក្នុងរបបខ្មែរក្រហម ប្រជាពលរដ្ឋខ្មែរ បាននាំគ្នាភៀសខ្លួន មកតំបន់ព្រំដែននេះ រហូតបង្កើតបានជាជំរំមួយ ដែលគេហៅថា ជំរំណងចាន់។ លោកបញ្ជាក់ថា ដំបូងឡើយ ទីតាំងជំរំនេះគឺជាតំបន់ព្រៃ ដែលនៅជាប់នឹងភូមិណងចាន់របស់ថៃ ទើបជនភៀសខ្លួនខ្មែរ បានហៅជំរំនេះថា «ណងចាន់» ដើម្បីងាយស្រួលក្នុងការស្វែងរកទិសដៅភូមិសាស្ត្រ គឺមិនមែន ពលរដ្ឋខ្មែរចូលទៅរស់នៅក្នុងទឹកដីថៃ ដូចការចោទនោះឡើយ។
អតីតទ័ពព្រៃរូបនេះ អះអាងទៀតថា ការលើកឡើងរបស់ភាគីថៃ ដែលថា ទីតាំងជំរំណងចាន់ ស្ថិតនៅក្នុងទឹកដីថៃនោះ គឺជាការបំភ្លៃប្រវត្តិសាស្ត្រ។ លោកពន្យល់ថា ជំរំណងចាន់ គឺមាន ២ទីតាំង គឺជំរំទី១ ស្ថិតនៅក្នុងទឹកដីកម្ពុជា គឺនៅជ្រៅជាងទីតាំងដែលយោធាថៃ បានរាយបន្លាលួស និងតម្រៀបទូកុងតឺន័រ នៅភូមិជោគជ័យ និងព្រៃចាន់ ទៅទៀត ដោយជនភៀសខ្លួនខ្មែរ នៅសម័យខ្មែរក្រហម ច្រើនតែនាំគ្នាហៅជំរំណងចាន់ នេះថា ជំរំចាស់។
លោកបន្តថា ចំពោះជំរំណងចាន់ទី២ គឺជាជំរំតូចមួយ ដែលគេបង្កើតឡើងជាសង្កាត់ នៅក្នុងបរិវេណជំរំសាយធូ (Site two) ស្ថិតនៅក្នុងខេត្តស្រះកែវ ប្រទេសថៃ ហើយជំរំណងចាន់ ថ្មីនេះ បង្កើតឡើងនៅក្នុងឆ្នាំ១៩៨៤ ពោលគឺនៅពេលដែលកងទ័ពវៀតណាម បានវាយកាន់កាប់ជំរំណងចាន់ចាស់ ដែលធ្វើឱ្យជនភៀសខ្លួនរាប់ម៉ឺននាក់ ត្រូវបានគេបញ្ជូនទៅកាន់ជំរំសាយធូ និងខ្លះទៀតទៅជំរំខៅអ៊ីដាង។
ផ្អែកលើផែនទីរបស់ឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន ដែលហៅកាត់ថា UNHCR បានបង្ហាញថា ជំរំជនភៀសខ្លួនខ្មែរ ដែលតាំងនៅលើទឹកដីថៃ ចាប់ពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៩០ គឺមានចំនួន៥ រួមមាន ជំរំម៉ៃរុត កាំពុត សាកែវ កាប់ជើង ខៅអ៊ីដាង និងក្រោយមក មានការបង្កើតជំរំ សាយធូ មួយបន្ថែមទៀត។ ជំរំទាំងនេះ ត្រូវបានអង្គការមនុស្សធម៌ជួលដីថៃ បង្កើតឡើង ដើម្បីទទួលជនភៀសខ្លួនរាប់ម៉ឺននាក់ មកពីជំរំតូចៗជាច្រើន ពីប្រទេសកម្ពុជា។
ក្រៅពីជំរំនៅលើទឹកដីថៃ ក៏មានការបង្កើតជំរំតូចៗ ជាច្រើនបន្ថែមទៀត នៅតាមព្រំដែន ក្នុងទឹកដីប្រទេសកម្ពុជា មានដូចជា ជំរំដងរែក ឫទ្ធិសែន និងខៅឌិន ជាដើម។
អតីតអ្នកជំរំចាស់ បានអះអាងថា ជនភៀសខ្លួនខ្មែរ ដែលរស់នៅក្នុងជំរំលើទឹកដីខ្មែរ ជាញឹកញាប់ ត្រូវទាហានឈុតខ្មៅរបស់ថៃ ធ្វើបាប ដូចជាករណីចាប់រំលោភបូកទៅលើស្ត្រី ការធ្វើទារុណកម្ម និងសម្លាប់លើជនភៀសសឹកជាបុរស នៅពេលពួកគេដើរឆ្ងាយពីជំរំ ដោយសារទីតាំងនៅតំបន់នោះ គ្មានរបងការពារនោះឡើយ។
លោក ហួន សរ៉ាវុធ៖ «ក្នុងកំឡុងហ្នឹង មានព្រឹត្តិការមួយបានកើតឡើង នៅឆ្នាំ១៩៨១។ គឺមានយុទ្ធនាការសង្គ្រាម ដោយកងទ័ពវៀតណាម ហើយនិងកងទ័ពសាធារណរដ្ឋប្រជាមានិតកម្ពុជា ធ្វើការវាយលុកទៅលើជំរំណងចាន់។ ពេលនោះជំរំណងចាន់ បានឆេះអស់ហើយ នៅសល់តែផេះ និងធ្យូង»។
ងាកមករឿងប្រតិកម្មរបស់យោធាថៃវិញ ប្រធានក្រុមអ្នកច្បាប់អមរិន្ទលោកមេធាវី សុក សំអឿន ប្រាប់ទូរទស្សន៍អាស៊ីសេរី ជាសំណេរ តាមរយៈបណ្ដាញទំនាក់ទំនង តេឡេក្រាម ថា ការអះអាងរបស់យោធាថៃ គ្រាន់តែជាការឆ្លើយឆ្លង និងមិនមែនជាភស្តុតាង ដែលដាក់បន្ទុកនៅក្នុងយន្តការច្បាប់អ្វីនោះឡើយ។ លោកបន្តថា ប្រសិនបើកម្ពុជា មិនចង់ប្រើកម្លាំងយោធា ដែលនាំឱ្យបាត់បង់ជីវិតមនុស្ស នោះទេ កម្ពុជាត្រូវតែជ្រើសរើសយកការដោះស្រាយតាមផ្លូវច្បាប់ បើសិនបើកម្ពុជា មានភស្តុតាងគ្រប់គ្រាន់៕








