លោក ហ៊ុន សែន បង្ហាញ​ការ​ឈឺចាប់​រឿង​កូន ខណៈ​លោក​មើល​រំលង​ទុក្ខ​សោក​របស់​ប្រជាជាតិ

0
57
រូបក្រុមគ្រួសារ​លោក ហ៊ុន សែន ពេលសែននៅមុខថ្នូរកូនប្រុសរបស់លោក ដែលស្លាប់ស្លាប់​កាលពី​៥០ឆ្នាំ​មុន។ ​រូប៖ ហ្វេសប៊ុកលោក ហ៊ុន​ សែន
រូបក្រុមគ្រួសារ​លោក ហ៊ុន សែន ពេលសែននៅមុខថ្នូរកូនប្រុសរបស់លោក ដែលស្លាប់ស្លាប់​កាលពី​៥០ឆ្នាំ​មុន។ ​រូប៖ ហ្វេសប៊ុកលោក ហ៊ុន​ សែន

មន្ត្រី​បក្ស​ប្រឆាំង និង​ប្រជាពលរដ្ឋ​រិះគន់​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ថា ជា​មេដឹកនាំ​ដែល ខ្វល់​តែ​ពី​រឿង​គ្រួសារ កំប៉ិកកំប៉ុក របស់​ខ្លួន ជាជាង​ទុក្ខ​លំបាក​របស់​ពលរដ្ឋ​ដែល​កំពុង រងគ្រោះ បាត់បង់​ដីធ្លី និង​ផ្ទះសម្បែង ក្រោយពី​យោធា​ថៃ​រំលោភ​យក ព្រមទាំង​ក្រុម​គ្រួសារ​អ្នក​រិះគន់​និង​អ្នក​ប្រឆាំង​ដែល​កំពុង​រងគ្រោះ​ពី​ការ​ធ្វើទុក្ខបុកម្នេញ​ក្រោម​ស្នាដៃ​របស់​រដ្ឋាភិបាល​ត្រកូល​’«​ហ៊ុន» ។ ការ​លើកឡើង​នេះ ក្រោយ​ពី លោក ហ៊ុន សែន បាន​បង្ហោះ​សារ​រៀបរាប់​អំពី​កូនប្រុស​របស់​លោក​ដែល​បាន​ស្លាប់​កាលពី​៥០​ឆ្នាំ​មុខ ហើយ​ថ្មីៗ នេះ​មាន​អ្នក​បន្លំ​ថា បាន​ចាប់​កំណើត​ថ្មី ដោយ​ទទូច​ចង់​ជួប លោក ហ៊ុន សែន។

នេះ​ពុំ​មែន​ជា​រឿង​ថ្មី ទេ ដែល​លោក ហ៊ុន សែន យក​រឿង​គ្រួសារ​របស់​លោក​មក​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​រៀបរាប់ ពី​អារម្មណ៍​ឈឺចាប់ និង​អារម្មណ៍​អណ្ដែតអណ្ដូង ដ្រាម៉ា (Drama) ជា​សាធារណៈ បើ​ទោះ​បី ជា​ពេល​នេះ ប្រជាពលរដ្ឋ​រាប់ពាន់​គ្រួសារ​កំពុងតែ​កើតទុក្ខ យំសោក ព្រោះ​អ្នក​ខ្លះ បាន​បាត់បង់​ដីធ្លី ផ្ទះសម្បែង ហើយ​គ្រួសារ​កងទ័ព​ខ្លះ នៅ​មិន​ទាន់​ឈប់​កាន់​ទុក្ខ ក្រោយ​ពី​ប្ដី​ឪពុក ឬ​កូន​បាន​ពលី​ក្នុង​សមរភូមិ​សង្គ្រាម ជាមួយ​យោធា​ថៃ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា លោក គឹម សុខ ប្រាប់​ទូរទស្សន៍ អាស៊ីសេរី​នៅ​ថ្ងៃទី​២៣ ខែ មករា ថា លោក ហ៊ុន សែន កំពុងតែ​ឈ្លក់​អង្វែង នឹង​អំណាច ហើយ​រាល់​ថ្ងៃ លោក​គិត​ថា ប្រជាពលរដ្ឋ​ល្ងង់ ងាយ​បោកប្រាស់ និង​ងាយ​ក្លែងបន្លំ​ស្ថានការណ៍​ប្រទេស​ជាតិ ដូច្នេះហើយ លោក តែងតែ​បង្ហោះ​សា​រលើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បែប​ស៊ី​អារម្មណ៍ និង​អណ្ដែតអណ្ដូង អំពី​គ្រួសារ។ លោក​ថា ករណី​នេះ គ្មាន​បាន​ប្រយោជន៍​អ្វី​សោះ​ដល់​ប្រជាជាតិ។

លោក គឹម សុខ៖ «មិន​ត្រូវ​លេងល្បែង​ស៊ី​អារម្មណ៍​លើ​ទុក្ខសោក កំប៉ិកកំប៉ុក​ក្នុង​គ្រួសារ​របស់​ខ្លួន​អ៊ីចឹង​ទេ ពីព្រោះ​ជា​មេដឹកនាំ​របស់​ប្រទេសជាតិ​។ បញ្ហា​ជាតិ​គឺជា​រឿង​សំខាន់​អាទិភាព​ជាង​អ្វី​ទាំងអស់។ ពេលខ្លះ គ្រួសារ​របស់​ខ្លួន​បើ​ទោះបី​ជាធំ​ប៉ុណ្ណា ក៏​គេ​មិន​និយាយ​ដែរ ប៉ុន្តែ​លោក ហ៊ុន សែន បែរ​ទៅ​និយាយ​រឿង​កំប៉ិកកំប៉ុក ដើម្បី​បោកប្រាស់​ប្រជាពលរដ្ឋ»។

ការ​លើកឡើង​នេះ ក្រោយពី​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន នៅ​ថ្ងៃទី​២២ ខែមករា បាន​បង្ហោះ​សារ​ដោយ រៀបរាប់ និង​ស្នើ​ឱ្យ​ជន​ដែល​បន្លំ​ថា ជា​កូន​ចាប់កំណើត ឱ្យ​បញ្ឈប់​ជាបន្ទាន់ ហើយ​កុំ​យក​ការ​ឈឺចាប់​របស់​លោក កាលពី​៥០​ឆ្នាំមុន បោក​បោស​ប្រាស់​លោក​បន្ត​ទៀត​។ លោក​រៀបរាប់​ថា ក្រោយ​ពី​ការ​រំដោះ ចេញ​ពី​របប ប៉ុល ពត ឆ្នាំ​១៩៧៩ មក លោក​បាន​និយាយ​អំពី​រឿង​កូន​ប្រុស​ម្នាក់​បាន​ស្លាប់ ដោយមាន​រឿង​និទាន និង​ភាពយន្ត​រឿង ដែល​មាន​ចំណងជើង​ថា «​កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញបូណ៌មី»។

លោក ហ៊ុន សែន ថា ក្រោយ​រឿង​នេះ ត្រូវ​បាន​ចាក់​ផ្សាយ​ព្រោងព្រាត​មក មាន​មនុស្ស​មិន​តិច​ជាង​២០​នាក់​ទេ ដែល​បន្លំ​ខ្លួន​ធ្វើជា​កូន​ប្រុស​របស់​លោក ដែល​មាន​ឈ្មោះ «កម្សត់» ដោយ​អះអាង​ថា​បាន​មក​មក​ចាប់ជាតិ​ថ្មី ហើយ​ទទូច​ចង់​ជួប​លោក។ លោក​ហ៊ុន សែន ថា មនុស្ស​ទាំងនោះ​អ្នកខ្លះ​សរសេរ​ជា​សំបុត្រ​បញ្ជូន​ឱ្យ​លោក និង​ខ្លះទៀត បាន​ចុះ​តាម​ផ្សាយ​តាម​ទស្សនាវដ្ដី ហើយ ចុងក្រោយ​នេះ បាន​បង្ហោះ​តាម បណ្ដាញ​សង្គម​ហ្វេសប៊ុក ដូច​ករណី ម្ចាស់​គណនី​ហ្វេសប៊ុក សាវ៉ាត់ វណ្ណដា ដែល​បាន​អះអាង​ថា ជា កូន​ចាប់​កំណើត របស់​លោក ហ៊ុន សែន ហើយ ក្រោយ​មក ក៏​មាន​អ្នក​ផ្ដល់​ដំណឹង​នេះ​មក ឱ្យ​លោក​តាម​ប្រព័ន្ធ​តេឡេក្រាម។

ស្របពេល លោក ហ៊ុន សែន បង្ហោះ​សារ​អណ្ដែតអណ្ដូង និង​រៀបរាប់ រឿង​គ្រួសារ​នេះ ពលរដ្ឋ រស់នៅ​តំបន់​ភូមិ​ជោគជ័យ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ លោកស្រី យ៊ូវ វិញ បាន​ត្អូញត្អែរ​ពី​ទុក្ខ​លំបាក ក្រោយពី​ផ្ទះ​លោកស្រី ត្រូវ​បាន​ពួក​យោធា​ថៃ​ដុត​កម្ទេច​ចោល រួម​នឹង​រាយ​ព័ន្ធ​បន្លា​លួស និង កុងតឺន័រ រារាំង​អ្នកភូមិ​មិន​ឱ្យទៅ​រស់នៅ​វិញ។ បញ្ហា​នេះ​ធ្វើ​ឱ្យ​លោកស្រី​ដេក​ពុំ​សូវ​លក់ ហើយ ហូបបាយ​មិនសូវ​បាន ព្រោះ​បារម្ភ​ពី​អនាគត មិនដឹង​ត្រូវធ្វើ​អ្វី​បន្ត។ លោកស្រី​ថា ចាប់តាំង​ពី​មាន​បញ្ហា​មក មិន​ដែល​ឃើញ​រដ្ឋាភិបាល ហ៊ុន ម៉ាណែត និង​លោក ហ៊ុន សែន ចុះ​មក​សួរសុខទុក្ខ​អ្នកភូមិ​នោះ​ទេ។ លោកស្រី​ថា ប្រសិន​បើ​រដ្ឋាភិបាល​ចុះ​មក​ផ្ទាល់​គឺជា​រឿង​ល្អ ដើម្បី​បានដឹង​ពី​ទុក្ខ​លំបាក​ពលរដ្ឋ។

លោកស្រី យ៊ូវ វិញ៖ «ខ្ញុំ​សំណូមពរ​ឱ្យ​សម្ដេច​ជួយ​មើល​ប្រជាពលរដ្ឋ ដូច​ថា​គេ​អត់​មាន​កន្លែង​រស់នៅ​អ៊ីចឹង ហើយ​អស់រលីង​គ្នា​អត់​មាន​សល់​អី​បន្តិច ឱ្យ​សម្ដេច​គាត់​ជួយ។ សុទ្ធតែ​អ្នក​ខ្សត់ខ្សោយ សុទ្ធតែ​អ្នក​រកស៊ី អ្នកខ្លះ​កាប់​អំពៅ ដក​ដំឡូង​ឱ្យ​គេ និង​ស៊ីឈ្នួល​។ អ្នកខ្លះ​មិន​ទាំង​មាន​ដី​នៅ​ផង»។

ទាក់ទិន​រឿង​នេះ អ្នកច្បាប់ និង​ជា​អ្នកវិភាគ​ឯករាជ្យ លោក វ៉ន ចាន់ឡូត មើលឃើញ​ថា ការដែល​លោក ហ៊ុន សែន ខ្វល់ខ្វាយ​តែ​ពី​រឿង​គ្រួសារ​របស់​លោក ជាង​ផលប្រយោជន៍​ជាតិ​នេះ​គឺជា​រឿង​ធម្មតា​ទៅ​ហើយ បើ​ទោះ​បី​ជា​ពេលនេះ ប្រជាពលរដ្ឋ​កំពុង​ជួប​ទុក្ខ​លំបាក ហើយ​កងទ័ព ជាច្រើន បាន​ពលី​ជីវិត​ដើម្បី​ការពារ​បូរាណ​ភាព​ទឹកដី​ក្ដី ក៏​លោក​ហ៊ុន សែន ពុំបាន​អើពើ​នោះ​ដែរ​។ លោក​ថា របៀប​ដឹកនាំ គិតតែ​ពី​ផលប្រយោជន៍​គ្រួសារ​ជាធំ របស់ លោក ហ៊ុន សែន​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​ប្រទេស​ជាតិ បន្ត​ដុនដាប មក​ដល់​បច្ចុប្បន្ន។

លោក វ៉ន ចាន់ឡូត៖ «ក្រៅពី​ចំណាយពេល​ទៅលើ​ប្រតិកម្ម​រឿង​ផ្ទាល់ខ្លួន លោក ហ៊ុន សែន តែងតែ​ចំណាយពេល​ទៅលើ​រឿង​ឥតប្រយោជន៍​ជាច្រើន​ផ្សេងទៀត ដូច​ជា​ការ​រិះរក​វិធី​កម្ទេច​ខ្មែរ ដែល​មាន​និន្នាការ​ផ្ទុយ។ អ្នក​មាន​រិះគន់​ខ្លួន ហើយនឹង​ចំណាយធនធាន​របស់​ជាតិ ដើម្បី​ទិញ​មនុស្ស​ឱ្យមក​ចុះ​ញ៉ម​ក្នុង​ផ្នែក​នយោបាយ​របស់​ខ្លួន​ហើយ ប្រើ​ធនធាន​ទាំងអស់​នោះ​ទៅ​ធ្វើ​សកម្មភាព ដើម្បី​ការពារ​នូវ​ផល​ប្រយោជន៍​គ្រួសារ​ខ្លួន និង​បក្សពួក​ខ្លួន»។

ក្រៅ​តែ​ពី​ការ​បង្ហោះ​សារ​រៀបរាប់​អំពី​រឿង​គ្រួសារ លោក ហ៊ុន សែន ក៏​ជា​មេដឹកនាំ​ចូលចិត្ត​បង្ហោះ​បទ​ច្រៀង​ដែល​មិន​ចេះ​នឿយណាយ ហើយ​អ្នក​ដែល​និពន្ធ​បទ​ចម្រៀង សរសើរ​លើកជើង​ត្រកូល «​ហ៊ុន​» គឺ​តែងតែ ទទួល​បាន​ងារ​ជា​«​ឧកញ៉ា» និង ងារ​ជា​«​ឯកឧត្ដម​» ប្រសិនបើ សរសេរ​សៀវភៅ ឬ​និពន្ធ​បទ​ចម្រៀង ធ្វើ​ឱ្យ​លោក ហ៊ុន សែន សប្បាយ​ចិត្ត។ ប៉ុន្តែ បើ​ទោះ​ជា​បែបនេះ​ក្ដី អ្នកឃ្លាំមើល​លើកឡើង​ថា ក្រោម​ដឹកនាំ​របស់​លោក ហ៊ុន សែន អស់​ជាច្រើន​ទសវត្សរ៍ មក​កម្ពុជា​បាន​ក្លាយ​ជា ឋានសួគ៌​នៃ​ឧក្រិដ្ឋកម្ម​អនឡាញ អំពើពុករលួយ និង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។ ទន្ទឹមគ្នា​នោះ លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ក៏​ត្រូវ​បាន​គេ​រិះគន់​ថា ជា​មេដឹកនាំ «​អសមត្ថភាព​» ក្នុង​ការ​ការពារ​ដែន​អធិបតេយ្យ ទើប​ធ្វើ​ឱ្យ​ទឹកដី​មួយចំនួន​នៅ​តាម​ព្រំដែន​ថៃ និង​វៀតណាម បន្ត​បាត់បង់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ