អ្នកឃ្លាំមើល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បង្កើន​សកម្មភាព​ការទូត ដើម្បី​ការពារ​ទឹកដី

0
34
រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន។ រូប៖ ​ក្រសួងការបរទេស
រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន។ រូប៖ ​ក្រសួងការបរទេស

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បង្កើន​សកម្មភាព​ការទូត និង​យុទ្ធសាស្ត្រ​ចម្រុះ​ផ្សេងៗ​រួម​ទាំង​ការប្រើ​យន្តការ​បោះបង្គោល​ព្រំដែន​ជាមួយ​ថៃ​ឲ្យ​បាន​ឆាប់រហ័ស​ដោយ​ផ្អែក​ទៅ​លើ​ផែនទី​ដែល​ទទួលស្គាល់​ជា​អន្តរជាតិ ដើម្បី​ការពារ​អធិបតេយ្យភាព​កម្ពុជា​ពី​ការឈ្លានពាន​របស់​យោធា​ថៃ​។ ការជំរុញ​បែបនេះ គឺ​បន្ទាប់ពី​ក្រសួងការបរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ប្រកាស​តវ៉ា​ប្រឆាំង​នឹង​សកម្មភាព​ខុសច្បាប់​ជា​បន្តបន្ទាប់​របស់​កង​កម្លាំងប្រដាប់អាវុធ​ថៃ បាន​កម្ទេច​បំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល និង​អគារ​រដ្ឋបាល​បន្ថែម​ទៀត នៅ​តំបន់​បឹង​ត្រកួន និង​ជោគជ័យ ក្នុង​ខេត្ត​បន្ទាយមានជ័យ ដែល​ថៃ​បាន​កាន់កាប់​ខុសច្បាប់​ក្រោយ​បទ​ឈប់​បាញ់។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី យល់​ឃើញ​ថា បើសិនជា​សកម្មភាព​នៃ​ការ​រំលោភបំពាន​នៅតែ​បន្ត​កើតមាន​ដូចជា​ការ​រាយ លួស​បន្លា ឫ​ក៏​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ចូល​ទឹកដី​ខ្មែរ​រដ្ឋាភិបាល​ចំ​បាច់​ត្រូវ​មាន​យុទ្ធសាស្ត្រ​ចម្រុះ​ខ្លាំង​ជាង​ការ​ផ្ញើរ​ត្រឹមតែ​ក្រដាស​ស្នាម។

លោក សេង វណ្ណលី បន្ថែម​ថា កា​ផ្ញើរ​លិខិត​នេះ​គឺជា​យន្តការ​ផ្លូវការ​និង​ជា​ជំហាន​ដំបូង​បំផុត​នៅក្នុង​ច្បាប់​អន្តរជាតិ​ដើម្បី​រក្សា​ទុកជា​ភស្តុតាង​បង្ហាញថា​កម្ពុជា​មិនដែល​បោះបង់​អធិបតេយ្យភាព រឺ​ក៏​ទទួលយក​ការ​រំលោភបំពាន​ណាមួយ​ពី​ភាគី​ថៃ​នោះ​ឡើយ។ លោក​ថា លិខិតតវ៉ា​ទាំងនេះ​មិនមែន​ជា​រូបភាព​នៃ​ភាព​ទន់ខ្សោយ​នោះ​ទេ ប៉ុន្តែ​វា​គឺជា​ការ​កសាង​មូលដ្ឋានគ្រឹះ​នៃ​សំណុំ​រឿង​ផ្លូវច្បាប់​យ៉ាង​រឹង​មាំ។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​រូប​នេះ អះអាងថា វិធាន​ការដែល​ល្អ​ជាង​នេះ ហើយ​នឹង​មាន​ប្រសិទ្ធភាព​យូរអង្វែង​គឺ​ជំរុញ​យន្តការ​បោះបង្គោល​ព្រំដែន​ឲ្យ​បាន​ឆាប់រហ័ស​ដោយ​ផ្អែក​ទៅ​លើ​ផែនទី​ដែល​ទទួលស្គាល់​ជា​អន្តរជាតិ​និង​ការប្រើប្រាស់​កំលាំង​ច្បាប់​អន្តរជាតិ​ឲ្យ​អស់​លទ្ធភាព។

លោក សេង វណ្ណលី៖ «​នៅក្នុង​ករណី​កិច្ចការ​ចរចា​ទ្វេភាគី​មិន​អាច​ដោះស្រាយ​បាន​ភាគី​ថៃ​នៅតែ​បំពាន​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់ កម្ពុជា​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​លើកយក​បញ្ហា​នេះ​ទៅកាន់​យន្តការ​តំបន់​ដូចជា​អាស៊ាន រឺ​យន្តការ​សកល​តាមរយៈ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ និង​តុលាការ​យុត្តិធម៌​អន្តរជាតិ​ជាដើម ដើម្បី​សុំ​ការសម្រេចចិត្ត​ដែល​សន្និដ្ឋាន​ជា​ស្ថាពរ​និង​មាន​កំលាំង​បង្ខំ​តាមផ្លូវ​ច្បាប់»។

ការ​យល់​ឃើញ​នេះ គឺ​បន្ទាប់​ពី​ក្រសួង​ការបរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​ល្ងាច​ថ្ងៃទី​១១ ខែកុម្ភៈ បាន​ប្រកាស​តវ៉ា​ប្រឆាំង​នឹង​សកម្មភាព​ខុសច្បាប់​ជា​បន្តបន្ទាប់​របស់​កង​កម្លាំងប្រដាប់អាវុធ​ថៃ នៅ​តំបន់​បឹង​ត្រកួន និង​ជោគជ័យ ក្នុង​ខេត្ត​បន្ទាយមានជ័យ ដែល​ថៃ​បាន​កាន់កាប់​ខុសច្បាប់។

ការ​តវ៉ា​របស់​ក្រសួង​ការបរទេស​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​របាយការណ៍​ពី​អាជ្ញាធរ​មូលដ្ឋាន​ថា ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល និង​អគារ​រដ្ឋបាល​បន្ថែម​ទៀត ត្រូវ​បាន​យោធា​ថៃ​វាយកម្ទេច​បំផ្លិចបំផ្លាញ​នៅ​តំបន់​បឹង​ត្រកួន ស្ថិតនៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ ៣៣ និង ៣៦ ក្នុងស្រុក​ថ្មពួក​។ ជាមួយ​គ្នា​នេះ នៅ​តំបន់​ភូមិ​ជោគជ័យ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ដែល​ស្ថិត​នៅ​ចន្លោះ បង្គោល​ព្រំដែន​លេខ​៤៦ និង​៤៧ យោធា​ថៃ​បាន​ជីក​ប្រឡាយ និង​ធ្វើ​ផ្លូវ​មួយ​ខ្សែ ព្រមទាំង ការ​ចាក់​ដី​លុប​ស្រះ​ទឹក​ថែមទៀត។

ក្រសួង​ការបរទេស​អះអាង​ថា ទង្វើ​របស់​យោធា​ថៃ គឺ​បំពាន​លើ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ ធម្មនុញ្ញ​អាស៊ាន និង​ចំណុច​ទី​១ នៃ​សេចក្តី​ប្រកាស​រួម នៃ កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ស្ដីពី វិធានការ​បន្ធូរបន្ថយ​ភាព​តានតឹង ក៏ដូចជា​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​ពិសេស​របស់​គណៈកម្មការ​ព្រំដែន ចម្រុះ​កម្ពុជា​-​ថៃ ថ្ងៃទី​២២ ខែ​តុលា ឆ្នាំ​២០២៥។

ទោះជា​យ៉ាងណា អ្នកឃ្លាំមើល យល់ថា ការ​ចេញ​លិខិតតវ៉ា​ប្រឆាំង​នឹង​សកម្មភាព​របស់​យោធា​ថៃ​នេះ គឺ​មិនទាន់​គ្រប់គ្រាន់​ឡើយ ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា មិន​ប្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) និង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) រួម​ទាំង​មិន​បង្កើន​សកម្មភាព​ការទូត​ឲ្យ​បាន​ខ្លាំងក្លា​ដើម្បី​ជំរុញ​ឲ្យ​អន្តរជាតិ ដាក់​សម្ពាធ ឲ្យ​យោធា​ថៃ ដក​កងកម្លាំង​ចេញពី​ដែន​អធិបតេយ្យ​របស់​ប្រទេស​កម្ពុជា​ទេ​នោះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ