
គណបក្សកម្លាំងជាតិអំពាវនាវឲ្យរដ្ឋាភិបាលដោះលែងសកម្មជននយោបាយ និងសកម្មជនសង្គម ឲ្យមានសេរីភាពឡើងវិញដើម្បីបង្ហាញថា ខ្មែរសាមគ្គីជាធ្លុងមួយ។ គណបក្សនេះក៏ប្រកាសថា នឹងដាក់ពាក្យបណ្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ទាក់ទងទៅនឹងប្រទេសថៃឈ្លានពានមកលើអធិបតេយ្យភាពប្រទេសកម្ពុជា ដោយទាមទារឲ្យប្រទេសថៃផ្តល់សំណង់ខូចខាតមកកម្ពុជាដែរ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការគណបក្សកម្លាំងជាតិ នៅព្រឹកថ្ងៃទី៨ មករា លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិលើកឡើងថា លោកមើលឃើញសង្គ្រាមរយៈពេល២៦ថ្ងៃ ទាំងលើកទី១និងលើកទី២ មិនទាន់ឃើញមានប្រទេសណាចេញមុខថ្កោលទោសថៃនោះទេ។ លោកថា សង្គ្រាមលើកនេះក៏ជាបទពិសោធន៍សម្រាប់រដ្ឋាភិបាលក៏ដូចជាប្រជាពលរដ្ឋខ្មែរផងដែរ ក្នុងការកែលម្អចំណុចខ្សោយខ្លះដែលមាន។ លោកថា ចំណុចខ្សោយ គឺដោយសារតែខ្មែរមានការបែកបាក់ ចាប់ចងអ្នកមានមតិផ្ទុយ។ លោកថា ពលរដ្ឋសាមគ្គីគ្នាណាស់ប៉ុន្តែនៅតែអ្នកនយោបាយប៉ុណ្ណោះ មិនទាន់ឃើញមានឯកភាពសាមគ្គីគ្នានៅឡើយនោះទេ។ លោកថា ខ្មែរសាមគ្គីជាធ្លុងមួយដើម្បីឲ្យខ្មែរខ្លាំង។
លោក រ៉ុង ឈុន បានអះអាងថា លោកជូនយោបល់ដល់រដ្ឋាភិបាលកម្ពុជាថា ដើម្បីសុវត្ថិភាពព្រំដែនឲ្យថៃដកទ័ពទាំងអស់ចេញពីទឹកដីកម្ពុជា គឺរដ្ឋាភិបាលត្រូវដោះលែងអ្នកទោសនយោបាយ សកម្មជននយោបាយ សកម្មជនសង្គម ក្រុមមាតាធម្មជាតិដែលកំពុងជាប់ឃុំឲ្យមានសេរីភាពឡើងវិញ។ ហើយត្រូវស្តារឡើងវិញការគោរពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ បើកចំហសេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន សេរីភាពនយោបាយនិងសេរីភាពសហជីព។

លោក រ៉ុង ឈុន៖ «ការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ឲ្យមានការបោះឆ្នោតល្អប្រើសើ និងដោះលែងអ្នកកំពុងជាប់ឃុំជិត១០០នាក់ហ្នឹងទៅ ពេលហ្នឹងនឹងទទួលបានការគាំទ្រខ្លាំងមកវិញ ហើយក៏ជាការស្តារឡើងវិញនូវមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ»។
ប្រធានគណបក្សកម្លាំងជាតិលោក ជា មុនី បានលើកឡើងផងដែរថា គណបក្សកម្លាំងជាតិនឹងដាក់ពាក្យបណ្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ទាក់ទងទៅនឹងប្រទេសថៃឈ្លានពានមកលើអធិបតេយ្យភាពប្រទេសកម្ពុជា ដោយទាមទារឲ្យប្រទេសថៃផ្តល់សំណង់ខូចខាតមកកម្ពុជា។
ទាក់ទងទៅនិងការរួបរួមសាមគ្គីគ្នាជាធ្លុងមួយនេះដែរ នៅថ្ងៃទី៧ ខែមករា ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានចេញសារដោយអំពាវនាវដល់ជនរួមជាតិទាំងអស់បន្តរួបរួមសាមគ្គីគ្នាជាធ្លុងមួយដែរ ដោយលោក ទទួលស្គាល់ថា សាមគ្គីរស់ សាមគ្គីឈ្នះ។ ប៉ុន្តែ មកទល់ពេលនេះ លោក ហ៊ុន សែន នៅតែចាត់ទុកអ្នកមានទស្សនៈផ្ទុយ គឺជាសត្រូវ ហើយមិនទាន់ដោះលែងអ្នកជាប់ឃុំដោយសារមូលហេតុនយោបាយ និងការបញ្ចេញមតិឡើយ។
ប្រជាពលរដ្ឋ អ្នកនយោបាយបក្សប្រឆាំង និងក្រុមអ្នកឃ្លាំមើលសង្គម បានលើកឡើងថា រដ្ឋាភិបាលគួរពិចារណាទម្លាក់ចោលការចោទប្រកាន់លើអ្នកនយោបាយខ្មែរ សកម្មជនសង្គម ទើបជាការឯកភាពជាតិពិតប្រាកដ និងជាការស្តារប្រជាធិបតេយ្យឡើងវិញ ដើម្បីមានឱកាសកសាងប្រទេសកម្ពុជាឲ្យបានរឹងមាំ និងមានទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិជាដើម៕










