សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដាក់​សំណើ​ទៅ​សភា មុន​ជួល​កោះ និង​ផ្តល់​សម្បទាន​ដី​ឲ្យ​ក្រុមហ៊ុន​ឯកជន

0
33
កិច្ចប្រជុំរដ្ឋសភា កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ​២០២៦។ រូប៖ ទទក

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដាក់​សំណើ​ទៅ​រដ្ឋសភា ដើម្បី​ពិភាក្សា និង​អនុម័ត ទាក់ទង​ទៅ​នឹង​គម្រោង​នៃ ការជួល​ទ្រព្យ​សម្បត្តិ​ឯកជន​របស់​រដ្ឋ​ដូចជា​ការជួល​កោះ និង​ការ​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច ឲ្យ​ក្រុមហ៊ុន​ឯកជន។ ពួកគាត់​យល់​ថា ការ​ធ្វើ​បែបនេះ ដើម្បី​ធ្វើ​ឲ្យ​ការ​វិនិយោគ​មាន​តម្លាភាព និង​ជៀសវាង​នូវ​បញ្ហា​ចម្រុង​ច​ម្រះ​ដូច​ពេល​កន្លង​មក។ ការ​លើកឡើង​នេះ​គឺ​បន្ទាប់ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ចេញមុខ​បដិសេធ​ថា រាជរដ្ឋាភិបាល​មិនដែល​មានការ​លក់​កោះ​ណាមួយ​នៅ​ដែនសមុទ្រ​កម្ពុជា​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​នោះ​ទេ។

មន្ត្រី​សង្គម​ស៊ីវិលលើក​ឡើង​ថា មុន​រដ្ឋាភិបាល សម្រេច​ជួល​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ឲ្យ​ក្រុមហ៊ុន​ឯកជន គួរតែ​ឆ្លងកាត់​ការ​ដេញដោល ពិភាក្សា​និង​ការ​អនុម័ត​យល់ព្រម​ពី​រដ្ឋសភា​ជាមុន​សិន ដើម្បី​ធានា​ការ​វិនិយោគ​ទាំងនោះ មាន​តម្លាភាព និង​មិន​ប៉ះពាល់​ដល់​បរិស្ថាន និង​សង្គម។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ អង្គការ​លីកាដូ (Licadho) លោក អំ សំអាត បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ទាក់ទង​ទៅ​នឹង​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន គឺ​មាន​ការរិះគន់​ជាច្រើន​ដោយសារ​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​ដី​របស់​ប្រជាពលរដ្ឋ។

លោក អំ សំអាត បាន​បន្ថែម​ទៀត​ថា ទោះបីជា​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ចេញមុខ​បដិសេធ​ថា រាជរដ្ឋាភិបាល​មិនដែល​មានការ​លក់​កោះ​ណាមួយ​នៅ​ដែនសមុទ្រ​កម្ពុជា​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន ប៉ុន្តែ​មាន​ព័ត៌មាន​បែកធ្លាយ ទាក់ទង​ទៅ​នឹង​រដ្ឋាភិបាល​មាន​គម្រោង​នឹង​ជួល​ដី​កោះ​ឯកជន​របស់​រដ្ឋ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​អភិវឌ្ឍន៍​ទៅលើ​វិស័យ​ទេសចរណ៍។

លោក​ថា ការជួល​កោះ ឬក៏​ការ​សម្បទាន​ដី​សេដ្ឋកិច្ច​ទៅដល់​ក្រុមហ៊ុន​ណាមួយ​គួរតែ​មាន​នីតិវិធី​ច្បាស់លាស់ ពីព្រោះ​កន្លងមក​តែងតែមាន​បញ្ហា​ជាមួយ​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ដី ហើយក៏​មាន​ការ​រិះគន់​ថា មាន​ចំណូល​តិចតួច​បំផុត​ចូល​ទៅ​រដ្ឋ។

លោក អំ សំអាត៖ «អីចឹង​ឆ្លងកាត់​តាម​បញ្ហា​ទាំងអស់​ហ្នឹង​យើង​ចង់​ឃើញថា​ការអភិវឌ្ឍន៍​រឺ​ការជួល​ដី​ដើម្បី​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​អភិវឌ្ឍន៍​ហ្នឹង​ធ្វើ​ម៉េច​ដោយ​តម្លាភាព តែបើ​យក​ល្អ​អាច​អនុម័ត​ដោយ​រដ្ឋសភា​វា​ជា​រឿង​មួយ​ដែល​ល្អ​ផង​ដែរ»។

ក្រោយ​ពី​ការ​បង្ហោះ​ហ្វេសប៊​ក​របស់ Sarath Sun ការ​លើកឡើង​នេះ គឺ​បន្ទាប់ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ចេញ​លិខិត​បដិសេធ​ចំពោះ​គណនី​ហ្វេសប៊ុក ឈ្មោះ​សារ៉ាត់ ស៊ុន ( Sarath Sun) ដែល​បាន​សរសេរ​ថា រដ្ឋាភិបាល​ធ្វើ​អនុប្បយោគ​គឺ​ផ្ទេរសិទ្ធិ​ពី​សម្បត្តិ​រដ្ឋ​លក់​ឱ្យ​ក្រុមហ៊ុន​ឯកជន​នូវ​កោះ​ចំនួន​២ គឺ​កោះ​មួយ ស្ថិត​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ និង​កោះគី ស្ថិត​នៅ​ក្នុង​ខេត្តកំពត ឱ្យ​ទៅ​ក្រុមហ៊ុន​ជី.ធី.វី.ស៊ី អិចផត ខូ អិលធីឌី ( G.T.V.C Import Export Co., Ltd.,) របស់​ឧកញ៉ា​ទៀ វិចិត្រ។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បញ្ជាក់​ថា កោះ​ទាំងពីរ​នេះ​គឺជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ ដែល​នឹង​ត្រូវធ្វើ​ការជួល​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ដើម្បី​ធ្វើការ​អភិវឌ្ឍ​បម្រើ​ឱ្យ​វិស័យ​ទេសចរណ៍​។ កោះ​ទាំងពីរ​នេះ​រាជរដ្ឋាភិបាល​មិនបាន​លក់​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ឡើយ ហើយក៏​មិនដែល​មានការ​លក់​កោះ​ណាមួយ​នៅ​ដែនសមុទ្រ​កម្ពុជា​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ដែរ។

នាយក​ក្រុមហ៊ុន GTVC Import Export Co., Ltd. អ្នកឧកញ៉ា ទៀ វិចិត្រ គឺជា​ក្មួយប្រុស​បង្កើត​របស់​អតីតរដ្ឋមន្ត្រី​ការពារ​ជាតិ លោក ទៀ បាញ់ និងរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​លោក ទៀ​ សីហា។ រូប៖ ហ្វេសប៊ុក ទៀ វិចិត្រ

នាយក​ក្រុមហ៊ុន GTVC Import Export Co., Ltd. អ្នកឧកញ៉ា ទៀ វិចិត្រ គឺជា​ក្មួយប្រុស​បង្កើត​របស់​អតីតរដ្ឋមន្ត្រី​ការពារ​ជាតិ លោក ទៀ បាញ់ និង​ត្រូវជា​ប្អូនបង្កើត​របស់​មេ​បញ្ជាការ កងទ័ពជើងទឹក លោក ទៀ សុខា។ ក្រុម​គ្រួសារ​ត្រកូល​ទៀ​នេះ កំពុង​គ្រប់គ្រង​ដែន​លំហ​សមុទ្រ​របស់​កម្ពុជា​ទាំងមូល​ផង។ លោក ទៀ វិចិត្រ បាន​បង្កើត​មុខរបរ​រកស៊ី​ចាក់គ្រឹះ​យ៉ាង​រឹងមាំ​ក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ​ជាពិសេស​ខេត្ត​ព្រះសីហនុ ខេត្ត​កោះកុង និង​ខេត្តកំពត។ មុខរបរ​រកស៊ី​របស់​លោក ទៀ វិ​ចិត្ត មាន​ដូចជា​ការ​រត់ពន្ធ​ប្រេងឥន្ធនៈ អចលនទ្រព្យ និង​វិស័យ​ទេសចរណ៍ សណ្ឋាគារ​ជាដើម​នៅ​តាម​កោះ​សំខាន់ៗ​ដូចជា​កោះរ៉ុង​សន្លឹម និង​កោះ​ឋានសួគ៌។

ទោះជា​យ៉ាងណា អ្នកឃ្លាំមើល រិះគន់​ថា ការ​ទទួល​បាន​សិទ្ធិ​វិនិយោគ​របស់​លោក ទៀ វិចិត្រ នៅ​តាម​កោះ​នានា​ក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ​ទាំងនេះ ធ្វើឡើង​ដោយ​គ្មាន​តម្លាភាព ពុករលួយ និង​អាង​អំណាច​ក្រុម​គ្រួសារ​ដែល​កំពុង​គ្រប់គ្រង​កងទ័ព​របស់​ប្រទេស​កម្ពុជា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ