

សហរដ្ឋអាមេរិកបានដកកម្ពុជាចេញពីក្រុមប្រទេសដែលអាមេរិកព្រួយបារម្ភផ្នែកសន្តិសុខ និងលុបចោលទណ្ឌកម្ម ការ «ហាមលក់អាវុធ» ឱ្យកម្ពុជា។ ទោះជាបែបនេះក្ដី អាមេរិកនៅតែបន្តដាក់លក្ខខណ្ឌត្រួតពិនិត្យតឹងរ៉ឹង និងការអនុញ្ញាតយ៉ាងរឹតត្បិតក្នុងការនាំចេញទំនិញអាវុធ និងបច្ចេកវិទ្យាណាមួយដែលត្រូវប្រើប្រាស់ដោយកម្លាំងយោធា ចារកម្មយោធា និងអង្គភាពយោធារបស់កម្ពុជា។ អ្នកជំនាញកិច្ចការអន្តរជាតិយល់ថា ការដាក់លក្ខខណ្ឌបែបនេះគឺដោយសារតែអាមេរិកនៅតែគ្មានទំនុកចិត្តពេញលេញលើរដ្ឋាភិបាលកម្ពុជា។
អាមេរិកបានបើកទ្វារលក់អាវុធឱ្យកម្ពុជាឡើងវិញក្រោមលក្ខខណ្ឌនៃច្បាប់ត្រួតពិនិត្យយ៉ាងតឹងរ៉ឹង បន្ទាប់ពីកម្ពុជារងការវាយប្រហារឈ្លានពានពីថៃ ខណៈការប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយរវាងមហាអំណាចនៅតែកើនកម្ដៅ ដោយសារតែប្រទេសចិនកុម្មុយនិស្តព្យាយាមពង្រីកឥទ្ធិពលក្នុងតំបន់កាន់តែខ្លាំង។
ការិយាល័យឧស្សាហកម្ម និងសន្តិសុខ (BIS) នៃក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកកាលពីថ្ងៃទី៣ ខែកុម្ភៈ ប្រកាសថា កម្ពុជាលែងត្រូវបានអាមេរិកដាក់បញ្ចូលក្នុងបញ្ជីនៃក្រុមប្រទេសដែលអាមេរិកព្រួយបារម្ភផ្នែកសន្តិសុខ និងត្រូវបានហាមឃាត់ការលក់អាវុធរបស់សហរដ្ឋអាមេរិកឱ្យកម្ពុជាទៀតហើយ។ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបញ្ជាក់ថា ការផ្លាស់ប្ដូរនេះធ្វើឡើងបន្ទាប់ពីច្បាប់ចុងក្រោយរបស់ក្រសួងការបរទេសអាមេរិកកាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ដែលធ្វើវិសោធនកម្មលើមាត្រាមួយចំនួននៃបទប្បញ្ញត្តិចរាចរណ៍អាវុធអន្តរជាតិ (ITAR) ដើម្បីកំណត់ការលើកលែងការហាមឃាត់លក់អាវុធឱ្យកម្ពុជា។
សំណើនៃច្បាប់ដកកម្ពុជាចេញពីទណ្ឌកម្ម «ហាមលក់អាវុធ» អាមេរិកឱ្យកម្ពុជារបស់ក្រសួងការបរទេសអាមេរិកកាលពីខែធ្នូ ឆ្នាំ២០២៥ លើកឡើងថា ដោយសារតែអាមេរិកមើលឃើញថា កម្ពុជាចូលរួមសហការឡើងវិញជាមួយសហរដ្ឋអាមេរិកលើកិច្ចសហប្រតិបត្តិការការពារជាតិ និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។
ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបញ្ជាក់ថា ទោះបីកម្ពុជាត្រូវបានដកចេញពីការហាមឃាត់លក់អាវុធរបស់អាមេរិក ក៏កម្ពុជានៅតែស្ថិតក្នុងចំណោមនៃក្រុមប្រទេសដែលត្រូវបានអាមេរិកបន្តដាក់លក្ខខណ្ឌត្រួតពិនិត្យតឹងរ៉ឹង និងរឹតបន្តឹងការអនុញ្ញាតក្នុងការនាំចេញទំនិញអាវុធ និងបច្ចេកវិទ្យាណាមួយដែលត្រូវប្រើប្រាស់ដោយកម្លាំងយោធា ចារកម្មយោធា និងអង្គការយោធារបស់កម្ពុជា។ នេះមានន័យថា ទោះបីកម្ពុជារួចផុតពីទណ្ឌកម្ម ក៏កម្ពុជាមិនអាចបញ្ជាទិញគ្រឿងសព្វាវុធទូទៅដែលបំពាក់បច្ចេកវិទ្យាអាមេរិកភ្លាមៗនោះទេ ក្នុងករណីកម្ពុជាមានតម្រូវការចាំចាច់។
ជុំវិញរឿងនេះ អ្នកតាមដានកិច្ចការនយោបាយអន្តរជាតិលើកឡើងថា ការលុបចោលរបស់អាមេរិកលើការហាមឃាត់លក់អាវុធឱ្យកម្ពុជា គឺជាសញ្ញាវិជ្ជមានមួយនៃការវិវត្តនៃទំនាក់ទំនងការទូតរវាងកម្ពុជា-អាមេរិកដែលព្យាយាមកាត់បន្ថយភាពតានតឹង។
អ្នកតាមដានភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ីប៉ាស៊ីហ្វិកលោក សេង វណ្ណលី ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី៤ ខែកុម្ភៈថា ការណ៍ដែលកម្ពុជានៅតែស្ថិតក្នុងចំណោមប្រទេសត្រូវបានរឹតបន្តឹងការនាំចេញអាវុធ និងបច្ចេកវិទ្យាយោធាអាមេរិក គឺដោយសារតែអាមេរិកប្រុងប្រយ័ត្នខ្ពស់ និងមិនទាន់មានទំនុកចិត្តពេញលេញលើរដ្ឋាភិបាលកម្ពុជានៅឡើយ។ លោកថា ជំហររបស់អាមេរិកនាពេលនេះគឺជាការផ្ដល់ជម្រើសថ្មី ដើម្បីកុំឱ្យរដ្ឋាភិបាលក្រុងភ្នំពេញពឹងផ្អែកខ្លាំងលើប្រភពអាវុធ និងឥទ្ធិពលចិនតែម្ខាង។
លោក សេង វណ្ណលី បន្ថែមទៀតថា ជំហរអាមេរិកដែលដកកម្ពុជាចេញពីទណ្ឌកម្ម និងព្រមលក់អាវុធឱ្យកម្ពុជាក្រោមលក្ខខណ្ឌតឹងរ៉ឹងនេះ ក៏ជាយុទ្ធសាស្ត្រទប់ទល់នឹងឥទ្ធិពលចិន។
លោក សេង វណ្ណលី៖ «ការបើកទ្វារលក់អាវុធក្រោមការត្រួតពិនិត្យគឺជាយុទ្ធសាស្ត្ររារាំង ដើម្បីកាត់បន្ថយឥទ្ធិពលយោធារបស់ចិននៅក្នុងប្រទេសកម្ពុជាផង និងនៅក្នុងតំបន់អាស៊ានទាំងមូលផង។ អាមេរិកចង់បង្ហាញថា ខ្លួនមានឆន្ទៈធ្វើជាដៃគូសន្តិសុខ ប៉ុន្តែភាពមិនទុកចិត្តនៅតែមានដរាបណាកម្ពុជានៅតែមានទំនាក់ទំនងផ្នែកយោធាយ៉ាងជិតស្និទ្ធខ្លាំងជាមួយចិន ដូច្នេះការដកកម្ពុជាចេញពីបញ្ជីខ្មៅគឺជាការប្រើប្រាស់ ការ៉ុត និងដំបង នៅក្នុងពេលតែមួយ ពោលគឺការផ្ដល់ការលើកទឹកចិត្តជាអាវុធ និងបច្ចេកវិទ្យា ប៉ុន្តែរក្សាការត្រួតពិនិត្យចុងក្រោយដែរ ដើម្បីធានាថា ផលប្រយោជន៍យុទ្ធសាស្ត្ររបស់អាមេរិកនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកមិនត្រូវបានគំរាមកំហែងដោយសារតែការស្ដារឡើងវិញនូវទំនាក់ទំនងផ្នែកសន្តិសុខ និងយោធារបស់អាមេរិកជាមួយកម្ពុជា»។
រីឯ ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជាលោក ខេស៊ី បាណេត (Casey Barnett) ក៏បានសរសេរលើបណ្ដាញសង្គមរបស់លោកថា ការលុបចោលរបស់សហរដ្ឋអាមេរិកលើការហាមឃាត់លក់អាវុធឱ្យកម្ពុជា គឺជានិមិត្តរូបដ៏សំខាន់នៃទំនុកចិត្តរបស់អាមេរិកចំពោះកម្ពុជា ដែលថា កម្ពុជាមានបញ្ហាលើកិច្ចសហប្រតិបត្តិការយោធា។ លោកថា នេះក៏ជាការបើកផ្លូវឱ្យកម្ពុជាទិញបច្ចេកវិទ្យាទំនើបៗរបស់អាមេរិកដែរ។ មន្ត្រីជាន់ខ្ពស់អាមេរិករូបនេះបញ្ជាក់ថា លោកកំពុងបំពេញទស្សនកិច្ចនៅប្រទេសសិង្ហបុរី ដើម្បីលើកទឹកចិត្តឱ្យក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនផលិតអាវុធអាមេរិកលក់ផលិតផលដែលមានគុណភាពខ្ពស់ ដើម្បីជួយសន្តិសុខ និងសេដ្ឋកិច្ចរបស់កម្ពុជា។
ចំណែក អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ ២៣ តុលា លោក គឹម សុខ លើកឡើងថា ការដកទណ្ឌកម្មរឿងហាមលក់អាវុធឱ្យកម្ពុជាគឺអាមេរិកចង់បង្ហាញថា ខ្លួនមិនលម្អៀងរវាងកម្ពុជា និងប្រទេសថៃដែលបានឈ្លានពានកម្ពុជា។ លោកយល់ថា សហរដ្ឋអាមេរិកទំនងបារម្ភថា ពួកបណ្ដាញភេរវកម្មអន្តរជាតិប្រើប្រាស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ប្រព្រឹត្តអំពើឧក្រិដ្ឋកម្មដែលប្រើប្រាស់សម្ភារៈយោធា និងបច្ចេកវិទ្យាអាមេរិកបង្កអសន្តិសុខក្នុងតំបន់ ទើបមានការរឹតបន្តឹង និងដាក់លក្ខខណ្ឌត្រួតពិនិត្យតឹងរ៉ឹងលើការនាំចេញអាវុធលក់ឱ្យកម្ពុជា។
លោក គឹម សុខ៖ «សហរដ្ឋអាមេរិកមិនទុកចិត្តរដ្ឋាភិបាលក្រុមគ្រួសារ ហ៊ុន ឡើយ។ អ្វីដែលសហរដ្ឋអាមេរិកបារម្ភបំផុតនោះ គឺប្រព័ន្ធភេរវកម្មដ៏គ្រោះថ្នាក់មួយ ឡូកឡំនៅក្នុងប្រព័ន្ធបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែនអន្តរជាតិ និងការឆបោកតាមអនឡាញ លាងលុយកខ្វក់ជាដើម ដែលត្រួតត្រាដោយក្រុមគ្រួសារហ៊ុននៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន»។
សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជាកាលពីខែធ្នូ ឆ្នាំ២០២១ ដោយហាមឃាត់ការលក់អាវុធ និងសម្ភារៈយោធាឱ្យកម្ពុជា ដោយសារបញ្ហារំលោភសិទ្ធិមនុស្សជាប្រព័ន្ធ អំពើពុករលួយ និងការកើនឡើងនូវឥទ្ធិពលយោធាចិននៅកម្ពុជា។ ភ្លាមៗក្រោយរងទណ្ឌកម្មនេះ អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន បានបញ្ចេញសារផ្គើនសហរដ្ឋអាមេរិក ដោយបញ្ជាដល់អង្គភាពប្រដាប់អាវុធទាំងអស់ប្រមូលអាវុធ និងសម្ភារៈយោធាអាមេរិកដែលមាននៅកម្ពុជាយកទៅកម្ទេចចោល។
ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកត្រូវបានគេមើលឃើញថា ហាក់មានសញ្ញាវិជ្ជមានខ្លះក្នុងការចាប់ផ្ដើមកសាងទំនុកចិត្ត និងមិត្តភាពឡើងវិញ បន្ទាប់ពីមេដឹកនាំកម្ពុជាព្យាយាមរណែបរណបជ្រើសយកអាមេរិក និងបែរខ្នងដាក់ចិនដែលជាមិត្តដែកថែប ក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជាថៃ៕









