

យោធាខ្មែរ នៅតំបន់ជួរមុខអះអាងថា យោធាថៃនៅតែបន្តឈ្លានពានចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជា នៅក្នុងតំបន់មួយចំនួនតាមព្រំដែន ក្នុងពេលអនុវត្តបទឈប់បាញ់។ សកម្មភាពឈ្លានពាននោះ គឺយោធាថៃ បានព្យាយាមរាយបន្លាលួសចូលកាន់តែជ្រៅក្នុងទឹកដីខ្មែរ ពោលគឺហួសទីតាំងឈរជើងរបស់ពួកគេកន្លងមកថែមទៀត និងការបន្តសម្រុកសាងសង់សំណងរឹងផ្សេងៗ ដើម្បីបំបាត់ភស្តុតាងដែលបញ្ជាក់ថា ជាទឹកដីរបស់ខ្មែរ ព្រមទាំងការដើរល្បាតចូលក្នុងតំបន់យោធាខ្មែរ។ អ្នកឃ្លាំមើលថា សកម្មភាពរបស់យោធាថៃ គឺជាការឈ្លានពាន និងមានចេតនាបង្កហេតុ ដើម្បីចោទប្រកាន់មកលើកម្ពុជា។
ទោះបីជាភាគីថៃតែងតែអះអាងពីការគោរពបទឈប់បាញ់យ៉ាងខ្ជាប់ខ្ជួនយ៉ាងណាក្ដី ក៏សកម្មភាពរបស់យោធាថៃនៅតំបន់ព្រំដែន កំពុងតែដើរផ្ទុយពីការអះអាងនេះ។
យោធាខ្មែរម្នាក់ ឈរជើងនៅតំបន់ព្រំដែនខេត្តព្រះវិហារ អះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២៨ ខែមករា ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ថា ក្នុងពេលថ្មីៗនេះ ក្រុមយោធាថៃ បានឆ្មក់ចូលក្នុងតំបន់ដែលយោធាខ្មែរកំពុងឈរជើង និងព្យាយាមរាយបន្លាលួសជាច្រើនដង នៅតំបន់មុំបី និងតំបន់ផ្សេងទៀត។ លោកបន្តថា សកម្មភាពឈ្លានពាននេះ ត្រូវយោធាខ្មែររារាំងជាច្រើនលើក រហូតមានការប៉ះទង្គិចពាក្យសម្ដីគ្នាម្ដងម្កាល មុននឹងមានការសម្របសម្រួលពីថ្នាក់លើ។
យោធាខ្មែរ៖ «យើងនៅតែគោរពបទឈប់បាញ់ហ្នឹង។ ជាធម្មតា ដោយសារតែគេដឹងពីយុទ្ធសាស្ត្រយើង ថា មិនហ៊ានជាមួយគេហ្នឹងហើយ បានជាគេចេះតែរុលចូលមក»។
យោធាខ្មែរ បានអះអាងទៀតថា ក្រៅពីតំបន់មុំបី នៅតាមបន់ព្រំដែនមួយចំនួនទៀត ដូចជានៅតំបន់ចរ១ ស្ថិតក្នុងខេត្តពោធិ៍សាត់ តំបន់ច្រកថ្មដូន អូរស្មាច់ ជាំស្រងាំ នៅខេត្តឧត្តរមានជ័យ តំបន់ភ្នំខ្មោច តាថាវ និងតំបន់ជាំតែ នៅខេត្តព្រះវិហារ ត្រូវក្រុមយោធាថៃ ព្យាយាមចូលរាយបន្លាលួសព័ទ្ធយកជាច្រើនដងមកហើយ។ ក្រៅពីព្យាយាមចូលរាយបន្លាលួស យោធាថៃបានប្រើប្រាស់គ្រឿងចក្រកាយផ្ដាច់ផ្លូវថ្នល់ ដើម្បីឈ្លានពានរំលោភយកដីកម្ពុជាទៀតផង។
យោធាខ្មែរបានអះអាងថា ក្នុងសង្គ្រាមនៅតាមព្រំដែន កម្ពុជាបានបាត់បង់ទឹកដីជាបន្តបន្ទាប់ ទៅកាន់ប្រទេសថៃ ដោយក្នុងកំលុងផ្ទុះអាវុធ យោធាថៃបានដណ្ដើមកាន់កាប់តំបន់ឈរជើង និងលេណដ្ឋានរបស់យោធាខ្មែរជាច្រើនទីតាំង និងក្រោយប្រកាសបទឈប់បាញ់ យោធាថៃ បានបន្តរុលចូលមកក្នុងទឹកដីកម្ពុជាកាន់តែជ្រៅ ហើយសូម្បីតែកំពុងអនុវត្តបទឈប់បាញ់ ដូចក្នុងពេលនេះក្ដី ក៏យោធាថៃ នៅតែព្យាយាមធ្វើសកម្មភាព ឈូសឆាយ ធ្វើផ្លូវ និងរាយបន្លាលួស ព័ទ្ធយកទឹកដីខ្មែរបន្ថែមទៀត តាមដែលអាចធ្វើទៅបាន។
មន្ត្រីបក្សប្រឆាំង នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន បានអះអាងថា គិតមកដល់ពេលនេះ កម្ពុជា បានបាត់បង់ទឹកដីនៅតាមបណ្ដោយព្រំដែន ទៅកាន់ភាគីថៃ មានចំនួន ៤១ទីតាំងហើយ។
បច្ចុប្បន្នរដ្ឋាភិបាលថៃបានអភិវឌ្ឍ និងប្ដូរឈ្មោះតំបន់ទាំងនោះ ទៅជាភូមិឋានសម្រាប់ត្រៀមចែកឱ្យពលរដ្ឋថៃមករស់នៅ ខណៈប្រាសាទបុរាណខ្មែរ ដែលយោធាថៃបានបាញ់ផ្លោងដាក់ បណ្ដាលឱ្យបែកបាក់នោះ ថៃបានជួសជុល និងកសាងឱ្យក្លាយជាតំបន់រមណីយដ្ឋាន ដោយមានព្រះសង្ឃថៃ ជាអ្នកចូលរួមជួយរៃអង្គាសប្រាក់ និងប្រកាសហៅពលរដ្ឋឱ្យមកធ្វើបុណ្យ និងមកកម្សាន្តនៅទីតាំង ទាំងនោះទៀតផង។
ចំណែកស្ថានភាពនៅតាមតំបន់ព្រំដែនខាងភាគីកម្ពុជាវិញ គឺមានស្ថានភាពស្ងប់ស្ងាត់ដោយពលរដ្ឋខ្មែរមួយចំនួន បន្តភ័យខ្លាច និងមិនទាន់វិលត្រឡប់ទៅរស់នៅក្នុងផ្ទះសម្បែងរបស់ពួកគាត់ឡើងវិញនៅឡើយ។ សម្រាប់ពលរដ្ឋខ្មែរដែលមានផ្ទះសម្បែង និងដីធ្លី ត្រូវបានយោធាថៃកាន់កាប់នោះ គឺពួកគាត់ កំពុងរស់នៅក្រោមតង់កៅស៊ូក្នុងស្ថានភាពក្រៀមក្រំខ្លោចផ្សា និងអស់សង្ឃឹម។ ចំណែកយោធាកម្ពុជា ដែលកំពុងឈរជើងនៅតាមព្រំដែន ក៏តែងតែថតបង្ហោះវីដេអូរៀបរាប់ពីការឈឺចាប់ចំពោះទង្វើឈ្លានពានរបស់យោធាថៃ។
ទាក់ទិនរឿងនេះ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានចេញសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី២៨ ខែមករា ថា រដ្ឋាភិបាលតាមរយៈរដ្ឋលេខាធិការដ្ឋាន កិច្ចការព្រំដែន បានជំរុញឱ្យភាគីថៃ អនុវត្តតាមលក្ខខណ្ឌចំណុចទី៣ នៃសេចក្ដីប្រកាសរួមដែលចែងថា ភាគីទាំងសងខាង មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិ រវាងគ្នានោះទេ។
ទោះជាយ៉ាងណា ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ប្រញាប់ប្ដឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ ICJដើម្បីទប់ស្កាត់ សកម្មភាពឈ្លានពានរបស់យោធាថៃ។ លោកបន្តថា សកម្មភាពរបស់យោធាថៃ ដែលបន្តរាយលួសបន្លាឈ្លានពានយកទឹកដីកម្ពុជានេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញពីភាពទន់ជ្រាយ និងអសមត្ថភាព របស់មេដឹកនាំកម្ពុជា ក្នុងការការពារបូរណភាពទឹកដី។
លោក ម៉ែន ណាត៖ «ថៃបានប្រើប្រាស់យន្តការឈ្លានពាន និងដើរហួសបន្ទាត់ក្រហមទៅហើយ។ ភាពជាក់ស្ដែងត្រូវតែទប់ស្កាត់ការឈ្លានពានរបស់ថៃ ចូលមកកម្ពុជា ស្របតាមមាត្រាទី៥១ នៃលក្ខន្តិកៈអង្គការសហប្រជាជាតិ គឺត្រូវប្រើសិទ្ធស្វ័យការពារ។ អ្នកឯងចូលមកត្រូវបណ្ដេញចេញ។ ក្នុងស្ថានភាពបច្ចុប្បន្ន ត្រូវតែទប់»។
ពាក់ព័ន្ធនឹងរឿងវិវាទព្រំដែននេះដែរ នាយករដ្ឋមន្ត្រីថៃ ចាំផ្ទះ លោក អានុទីន ចាន់វីរៈគុល(Anutin Chanvirarkul) បានប្រកាសកាលពីម្សិលមិញថា នៅតំបន់ព្រំដែនគ្មានសញ្ញា នៃការផ្ទុះសង្គ្រាមលើកទី៣ រវាងកម្ពុជានិងថៃនោះទេ។ លោកអះអាងថា កម្ពុជា និងថៃកំពុងធ្វើការទំនាក់ទំនងគ្នា ដើម្បីបង្ការរាល់ការយល់ច្រឡំផ្សេងៗ។
ទោះជាយ៉ាងណា អតីតមេទ័ពភូមិភាគ២ ថៃ និងជាទីប្រឹក្សាអគ្គមេបញ្ជាការកងទ័ពជើងគោក លោក ប៊ុនស៊ីន ផាត់ក្លាង (Boonsin Padklang) ធ្លាប់បញ្ជាក់ថា ឱកាសផ្ទុះសង្គ្រាមជាលើកទី៣ គឺមានភាគរយ ៥០អត់ និង ៥០អាច ដោយអាស្រ័យលើគោលជំហររបស់កម្ពុជា ដែលនៅតែបន្តទាមទារទឹកដី នៅតាមព្រំដែនត្រឡប់ទៅវិញ ឬក៏អត់។ លោកបញ្ជាក់ថា ស្ថានភាពនៅតាមព្រំដែនកម្ពុជា-ថៃ បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលឈប់បាញ់ និងការដាក់ពង្រាយកងទ័ពរង់ចាំការចរចា។
អ្នកឃ្លាំមើលលើកឡើង ថា ប្រសិនបើមេដឹកនាំកម្ពុជា នៅតែបន្តគោរពបទឈប់បាញ់តែម្នាក់ឯង និងមិនប្រញាប់ស្វែងរកយន្តការច្បាប់អន្តរជាតិទេនោះ កម្ពុជានឹងបន្តបាត់បង់ទឹកដីតាមព្រំដែនទៅកាន់ភាគីថៃ កាន់តែ ច្រើនទៅៗ ខណៈភាគីថៃ កំពុងរកវិធីបិទផ្លូវចរចាទ្វេភាគីជាមួយកម្ពុជាទៅហើយ៕








