អ្នកជំនាញ​ការទូត​ជំរុញ​ឲ្យ​អាមេរិក​ដាក់​សម្ពាធ​លើ​មេដឹកនាំ​ថៃ​ជាជាង​ហៅ​ទូរស័ព្ទ​ជា​លក្ខណៈ​បុគ្គល

0
236
(ពី​ឆ្វេង) នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul) លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ (Donald J. Trump) ក្នុង​ពិធី​ចុះហត្ថលេខា​នៃ​សេចក្ដីថ្លែងការណ៍​រួម នា​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃទី២៦ ខែ​តុលា ឆ្នាំ​២០២៥។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន
(ពី​ឆ្វេង) នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul) លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ (Donald J. Trump) ក្នុង​ពិធី​ចុះហត្ថលេខា​នៃ​សេចក្ដីថ្លែងការណ៍​រួម នា​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃទី២៦ ខែ​តុលា ឆ្នាំ​២០២៥។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

អ្នកជំនាញ​ការទូត និង​អ្នកវិភាគ​នយោបាយ​កម្ពុជា​ជំរុញ​ឲ្យ​សហរដ្ឋអាមេរិក​ផ្លាស់ប្ដូរ​មធ្យោបាយ ការទូត​ពី​ការ​ហៅ​ទូរស័ព្ទ​ជា​លក្ខណៈ​បុគ្គល ពាក់ព័ន្ធ​ការ​ផ្ទុះអាវុធ​ជា​លើក​ទី​២ រវាង​កម្ពុជា​-​ថៃ ដោយ​ផ្តោត​លើ​ការ​ដាក់​សម្ពាធ​យោធា​ថៃ និង​គាំទ្រ​យន្តការ​ដឹកនាំ​ដោយ​អាស៊ាន។ ការ​លើកឡើង​នេះ ក៏​ព្រោះតែ​ពួកគាត់​យល់ថា អ្នក​ដែល​ទទួល​បាន​អត្ថប្រយោជន៍​ខ្លាំង​បំផុត​ពី​ការ​ប្រយុទ្ធ​គ្នា​នេះ ​គឺស្ថាប័ន​យោធា និង​ពួក​ជាតិនិយម​ជ្រុល​ថៃ ចំណែកឯ​ប្រជាជន​ស៊ីវិល​នៃ​ប្រទេស​ទាំងពីរ​គឺជា​អ្នក​ចាញ់​នៅក្នុង​ភ្លើងសង្គ្រាម​នេះ។

សាស្ត្រាចារ្យ​ជំនាញ​ការទូត និង​កិច្ចការ​សកល​នៅ​មហាវិទ្យាល័យ Occidental College សហរដ្ឋអាមេរិក លោក​បណ្ឌិត អៀ សុផល បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​តាមរយៈ​បណ្តាញ​សង្គម​ថា ការ​ផ្ទុះអាវុធ​ជា​លើក​ទី​២ រវាង​កម្ពុជា​-​ថៃ នេះ​មាន​គ្រោះថ្នាក់​ខ្លាំង ជាង​ការ​ផ្ទុះឡើង​ពី​អតីតកាល ពីព្រោះ​ការ​ប៉ះទង្គិច​គ្នា​ពីមុន​កើតឡើង​រយៈពេល​ខ្លី និង​បាញ់​ទៅ​រក​ទីតាំង​ជាក់លាក់។ ប៉ុន្តែ​ការ​ប្រយុទ្ធ​គ្នា​លើក​នេះ គឺ​កំពុង​កើតឡើង​នៅ​គ្រប់​ទីតាំង​ក្នុង​ពេល​ដំណាលគ្នា។

លោក អៀ សុផល បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា មូលហេតុ​ដែល​ប្រទេស​ថៃ​ផ្ទុះអាវុធ​មក​លើ​ប្រទេស​កម្ពុជា ពីព្រោះ​យោធា​ចង់​បង្ហាញ​អំណាច​របស់​ពួកគេ​នៅ​តាម​បណ្តោយ​ព្រំដែន​ដែល​មាន​ជម្លោះ នៅ​ពេល​ដែល​នយោបាយ​នៅក្នុង​ស្រុក​របស់​ពួកគេ មាន​ភាព​មិន​ប្រាកដ​ប្រជា។ យោធា​ថៃ​បាន​បង្ហាញថា ខ្លួន​បាន​គ្រប់គ្រង​ទឹកដី​នៅ​តាម​ព្រំដែន មិនបាន​ប្រគល់​ទឹកដី ឬ​ភាព​ស្របច្បាប់​ទៅ​ឱ្យ​កម្ពុជា​នោះ​ទេ។

លោក​សាស្ត្រាចារ្យ អៀ សុផល បន្ថែម​ថា៖ «សង្គ្រាម​នេះ​អ្នក​ដែល​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ប្រយុទ្ធ​គ្នា​ច្រើន​ជាងគេ​បំផុត គឺ​ស្ថាប័ន​យោធា និង​ពួក​ជាតិនិយម​ជ្រុល​។ ប៉ុន្តែ​ប្រជាជន​ស៊ីវិល​នៃ​ប្រទេស​ទាំងសងខាង​គឺជា​អ្នក​ចាញ់»។

លោក អៀ សុផល ជំរុញ​ឲ្យ​សហរដ្ឋអាមេរិក​គួរតែ​ផ្លាស់ប្ដូរ​ពី​មធ្យោបាយ​ការទូត រឺ​ការ​ហៅ​ទូរស័ព្ទ​ជា​លក្ខណៈ​បុគ្គល ដោយ ផ្ដោត​លើ​ការ​ដាក់​សម្ពាធ និង​ជំរុញ​ឱ្យ​មាន​ការ​ថយ​ចុះ​ភាព​តានតឹង​តាមរយៈ​ការ​ផ្ញើ​សារ​សម្របសម្រួល​ជាមួយ​ដៃគូ​អាស៊ាន គាំទ្រ​ការ​ផ្ទៀងផ្ទាត់​ឯករាជ្យ​នៃ​បទ​ឈប់​បាញ់ និង​រក្សា​ការ​ផ្តោត​លើ​ការ​ការពារ​ជន​ស៊ីវិល​ជាជាង​ការទូត ជា​ចម្បង។

បណ្ឌិត អៀ សុផល សាស្ត្រាចារ្យ​ផ្នែក​ការទូត និង​កិច្ចការ​​ពិភពលោក​ នៃ​មហាវិទ្យាល័យ​ Occidental College រដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក។ រូប៖ Sophal Ear via Oslo Freedom Forum

លោក​ថា ចំពោះ​សហគមន៍​អន្តរជាតិ ឈប់​ចាត់ទុក​រឿង​នេះ​ថា ជា​ជម្លោះ​ទ្វេភាគី​តូចតាច​។ អនុវត្ត​ការ​យកចិត្តទុកដាក់​ផ្នែក​ការទូត​ជា​បន្តបន្ទាប់ គាំទ្រ​ការ​ត្រួត​ពិនិត្យ​អព្យាក្រឹត​។ លោក​ថា ភាព​ស្ងៀមស្ងាត់​ជំរុញ​ឱ្យ​មាន​ការ​កើនឡើង​នៃ​ភាព​តានតឹង។

ចំណែកឯ​ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី​លោក ស៊ឹង សែនករុណា បាន​អះអាង​ថា នៅក្នុង​សង្គ្រាម​លើក​ទី​២​នេះ អ្នក​ដែល​ស្រេក​ឈាម​ក្នុង​សកម្មភាព​សង្គ្រាម​នេះ​ខ្លាំង​មែនទែន និង​ចង់​បង្ហាញ​នូវ​សព្វាវុធ​របស់​ខ្លួន​ដែល​មាន​អំណាច​ខ្លាំង​នៅក្នុង​តំបន់ គឺ​ប្រទេស​ថៃ ដែល​ភាគី​ថៃ​បាន​បាញ់​មិន​រើស​ទីតាំង គឺ​បាញ់​សំដៅ​ទៅ​កន្លែង​ទីប្រជុំជន និង​ទៅលើ​ប្រាសាទ​ជាដើម​។ លោក​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ​ត្រូវ​ដាក់​សម្ពាធ​ឲ្យ​ភាគី​យោធា​ថៃ​និង​មេដឹកនាំ​ថៃ​ទទួលខុសត្រូវ​ចំពោះ​ការខូចខាត​ទាំងអស់​នេះ។

លោក ស៊ឹង សែនករុណា៖ «​អ្វី​ដែល​កើតឡើង​គឺ​សុទ្ធ​សឹង​ចេញពី​អ្នកនយោបាយ ហើយ​និង​ក្រុម​យោធានិយម​ហ្នឹងឯង ដែល​ធ្វើ​ឲ្យ​បញ្ឆេះ​នូវ​ភ្លើងសង្គ្រាម​នេះ​កើតឡើង​ដែល​បណ្តាល​ឲ្យ ប៉ះពាល់​ទៅដល់​អាយុជីវិត​របស់​ប្រជាពលរដ្ឋ អាយុជីវិត​របស់​កង​ទ័ព​អី​ជាដើម»។

លោក ស៊ឹង សែនករុណា បន្ថែម​ថា ចំពោះ​សង្គ្រាម​នេះ​គឺ​ពុំ​ចំណេញ​ទៅ​លើ​ប្រទេស​ទាំងពីរ​នោះ​ទេ ជាពិសេស​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ គឺជា​អ្នករងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ ដោយសារ​ពួកគេ​ត្រូវ​ជម្លៀស​ចេញពីផ្ទះ និង​ត្រូវ​ព្រាត់​ប្រាស់​គ្រួសារ​ជាដើម​។ លោក​ទទូច​ទៅ​ដល់​អ្នក​ដែល​បញ្ឆេះ​ឲ្យ​មាន​ភ្លើងសង្គ្រាម​នេះ ត្រូវតែ​ពន្លត់ភ្លើង​សង្គ្រាម​នេះ​វិញ​ជាបន្ទាន់ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ អាច​រស់នៅ​ដោយ​សន្តិភាព និង​អាច​ប្រកប​អាជីវកម្ម​ធម្មតា​ឡើង​វិញ។

អ្នកកាសែត​ជាន់ខ្ពស់​របស់​សារព័ត៌មាន​ថៃ ខៅសុត (Khaosod) លោក ប្រាវីត រូចាណាព្រុក (Pravit Rojanaphruk) កាលពី​ថ្ងៃទី​១៥ ធ្នូ បាន​សរសេរ​បរិយាយ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​អំពី​មូលហេតុ​ចម្បង​មួយ​នៃ​សង្គ្រាម​កម្ពុជា​-​ថៃ ថា គំនិត​ជាតិនិយម​រឹងត្អឹង​ត្រូវ​បាន​បញ្ជ្រាប​បញ្ចូល​នៅក្នុង​កម្មវិធីសិក្សា​នៅក្នុង​សាលារៀន​សម្រាប់​កុមារ​ថៃ​។ រីឯ​ខ្មែរ បង្រៀន​ប្រាប់​កូនចៅ​ថា ថៃ​ជា​មនុស្ស​ដែល​មាន «​ល្បិចកល និង​មិនអាច​ទុកចិត្ត​បាន»។

ការ​ផ្ទុះ​អាវុធ​ជា​លើក​ទី​២ រវាង​កម្ពុជា​-​ថៃ គិត​ត្រឹម​រសៀល​ថ្ងៃទី​១៧ ខែធ្នូ មាន​ពលរដ្ឋ​ខ្មែរ ចំនួន​១៧​នាក់​ស្លាប់ ក្នុង​នោះ​មាន​ទារក ១​នាក់ និង​៧៧​នាក់​រង​របួស។ ចំណែក​មាន​ពលរដ្ឋ​ខ្មែរ ជាង​៤០​ម៉ឺន​នាក់ បាន​ភៀស​សឹក ទៅ​រក​ទី​សុវត្ថិភាព​បណ្ដោះអាសន្ន នៅ​ទូទាំង​ខេត្ត​ជាប់​ព្រំដែន​ថៃ រួមមាន ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប ពោធិ៍សាត់ បាត់ដំបង និង ខេត្តកោះកុង៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ