បក្ស​កម្លាំង​ជាតិ​ស្នើ​ព្រះមហាក្សត្រ​ជំរុញ​ទៅ​រដ្ឋាភិបាល​ប្រើ​យន្តការ​ច្បាប់​អន្តរជាតិ​​ជាមួយ​ថៃ និង​ដោះលែង​អ្នក​ទោស​មនសិការ

0
5
(​ពីឆ្វេង) ប្រធាន​គណបក្ស​កម្លាំង​ជាតិ​លោក ជា មុនី លោក រ៉ុង ឈុន ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ និង​ប្រធាន​យុវជន​គណបក្សកម្លាំង​ជាតិ លោក ផុន សុភា ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីស្នាក់ការ​គណបក្ស​កម្លាំង​ជាតិ កាល​ពី​ថ្ងៃទី​៨ មករា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
(​ពីឆ្វេង) ប្រធាន​គណបក្ស​កម្លាំង​ជាតិ​លោក ជា មុនី លោក រ៉ុង ឈុន ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ និង​ប្រធាន​យុវជន​គណបក្សកម្លាំង​ជាតិ លោក ផុន សុភា ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីស្នាក់ការ​គណបក្ស​កម្លាំង​ជាតិ កាល​ពី​ថ្ងៃទី​៨ មករា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

គណបក្ស​កម្លាំង​ជាតិ​បាន​ដាក់​លិខិត​មួយ​ច្បាប់​ទូល​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ត្រកូល ហ៊ុន ប្រើ​យន្តការ​ច្បាប់​អន្តរជាតិ​ប្រឆាំង​នឹង​ការឈ្លានពាន​ថៃ​មក​លើ​ទឹកដី​កម្ពុជា និង​ទាមទារ​ឱ្យ​ដោះលែង​អ្នកទោស​មនសិការ​ទាំង​អស់​ឱ្យ​មាន​សេរីភាព​ឡើងវិញ។ អ្នកឃ្លាំមើល​ថា បើ​ព្រះមហាក្សត្រ​នៅតែ​ស្ថិត​ក្រោម​ឥទ្ធិពល​អ្នកកាន់អំណាច និង​មិន​ប្រើ​តួនាទី​អន្តរាគមន៍​លើ​រឿង​នេះ កម្ពុជា​នឹង​បែកបាក់​ឯកភាព​ជាតិ​កាន់តែ​ខ្លាំង និង​ធ្វើ​ឱ្យ​ប្រទេសជិតខាង​បន្ត​វាយប្រហារ​ឈ្លានពាន​កម្ពុជា​បន្ថែម​ទៀត។

គណបក្ស​កម្លាំង​ជាតិ​នៅ​ថ្ងៃទី​៥ ខែកុម្ភៈ បាន​ដាក់​លិខិត​មួយ​ច្បាប់​ទូល​ថ្វាយ​ព្រះមហាក្សត្រ​ដោយ​រៀបរាប់​ពី​ទុក្ខវេទនា​ប្រជាជន​រាប់ពាន់​នាក់​កំពុង​រស់នៅ​គ្មាន​ជម្រក ការ​សម្លាប់​ជន​ស៊ីវិល និង​អំពើ​ឃោរឃៅ​របស់​យោធា​ថៃ ដែល​ប្រព្រឹត្ត​លើ​ប្រជាជន​កម្ពុជា​នៅក្នុង​សង្គ្រាម​វាយប្រហារ​ឈ្លានពាន​កម្ពុជា​នៅ​តាម​ព្រំដែន​នា​ពេល​កន្លង​មក។

សំខាន់​ជាង​នេះ គណបក្ស​កម្លាំង​ជាតិ​បាន​ទូល​ថ្វាយ​ដល់​ព្រះមហាក្សត្រ​ចេញ​ព្រះរាជ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ត្រកូល ហ៊ុន ឲ្យ​ប្រើ​យន្តការ​ច្បាប់​អន្តរជាតិ​ទាមទារ​ទឹកដី​កម្ពុជា​ដែល​ថៃ​កំពុង​កាន់​កាប់​មកវិញ និង​ទាមទារ​ឱ្យ​ដោះលែង​អ្នកទោស​មនសិការ​ទាំង​អស់​ឱ្យ​មាន​សេរីភាព ដើម្បី​ឱ្យ​ពួកគាត់​ចូលរួម​គិតគូរ​ពី​ជោគវាសនា​ប្រទេសជាតិ។

គណបក្ស​កម្លាំង​ជាតិ​រៀបរាប់​នៅក្នុង​លិខិត​នោះ​ថា ការ​វាយ​ប្រហារ​របស់​កម្លាំងយោធា​ថៃ​លើ​កម្ពុជា​កន្លងមក​គឺជា​សង្គ្រាម​ឈ្លានពាន​ទាំង​កម្រោល​ដែល​ផ្ទុយ​ពី​ច្បាប់​អន្តរជាតិ និង​បាន​បង្ក​មហន្តរាយ​ធ្ងន់ធ្ងរ​ដល់​ប្រជាជន​កម្ពុជា​រាប់​សែន​នាក់​រស់​នៅ​តាម​ព្រំដែន​។ ក្នុង​នោះ​ប្រទេស​ថៃ​ប្រើ​សព្វាវុធ​ធុន​ធ្ងន់ យន្តហោះ​ចម្បាំង​F-16 បើក​ការវាយប្រហារ​កម្ពុជា​ដោយ​មិន​រើសមុខ​ដោយ​បំផ្លាញ​ប្រព័ន្ធ​ហេដ្ឋារចនា​សម្ពន្ធ មន្ទីរពេទ្យ អគារ​ស្ថាប័នរដ្ឋ វត្ត​អារាម ប្រាសាទបុរាណ​ខ្មែរ ផ្ទះសម្បែង​ប្រជាពលរដ្ឋ​រាប់​សិប​ខ្នង សម្លាប់​ជន​ស៊ីវិល​ជាង ៣០​នាក់ និង​បង្ក​ឱ្យ​ជន​ស៊ីវិល​ជិត ១​រយ​នាក់​ទៀត​រង​របួស​។ លើស​ពី​នេះ ក្រសួង​ការបរទេស​កម្ពុជា​ក៏បាន​ទទួលស្គាល់​ថា កម្លាំងយោធា​ថៃ​នៅតែ​បន្ត​ឈ្លានពាន​ចូល​ទន្ទ្រាន​កាន់កាប់​ទឹកដី​ខ្មែរ​ចំនួន ១៤​ទីតាំង ក្នុង​ខេត្ត​ចំនួន ៤ ដោយ​ខុសច្បាប់។ គណបក្ស​កម្លាំង​ជាតិ​យល់​ថា ស្ថានភាព​កម្ពុជា​កំពុង​រង​ការឈ្លានពាន​ពី​ថៃ​នេះ កម្ពុជា​មាន​ជម្រើស​តែមួយគត់​គឺ​ប្រើ​យន្តការ​ច្បាប់​អន្តរជាតិ ដើម្បី​ការពារ​ទឹកដី និង​បណ្ដេញ​យោធា​ថៃ​ចេញ​ដែន​អធិបតេយ្យ​កម្ពុជា។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​លោក រ៉ុង ឈុន ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា លិខិត​ទូល​ថ្វាយ​ព្រះមហាក្សត្រ​នេះ គណបក្ស​កម្លាំង​ជាតិ​បាន​ដាក់​លិខិត​តាមរយៈ​មន្ត្រី​រដ្ឋបាល​នៃ​ស្ថាប័ន​ព្រះមហាក្សត្រ​។ លោក រ៉ុង ឈុន បញ្ជាក់​ថា ការ​ស្នើ​ឱ្យ​មាន​ការប្រើ​យន្តការ​ច្បាប់​ប្រឆាំង​ការឈ្លានពាន​របស់​ថៃ គឺ​ក្នុង​គោលដៅ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ប្ដឹង​ភាគី​ថៃ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) និង​សហប្រធាន​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៍ ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​ទាមទារ​ទឹកដី​កម្ពុជា​មកវិញ។

ជាមួយ​គ្នា​នេះ លោក រ៉ុង ឈុន បញ្ជាក់​ថា ការ​ទាមទារ​យ៉ាង​ទទូច​ឱ្យ​ដោះលែង​អ្នកទោស​មនសិការ​ទាំង​អស់​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ក៏​ស្របតាម​បំណង​ដែល​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ដែល​អំពាវនាវ​ឱ្យ​ខ្មែរ​រួបរួម​ជាតិ ក្នុងពេលដែល​កម្ពុជា​កំពុង​រង​ការឈ្លានពាន​ពី​ថៃ។

លោក រ៉ុង ឈុន៖ «ជា​គោលការណ៍​ដើម្បី​ជាតិ​ខ្លាំង ហើយ​ស្រប​ទៅ​តាម​ការ​ចង់​បាន​របស់​ប្រជាពលរដ្ឋ និង​សារ​អំពាវនាវ​របស់​លោក​នាយករដ្ឋមន្ត្រី​ឱ្យ​ខ្មែរ​រួបរួម​ជាតិ​រួបរួមសាមគ្គី​ជា​ធ្លុង​មួយ ខ្មែរ​រួបរួម​អាហ្នឹង​ត្រូវ​ស្ដែង​ឱ្យ​ឃើញ​ការអនុវត្ត​មានការ​ដោះលែង​អ្នក​ជាប់ឃុំ អ្នកនយោបាយ សកម្មជន​សង្គម ក៏ដូចជា​ក្រុម​យុវជន​ក្ដី​ឱ្យ​មាន​សេរីភាព​ឡើងវិញ»។

ទូរទស្សន៍​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ធីរិទ្ធ ដើម្បី​សាកសួរ​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃទី​៥ ខែ​កុម្ភៈ។

ជុំវិញ​រឿង​នេះ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ លោក ស៊ឹង សែនករុណា យល់ថា ការ​ដាក់​លិខិត​ស្នើ​ឱ្យ​ព្រះមហាក្សត្រ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ប្ដឹង​ភាគី​ថៃ និង​ដោះលែង​អ្នកទោស​មនសិការ​អាច​ជា​ការ​សាកល្បង​លើ​អង្គ​ព្រះមហាក្សត្រ​ដែល​កន្លងមក​មានតែ​តួនាទី​ជា​ប្រមុខរដ្ឋ ប៉ុន្តែ​ស្ថិត​ក្រោម​ឥទ្ធិពល​អ្នកកាន់អំណាច​ដែល​មិនអាច​សម្រេចចិត្ត​លើ​បញ្ហា​ជាតិ​ធំៗ​បាន​ឡើយ​។ លោក​ថា ព្រះមហាក្សត្រ​គួរតែ​បានដឹង​ពី​ការ​ទុក្ខវេទនា​របស់​ពលរដ្ឋ​ខ្លួន​ដែល​កំពុង​រង​ការឈឺចាប់ និង​ការ​ចាប់ចង​ជា​បន្តបន្ទាប់ រហូត​ធ្វើ​ឱ្យ​ខ្មែរ​បែកបាក់​ឯកភាព​ជាតិ​កាន់តែ​ខ្លាំង​ដែល​ធ្វើ​ឱ្យ​បរទេស​អាច​ឈ្លានពាន​កម្ពុជា និង​បង្ក​វិនាសកម្ម​ដល់​ជាតិ​ទាំងមូល។​

លោក ស៊ឹង សែនករុណា៖ «ខ្ញុំ​ក៏​ចង់​ឃើញ​ព្រះអង្គ​ប្រើ​ព្រះរាជ​សិទ្ធិ​ទាំង​តួនាទី និង​អំណាច​ក្នុងនាម​ជា​ប្រមុខរដ្ឋ​ដឹកនាំ​ប្រទេស​ដែល​ឃើញ​ប្រទេសជាតិ​ធ្លាក់​ក្នុង​ស្ថានភាព​ដុនដាប ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​បែបនេះ យើង​ចង់​ឃើញ​ព្រះរាជ​តួនាទី​ព្រះអង្គ​អនុវត្ត ដើម្បី​ធ្វើ​ឱ្យ​ខ្មែរ​មានការ​រួបរួម​ជាតិ ធ្វើ​ឱ្យ​ខ្មែរ​មាន​ភាព​ខ្លាំង ដើម្បី​កសាង និង​ការពារ​ជាតិ​ពី​ការឈ្លានពាន​របស់​ប្រទេសជិតខាង​ឱ្យ​កាន់តែ​ខ្លាំងក្លា​ឡើងវិញ»។

ទោះបីជា​អ្នកនយោបាយ​បក្ស​ប្រឆាំង​មើលឃើញ​ពី​ការ​បែកបាក់​ជាតិ​ដែល​ធ្វើ​ឱ្យ​ជាតិ​ទន់ខ្សោយ​ត្រូវ​ប្រទេស​ថៃ​ឈ្លានពាន​ដូច​សព្វថ្ងៃ​នេះ​ក៏​រដ្ឋាភិបាល​ត្រកូល ហ៊ុន មិន​ខ្វល់​រឿង​ដោះលែង​អ្នកទោស​មនសិការ ដើម្បី​បង្ហាញ​ឯកភាព​ជាតិ​នោះ​ទេ។ ផ្ទុយទៅវិញ អាជ្ញាធរ​នៃ​របប​នេះ​បែប​ជា​បន្ត​តាម​ធ្វើទុក្ខបុកម្នេញ​លើ​អ្នកនយោបាយ និង​ចាប់​ចង់​ពលរដ្ឋ​ដែល​និយាយ​រឿង​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ ដាក់គុក​ជា​បន្តបន្ទាប់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ