លោក ហ៊ុន ម៉ាណែត ថា ការ​បញ្ចេញមតិ​រឿង​ព្រំដែន​មិន​ខុស ប៉ុន្តែ​រដ្ឋាភិបាល​នៅតែ​ចាប់​ពលរដ្ឋ​ដាក់គុក

0
37
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បង្ហោះរូប​លើ​ហ្វេសប៊ុក​កាល​ពី​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បង្ហោះរូប​លើ​ហ្វេសប៊ុក​កាល​ពី​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើង​ថា ការ​បញ្ចេញ​មតិ​ឈឺចាប់ និង​ការ​ខឹង​សម្បារ​ចំពោះ​ទង្វើ​ថៃ ឈ្លានពាន​ទឹកដី​ខ្មែរ មិន​មាន​អ្វី​ខុស​នោះ​ទេ ព្រោះ​ពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព ក្នុង​បញ្ចេញមតិ ប៉ុន្តែ រដ្ឋាភិបាល​របស់​លោក​ចាប់​ពលរដ្ឋ និង​អ្នកនយោបាយ​បក្ស​បក្ស​ប្រឆាំង ដាក់គុក​អស់​ជិត​២០​នាក់ ក្រោយពី​សម្ដែង​មតិ​រិះគន់​រឿង​ព្រំដែន។ មន្ត្រី​បក្ស​ប្រឆាំង​ថា លោក ហ៊ុន ម៉ាណែត គួរ​ពិនិត្យមើល​ទិដ្ឋភាព​ជាក់ស្ដែង ជាជាង​គ្រាន់តែ​និយាយ​ឱ្យ​ល្អ​ស្ដាប់។

នេះ​ជា​លើកដំបូង​ហើយ ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែង​ថា ការ​បញ្ចេញមតិ​ឈឺចាប់ និង​ការ​ព្រួយ​បារម្ភ រឿង​បាត់បង់​ទឹកដី​របស់​ពលរដ្ឋ គឺជា​រឿង​ត្រឹមត្រូវ ខណៈ​ដែល​មន្ត្រី​បក្ស​ប្រឆាំង ពលរដ្ឋ អ្នក​សារព័ត៌មាន និង​សង្គម​ស៊ីវិល​នៅ​ក្នុង​ស្រុក មាន​ការ​ព្រួយបារម្ភ ពី​សុវត្ថិភាព​ជា​ខ្លាំង ជុំវិញ​ការ​លើកឡើង​អំពី​បញ្ហា​«​ព្រំដែន»។ ការ​ព្រួយ​បារម្ភ​នេះ កើតឡើង​ដោយសារ ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ មាន​ពលរដ្ឋ​ជាច្រើន​នាក់ ត្រូវ​បាន​ចាប់​ដាក់គុក នៅ​ពេល​រិះគន់​រឿង​ព្រំដែន។

ថ្លែង​ទៅកាន់​សិស្ស​ដែល​ទទួល​បាន​និទ្ទេសA ក្នុង​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យម សិក្សា​ទុតិយភូមិ លោក នៅ​ថ្ងៃទី​១០ ខែ​កុម្ភៈ លើកឡើង​ថា ក្រោយ​ពី​ទឹកដី​មួយ​ចំនួន ត្រូវ​បាន​បាត់បង់ ហើយ យោធា​ថៃ បាន​ពង្រាយ​កុងតឺន័រ នៅ​តាម​ព្រំដែន ករណីនេះ​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​បញ្ចេញមតិ​ផ្សេងៗ​គ្នា ក្នុង​នោះ​ក៏បាន​ជំរុញ ឱ្យ​រដ្ឋាភិបាល​វាយបក​ទៅកាន់​ភាគី​ថៃ​។ ក៏ប៉ុន្តែ លោក​ថា រដ្ឋាភិបាល មាន​ជម្រើស​តែមួយគត់ គឺ​ការ​ប្រឹងប្រែង រក​ដំណោះស្រាយ តាម​សន្តិវិធី ដើម្បី​រក្សា​នៅ​សន្តិភាព​យូរអង្វែង ។ លោក​ថា ការ​បញ្ចេញមតិ ឈឺចាប់ និង​ការ​ខឹង​នឹង​ទង្វើ​ឈ្លានពាន​របស់​ថៃ​មក​លើ​ទឹកដី​ខ្មែរ មិន​ខុស​នោះ​ទេ ព្រោះ​ពួកគាត់​មាន​សិទ្ធិ​សេរីភាព។

លោក ហ៊ុន ម៉ាណែត៖ «ក្នុង​ពេល​តែមួយ យើង​អាច​ជ្រើសរើស​ជម្រើស​តែមួយគត់ អត់​អាច​មាន​ជម្រើស​ដូច​អ្នក​ចូល​ខម្មិន​ថា តាម​អារម្មណ៍។ តែ​គាត់​អស់ខុស​ទេ ព្រោះ​អារម្មណ៍​ជា​ខ្មែរ​គាត់​មាន​សិទ្ធិ​ឈឺចាប់ គាត់​មាន​សិទ្ធិ​ខឹង មាន​សិទ្ធិ​បញ្ចេញមតិ​របស់​គាត់។ ហើយ​វា​អត់​មាន​ប៉ះពាល់​ទៅដល់​ស្ថានភាព ឬក៏​ការ​ឆ្លើយ​ទៅលើ​ដី ដូច​ការ សម្រេចចិត្ត​របស់​រាជ​រដ្ឋាភិបាល​។ ប៉ុន្តែ​ខ្ញុំ​គ្រាន់តែ​ចង់​បញ្ជាក់​ថា ការ​សម្រេចចិត្ត​របស់​រាជរដ្ឋាភិបាល គ្រប់​ជំហាន​ទាំងអស់​គឺ​ដើម្បី​ឧត្ដម​ប្រយោជន៍​ជាតិ និង​ប្រជាជន»។

បើ​ទោះ​ជា​មានការ​អះអាង​បែបនេះ​ក្ដី គេ​សង្កេត​ឃើញ​ថា ក្នុង​ស្ថានភាព​ដែល​ប្រទេសជាតិ​កំពុងតែ​រង​ការ​ញាំញី ដោយ​ទង្វើ​ឈ្លានពាន​ពី​សំណាក់​យោធា​ថៃ ពលរដ្ឋ​រាប់​ម៉ឺន​នាក់ បាន​បាត់បង់ ផ្ទះសម្បែង ប៉ុន្តែ រដ្ឋាភិបាល របស់ លោក ហ៊ុន ម៉ាណែត មិន​បាន​បន្ធូរដៃ​ក្នុង​ចាប់ចង និង​ចោទ​ប្រកាន់​ពលរដ្ឋ​ដែល​រិះគន់ ពី​ភាព​អសកម្ម​របស់​រដ្ឋាភិបាល ក្នុង​ដោះស្រាយ​បញ្ហា​រឿង​ព្រំដែន​នោះ​ទេ។ គិត​ត្រឹម​ថ្ងៃទី​១០ ខែមករា មាន​ពលរដ្ឋ​អ្នកនយោបាយ និង​អ្នកសារព័ត៌មាន ជិត​២០​នាក់​ត្រូវ​បាន​ចាប់​ដាក់គុក ក្រោយពី​អ្នក​ទាំងនោះ បង្ហាញ​ពី​អារម្មណ៍​ឈឺចាប់ ជុំវិញ​ទង្វើ ឈ្លានពាន​របស់​ថៃ ហើយ រដ្ឋាភិបាល ពុំ​សូវ​បាន​អើពើ​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ។

ជា​ឧទាហរណ៍ កាលពី​ថ្ងៃទី​២ ខែ​កុម្ភៈ គ្រូបង្រៀន​សាលា​ឯកជន​ម្នាក់ នៅ​ខេត្ត​កណ្ដាល លោក នូ ភារម្យ ត្រូវ​បាន​ចាប់ខ្លួន​ភ្លាមៗ បន្ទាប់ពី លោក​បាន​បង្ហោះ វីដេអូ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បញ្ចេញមតិ រួម​ដោយ​អារម្មណ៍​ឈឺចាប់ ជុំវិញ​បញ្ហា​ព្រំដែន​។ លោក នូ ភារម្យ ក៏​អាច​ប្រឈម​នឹង ជាប់ទោស​ពន្ធនាគារ រហូតដល់ ២ ឆ្នាំ ប្រសិនបើ​ត្រូវ​បាន​ផ្ដន្ទាទោស​។ រីឯ​សមាជិក​គណបក្ស​កម្លាំង​ជាតិ (NPP) លោក វន វ៉ាន រស់នៅ​ខេត្តកំពង់ចាម ក៏​ត្រូវ​បាន​ចាប់​ដាក់គុក កាលពី​ថ្ងៃ​ដើម​ខែ​មករា ក្រោយ​ពី​រិះគន់ ពាក់ព័ន្ធ​រឿង ជម្លោះព្រំដែន​កម្ពុជា​-​ថៃ នៅ​លើ​គណនី​ហ្វេសប៊ុក។

បន្ថែម​ពីលើ​នោះ កាលពី​ថ្ងៃទី​៣០ ខែ​មករា សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម ផ្ដន្ទាទោស​មនុស្ស​ចំនួន ៦ នាក់ ដែល​ក្នុង​នោះ​មាន​បី​នាក់ ជា​សមាជិក​គណបក្ស​កម្លាំងជាតិ និង​គណបក្ស​ឆន្ទៈខ្មែរ​ពី បទ​«​ញុះញង់​» ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​រិះគន់​រឿង ជម្លោះព្រំដែន​កម្ពុជា​-​ថៃ និង ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ដក​សញ្ជាតិ​។ អ្នក​ទាំងនោះ ត្រូវ​បាន​តុលាការ​ដាក់​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន ២​ឆ្នាំ និង ពិន័យ​ជា​ប្រាក់ ក្នុង​ម្នាក់​ចំនួន ២​លាន​រៀល ឬ ស្មើ​៥០០​ដុល្លារ។

ជុំវិញ​ការ​រឹតត្បិត សិទ្ធិ​សេរីភាព បញ្ចេញមតិ​នេះ អ្នកសារព័ត៌មាន​ឯករាជ្យ​ម្នាក់ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នឹង​សំឡេង​ថា ជម្លោះព្រំដែន​កម្ពុជា​ថៃ គឺជា​រឿង​ដ៏​រសើប ដូច្នេះ មុននឹង​រាយការណ៍​ម្ដងៗ ត្រូវ​ប្រយ័ត្នប្រយែង​ខ្ពស់ ហើយ​មិន​ហ៊ាន​រាយការណ៍​បាន​ទូលំទូលាយ​នោះ​ទេ បើ​ទោះ​ជា​ឃើញ​ដោយ​ផ្ទាល់​ភ្នែក ពី​ទុក្ខ​លំបាក​របស់​ពលរដ្ឋ និង​ភាព​មិន​ប្រក្រតី ជាច្រើន នៅ​តាម​តំបន់ ជនភៀសសឹក ព្រោះ​បារម្ភ ពី​សុវត្ថិភាព​។ ជាមួយគ្នា​នោះ អ្នក​សារព័ត៌មាន ក្នុង​ស្រុក ក៏​មិន​ហ៊ាន​ផ្សាយ រឿង​អវិជ្ជមាន​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​នោះ​ដែរ ប្រសិនបើ​ព័ត៌មាន​នោះ គ្មាន​ការ​បញ្ជាក់​បន្ថែម ពី​មន្ត្រី​រដ្ឋាភិបាល។

ចំណែក​ឯក​ពលរដ្ឋ ភៀស​សឹក​នៅ​ខេត្តបន្ទាយមានជ័យ លោក លី គឹមសាល លើកឡើង​ថា ករណី ចាប់ខ្លួន​ពលរដ្ឋ ដែល​រិះគន់​រឿង​ព្រំដែន បាន​ជះឥទ្ធិពល​ជា​ខ្លាំង ដល់​ពលរដ្ឋ​ដទៃទៀត មិន​ហ៊ាន​និយាយ ការពិត អំពី​ពី​ទុក្ខ​លំបាក​របស់​គាត់។ លោក​ថា សព្វថ្ងៃ ជនភៀសសឹក ជាង​១​ពាន់​គ្រួសារ ដែល​បាន​ចាក​ចេញពី​តំបន់​បឹង​ត្រកួន កំពុងតែ ជួប​ទុក្ខ​លំបាក និង​គ្រាំគ្រា​ចិត្តជា​ខ្លាំង ចំពោះ ភាព​ស្ងប់ស្ងាត់ របស់​រដ្ឋាភិបាល ដែល​ពុំបាន​ពន្លឿន​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ប៉ុន្តែ​លោក​ថា ពលរដ្ឋ​ទាំងនោះ ពុំ​ហ៊ាន​និយាយ​ពី​ទុក្ខ​លំបាក​នោះ​ឡើយ ព្រោះ​ភ័យខ្លាច​ពី​សុវត្ថិភាព។

លោក លី គឹមសាល៖ «ពេល​ខ្ញុំ​និយាយ មាន​បងប្អូន​ដែល​ស្រឡាញ់​រាប់អាន​ខ្ញុំ​បាន​ប្រាប់​ថា ឱ្យ​ខ្ញុំ​នឹង​ឈប់​និយាយ​ទៅ ខ្លាច​គេ​មក​យក​[​ចាប់​]​អូន​ឯង​។ ប៉ុន្តែ​ខ្ញុំ​ថា អត់​អី​ទេ ខ្ញុំ​និយាយ​ការពិត អត់​និយាយ​អី​ខុស​ផ្សេង​ផង​។ បើ​ផ្ទះសម្បែង ខ្ញុំគេ​យកមែន មិន​ឱ្យ​ខ្ញុំ​កើតទុក្ខ​។ ខ្ញុំ​ឱ្យ​នៅ​ស្ងៀម ចាំតែ​កម្សត់​ឱ្យ​គេ​ជួយ​?..​»។

ទន្ទឹមគ្នា​នឹង​ការ​ភ័យខ្លាច​របស់​ពលរដ្ឋ និង​អ្នកសារព័ត៌មាន នៅក្នុង​ស្រុក មិន​ហ៊ាន​សូវ​និយាយ​ពី​ទុក្ខ​លំបាក និង​ភាព​យុត្តិធម៌​ជាច្រើន​នៅក្នុង​សង្គម គេ​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​ដែល​ដឹកនាំ ដោយ ត្រកូល​«​ហ៊ុន​» ហាក់​ជិះសេះ​លែងដៃ ពុំ​សូវ​អើពើ​ក្នុង​ការ​ស្វះស្វែង រក​ដំណោះស្រាយ​បញ្ហា​ព្រំដែន ជូន​ពលរដ្ឋ​ឱ្យ​ត្រឹមត្រូវ និង អាច​ជឿ​ទុកចិត្ត​បាន​នៅ​ឡើយ ខណៈ​ការ​ប្ដឹង​ថៃ​ទៅ​តុលាការ​អន្តរ​យុត្តិធម៌​អន្តរជាតិ ICJ និង​តុលាការ ព្រហ្មទណ្ឌ​អន្តរជាតិ ICC ក៏​គ្មាន ។ ករណី​នេះ​ធ្វើ​ឱ្យ​អ្នក​តាមដាន​បញ្ហា​នយោបាយ សង្គម​មើល​ឃើញ​ថា កម្ពុជា​គ្មាន​ហេតុផល​សមរម្យ​សោះ ក្នុង​ការ​ទាមទារ​ទឹកដី ដែល​បាត់បង់ ពី​ភាគី​ថៃ​មកវិញ តាមរយៈ​យន្តការ ចរចា​ទ្វេភាគី ដូចដែល លោក ហ៊ុន ម៉ាណែត តែងតែ និយាយ​លួងលោម ពលរដ្ឋ ឱ្យ​ជឿជាក់​លើ រដ្ឋាភិបាល។

ជុំវិញ​រឿង​នេះ ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ដែល​កំពុង​មាន​រឿងក្ដី​ក្ដាំង​ជាច្រើន​ក្នុង​តុលាការ​ដោយសារតែ​ការ​ខ្វល់ខ្វាយ​រឿង​បូរណភាព​ទឹកដី លើកឡើង​ថា ជា​រឿង​ល្អ ដែល​លោក ហ៊ុន ម៉ាណែត យល់​ថា ការ​បញ្ចេញមតិ​រិះគន់ រឿង​ព្រំដែន គឺជា​សិទ្ធិ​របស់​ពលរដ្ឋ ក៏ប៉ុន្តែ​លោក​ថា ការ​ថ្លែង​បែប​នេះ ពុំ​សូវ​មាន​ទម្ងន់​នោះ​ទេ ព្រោះ​ជាក់ស្ដែង សមាជិក​បក្ស​កម្លាំង​ជាតិ​២​នាក់​ហើយ ត្រូវ​បាន​ចាប់​ដាក់គុក រួម​នឹង​មាន​ពលរដ្ឋ និង​មន្ត្រី បក្ស​ប្រឆាំង​ដទៃទៀត​ក៏​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ ជា​ហូរហែ នៅ​ពេល​និយាយ​រិះគន់ ពី​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ។

លោក រ៉ុង ឈុន៖ «សារ​នឹង​វាយ​ផ្ទុយ​។ វា​អត់​មាន​ទម្ងន់​ទេ​។ អ៊ីចឹង​យូរៗ​ទៅ​វា​ធ្វើ​ឱ្យ​ឥទ្ធិពល​មក​ខាងក្រៅ វា​ថមថយ​បន្តិចៗ​។ អ៊ីចឹង​មុន​ផ្ញើ​សារ ត្រូវធ្វើ​ម៉េច​ឱ្យ​សារ​នឹង​វា​មាន​ប្រសិទ្ធភាព ហើយ​ឆ្លុះ​ទៅ​នឹង​ស្ថានភាព​ជាក់ស្ដែង។ ប្រជាពលរដ្ឋ ក៏ដូចជា​សកម្មជន​ថា គាត់​មាន​សេរីភាព ដូច​ដែល​នាយករដ្ឋមន្ត្រី​ឡើង ប៉ុន្តែ បច្ចុប្បន្ន​វា អត់​ដូច​អ៊ីចឹង​ទេ»។

អ្នកវិភាគ​ថា ជាង​៣​ទសវត្ស​ន៍​នៃ​ការដឹកនាំ របស់ លោក ហ៊ុន សែន បន្ត​រហូតដល់​កូន​គឺ លោក ហ៊ុន ម៉ាណែត កម្ពុជា ពុំ​ដែល​មាន​ពន្លឺ​នៃ​ការ​សាមគ្គី​ជាតិ និង​វប្បធម៌ នយោបាយ​បង្រួបបង្រួម​ជាតិ និង​ការ​អត់អោន​ឱ្យ​គ្នា​ម្ដង​ឡើយ គឺ​មានតែ​នយោបាយ គុំកួន កម្ទេច និង​បំបែក​បាក់​គ្នា​។ ទន្ទឹមគ្នា​នោះ ពលរដ្ឋ និង​អ្នក​នយោបាយ ដែល​តែងតែ​សកម្ម​លើ​បណ្ដាញ​សង្គម រិះគន់​ភាព​អសកម្ម​របស់​រដ្ឋាភិបាល គឺជា​មុខសញ្ញា​ដែល តាម​រក​ដើម្បី ចាប់​មក​ដាក់​ពន្ធនាគារ និង​ចោទប្រកាន់​ផ្សេងៗ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ