អ្នកច្បាប់​ថា ពលរដ្ឋ​ខ្មែរ​អាច​ប្ដឹង​ទារ​សំណង​ពី​ភាគី​ថៃ​ដែល​បំផ្លាញ និង​លួច​ទ្រព្យ​ពេល​អនុវត្ត​បទ​ឈប់​បាញ់

0
93
ទិដ្ឋភាព​យោធា​ថៃ​ប្រើ​គ្រឿង​ឈូស​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ខ្មែរ​ដែល​ថៃ​កាន់កាប់​ក្រោយ​សង្គ្រាម​ឈ្លានពាន កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២៥។ រូប៖ កាសែត​ថៃ
ទិដ្ឋភាព​យោធា​ថៃ​ប្រើ​គ្រឿង​ឈូស​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ខ្មែរ​ដែល​ថៃ​កាន់កាប់​ក្រោយ​សង្គ្រាម​ឈ្លានពាន កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២៥។ រូប៖ កាសែត​ថៃ

អ្នកច្បាប់​លើកឡើង​ថា ពលរដ្ឋ​ខ្មែរ​អាច​ប្ដឹង​ទារ​សំណង​ពី​ភាគី​ថៃ ចំពោះ​ការបំផ្លាញ និង​លួច​ទ្រព្យសម្បត្តិ ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ក្រុម​យោធា​ថៃ ក្នុង​កំលុង​ផ្ទុះ​សង្គ្រាម ប្រសិនបើ​បង្ហាញ​ភស្តុតាង​ថា ថៃ​ជា​អ្នក​ឈ្លានពាន​កម្ពុជា​។ ការ​បកស្រាយ​នេះ ធ្វើឡើង​បន្ទាប់ពី កងទ័ព​ថៃ​បាន​អះអាង​ពី​ការ​ចូល​កាន់កាប់​ទឹកដី​កម្ពុជា​តាម​បណ្ដោយ​ព្រំដែន ហើយ​ទាហាន​ថៃ​ជាច្រើន​នាក់​បាន​ឆ្លៀតឱកាស​លួច​ប្លន់ និង​បំផ្លាញ​ទ្រព្យសម្បត្តិ ដែល​ជា​កម្លាំង​ញើស​ឈាម​របស់​ពលរដ្ឋ​ខ្មែរ និង​ថត​វីដេអូ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ថែមទៀត។

ប្រធាន​ក្រុម​អ្នក​ច្បាប់​អមរិន្ទ​លោក​មេធាវី សុក សំអឿន ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ជា​សំណេរ​តាម​បណ្ដាញ​ទំនាក់ទំនង តេឡេក្រាម (Telegram) នៅ​ថ្ងៃទី​៨ ខែមករា ថា ដើម្បី​ប្ដឹង​ទាមទារ​ឱ្យ​ភាគី​ថៃ សង​សំណង​ទាំងនេះ ប្រជាពលរដ្ឋ​អាច​ធ្វើ​ពាក្យបណ្ដឹង​រៀងខ្លួន​ជា​ឯកជន ឬ​ជា​ក្រុម​ក៏បាន ហើយ​ប្រគល់​មក​ឱ្យ​ក្រុមការងារ​របស់​រាជរដ្ឋាភិបាល ក្នុង​នោះ​រដ្ឋាភិបាល​ទៀតសោត ត្រូវ​បង្កើត​ក្រុមការងារ​ស៊ើបអង្កេត​មួយ ដើម្បី​ប្រមូល​ភស្តុតាង ពី​ការខូចខាត ធ្វើជា​ឯកសារ​ដាក់ពាក្យ​បណ្ដឹង​ទៅ​អង្គការសហប្រជាជាតិ និង​តុលាការអន្តរជាតិ។

លោកមេធាវី សុក សំអឿន។ រូប​ហ្វេសប៊ុក

ក្រោយ​ធ្វើសង្គ្រាម​ឈ្លានពាន​មក​លើ​កម្ពុជា កងទ័ព​ថៃ​បាន​អះអាង​ពី​ការ​ចូល​កាន់កាប់​ទឹកដី​កម្ពុជា​មួយ​ចំនួន​តាម​ព្រំដែន ដោយ​ពួកគេ​បាន​ដោត​ទង់ជាតិ​ថៃ យក​ទូ​កុងតឺន័រ​មក​បិទ​ធ្វើជា​ព្រំសីមា និង​ថតរូប​ផ្សព្វផ្សាយ​យ៉ាង​គគ្រឹកគគ្រេង​។ ក្រៅ​ពី​នេះ យោធា​ថៃ​បាន​លុកលុយ​ចូល​ផ្ទះ​ពលរដ្ឋ​ខ្មែរ គាស់​ទូដែក និង​ថត​វីដេអូ​សើចចំអក ប្រសិនបើ​ផ្ទះ​នោះ​មាន​រូបថត​កងកម្លាំង​កម្ពុជា​។ ក្រៅពី​ប្រមូល​ទ្រព្យសម្បត្តិ​មាន​តម្លៃ ដូចជា​គ្រឿងអលង្ការ លុយ គ្រឿងសង្ហារិម ម៉ូតូ ឡាន ទាហាន​ថៃ​បាន​លួច​សូម្បីតែ​រទេះដឹក​អេតចាយ មាន់​ទា ធ្យូង ធុង​ទឹក ស្បែកជើង និង​មិន​លើកលែង សូម្បីតែ​ព្រះពុទ្ធ​រូប ដែល​តម្កល់​ក្នុង​ព្រះវិហារ។

ចំណែក​របស់​ដែល​ក្រុម​យោធា​ថៃ​លួច​មិនបាន ឬ​គិតថា​គ្មាន​តម្លៃ ពួកគេ​នឹង​កម្ទេច​ចោល ក្នុង​នោះ សូម្បីតែ​ព្រះភូមតាម​ផ្ទះ​របស់​ពលរដ្ឋ​ខ្មែរ ក៏​ទាហាន​ថៃ​បាន​លោត​ធាក់​កម្ទេច​ដែរ។ ចំពោះ​ហាង​ទំនិញ​វិញ យោធា​ថៃ​ចូល​ទៅ​កកូរកកាយ​រក​របស់​ស៊ី និង​គាស់​ស្រា​បៀ​ផឹក បំផ្លាញ​ទំនិញ វាយ​បំបែក​ទូកញ្ចក់ និង​បាន​ប្រើ​គ្រឿងចក្រ​វាយកម្ទេច​លំនៅឋាន​ពលរដ្ឋ​កម្ពុជា​ជាច្រើន​ខ្នង។

ក្រៅពី​លួច និង​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ​ខ្មែរ​ហើយ​នោះ ទាហាន​ថៃ​បាន​ប្រព្រឹត្ត​ទង្វើ​អសីលធម៌​ជាច្រើន​ទៀត ដូចជា​ជាន់ឈ្លី​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ​ខ្មែរ ចូលក្នុង​ផ្ទះ​ពលរដ្ឋ ហើយ​រើ​ខោអាវ និង​ថត​បង្ហាញ​ខោអាវ​ក្នុង​របស់​ស្ត្រី ដោយ​សើច ចំអក​ក្អាកក្អាយ និង​ស្រែក​ហ៊ោកញ្ជ្រៀវ លើ​បណ្ដាញ​សង្គម​ទៀត​ផង។

ពលរដ្ឋ​ភៀស​សឹក​នៅ​ភូមិ​ជោគជ័យ លោក ស្រី ទាវ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ផ្ទះសម្បែង ទ្រព្យសម្បត្តិ សម្ភារៈ​ប្រើប្រាស់ និង​គ្រឿងសង្ហារិម ដែល​ជា​កម្លាំង​ញើស​ឈាម​របស់​លោក ដែល​បាន​សន្សំ​អស់​រយៈ​ជាង​កន្លះ​ជីវិត​ទៅ​ហើយ​នោះ ត្រូវ​យោធា​ថៃ​លូច និង​បំផ្លាញ​ខ្ទេច​អស់ហើយ​។ លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល បង្កើត​ក្រុមការងារ​ប្រមូល​ពាក្យបណ្ដឹង​របស់​ពលរដ្ឋ ដើម្បី​ប្ដឹង​ទារ​សំណង​ពី​ភាគី​ថៃ។

លោក ស្រី ទាវ៖ «និយាយ​អត់​ចេញ​ទេ យើង​ចំណាស់​នេះ​ហើយ នៅ​ពេល​អស់ពី​ខ្លួន​បែបនេះ​ទៀត គឺ​ចប់​ហើយ។ យើង​ខំ​សន្សំ ដល់ពេល​ចុងក្រោយ​បែរជា​ត្រូវ​យោធា​ថៃ​បំផ្លាញ​ខ្ទេច​អស់»។

ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​៥ ខែមករា ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ប៉ែន បូណា បាន​ចាត់ទុក​សកម្មភាព​ពង្រាយ​ទូ​កុងទឺន័រ រាយ​លួស​បន្លា និង​លួច​សម្បត្តិ​ប្រជាពលរដ្ឋ​ស៊ីវិល​កម្ពុជា ពី​សំណាក់​ក្រុម​យោធា​ថៃ គឺជា​ទង្វើ​ខុសច្បាប់​អន្តរជាតិ និង​បំពាន​លើ​ខ្សែ​ព្រំដែន​អន្តរជាតិ​។ លោក​បន្ត​ថា ទង្វើ​នេះ នឹង​បង្ក​ការ​រាំងស្ទះ​ដល់​ការ​វិល​ត្រឡប់​វិញ​របស់​ជន​ស៊ីវិល​ភៀស​សឹក ទៅកាន់​លំនៅឋាន​របស់​ពួកគេ​វិញ ដែល​ផ្ទុយ​ពី​ស្មារតី​នៃ​សេចក្ដីប្រកាស​រួម​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ត្រង់​ចំណុច​ទី​៤។

នៅក្នុង​ថ្ងៃ​ដដែល​នោះ អ្នកនាំពាក្យ​កងទ័ពជើងទឹក​ថៃ លោក ប៉ារ៉ាច រតនាឆៃយ៉ាផាន់ (Parach Rattanachaiyapan) បាន​អះអាង​ថា លោក​មិន​គាំទ្រ ចំពោះ​សកម្មភាព​រំលោភ​លើ​សិទ្ធិ​រស់រាន​មាន​ជីវិត ឬ​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ​ណាមួយ ដោយ​មិន​គិត​ពី​សញ្ជាតិ​នោះ​ឡើយ។ លោក​បន្ត​ថា ប្រសិនបើ​រកឃើញ​ថា យោធា​ថៃ​បាន​ប្រព្រឹត្ត​បែបនេះ​មែន ភាគី​ថៃ នឹង​ប្រគល់​ទ្រព្យសម្បត្តិ​ទាំងនោះ​ទៅ​ឱ្យ​ម្ចាស់​ដើម​វិញ ដោយ​បង្ហាញ​ឯកសារ ឬ​ភស្តុតាង ដើម្បី​បញ្ជាក់​ពី​កម្មសិទ្ធិ ដោយ​ម្ចាស់​កម្មសិទ្ធិ។

បន្ថែម​ពីលើ​នេះ យោធា​ភូមិភាគ​២ ថៃ បាន​ចេញ​បម្រាម មិន​ឱ្យ​យោធា​ថៃ បង្ហោះ​វីដេអូ ឬ​រូបភាព​នៃ​ការ​ប្រមូល​យក​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ​ខ្មែរ​នោះ​ឡើយ ជាពិសេស​ការ​បង្ហោះ​ខ្លឹមសារ​ដែល​ចំអក ឬ​វាយប្រហារ​មក​លើ​ទាហាន និង​ជន​ស៊ីវិល​កម្ពុជា ដោយសារតែ​ខ្លឹមសារ​នេះ អាច​ត្រូវ​បាន​ប្រើ​ជា​ភស្តុតាង​នៅក្នុង​វេទិកា​អន្តរជាតិ និង​ត្រូវ​បាន​បកស្រាយ​ថា ជា​ការ​រំលោភ​លើ​គោលការណ៍​មនុស្សធម៌ និង​ច្បាប់​អន្តរជាតិ។

គិត​មកដល់​ពេល​នេះ យោធា​ថៃ មិន​បាន​លើកឡើង​អំពី​ការ​សង​ថ្លៃ​ខូចខាត ចំពោះ​ទ្រព្យសម្បត្តិ ដែល​ត្រូវ​យោធា​ថៃ​បាន​បំផ្លាញ​ទាំងស្រុង​នៅឡើយ ហើយក៏​មិន​ទាន់​មាន​ការ​ផ្សព្វផ្សាយ អំពី​ការ​ប្រគល់​ទ្រព្យសម្បត្តិ​ទៅ​ឱ្យ​ពលរដ្ឋ​ខ្មែរ​វិញ​នោះ​ដែរ។

ជុំវិញ​រឿង​​​​​​នេះ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ លោក ស៊ឹង សែនករុណា លើកឡើង​ថា ស្នើ​ឱ្យ​រដ្ឋាភិបាល​គួរតែ​ដោះស្រាយ​បញ្ហា ដល់​ពលរដ្ឋ​ដែល​ភៀស​សឹក និង​បាត់បង់​ទីជម្រក​ជា​មុន​សិន។ លោក​បន្ត​​ថា រឿង​ដែល​រដ្ឋាភិបាល​ត្រូវធ្វើ​បន្ទាប់ គឺ​ត្រូវ​ប្ដឹង​ថៃ ឱ្យ​ដកទ័ព​ពី​ទីតាំង​របស់​កម្ពុជា និង​មួយ​ករណី​ទៀត កម្ពុជា​ត្រូវ​ប្ដឹង​ថៃ ដើម្បី​ទាមទារ​សំណង​ការខូចខាត​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ និង​សាធារណៈ។

លោក ស៊ឹង សែនករុណា៖ «អ្វី​ដែល​ជា​យន្តការ រដ្ឋាភិបាល​ត្រូវ​ទទួលខុសត្រូវ ទៅលើ​សិទ្ធិ​ទទួល​បាន​ទីជម្រក​សម​រម្យ ដែល​មាន​សុវត្ថិភាព​ណាមួយ ផ្ដល់​ទៅ​ពួកគាត់​សិន​ក្នុង​រយៈកាល​អន្តរកាល ដើម្បី​ទុក​ឱកាស​ឱ្យ​រដ្ឋាភិបាល​ខ្លួនឯង​ត្រូវ​បន្ត​ទាមទារ​ទឹកដី​ពី​ប្រទេស​ថៃ តាម​យន្តការ​ច្បាប់​អន្តរជាតិ»។

យោង​តាម​ច្បាប់​មនុស្សធម៌​អន្តរជាតិ (International Humanitarian Law) អនុសញ្ញា​ទីក្រុង​ហ្សឺណែវ (Geneva Conventions) និង​លិខិតុបករណ៍​ផ្សេងទៀត ការ​រឹបអូស ឬ​ប្រមូល​យក​ទ្រព្យសម្បត្តិ​ជន​ស៊ីវិល​មក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ឬ​ជា​របស់​រដ្ឋ​ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់ គឺជា​អំពើ​ខុសច្បាប់ និង​អាច​ចាត់ទុកថា​ជា «​ឧក្រិដ្ឋកម្ម​សង្គ្រាម​» ហើយ​ទង្វើ​នេះ​ត្រូវ​គេ​កំណត់​ថា គឺជា​ការ​លួច​ប្លន់ (Pillage)។

ក្នុង​នោះ មាត្រា ៣៣ នៃ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ ឆ្នាំ​១៩៤៩ បាន​ចែងថា ការ​លួច​ប្លន់​ត្រូវ​បាន​ហាមឃាត់​។ វិធានការ​សងសឹក​ប្រឆាំង​នឹង​ជន​ស៊ីវិល និង​ទ្រព្យសម្បត្តិ​របស់​ពួកគេ ត្រូវ​បាន​ហាមឃាត់។ ចំណែក​មាត្រា ៥៣ បាន​ចែងថា ហាមឃាត់​ការ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ឯកជន ឬ​សាធារណៈ​ដោយ​អំណាច​កាន់​កាន់ លើកលែង​តែ​មាន​តម្រូវការ​យោធា​ចាំ​បាត់​បំផុត។

ច្បាប់​សង្គ្រាម បាន​ចែង​យ៉ាង​ច្បាស់​ពី​ប្រភេទ​ទ្រព្យសម្បត្តិ ដែល​ត្រូវ​បាន​ការពារ​ក្នុង​ពេល​មាន​សង្គ្រាម ឬ​ជម្លោះ​។ ក្នុង​នោះ ក្រៅពី​ផ្ទះសម្បែង និង​ប្រាក់កាស​ពលរដ្ឋ ច្បាប់​សង្គ្រាម​បាន​ចែង​ពី​ការ​ការពារ​យ៉ាង​តឹងរ៉ឹង​លើ បេតិកភណ្ឌ​វប្បធម៌ សម្ភារៈ​វេជ្ជសាស្ត្រ និង​ស្បៀងអាហារ ដោយ​ហាម​លួច និង​បង្ក​ភាព​ឈឺចាប់ ភាព​អត់ឃ្លាន​ដល់​ជន​ស៊ីវិល។

ប៉ុន្តែ​ច្បាប់​នេះ ក៏​មាន​ចែង​ពី​លក្ខខណ្ឌ​លើកលែង ចំនួន​៣ រួមមាន ស្បៀង ថ្នាំពេទ្យ និង​កន្លែង​ស្នាក់នៅ ដែល​ត្រូវ​ការប្រើ​បណ្ដោះអាសន្ន តែ​ត្រូវ​មាន​ការអនុញ្ញាត​ពី​មេបញ្ជាការ​ក្នុង​តំបន់ និង​ត្រូវ​មាន​បង្កាន់ដៃ​បញ្ជាក់​ច្បាស់លាស់ ដើម្បី​ឱ្យ​ម្ចាស់ទ្រព្យ ឬ​សម្ភារៈ​អាច​ទាមទារ​សំណង​នៅពេល​ក្រោយ។

តាម​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (International Criminal Court – ICC) បាន​ចែង​ពី​ការទទួលខុសត្រូវ និង​ទោសកំហុស​ជន​ដែល​ប្រព្រឹត្ត​ទង្វើ​លួច​ប្លន់​នេះ ដោយ​ផ្ដន្ទាទោស​ដល់​ទាហាន​ដែល​បាន​លួច និង​ដាក់ទោស​ដល់​មេបញ្ជាការ​នៅ​តំបន់​នោះ ក្នុងករណី​មេបញ្ជាការ​បានដឹង និង​មិនបាន​ចាត់វិធានការ​ទៅលើ​អ្នកក្រោមបង្គាប់​ដែល​ធ្វើ​ខុស៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ