អតិថិជន ហួយ វ័ន ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅ​ខាង​មុខ​ធនាគារជាតិ​ដើម្បី​សុំ​ដំណោះស្រាយ

0
13
ទីស្នាក់ការ​កណ្ដាល​ក្រុមហ៊ុន​ទូទាត់​សាច់ប្រាក់ «ហួយ​វ័ន ផេ​» នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះនរោត្ដម រាជធានី​ភ្នំពេញ កាលពីថ្ងៃទី៤ ខែ​ធ្នូ ឆ្នាំ​២០២៥។ TFA
ទីស្នាក់ការ​កណ្ដាល​ក្រុមហ៊ុន​ទូទាត់​សាច់ប្រាក់ «ហួយ​វ័ន ផេ​» នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះនរោត្ដម រាជធានី​ភ្នំពេញ កាលពីថ្ងៃទី៤ ខែ​ធ្នូ ឆ្នាំ​២០២៥។ TFA

អតិថិជន​របស់​ក្រុមហ៊ុន​ហួយវ័ន ផេ (Huione Pay) ជាង១០០នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅ​ខាងមុខ​ធនាគារជាតិ​នៅ​រសៀល​ថ្ងៃទី​៧ ខែ​មេសា ដើម្បី​ស្នើសុំ​ឲ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​លុយ​របស់​ពួកគាត់​ដែល​មិនអាច​ដក​ពី​គណនី​បាន​រយ​:​ពេល​ជាង​៤​ខែ​មកនេះ បន្ទាប់ពី​ក្រុមហ៊ុន​មួយ​នេះ រង​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក ។ អតិថិជន​ដែល​បាន​ចូលរួម​តវ៉ា​នេះ មាន​ទាំង​ជនជាតិ​ខ្មែរ និង​ជនជាតិ​ចិន​មួយចំនួន​ផង​ដែរ។

អតិថិជន​ខ្លះ បាន​ស្នើ​សុំ​ឲ្យ​ធនាគារជាតិ​និង​រដ្ឋាភិបាល​កម្ពុជា ជួយ​ដោះស្រាយ​បញ្ហា​លុយ​ដែល​ជាប់​គាំង​នេះ ព្រោះ​ពួកគាត់ កំពុង​ជួប​ការ​លំបាក​ខ្លាំង​ក្នុង​ជីវភាព​។ អតិថិជន​ខ្លះទៀត រៀបរាប់​ថា លុយ​ដែល​ពួកគាត់ បាន​ដាក់​ផ្ញើ​នៅក្នុង​ក្រុមហ៊ុន​ហួយ​វ័នផេ​នេះ គឺជា​លុយ​ដែល​ពួកគាត់ ខំ​រក​ដោយ​លំបាក និង​សន្សំ​ជាច្រើន​ឆ្នាំ​មក​ហើយ ដូច្នេះ​ពួកគាត់​ទាមទារ​ឲ្យ​ធនាគារជាតិ និង​ក្រុមហ៊ុន​នេះ ត្រូវ​ទទួលខុសត្រូវ និង​ពន្លឿន​ការ​ដោះស្រាយ​ជូន​ពួកគាត់​ឲ្យ​បាន​ឆាប់។

អតិថិជន​របស់​ក្រុមហ៊ុន​ហួយ​វ័ន ផេ បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅ​ខាង​មុខ​ធនាគារ​ជាតិ ពីរ​លើក​មក​ហើយ ប៉ុន្តែ​មក​ទល់​ពេល​នេះ ពុំ​មាន​ដំណោះស្រាយ​នៅ​ឡើយ។

ក្រុមហ៊ុន ហួយវ័ន ផេ គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន ហួយវ័ន គ្រុប (Huione Group of Cambodia) មានកម្ម​វិធី​ទីផ្សារ និង​ភ្នាក់ងារ​ទូទាត់​លុយ​តាម​អនឡាញ​របស់​ជនជាតិ​ចិន និង​មាន​ក្មួយបង្កើត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ ជា​សហប្រធាន​នៃ​ក្រុមហ៊ុន​នេះ។ កាលពី​ថ្ងៃទី​៣១ ខែមីនា ក្រសួងមហាផ្ទៃ​កម្ពុជា បាន​ប្រកាស​ព័ត៌មាន​ស្ដីពី​ការ​ចាប់ខ្លួន​ប្រធាន​ក្រុមហ៊ុន Huione Group ឈ្មោះ លី សុង (LI XIONG) ជា​ជន​ជាតិចិន មាន​សញ្ជាតិ​ខ្មែរ ហើយ​បញ្ជូន​ទៅកាន់​ប្រទេស​ចិន ដើម្បី​បន្ត​នីតិវិធី​តាមច្បាប់ ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scam)​។ ទោះជា​យ៉ាងណា រដ្ឋាភិបាល​ត្រកូល​ហ៊ុន មិន​ទាន់​បាន​ចាប់ខ្លួន​លោក ហ៊ុន តូ នោះ​ឡើយ។

សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​បាន​សហការ​ចាត់​វិធានការ​រួម​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន ហួយ​វ័ន គ្រុប (Huione Group) កាលពី​ចុងឆ្នាំ​២០២៥ ដោយសារតែ​រក​ឃើញ​ថា គឺជា​ក្រុមហ៊ុន​ធំ​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋកម្ម និង​បាន​ជួយ​លាងលុយកខ្វក់​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ និង​ក្រុម​ចោរ​ព័ត៌មានវិទ្យា​កូរ៉េខាងជើង​យ៉ាងហោចណាស់ ៤​ពាន់​លាន​ដុល្លារ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ