

អតីតប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ត្រូវបានដោះលែងពីពន្ធនាគារហើយនៅថ្ងៃទី២៥ ខែកុម្ភៈ។ មន្ត្រីជាន់ខ្ពស់គណបក្សកម្លាំងជាតិ និងសង្គមស៊ីវិល យល់ថា ការការដោះលែង លោក ស៊ុន ចន្ធី ឱ្យមានសេរីភាពឡើងវិញ គឺជារឿងល្អ និងស្នើឱ្យមានការដោះលែង អ្នកទោសនយោបាយ និងសកម្មជនសិទ្ធិមនុស្ស ដទៃទៀត ឱ្យមានសេរីភាពដូចគ្នាដែរ ដើម្បីផ្សះផ្សាជាតិឡើងវិញ។
មន្ត្រីពន្ធនាគារខេត្តពោធិ៍សាត់ នៅថ្ងៃទី២៥ ខែកុម្ភៈ បានសម្រេចដោះលែង អតីតប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ឱ្យមានសេរីភាពឡើងវិញហើយ។ ការដោះលែងនេះមន្ត្រីបក្សប្រឆាំងសង្ឃឹមថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នឹងធ្វើឡើងចំពោះអ្នកទោសនយោបាយដទៃ ដើម្បីស្ដារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២៥ ខែកុម្ភៈថា ការដោះលែង លោក ស៊ុន ចន្ធី គឺជារឿងល្អ ក៏ប៉ុន្តែ គួរតែធ្វើឡើង ចំពោះអ្នកនយោបាយ សកម្មជន បរិស្ថាន និងសកម្មជនសិទ្ធិដទៃទៀត ដោយស្មើភាពគ្នា ព្រោះថា ក្នុងកាលៈទេសៈ ដែលប្រទេសជាតិ កំពុងតែរងការឈ្លានពាន ពីសំណាក់ប្រទេសថៃ ការរឹតត្បិតសេរីភាពអ្នកនយោបាយបក្សប្រឆាំង និងសកម្មជន ផ្សេងៗទៀត មិនបានចំណេញសម្រាប់ជាតិនោះទេ ក្រៅតែពីការបែកបាក់ជាតិ។
លោក រ៉ុង ឈុន៖ «ដោះលែងក្នុងកាលៈទេសៈដែលកម្ពុជាទទួលរងការឈ្លានពាន ពីសំណាក់ប្រទេសថៃ។ ការដោះលែងអ្នកនយោបាយទាំងអស់ ក៏ដូចជាសកម្មជន និងអ្នកសារព័ត៌មានបង្ហាញអំពី ខ្មែរមានការផ្សះផ្សាជាតិ ។ ខ្មែរមានការសាមគ្គីគ្នាជាថ្លង់មួយ នេះជាចំណុចខ្លាំងសម្រាប់កម្ពុជាយើង»។
ការដោះលែងលោក ស៊ុន ចន្ទី ឱ្យមានសេរីភាពនេះ ធ្វើឡើង ស្របពេលដែលអាជ្ញាធរខេត្តពោធិ៍សាត់ បានប្រកាស កាលពីថ្ងៃទី២៤ ខែកុម្ភៈថា ទណ្ឌិតចំនួន៣៨នាក់ នឹងត្រូវជ្រើសរើស ឱ្យស្នើសុំ បន្ធូរបន្ថយទោស និង ការលើកលែងទោស ក្នុងឱកាស ពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ និង ពិធីបុណ្យវិសាខបូជាឆ្នាំ២០២៦។
ទូរទស្សន៍អាស៊ីសេរីពុំអាចទាក់ទងលោក ស៊ុន ចន្ធី ដើម្បីបញ្ជាក់បន្ថែមជុំវិញរឿងនេះបានទេនៅថ្ងៃទី២៥ ខែកុម្ភៈ ប្រពន្ធរបស់ លោក ស៊ុន ចន្ធី នៅថ្ងៃដដែលនេះ បានសរសេរសារយ៉ាងខ្លី នៅលើហ្វេសប៊ុក របស់លោកស្រីថា លោក ស៊ុន ចន្ធី ពិតទទួលបាន មានសេរីភាពឡើងវិញមែន បន្ទាប់ពី ព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គទ្រង់ត្រាស់បង្គាប់ ព្រះរាជទានលើកលែងទោស។
ទោះជាយ៉ាងណា ការដោះលែងលោក ស៊ុន ចន្ធី នេះ ហាក់មានការសង្ស័យថា ទំនងជា មានការដោះដូរ លក្ខខណ្ឌមួយចំនួន ទើបធ្វើឱ្យលោក ស៊ុន ចន្ធី ហាក់មិនហ៊ាននិយាយជាមួយនឹងអ្នកសារព័ត៌មាន ហើយក៏ មិនឃើញ មានសមាជិកគណបក្សកម្លាំងជាតិនៅចាំទទួល ដើរហែហម ដូចទៅនឹងសមាជិក គណបក្សកម្លាំងជាតិ ដទៃទៀត ដែលបានចេញពីពន្ធនាគារកន្លងមក។
កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ ពីវិលត្រឡប់មកពីជួបសំណេះសំណាលជាមួយនឹងអ្នកគាំទ្រ នៅប្រទេសជប៉ុន លោក ស៊ុន ចន្ធី ត្រូវសមត្ថកិច្ច ចាប់ខ្លួន នៅប្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ក្រោយមកទៀត តុលាការក្រុងភ្នំពេញ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ក៏បានសម្រេចផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ២ឆ្នាំ និងដកហូតសិទ្ធិធ្វើនយោបាយអស់មួយជីវិតក្រោមបទចោទ «ញុះញង់» ពាក់ព័ន្ធ នឹង ការរិះគន់ លើការចែកប័ណ្ណក្រីក្រ ជូនពលរដ្ឋ ដែលលោកថា មានលក្ខណៈលម្អៀង និង រើសអើង និន្នាការ នយោបាយ។
យ៉ាងណា នៅសល់តែ២ខែទៀត គិតត្រឹមខែកុម្ភៈ លោក ស៊ុន ចន្ធី នឹងត្រូវដោះលែងឱ្យមានសេរីភាព ចេញពីពន្ធនាគារ ក្នុងសំណុំរឿង «ញុះញង់» ក៏ប៉ុន្តែ ក្រោយមកតុលាការក្រុងភ្នំពេញ ក៏បានចោទប្រកាន់ លោកមួយបទល្មើសថ្មីថែមទៀត គឺបទ«រួមគំនិតក្បត់»ដែលអាចបន្តជាប់ពន្ធនាគារចន្លោះពី៦ ទៅ៨ឆ្នាំ ប្រសិនបើរកឃើញថា មានទោស។ ប៉ុន្តែ តុលាការមិនទាន់បានសម្រេចបែបណានៅឡើយផង នៅថ្ងៃទី២៥ ខែកុម្ភៈ លោក ស៊ុន ចន្ធី ក៏ត្រូវបានដោះលែង។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ (LICADHO) លោក អំ សំអាត យល់ថា ការដោះលែងលោក ស៊ុន ចន្ធី ជាសញ្ញាវិជ្ជមាន ព្រោះថាទាំងអង្គការជាតិ និងអន្តរជាតិ តែងតែព្រួយបារម្ភពី បញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ដែលចេះតែ បន្តដាំក្បាលចុះ ដែលធ្វើឱ្យសហភាពអឺរ៉ុប បានដកការអនុគ្រោះពន្ធEBA ២០% ហើយ សហរដ្ឋអាមេរិក បានព្យួរពន្ធពាណិជ្ជកម្ម GSP ក៏ព្រោះតែបញ្ហានេះ។ ដូច្នេះ លោកសង្ឃឹមថា រដ្ឋាភិបាលនឹងពិចារណាលើករណីនេះឡើងវិញ ហើយដោះលែងអ្នកទោសមនសិការទាំងអស់ ដើម្បីស្ដារមុខមាត់ ប្រទេសជាតិឡើងវិញ នៅលើឆាកអន្តរជាតិ។
លោក អំ សំអាត៖ «យើងជាអង្គការសង្គមស៊ីវិល យើងចង់ឃើញអ្នកនយោបាយទាំងអស់គួរតែផ្ដល់ឧត្ដមប្រយោជន៍ជាតិ និងឧត្ដមប្រយោជន៍ពលរដ្ឋជាធំ។ បង្កើតនូវការរូបរួមជាតិ។ ការឯកភាពជាតិ និងការសាមគ្គីជាតិ ព្រោះថាកាលៈទេសៈនេះយើងត្រូវការខ្មែរតែមួយ ក្នុងការរួបរួមគ្នា»។
ទាក់ទិន ការដោះលែង លោក ស៊ុន ចន្ធី នេះដែរ អ្នកជំនាញភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី បានបង្ហោះសារ នៅលើគណនីហ្វេសប៊ុក ថា នេះគ្រាន់តែ ជាការលើកលែងទោសជាយុទ្ធសាស្ត្រ បង្គ្រប់កិច្ច និងជាល្បែងនយោបាយច្រំដែលៗ របស់បក្សកាន់អំណាច។ លោករៀបរាប់ថា បច្ចុប្បន្នកម្ពុជាកំពុងឈានដល់ដំណាក់កាលថ្មីមួយដែលទាមទារឱ្យមានការកែទម្រង់ផ្ទៃ ក្នុងយ៉ាងស៊ីជម្រៅ និងពិតប្រាកដ ជាជាងគ្រាន់តែការបង្ហាញរូបភាពខាងក្រៅដើម្បីតម្រូវចិត្តអន្តរជាតិ។
លោកបន្តថា កន្លងមក ការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីដាក់ទោសអ្នករិះគន់ ហើយបន្ទាប់មកទើបសុំការលើកលែងទោស ដើម្បីដោះដូរនឹងការបន្ធូរបន្ថយសម្ពាធសេដ្ឋកិច្ចពីបរទេស បានក្លាយជាល្បែងនយោបាយដែលពិភពលោកមើលយល់អស់ទៅហើយ។ ទម្លាប់ដដែលៗនេះ មិនត្រឹមតែមិន អាចជួយ កម្ពុជាឱ្យរួចផុតពីទណ្ឌកម្មបានយូរអង្វែងប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យបាត់បង់ទំនុកចិត្ត ពីអ្នកវិនិយោគធំៗ ដែលគេចង់ឃើញការគោរពច្បាប់និងតម្លាភាពពិតប្រាកដ។
លោកផ្ដល់ជាដំណោះស្រាយថា ដើម្បីទទួលបាននូវការគាំទ្រពេញទំហឹង និងមានសេចក្ដីថ្លៃថ្នូរលើឆាកអន្តរជាតិ លោក ហ៊ុន ម៉ាណែត ចាំបាច់ត្រូវបង្ហាញភាពក្លាហានក្នុងការធ្វើឱ្យប្រព័ន្ធយុត្តិធម៌មានឯករាជ្យភាពពិតប្រាកដ។ ការដោះលែង សកម្មជននយោបាយ សកម្មជនបរិស្ថាន និងសង្គម មិនគួរធ្វើឡើងក្នុងរូបភាពជាការយោគយល់ផ្នែកនយោបាយឡើយ ប៉ុន្តែគួរតែជាការបើកលំហសេរីភាពឱ្យពលរដ្ឋបានចូលរួមមតិ ដើម្បីស្ថាបនាជាតិ។ លោកថានៅពេលដែលរដ្ឋាភិបាលឈប់ចាត់ទុកអ្នករិះគន់ជាសត្រូវ ហើយងាកមកការពារធនធានធម្មជាតិ និងយុត្តិធម៌សង្គមដោយភាពស្មោះត្រង់ នោះកេរ្តិ៍ឈ្មោះរបស់កម្ពុជានឹងហក់ឡើងខ្ពស់ភ្លាម៕









