

អ្នកឃ្លាំមើលបារម្ភថា ក្រោយកិច្ចប្រជុំ ក្រុមលេខាធិការដ្ឋាននៃ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ដែលហៅកាត់ថា GBCយោធាថៃនឹងបន្តកាន់កាប់ទឹកដីមួយផ្នែករបស់កម្ពុជា នៅតំបន់ព្រំដែន ដែលយោធាថៃបានដណ្ដើមពីកម្ពុជា។ ពួកគាត់យល់ឃើញថា នៅក្នុងកិច្ចប្រជុំនេះ ភាគីកម្ពុជាគួរតែចរចាជាមួយភាគីថៃ ឱ្យអនុវត្តបទឈប់បាញ់ជាមុនសិន ចំណែកបញ្ហាកំណត់ព្រំប្រទល់ កម្ពុជាគួរតែដោះស្រាយបញ្ហានេះ តាមរយៈយន្តការច្បាប់អន្តរជាតិ។
គិតមកដល់ពេលនេះ ភាគីកម្ពុជា និងថៃ បានចូលរួមកិច្ចប្រជុំ ក្រុមលេខាធិការដ្ឋាននៃ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ GBCដើម្បីដោះស្រាយវិវាទរឿងព្រំដែន ចំនួន២ដងហើយ ប៉ុន្តែយោធាថៃ នៅតែបន្តបាញ់ផ្លោងចូលក្នុងទឹកដីកម្ពុជា គ្មានស្រាកស្រាន្ត និងបានចូលកាន់កាប់ក្នុងទឹកដីកម្ពុជា កាន់តែជ្រៅ។
ប្រមុខដឹកនាំស្ថាប័ន អធិបតេយ្យជាតិ ព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២៥ ខែធ្នូ ថា កិច្ចប្រជុំ GBCរវាងកម្ពុជា និងថៃ ហាក់ធ្វើឡើងដោយមិនស្មើភាពគ្នានោះទេ ដោយសារថៃ ដែលជាភាគីឈ្លានពាន កំពុងមានប្រៀបលើសមរភូមិ និងកំពុងកាន់កាប់តំបន់មួយចំនួនក្នុងទឹកដីកម្ពុជា។ លោកបារម្ភថា ក្នុងកិច្ចចរចានេះ ភាគីថៃអាចនឹងទាមទារតំបន់ ដែលយោធាថៃបានវាយដណ្ដើមយកពីកម្ពុជានោះ កាត់ចូលក្នុងទឹកដីថៃ។
ទាល់តែគ្រប់គ្រងតំបន់ទាំងហ្នឹងបាន១០០ភាគរយហើយ បានថៃយល់ព្រមបទឈប់បាញ់ ព្រោះថៃចង់បានទឹកដីកម្ពុជា តាមផែនទីខ្នាត១លើ ៥០ពាន់ ដែលជាផែនទីគូរដោយឯកតោភាគី
កម្ពុជា និងថៃ បានចាប់ផ្ដើមកិច្ចប្រជុំ ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ GBCកាលពីថ្ងៃទី២៤ ខែធ្នូ ដែលរៀបចំនៅខេត្តចន្ទបុរី(Chanburi) ក្នុងទឹកដីថៃ បន្ទាប់ពីភាគីថៃ បដិសេធសំណើរបស់កម្ពុជា ដែលចង់ឱ្យរៀបចំកិច្ចប្រជុំ នៅម៉ាឡេស៊ី(Malaysia)។ ទោះជាយ៉ាងណា នៅក្នុងថ្ងៃបើកកិច្ចប្រជុំដំបូង ភាគីទាំង២ បានពិភាក្សាគ្នារយៈពេល ៣០នាទី ដោយមិនបានបង្ហាញពីលទ្ធផលនោះឡើយ។ យ៉ាងណាមិញ សម្រាប់កិច្ចប្រជុំក្នុងថ្ងៃទី២ ដែលចាប់ផ្ដើមនៅពេលព្រឹកថ្ងៃទី២៥ ធ្នូ នេះ ភាគីទាំង២ បានជួបសន្ទនាគ្នាប្រហែលជិត ២ម៉ោង មុននឹងសម្រាក ដើម្បីត្រៀមប្រជុំបន្តនៅម៉ោង ៣រសៀល។
ក៏ប៉ុន្តែ នៅពេលដល់វេលាដែលបានកំណត់ ភាគីកម្ពុជាបានស្នើសុំពន្យារពេលចំនួន ២ដង ដោយអះអាងថា ដើម្បីត្រួតពិនិត្យ និងរៀបចំឯកសារ ដែលភាគីថៃបានដាក់លក្ខខ័ណ្ឌ រហូតដល់ម៉ោង ៤រសៀល។ ក្នុងនោះតំណាងកម្ពុជាបានមកជួបតំណាងថៃ ដើម្បី ពិភាក្សាអំពីទីតាំងសម្រាប់រៀបចំកិច្ចប្រជុំពិសេសលើកទី៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែធ្នូ ខាងមុខនេះ។
ទោះជាបែបនេះក្ដី ភាគីថៃ បានអះអាងថា ប្រសិនបើការពិភាក្សារបស់ភាគីទាំង២ មិនអាចឈានដល់កិច្ចព្រមព្រៀង លើចំណុចបច្ចេកទេសសំខាន់ៗ មានដូចជាការដាក់ពង្រាយកងទ័ព និងចំណុចនៃការផ្ដួចផ្ដើម ដើម្បីបង្កើតឱ្យបានជាបទឈប់បាញ់នោះទេ ភាគីថៃនឹងមិនធ្វើកិច្ចប្រជុំ GBC និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅថ្ងៃទី ២៧ ខែធ្នូ នោះឡើយ។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទង រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ឡាំ ជា ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២៥ ខែធ្នូ។
ប្រទេសថៃ បានដាក់លក្ខខណ្ឌ៣យ៉ាង ដល់កម្ពុជា ដើម្បីចរចាក្នុងបទឈប់បាញ់ រួមមាន ឱ្យកម្ពុជាបញ្ឈប់ការបាញ់ប្រហារជាមុន ហើយត្រូវធ្វើឡើងដោយពិតប្រាកដ និងជាក់លាក់ និងចូលរួមសហការដើម្បីបោសសម្អាតមីននៅតាមព្រំដែន។
ជុំវិញរឿងនេះ ប្រធានអ្នកឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញថា កិច្ចប្រជុំ GBCនេះ ភាគីកម្ពុជាមិនគួរឯកភាពទៅលើលក្ខខ័ណ្ឌ តាមការចង់បានរបស់ភាគីថៃ ដើម្បីដូរយកសន្តិភាព ដ៏ផុយស្រួយនេះបានឡើយ ព្រោះកន្លងមក ភាគីថៃមិនបានបំពេញតាមកិច្ចព្រមព្រៀង ដែលបានឯកភាពគ្នាជាមួយកម្ពុជានោះឡើយ ផ្ទុយទៅវិញ ភាគីថៃតែងតែប្រើលេសដើម្បីចូលឈ្លានពានកម្ពុជា និងយកប្រៀបលើសមរភូមិ។
ភាគីថៃ គាបសង្កត់ភាគីកម្ពុជា ឱ្យទទួលស្គាល់ទទួលយកលទ្ធផលតាមការចង់បានរបស់ភាគីថៃ ប៉ុន្តែភាគីកម្ពុជាមិនព្រមហ្នឹងហើយ បានជាភាគីថៃបង្កសង្គ្រាមម្ដងហើយម្ដងទៀត ឥឡូវបង្គ្រប់បាញ់ប្រហារមកលើកម្ពុជាកាន់តែខ្លាំង
ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ GBCកំពុងជជែកគ្នាដើម្បីដោះស្រាយជម្លោះនោះ សេនាធិការយោធាថៃ បានអះអាងថា យោធាថៃនឹងនៅតែបន្តប្រតិបត្តិការតាមគោលដៅដែលបានគ្រោងទុក រហូតទាល់តែកម្ពុជាប្រកាសឈប់បាញ់មុន។
យ៉ាងណាក៏ដោយចុះ ក្រសួងការបរទេសកម្ពុជា ធ្លាប់បានប្រកាសនៅក្នុងកិច្ចប្រជុំពិសេស របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ស្ដីពីបច្ចុប្បន្នភាពស្ថានការណ៍កម្ពុជា-ថៃ នៅទីក្រុង គូឡាឡាំពួ កាលពីថ្ងៃទី២២ ខែធ្នូ ថា កម្ពុជាបានគោរពបទឈប់បាញ់ ដែលភាគីថៃបានឯកភាពគ្នារួចមកហើយ ដោយកម្ពុជាបានជៀសវាង មិនផ្ទុះអាវុធរយៈពេល ២៤ម៉ោង ក្រោយទទួលរងការវាយប្រហារពីសំណាក់យោធាថៃ ដែលចាប់ផ្ដើមឡើងកាលពីថ្ងៃទី៧ ខែធ្នូ។
អ្នកឃ្លាំមើលជំរុញឱ្យមេដឹកនាំកម្ពុជា គួរតែប្រើប្រាស់យន្តការច្បាប់អន្តរជាតិ ដើម្បីបញ្ឈប់ការឈ្លានពានរបស់យោធាថៃ មកលើកម្ពុជា ជាជាងការចរចាទ្វេភាគី ដែលធ្វើឱ្យភាគីថៃ ជាភាគីឈ្លានពាន អាចដាក់សម្ពាធមកលើកម្ពុជា តាមតែអំពើចិត្ត ដែលធ្វើឱ្យកម្ពុជា ជាជនរងគ្រោះ ត្រូវទទួលរងភាពអយុត្តិធម៌ និងខាតបង់ទឹកដីមួយផ្នែកថែមទៀត៕









