

ទាហានខ្មែរដែលកំពុងឈរជើងតាមព្រំដែន ក្នុងតំបន់មួយចំនួន ត្អូញត្អែរពីការខ្វះទឹកប្រើប្រាស់ នៅក្នុងរដូវប្រាំង ដោយតំបន់ខ្លះ ប្រភពទឹកបានរីងស្ងួត និងត្រូវដឹកជញ្ជូនទឹកពីតំបន់ផ្សេងមកផ្គត់ផ្គង់។ បញ្ហានេះ បានរំខានដល់ការអនុវត្តតួនាទីការពារព្រំដែន និងធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់យោធាជួរមុខ។
ភាពហួតហែងនៅក្នុងរដូវប្រាំងឆ្នាំនេះ កំពុងបង្កការលំបាក ដល់យោធិនខ្មែរ ដែលទើបនឹងឆ្លងកាត់ភ្លើងសង្គ្រាមតាមព្រំដែន ដោយសារការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ និងខ្វះទីជម្រកសម្រាប់ជ្រកធ្វើម្លប់។
ទាហានខ្មែរម្នាក់ឈរជើងនៅព្រំដែនខេត្តបន្ទាយមានជ័យ ប្រាប់ទូរទស្សន៍អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា នៅទីតាំងរបស់លោក កំពុងខ្វះខាតទឹកប្រើប្រាស់ បន្ទាប់ពីបឹង និងប្រឡាយភាគច្រើនបានរីងខះ និងខ្លះនៅសល់ត្រឹមស្មងជើង។ លោកបន្តថា ចំពោះទឹកសម្រាប់ផឹក មិនសូវជាខ្វះខាតនោះទេ ដោយសារមានប្រជាពលរដ្ឋផ្ដល់ឱ្យ ក៏ប៉ុន្តែ ទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ គឺខ្វះខាតខ្លាំង ដោយនៅពេលត្រូវការងូតទឹក ឬបោកខោអាវម្ដងៗ កងទ័ពត្រូវដួសសម្រិត ទឹកនៅតាមប្រឡាយ និងនៅក្នុងថ្លុកថ្នមៗ ដើម្បីប្រើប្រាស់ ដែលកត្តានេះបានធ្វើឱ្យទាហានមួយចំនួន កើតរមាសនៅលើស្បែក។
ទាហានខ្មែរ៖ «កាលមិនទាន់ច្រូតកាត់ហ្នឹង វាមានតាមប្រឡាយ តែឥឡូវហ្នឹង វារីងនៅសល់តែបន្តិចបន្តួចទេ សម្រាប់យើងលាងចានអចិន្ត្រៃយ៍។ ជូនកាលយើងងូតទឹកកខ្វក់ ហើយត្រីហ្នឹង មាត់ប៉ប៉ិចប៉ប៉ាច់ ហើយទឹកហ្នឹងនៅសល់ត្រឹមតែស្មងជើងទេ នៅពេលបោកខោអាវ និងយកមកពាក់ វារមាស់មែន»។
យោធិនជួរមុខរូបនេះ បញ្ជាក់បន្ថែមថា ក្រៅពីខ្វះខាតទឹកសម្រាប់ប្រើប្រាស់ ទាហានជួរមុខក៏ជួបបញ្ហាខ្វះខាតកៅស៊ូតង់ សម្រាប់ប្រក់ ដើម្បីជ្រកម្លប់ ផងដែរ ដោយសារតែកៅស៊ូតង់ភាគច្រើន បានត្រូវអំបែងផ្លោងគ្រាប់ធ្លុះធ្លាយខូចខាតអស់ទៅហើយ។
ក្រៅពីខេត្តបន្ទាយមានជ័យ នៅក្នុងតំបន់ផ្សេងទៀត ក៏ជួបប្រទះបញ្ហាខ្វះខាតទឹកប្រើប្រាស់ដូចគ្នាដែរ ដូចជានៅតំបន់លើភ្នំ និងក្នុងព្រៃមួយចំនួន នៅតំបន់មុំបី ចុងបូក ប្រាសាទតាក្របី តាមាន់ធំ និងជាំតែ ជាដើម។ ក្នុងនោះ ទាហានជួរមុខខ្លះ បាននាំគ្នាជីកអណ្ដូងក្នុងតំបន់ដីថ្មកំបោរ ដើម្បីយកទឹកប្រើប្រាស់ ខណៈនៅតំបន់ខ្លះទៀត ក្រុមកងទ័ពបានដួសទឹកនៅក្នុងថ្លុក ដែលមានស្លឹកឈើត្រាំស្អុយរលួយ យកមកត្រងដាក់ធុងទៀតផង។
ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជាលោកវេជ្ជបណ្ឌិត អ៊ូច វុឌ្ឍី មានប្រសាសន៍ថា ការបរិភោគទឹក ដែលមានស្លឹកឈើត្រាំ ស្អុយ និងមានជាតិកំបោរ នឹងបណ្ដាលឱ្យកើតជំងឺអាសន្នរោគ រាករូស និងខូចតម្រងនោមជាដើម ហើយប្រសិនបើទឹកមិនស្អាតទាំងនោះ ត្រូវគេយកទៅប្រើប្រាស់សម្រាប់ងូត ក៏បណ្ដាលឱ្យមានជំងឺសើស្បែកផងដែរ។ វេជ្ជបណ្ឌិតរូបនេះ ណែនាំឱ្យអ្នកប្រើប្រាស់ គួរតែធ្វើការចម្រោះ និងដាំឱ្យឆ្អិនជាមុនសិន មុខនឹងយកទៅផឹក។
លោក អ៊ូច វុឌ្ឍី៖ «វាបង្កទៅជាជំងឺ ដោយសារសត្វល្អិតផ្សេងៗ នៅក្នុងទឹកមិនស្អាត ដូចជាព្រូន តេនញ៉ា និងអាមីប ផ្សេងៗអីហ្នឹង វាអាចបង្កឱ្យមានជំងឺអាសន្នរោគ»។
ទាហានម្នាក់ទៀត ដែលកំពុងឈរជើងនៅខេត្តព្រះវិហារ ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ និងសំឡេង បានរៀបរាប់ថា ប្រភពទឹកដែលមាននៅលើភ្នំបានរីងស្ងួតអស់ហើយ ហើយដើម្បីបានទឹកប្រើប្រាស់ ក្រុមរបស់លោកត្រូវទៅរកអូរដែលមានទឹក និងដួសយកមកច្រកក្នុង ប៊ីដុង ចំណុះ ២០លីត្រ ហើយដឹកយកទៅជុំរុំ។ ទាហានរូបនេះ បន្តថា ចំពោះតំបន់ដែលគ្មានអូរ ឬប្រឡាយសោះនោះ ក្រុមទាហានត្រូវទៅដឹកទឹកពីខាងក្រោមមកវិញ ដោយដឹកតាមស៊ីទែន សណ្ដោងជាមួយនឹងរ៉ឺម៉កម៉ូតូកញ្ចាស់ ដោយមានអ្នកទាញ និងអ្នករុញពីក្រោយជាច្រើននាក់ទៀត។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បីសុំការបកស្រាយ ជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១៧ ខែកុម្ភៈ។
ពាក់ព័ន្ធរឿងនេះ ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន ជំរុញឱ្យរដ្ឋាភិបាល គិតគូរពីសុខុមាលភាព និងការរស់នៅរបស់ទាហានជួរមុខ ដោយមិនត្រូវបណ្ដោយឱ្យពួកគេប្រតិបត្តិកាតព្វកិច្ចការពារព្រំដែន ដោយខ្វះខាតទាំងជីវភាព ឧបករណ៍ សម្ភារៈប្រើប្រាស់ និងពឹងផ្អែកលើការសុំជំនួយពីសប្បុរសជនទាំងស្រុងនោះឡើយ។
លោក អ៊ុំ សំអាន៖ «កុំថាឡើយ សូម្បីតែទឹកក៏មិនមានឱ្យទាហានហូបគ្រប់គ្រាន់ផង ទៅរកសព្វាវុធទំនើបៗមកពីណា មកការពារជាតិ ដើម្បីទប់ទល់ទៅនឹងការឈ្លានពានរបស់ថៃបាន។ គិតតែពង្រឹងកងអង្គរក្សដើម្បីតែការពារអំណាច ដើម្បីបង្ក្រាបខ្មែរគ្នាឯង អត់គិតពង្រឹងវិស័យការពារជាតិទេ»។
ស្ថានភាពកងទ័ព ដែលកំពុងឈរជើងនៅតំបន់ជួរមុខបច្ចុប្បន្ន ក្រៅពីខ្វះខាតទឹកប្រើប្រាស់ និងការហូបចុក ពួកគាត់ត្រូវធ្វើការងារដោយប្រើកម្លាំង ដូចជាជីកលេណដ្ឋានដោយដៃ និងជញ្ជូនសម្ភារៈដោយថ្មើរជើងជាដើម។ ការលំបាក និងភាពខ្វះខាតក្នុងការបំពេញតួនាទី បូករួមទាំងការនឹករលឹកគ្រួសារ នៅឯស្រុកផងនោះ បានបណ្ដាលឱ្យទាហានមួយចំនួន កើតវិបត្តិផ្លូវចិត្តផងដែរ។
ទោះជាយ៉ាងណា បញ្ហាទាំងអស់នេះ ត្រូវបានរដ្ឋាភិបាលបិទខ្ទប់ មិនឱ្យដឹងដល់សាធារណជននោះឡើយ ដោយសំអាងថា បញ្ហានេះ គឺជាការធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ព និងសន្តិសុខជាតិ។
ពាក់ព័ន្ធនឹងបញ្ហាទាហានខ្វះទឹកប្រើប្រាស់នេះដែរ ថ្មីៗនេះ សាលាដំបូងខេត្តឧត្តរមានជ័យ បានចោទប្រកាន់ និងឃុំខ្លួនអ្នកសារព័ត៌មាន អនឡាញម្នាក់ គឺលោក លួត សុផល ពីបទ«ធ្វើឱ្យខូចទឹកចិត្តកងទ័ព» និង «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ក្រោយពីអ្នកសារព័ត៌មានរូបនេះបានផ្សាយព័ត៌មានមានចំណងជើងថា«អត់សូម្បីទឹក» កាលពីថ្ងៃទី៧ ខែកុម្ភៈ ដែលលោកចង់សំដៅដល់ការខ្វះទឹកប្រើប្រាស់របស់កងទ័ពក្នុងពេលកម្ពុជាបន្តមានជម្លោះព្រំដែនជាមួយថៃនោះ៕









