ជនភៀសសឹក​ទទូច​ឱ្យ​រដ្ឋាភិបាល​ផ្ដល់​នូវ​កញ្ចប់​ថវិកា គាំពារ​សង្គម​ឱ្យ​បាន​សមរម្យ ខណៈ​ពួកគាត់ កំពុង​ជួប​ទុក្ខ​លំបាក

0
58
ទិដ្ឋភាពពលរដ្ឋភៀសសឹក​ដោយសារ​ការឈ្លានពានរបស់​យោធាថៃ។ រូប៖ ហ្វេសប៊ុក​លោក មាន ចាន់យ៉ាដា
ទិដ្ឋភាពពលរដ្ឋភៀសសឹក​ដោយសារ​ការឈ្លានពានរបស់​យោធាថៃ។ រូប៖ ហ្វេសប៊ុក​លោក មាន ចាន់យ៉ាដា

ជនភៀសសឹក​ទទូច​ឱ្យ​រដ្ឋាភិបាល​ផ្ដល់​កញ្ចប់​ថវិកា គាំពារ​សង្គម ឱ្យ​បាន​សមរម្យ ខណៈ​ពួកគាត់ កំពុងតែ ជួប​ទុក្ខ​លំបាក។ ទន្ទឹមគ្នា​នោះ ពួកគាត់​ថា ចាប់តាំង​ពី​មាន​ការ​ភៀស​សឹក ដោយសារ​សង្គ្រាម​ឈ្លានពាន​របស់​ថៃ មក​លើ​កម្ពុជា​ជា​លើក​ទី​២​នេះ​មក អាជ្ញាធរ​បាន​ផ្ដល់​ថវិកា ដល់​ជនភៀសសឹក បាន​ពីរ​លើក​ដោយ​ក្នុង​១​លើក ទឹកប្រាក់​ចំនួន ៦​ម៉ឺន​រៀល សម្រាប់​មួយ​គ្រួសារ។

ពលរដ្ឋ​នៅ​ភូមិ​ជោគជ័យ ដែល​កំពុងតែ​ស្នាក់​នៅក្នុង ជំរំ​ជនភៀសសឹក​វត្ត​ចាន់ស៊ី ស្ថិត​ក្នុង​ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ លោក ព្រំ ចិត្ត ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​១៣ ខែ​មករា​ថា ពលរដ្ឋ​ដែល​កំពុង​ភៀស​សឹក មក​ស្នាក់នៅ វត្ត​ចាន់ស៊ី មាន​ជាង ១​ពាន់​គ្រួសារ ដែល​មកពី​ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃ​ចាន់ ក្រោយពី​ភូមិ​ទាំងនោះ ត្រូវ​បាន​ពួក​យោធា​ថៃ​ចូល​កាន់កាប់ ហើយ​បច្ចុប្បន្ន អ្នកភូមិ​កំពុងតែ​ដេក​ព្រួយ រឿង​បាត់បង់​ដីធ្លី និង​ផ្ទះសម្បែង ខណៈ​ពួកគាត់​មិនដឹង​ត្រូវ​អ្វី​ទៀត​នោះ​ទេ បាន​ត្រឹម​តែ​អង្គុយ​រង់ចាំ ដំណឹង​ពី​រដ្ឋាភិបាល ឱ្យ​ជួយ​ដោះស្រាយ។

ជាមួយគ្នា​នោះ លោក​អះអាង​ថា ចាប់តាំងពី​ភៀសខ្លួន​មក​ទី​សុវត្ថិភាព លោក​ធ្លាប់​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ពី​រដ្ឋាភិបាល ចំនួន​២​លើក ដោយ​ក្នុង​១​លើក បាន​ថវិកា​ចំនួន ៥ ទៅ​៦​ម៉ឺន​រៀល​ក្នុង​១​គ្រួសារ​។ លោក​ថា ថវិកា​នេះ ជា​ចំនួន​តិច​តូច ទើប​ធ្វើ​ឱ្យ​លោក​ចាយវាយ​ដោយ​ត្បិតត្បៀត​បំផុត។ លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល គួរតែ​ផ្ដល់​បន្ថែម​ឱ្យ​បាន​ច្រើនជាង​នេះ អាច​ចន្លោះ​ពី ៤០ ទៅ ៥០​ម៉ឺន​រៀល ក្នុង ១​ខែ។ លោ​ក​ថា ជនភៀសសឹក ភាគច្រើន​មាន​ជីវភាព​ខ្វះខាត ខណៈ​ផ្ទះ​និង​សម្ភារៈ​ប្រើប្រាស់ ត្រូវ​បាន​យោធា​ថៃ ដុត​បំផ្លាញ​ចោល​អស់។

លោក ព្រំ ចិត្ត៖ «សម្រាប់​ខ្ញុំ ខ្ញុំ​ចង់បាន​ថវិកា​បន្តិច​បន្តូច​ពី​រាជរដ្ឋាភិបាល ដែល​គាត់​ជា​អ្នកមើល​ខុសត្រូវ​យើង​អ៊ីចឹង ឱ្យ​គាត់ សមរម្យ​បន្តិច យើង​អាច​ប្រកបមុខរបរ​ទៅ​ខាង​មុខ​ទៀត​។ ដើម្បី​ឱ្យ​សមរម្យ​ល្មម យើង​អាច​រកស៊ី​បាន​។ លំបាក​ណាស់​បើ​រាជរដ្ឋាភិបាល​គាត់​អត់​បាន​ជួយ​ទេ វា​លំបាក​ខ្លាំង»។

ក្រោយ​សង្គ្រាម​ឈ្លានពាន​របស់​ថៃ ពលរដ្ឋ​ខ្លះ​ស្ទើរតែ​បាត់បង់​ស្មារតី និង​អ្នក​ខ្លះទៀត​ឈឺចាប់ និង​ដេក​យំ នៅពេល​នឹក​ដល់ ទ្រព្យសម្បត្តិ ដែល​សន្សំ អស់​ជាច្រើន​ឆ្នាំ បែរជា​ត្រូវ​មករ​លាយ​អស់​មួយ រំពេច ខណៈ​ដែល​រដ្ឋាភិបាល​ក៏​គ្មាន វិធានការ​អ្វី​សោះ ទើប​ធ្វើ​ឱ្យ​យោធា​ថៃ​បំផ្លិចបំផ្លាញ​ផ្ទះសម្បែង និង​ប្លន់​ទ្រព្យសម្បត្តិ អ្នកភូមិ តាមតែ​អំពើ​ចិត្ត រួចហើយ​បង្ហោះ​វីដេអូ និង​រូបភាព ឌឺដង​ពលរដ្ឋ​ខ្មែរ លើ​បណ្ដាញ​សង្គម។

ជនភៀសសឹក​ម្នាក់ទៀត នៅ​ខេត្ត​ឧត្តរមានជ័យ ដែល​មាន​ផ្ទះ​នៅ​ជាប់​នឹង​តំបន់​ប្រាសាទ​តាមាន់ធំ ឃុំ​គោកមន ស្រុក​បន្ទាយ​អំពិល លោក សេន សារ៉ាន់ លើកឡើង​ថា រដ្ឋាភិបាល​គួរតែ​ផ្ដល់​កញ្ចប់​ថវិកា​ក្នុង​គ្រាអាសន្ន ឬ ថវិកា​គាំពារ​សង្គម ដើម្បី​ឱ្យ​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់ អាច​យក ទៅ​ធ្វើ​ដើមទុន ប្រកបមុខរបរ​ផ្សេងៗ គ្រាន់​បាន​ចំណូល​ខ្លះ ខណៈ​ដែល​ស្ថានភាព នៅ​តាម​ព្រំដែន នៅតែ​មាន​ភាព​ផុយ​ស្រួយ​ដដែល។

លោក សេន សារ៉ាន់៖ «គេ​ឱ្យ​យើង ហូរ​ចុក​បានតែ​មួយ​រស់ៗ ដោះស្រាយ​សិន​ប៉ុណ្ណោះ​ឯង​។ ករណី​ថា គេ​មាន​កញ្ចប់​ថវិកា​ឱ្យ​យើង​មានការ​ងារ​ធ្វើ កញ្ចប់​ថវិកា​ឱ្យ​យើង​ដោះស្រាយ​បន្តិច​បន្តូច​អី មិនទាន់​មាន​ទេ​។ បើសិនជា​បាន អរគុណ​រដ្ឋាភិបាល ព្រោះ​យើង​ជា​ជនភៀសសឹក​នេះ​មិនមែន​ទៅ​ងាយ​ឯណា រត់លូន​ពេញ​តែ​ដុប ពេញ​តែព្រៃ។ ពួក​ខ្ញុំ​នេះ​មក​នៅតែ​ក្នុង​ដុប ក្នុង​ព្រៃ​ដេក​តែ​លើ​ដី​មាន​កន្លែង​ណា​នឹង​ដេក​បើ រត់ចោល​ផ្ទះ​ហើយ»។

ទូរទស្សន៍ អាស៊ីសេរី​ពុំ​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​ឆ្លើយតប​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃទី​១៣ ខែ​មករា។ ចំណែក អ្នកនាំពាក្យ​ក្រសួង​សង្គមកិច្ច អតីត​យុវជន និង​យុវនីតិ​សម្បទា លោក ឯម ច័ន្ទមករា ក៏​មិនអាច​ទាក់ទង​បាន។

បើទោះ​ជា​បែបនេះ​ក្ដី ស្របពេល​ពលរដ្ឋ​កំពុង​ជួប​ទុក្ខ​លំបាក ដោយសារ​សង្គ្រាម គេ​សង្កេតឃើញ សេវា​កិច្ច​គាំពារ​សង្គម របស់​រដ្ឋាភិបាល​ហាក់​ធ្វើឡើង ដោយ​គ្មាន​ភាព​ច្បាស់លាស់ និង​ខ្វះ​តម្លាភាព​ខណៈ​ពលរដ្ឋ រង​ទុក្ខ​រាប់ពាន់​គ្រួសារ បែរជា​ពុំ​ទទួល​បាន​ការឧបត្ថម្ភ​ថវិកា​សមរម្យ​ពី​រដ្ឋាភិបាល។

ទាក់ទិន​រឿង​នេះ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង លើកឡើង​ថា រដ្ឋាភិបាល​គួរតែ​គិតពិចារណា​ឡើងវិញ ក្នុង​ការ​ផ្ដល់​សេវា​គាំពារ​សង្គម​ដល់​ជនភៀសសឹក ឱ្យ​បាន​ត្រឹមត្រូវ ព្រោះ​ថា ពួកគាត់​គឺ ជា​ជនរងគ្រោះ​ដែល​រដ្ឋាភិបាល ត្រូវតែ​ចាត់ទុក ជា​អាទិភាព​ខ្ពស់។ ទន្ទឹមគ្នា​នោះ លោក​សោកស្ដាយ នៅ​ពេល​ដែល​ឮ​ថា ពលរដ្ឋ​ទទួល​បាន​ថវិកា ពី​សេវា​គាំពារ​សង្គម ត្រឹមតែ​៦​ម៉ឺន​រៀល ក្នុង​១​លើក ព្រោះថា ចំនួន​នេះ​តិចតួច​ពេក ដែល​ពលរដ្ឋ​មិន អាច​ចាយវាយ សម្រាប់​ការ​ហូបចុក​ប្រចាំថ្ងៃ គ្រប់គ្រាន់​នោះ​ទេ។

លោក យង់ គិមអេង៖ «ចង់​ឃើញ​ការ​គិតគូរ​ការ​ដោះស្រាយ ព្រោះថា​ជំនួយ​សង្គមកិច្ច​សម្រាប់​ជនភៀសសឹក ធ្វើ​យ៉ាងណា​ឱ្យ​បាន​ទៀងទាត់​ប្រចាំខែ ហើយ​ឱ្យ​បាន​សមរម្យ​ដែល​គាត់​អាច​រស់នៅ សម្រាប់​ទ្រទ្រង់​ជីវភាព ប្រចាំថ្ងៃ​គាត់​បាន​។ ប្រសិនបើ​ដូច​ការ​អះអាង របស់​គាត់​ថា​បាន​ត្រឹម ៦​ម៉ឺន​រៀល​អី​នោះ គឺ​វា​តិច​ពេក»។

ថ្មីៗ​នេះ រដ្ឋាភិបាល​កម្ពុជា​ទើប​ទទួល​បាន​ថវិកា​ជំនួយ​ឧបត្ថម្ភ​ដល់​ជនភៀសសឹក​ពី​ប្រទេស​មួយ​ចំនួន​ដូចជា​អាមេរិក ចិន អូស្ត្រាលី និង​ជប៉ុន ជាដើម​។ ទោះជា​យ៉ាងណា អ្នកឃ្លាំមើល​ថា ស្រប​ពេល​បណ្ដា​ប្រទេស មួយចំនួន បាន​ផ្ដល់​ជំនួស​ដល់​ជនភៀសសឹក​ជា​បន្តបន្ទាប់​នោះ រដ្ឋាភិបាល ក៏​ត្រូវ​ឧបត្ថម្ភ​ថវិកា ដល់​ជនភៀសសឹក​ឱ្យ​បាន​ត្រឹមត្រូវ និង​មាន​តម្លាភាព ប្រចាំខែ​ដើម្បី​ឱ្យ​ពលរដ្ឋ អាច រស់នៅ​ដោយ​អារម្មណ៍ ភាព​កក់ក្ដៅ​ខ្លះ​ស្រប​ពេល​ពួកគាត់ កំពុងតែ​កើត​ទុក ព្រោះ​បាត់បង់​ដីធ្លី និង ផ្ទះសម្បែង មិនដឹង​ពេលណា អាច​ទាមទារ​ពី​ថៃ វិញ​បាន នោះ​ឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ