

តំណាងអ្នកជំនួញអាមេរិកចោទថៃចំៗថា កំពុងឈ្លានពានយកដីខ្មែរសាជាថ្មី និងរំលឹកពីការឈ្លានពានរបស់ថៃលើកម្ពុជា កាលពីជិត១០០ឆ្នាំមុន ខណៈយោធាថៃកំពុងវាយប្រហារយ៉ាងកម្រោលឈ្លានពានកម្ពុជាដោយអាវុធធុនធ្ងន់គ្រប់ប្រភេទ និងធ្វើឱ្យពលរដ្ឋស៊ីវិលកម្ពុជាស្លាប់ និងរបួសជិត១០០នាក់ និងជម្លៀសជិតកន្លះលាននាក់។
ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AMCHAM Cambodia) លោក ខេស៊ី បារណេត (Casey Barnett) សរសេរលើហ្វេសប៊ុកនៅថ្ងៃទី១៨ ធ្នូ ព្រលះថៃចំៗដោយឥតស្ទាក់ស្ទើរ នៅពេលថៃកំពុងឈ្លានពានខ្មែរ តែបែរជាស្រែកប្រាប់ពិភពលោកថា ខ្លួនជាជនរងគ្រោះ និងផ្សាយកុហកប្រឌិតគ្រប់យ៉ាងដើម្បីជាលេសវាយប្រហារកាន់តែចូលជ្រៅក្នុងដីខ្មែរ។
លោកសរសេររៀបរាប់ថា កាលពីឆ្នាំ១៩៤១ ប្រទេសថៃបានឈ្លានពានប្រទេសកម្ពុជា ហើយបន្ទាប់មកបានប្រកាសសង្គ្រាមលើសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ នៅឆ្នាំ២០២៥ ថៃចោទទាហានកម្ពុជាបាញ់ឆ្លងព្រំដែន ដែលលោកចាត់ទុកថា ជាលេសឈ្លានពានប្រទេសកម្ពុជាសាជាថ្មី។
លោក ខេស៊ី បារណេត បន្តថា កាលពីឆ្នាំ១៩៤១ ដូចគ្នានឹងឥឡូវនេះ យោធាថៃមានគោលបំណងបញ្ចូលទឹកដីកម្ពុជាឲ្យទៅជាផ្នែកមួយរបស់ខ្លួន។
លោកក៏រំលឹកថា ទោះបីថៃ ដឹងច្បាស់អំពីអំពើប្រល័យពូជសាសន៍របស់ជប៉ុននៅប្រទេសចិន រួមទាំងសម្លាប់រង្គាលនៅណានជីងឆ្នាំ ១៩៣៧ ដែលបានសម្លាប់មនុស្សប្រហែល ២០០,០០០ នាក់ ជាពលរដ្ឋស៊ីវិល និងអ្នកទោសសង្គ្រាមក៏ដោយ ក៏ថៃនៅតែចូលរួមចុះហត្ថលេខាលើសន្ធិសញ្ញាជាមួយជប៉ុននៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ ១៩៤០។ លោកអះអាងថា កិច្ចព្រមព្រៀងនោះបានបង្កើតមូលដ្ឋានឲ្យជប៉ុនបន្តកាន់កាប់ឥណ្ឌូចិនបារាំង និងម៉ាឡាយ៉ាអង់គ្លេស។
លោកបន្តថា បន្ទាប់ពីអនុម័តសន្ធិសញ្ញានៅពេលនោះ ថៃបានឈ្លានពានកម្ពុជា និងឡាវនៅខែមករា ឆ្នាំ១៩៤១ ដោយអះអាងថា កងកម្លាំងអាណានិគមបារាំងនៅកម្ពុជាបានបាញ់ឆ្លងព្រំដែនចូលក្រុងអារញ្ញប្រាថេត (Aranyaprathet) ប្រទេសថៃ។ លោករៀបរាប់បន្តថា តាមពិតទៅ ថៃបានត្រៀមរៀបចំសម្រាប់ការឈ្លានពានកម្ពុជា អស់រយៈពេលជាយូរហើយ ហើយក្នុងរយៈពេលតែប៉ុន្មានសប្ដាហ៍ ថៃបានបង្ខំយកខេត្តភាគជើងនៃកម្ពុជា និងទឹកដីភាគលិចរបស់ឡាវ។
ក្រៅពីចោទថៃចំៗបែបនេះ តំណាងពាណិជ្ជករអាមេរិករូបនេះក៏ចោទជប៉ុនថា បានគាំទ្រថៃយ៉ាងខ្លាំងក្លា ពិសេសនៅឆ្នាំ១៩៤១ ដែលធ្វើឱ្យថៃឈ្លានពានកាន់កាប់ខេត្តខ្មែរ គឺខេត្តសៀមរាប បាត់ដំបង និងសេរីសោភ័ណ ដែលបច្ចុប្បន្នគឺខេត្តប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្ដរមានជ័យ និងខេត្តសៀមរាប។ លោកបន្តថា ដោយសារជ័យជម្នះរបស់សម្ព័ន្ធមិត្តក្នុងសង្គ្រាមលោកលើកទី២ គឺនៅឆ្នាំ១៩៤៣ អាមេរិកបានទម្លាក់គ្រាប់បែកបរមាណូលើជប៉ុន ទើបថៃបង្ខំចិត្តប្រគល់ខេត្តខ្មែរមកកម្ពុជាគ្រប់គ្រងវិញ។
គិតត្រឹមថ្ងៃទី១៨ ធ្នូ យោធាថៃបានវាយប្រហារឈ្លានពានទឹកដីខ្មែរ រយៈពេល ១២ថ្ងៃហើយ ដោយថៃបានប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទ ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសដើម្បីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលគ្រប់យ៉ាង រួមទាំងប្រាសាទបុរាណខ្មែរអាយុកាលប្រមាណ ១ពាន់ឆ្នាំ វត្តអារាម សាលារៀន មន្ទីរពេទ្យ ផ្ទះពលរដ្ឋ និងសម្លាប់ពលរដ្ឋស៊ីវិល ១៧នាក់ និងរបួសជិត ១០០នាក់ ព្រមទាំងពលរដ្ឋភៀសសឹក ជាង ៤៦ម៉ឺននាក់៕









