

ក្រុមអ្នកឃ្លាំមើល លើកឡើងថា ញត្តិអន្តរាគមន៍ របស់ចលនាខ្មែរដើម្បី ប្រជាធិបតេយ្យ (KMD) ដែលស្នើឲ្យសហរដ្ឋអាមេរិក អ៊ីស្រាអែល និង ស៊ុយអែត ផ្អាកការគាំទ្រផ្នែកយោធាជាបន្ទាន់ ដល់ប្រទេសថៃនោះ គឺជាគំរូតស៊ូមតិល្អមួយ ដើម្បីទប់ស្កាត់គ្រោះថ្នាក់បន្ថែមទៀត ដល់ជនស៊ីវិលស្លូតត្រង់ខ្មែរ ក្នុងពេល យោធាថៃកំពុងវាយប្រហារឈ្លានពានកម្ពុជា ។
អ្នកវិភាគ និងអ្នកឃ្លាំមើល លើកឡើងថា វាអាចត្រូវការពេលវេលាដើម្បីឱ្យ សហរដ្ឋអាមេរិក អ៊ីស្រាអែល ស៊ុយអែត និងប្រទេសផ្សេងទៀត ដាក់លក្ខខណ្ឌថៃក្នុងការប្រើប្រាស់អាវុធឈ្លានពានកម្ពុជា ប៉ុន្តែពួកគាត់ យល់ថាញត្តិអន្តរាគមន៍ របស់ចលនាខ្មែរដើម្បី ប្រជាធិបតេយ្យ យ៉ាងហោចណាស់ គឺជាគំរូតស៊ូមតិល្អមួយ នៃការប្រឹងប្រែងការពារពលរដ្ឋខ្មែរ ។
អ្នកសិក្សាការអភិវឌ្ឍន៍សង្គម លោកបណ្ឌិត មាស នី ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២៥ ខែធ្នូ ថា កាលៈទេសៈនេះ សង្ឃឹមតែលើការចរចាមួយច្រកប៉ុណ្ណោះ ប៉ុន្តែ បើការចរចានៅតែគ្មានលទ្ធផលវិជ្ជមាន មានតែខ្មែរត្រូវរួបរួមគ្នា រៀបចំកម្លាំងជាតិចេញមុខតតាំងនឹងអំពើឈ្លានពានរបស់ថៃ។ លោកផ្ដល់យោបល់ឲ្យពង្រឹងកម្លាំងនៅសមរភូមិ ពីព្រោះ ការចរចាដែលមានប្រៀប លុះត្រាតែកម្លាំងប្រយុទ្ធនៅសមរភូមិរបស់កម្ពុជា មានប្រៀបដែរ ។
ទោះបីជាយ៉ាងណា លោកបណ្ឌិត មាស នី មានប្រសាសន៍ថា ញត្តិអន្តរាគមន៍ របស់ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (KMD) ដែលទទូចឲ្យសហរដ្ឋអាមេរិក អ៊ីស្រាអែល និង ស៊ុយអែត ផ្អាកការគាំទ្រអាវុធដល់ថៃនោះ គឺជាការបង្ហាញអំពីការ គិតគូរដល់ជាតិកម្ពុជា ដែលកំពុងរងគ្រោះ និង ជាសំឡេងថ្កោលទោសថៃ ដែល ឈ្លានពានប្រទេសកម្ពុជា ។
ប្រសិទ្ធភាពនៃការអំពាវនាវនេះ បើយើងមើលទៅមិនថាអ្នកណា ភាគីណាទេ ភាគីអន្តរជាតិក៏ថៃមិនខ្វល់ សូម្បីសេចក្ដីអំពាវនាវរបស់រដ្ឋាភិបាលយើងកម្ពុជាក៏ថៃមិនខ្វល់។ អ៊ីចឹងបើនិយាយពីឥទ្ធិពលយើងឃើញថា វាមិនអាចមានឥទ្ធិពលទៅលើថៃក្នុងពេលនេះទេមិនថា ត្រឹមតែជាការអំពាវនាវរបស់ខាងអតីតគណបក្សប្រឆាំងទេក៏ប៉ុន្តែទោះបីយ៉ាងណា ក៏យើងបានការរួមគ្នាគិតអំពីស្រុកនិងប្រទេសយើងទាំអស់គ្នា
ញត្តិអំពាវនាវរបស់ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ កាលពីថ្ងៃទី២៤ ខែធ្នូ ឲ្យដឹងថា រដ្ឋអ៊ីស្រាអែលក្នុងឆ្នាំ២០២៥ បានផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាស និងមីស៊ីល Barak MX មានតម្លៃប្រហែល១០៧លានដុល្លារអាមេរិកដល់ប្រទេសថៃ រីឯ ប្រទេសស៊ុយអែតក្នុងឆ្នាំ២០២៤ បានផ្ដល់ឲ្យថៃ នូវយន្តហោះចម្បាំង Saab Gripen E/F ចំនួនបួនគ្រឿង ដែលមានតម្លៃប្រមាណ ៦០០លានដុល្លារអាមេរិក ។ ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ ឲ្យដឹងដែរថា សហរដ្ឋអាមេរិក ចាប់ពីឆ្នាំ២០០០ មក បានអនុញ្ញាតឲ្យប្រទេសថៃធ្វើប្រតិបត្តិការយន្តហោះចម្បាំង F-16 ក្រោមកម្ម វិធីលក់សព្វាវុធដល់យោធាបរទេស រួមទាំងឧទ្ធម្ភាគចក្រប្រយុទ្ធចំនួន១៦ គ្រឿង ដែលមានតម្លៃ១៣៦លានដុល្លារអាមេរិក បូករួមទាំងការធ្វើបច្ចុប្បន្នកម្ម និងការ គាំទ្រជាប្រចាំរាប់ទសវត្សរ៍តទៅមុខទៀត។
ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ អំពាវនាវឲ្យរដ្ឋអ៊ីស្រាអែល ប្រទេសស៊ុយអែត និង សហរដ្ឋអាមេរិក និង ប្រទេសផ្សេងទៀត ដែលផ្គត់ផ្គង់គ្រឿសព្វាវុធឲ្យថៃ ត្រូវមានការទទួលខុសត្រូវអនុវត្តកាតព្វកិច្ចក្នុងនាមជាប្រទេសផ្គត់ផ្គង់គ្រឿងសព្វាវុធ ក្រោមច្បាប់អន្តរជាតិ និង ច្បាប់នៃប្រទេសសាមីនីមួយៗ ដូចជា ការចៀសវាងករណីប្រើអាវុធទាំងនោះ បំពានលើជីវិតជនស៊ីវិល ដូចសកម្មភាពរបស់យោធាថៃ ដែលកំពុងបាញ់លើពលរដ្ឋបច្ចុប្បន្នជាដើម។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរនៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណាលើកទឹកចិត្តឲ្យមានសកម្មភាព អំពាវនាវដូចចលនាខ្មែរដើម្បីប្រជាធិបតេយ្យនេះ ឲ្យបានច្រើន។ លោកប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២៥ ខែធ្នូ ថា ក្នុង ស្ថានភាពនេះ ពលរដ្ឋខ្មែរគ្រប់រូប ត្រូវនាំគ្នាបន្លឺសំឡេងប្រឆាំងនឹងការប្រើ អាវុធបាញ់ប្រហារពលរដ្ឋខ្មែរ ដើម្បីឲ្យប្រទេសផ្គត់ផ្គង់អាវុធនីមួយៗ ពិនិត្យមើល ឡើងវិញ អំពីការប្រើប្រាស់អាវុធរបស់ខ្លួន ដែលលក់ឲ្យថៃ ហើយថៃយកមកប្រើបាញ់សម្លាប់ពលរដ្ឋខ្មែរស្លូតត្រង់។ លោកហៅអំពើរបសយោធាថៃ ថាជាឧក្រិដ្ឋ កម្មសង្គ្រាម។
សព្វាវុធទាំងអស់នោះ ធ្វើឲ្យប៉ពាល់ដល់ប្រទេសដែលបានលក់ហ្នឹងដែរមានន័យថា ខ្លួនបានប្រើប្រាស់សព្វាវុធទាំងអស់ហ្នឹង ទៅសម្លាប់ជនស្លូតត្រង់ដែលមិនមែនជាអ្នកពាក់ព័ន្ធទៅនឹងជម្លោះរវាងប្រទេសទាំងពីរទេ។ អ៊ីចឹងវា ជាអំពើមួយផ្ទុយទៅនឹងច្បាប់អន្តរជាតិ។អ៊ីចឹងខ្ញុំយល់ថា វាជារឿងសំខាន់ ដែលចលនាខ្មែរដើម្បីប្រជាធិបតេយ្យរបស់អ្នកស្រី មូរសុខហូរ បានជ្រើសយកមធ្យោបាយហ្នឹងហើយខ្ញុំគិតថា វាមិនមែនជាផ្នែករបស់អ្នកណាទេ។ ក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរខ្ញុំទទូចគ្រប់ភាគីទាំងអស់បើយើងមានលទ្ធភាព មានមធ្យោបាយណា ដែលអាចធ្វើកិច្ចការងារជួយទៅដល់ប្រជាពលរដ្ឋយើងជួយទៅដល់ប្រទេសជាតិយើង
ចំណែកឯ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ លើកឡើងថា ញត្តិអំពាវនាវរបស់ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ ជា រូបភាពល្អ ក្នុងស្មារតីគិតគូរអំពីជាតិកម្ពុជា ក្នុងនាមជាខ្មែរ ដើម្បីនាំគ្នាប្រកាសឲ្យ ពិភព លោកមើលឃើញពីការរងគ្រោះរបស់កម្ពុជាដោយសារ ការឈ្លានពាន របស់ថៃ ។
លោកបញ្ជាក់ថា ដើម្បីបង្កើនប្រសិទ្ធភាពទប់ទល់ នឹងការឈ្លានពានរបស់ថៃ ចាំបាច់ទាមទារឲ្យមានការបើកផ្លូវធំមួយនៅកម្ពុជា ដែលអាចផ្សះផ្សាបង្រួបបង្រួមជាតិជាអាទិភាពសិន ហើយរួមកម្លាំងគ្នាតតាំងនឹងថៃ ទាំងក្នុងសមរភូមិខាងក្នុងប្រទេស និង លើឆាកអន្តរជាតិ ជាពិសេស ការបង្ហាញសំឡេងតែមួយ ដើម្បី បញ្ឈប់ប្រទេសនានា កុំឲ្យផ្គត់ផ្គង់អាវុធដល់ថៃ ។
បង្ហាញឲ្យសហគមន៍អន្តរជាតិមើលឃើញ អំពីការឈ្លានពាន របស់ថៃ ចូលមកក្នុងដែនអធិបតេយ្យភាពកម្ពុជា។ មានន័យថា បង្ហាញឲ្យឃើញ ពីការឈ្លានពានជាក់ស្ដែង ដោយសារតែពួកគេបានយន្តហោះចម្បាំង ចូលមក ក្នុងដែនអាកាស ឬក៏ដែនអធិបតេយ្យភាពកម្ពុជា ចូលទៅដល់រយគីឡូម៉ែត្រហើយ ដូច្នេះវាគឺជាពេលដែលខ្មែរ ត្រូវប្រកាស ឲ្យពិភពលោកបាន ឃើញអំពីការឈ្លាន ពាន
ក្រសួងការពារជាតិកម្ពុជា រាយការណ៍នៅថ្ងៃទី២៥ ខែធ្នូនេះ ថា មកដល់ ពេលនេះមាន ពលរដ្ឋខ្មែរ៣១នាក់ បានបាត់បងជីវិត រួមមានទារកម្នាក់ផង និង របួស ៨៧នាក់ ពីការវាយប្រហាររបស់យោធាថៃ ។
នៅក្នុងសង្រ្គាមឈ្លានពានកម្ពុជា យោធាថៃបាន ប្រើយន្តហោះចម្បាំងប្រភេទ T-50 ផលិតនៅប្រទេសកូរ៉េខាងត្បូង (South Korea) យន្តហោះចំបាំងF-16 ដែល ថៃទិញពីសហរដ្ឋអាមេរិក ហើយដែលយោធាថៃបានប្រើប្រាស់ញឹកញាប់ជាងគេ និងប្រើយន្តហោះចម្បាំង Saab Gripen របស់ ស៊ុយអែតម្តងម្កាលដើម្បីវាយប្រហារ លើដែនដីកម្ពុជា៕









