អ្នកឃ្លាំមើល​ថា កម្ពុជា​គួរ​រក​វិធី​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ​​ជា​បន្ទាន់ ជាង​ធ្វើ​អ្វី​ផ្សេង​មិន​ចាំបាច់

0
56
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

អ្នកឃ្លាំមើល​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គួរ​រិះរក​វិធី​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ជា​រឿង​បន្ទាន់ ស្របតាម​តម្រូវ​ចាំបាច់​របស់​ពលរដ្ឋ ជាជាង ចំណាយ​ធនធាន​ជាតិទៅ​​ធ្វើ​កិច្ចការ​ផ្សេង ដែល​មិនទាន់​ចាំបាច់​។ ការ​លើកឡើង​នេះ ក្រោយពី​លោក ហ៊ុន ម៉ាណែត បាន​បង្កើត​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ជំរុញ​ការ​ត្រួត​ពិនិត្យ និង​តម្រង់​ទិស​ការងារ ក្នុង​រៀបចំ​បូជនីយដ្ឋាន ចង​ចាំ​នៃ​កម្ពុជា​ពី​ឧក្រិដ្ឋកម្ម មក​សន្តិភាព។

បើ​ទោះ​ជា លោក ហ៊ុន ម៉ាណែត តែងតែ​អះអាង​ក្ដែងៗ ស្ទើរតែ​គ្រប់​វេទិកា​ថា រដ្ឋាភិបាល​របស់​លោក បាន​ចាត់ទុក​រឿង​បូរណភាព​ទឹកដី និង​ជីវភាព​ពលរដ្ឋ ជា​អាទិភាព​ក្ដី គេ​សង្កេត​ឃើញ​ថា ក្រោយពី​យោធា​ថៃ បាន​ឈ្លានពាន​ដែន​អធិបតេយ្យ​កម្ពុជា តាម​ព្រំដែន និង​បាន​ដុត​បំផ្លាញ ផ្ទះសម្បែង​អ្នកភូមិ​អស់​រាប់ពាន់​ខ្នង ជាង​២​ខែ​មក​នេះ លោក ហ៊ុន ម៉ាណែត ហាក់​មិនបាន​ដោះស្រាយ​បញ្ហា​ជនភៀសសឹក និង​ទឹកដី​ឱ្យ​លេចធ្លោ​ទេ ផ្ទុយទៅវិញ លោក​បាន​ទៅ​ធ្វើ​កិច្ច​ការងារ​ផ្សេងៗ​ដែល​មិន​ទាន់​ចាំបាច់ ដូចជា ការបង្កើត​គណៈកម្មការ​រៀបចំ​បូជនីយដ្ឋាន ដើម្បី​រំលឹក​ការ​ចងចាំ​អំពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​មក​សន្តិភាព ដើម្បី​តែ​ផលប្រយោជន៍​នយោបាយ​បក្ស​កាន់អំណាច។

អ្នកច្បាប់ និង​ជា​អ្នកវិភាគ​ឯករាជ្យ លោក វ៉ន ចាន់ឡូត ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ថា ការ​ដែល លោក ហ៊ុន ម៉ាណែត ទៅ​កៀរគរ​ឱ្យ​ក្រសួង​ស្ថាប័ន​នានា រវល់​តែ​ជាមួយនឹង​កិច្ចការងារ មិន​សូវ​ចាំបាច់ នាំ​តែ​ខាត​ពេល​វេលា និង​ធនធាន​ជាតិ ឥត​ប្រយោជន៍ ខណៈ​ប្រទេស​ជាតិ កំពុង​ត្រូវ​បាន​សត្រូវ​ឈ្លានពាន​ទឹកដី ហើយ​ពលរដ្ឋ​រាប់​ម៉ឺន​នាក់ បាន​បាត់បង់​ដីធ្លី និង​ផ្ទះសម្បែង។ លោក​ថា លោក ហ៊ុន ម៉ាណែត គួរតែ​ចំណាយ​ពេលវេលា និង​ថវិកា ស្វះ​ស្វែងរក ដំណោះស្រាយ​បញ្ហា​ព្រំដែន និង​ជួយ​ដល់​ពលរដ្ឋ​នោះ ទើប​ជា​រឿង​ដែល​ល្អ។

លោក វ៉ន ចាន់ឡូត៖ «​ជាង​ពីរ​ឆ្នាំ​មក​នេះ ក្នុង​តួនាទី​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ហាក់​បរាជ័យ​ក្នុង​ការ​អនុវត្ត​តាម​គោល​នយោបាយ របស់​ខ្លួន ដើម្បី​ធានា​ទៅ​ដល់​សុខុមាលភាព​របស់​ពលរដ្ឋ ហើយនឹង​សុខ​សុវត្ថិភាព របស់​ប្រជាពលរដ្ឋ ដែល​ញាំង​ឱ្យ​កម្ពុជា ជា​ប្រទេស​ដែល​អំណោយផល​ទៅ​ដល់​ក្រុម​ឧក្រិដ្ឋជន បញ្ហា​ឆបោក​តាម​អនឡាញ។ ទី​២ គឺ​បញ្ហា​ដែល​កម្ពុជា​បាត់បង់​ទឹកដី ការ​ឈ្លានពាន​ពី​យោធា​ថៃ ហើយ​ពលរដ្ឋ​ខ្មែរ ដែល​កំពុងតែ​រងគ្រោះ​ពី​ការឈ្លានពាន​នេះ ដែល​ជា​រឿង​ចាំបាច់​ដែល លោក ហ៊ុន ម៉ាណែត ត្រូវ​គិតគូរ​ជាបន្ទាន់​ហើយ មិនមែន​ត្រឹមតែ​និយាយ​ឱ្យ​រួច​តែ​ពី​មាត់​ទេ»។

ប្រតិកម្ម​នេះ​ធ្វើ​ឡើង ក្រោយ​ពី​លោក ហ៊ុន ម៉ាណែត បាន​ចេញ​សេចក្ដី​សម្រេច​ស្ដីពី ការបង្កើត​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ជំរុញ​ការ​ត្រួតពិនិត្យ និង​តម្រង់​ទិស​ការងារ​បូជនីយដ្ឋាន​ចងចាំ​នៃ​កម្ពុជា​ពី ឧក្រិដ្ឋកម្ម មក​សន្តិភាព ដែល​មាន​ក្រសួង​ស្ថាប័ន ជាច្រើន​នឹង​ត្រូវ​ទទួលខុសត្រូវ ដូចជា​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ ក្រសួង​មហាផ្ទៃ ទីស្ដីការ​គណៈរដ្ឋមន្ត្រី ក្រសួង​អប់រំ​យុវជន និង​កីឡា និង​ក្រសួង​ទេសចរណ៍ ជាដើម​។ ភារកិច្ច ដែល​ក្រសួង​ទាំងនោះ នឹង​ត្រូវ​ធ្វើ មាន​ដូចជា ជំរុញ​យន្តការ​ការពារ​ស្លាកស្នាម​ប្រវត្តិសាស្ត្រ​ដែល​គាំទ្រ​គុណតម្លៃ​ជា​សាកល​នៃ​បូជនីយដ្ឋាន​ចងចាំ អំពី​ឧក្រិដ្ឋកម្ម មក​សន្តិភាព រួម​នឹង​ជំរុញ​យន្តការ​ការពារ ថែរក្សា ផ្សព្វផ្សាយ អប់រំ នៅ​​តាម​ទីតាំង​ប្រវត្តិសាស្ត្រ​ផ្សេងៗ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ជាដើម។

ប្រធាន​សមាគម​ខ្មែរ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) ប្រចាំ​ប្រទេស​អូស្ត្រាលី លោក ជា យូហ៊ន យល់​ឃើញ​ថា របៀប​ធ្វើការ​របស់​លោក ហ៊ុន ម៉ាណែត បច្ចុប្បន្ន​នេះ លោក​ហាក់​គ្មាន​សុទិដ្ឋិនិយម អ្វី​បន្តិច​សោះ ថា ធ្វើឡើង ដើម្បី​បម្រើ​ផលប្រយោជន៍ ប្រជាពលរដ្ឋ ក្រៅ​តែ ដើម្បី​បន្លំ​ស្ថានការណ៍ និង​ការ​កេង​ចំណេញ​នយោបាយ​បក្ស​កាន់អំណាច បើ​ទោះ​ជា ពេលនេះ ពលរដ្ឋ​រាប់​ម៉ឺន​នាក់​កំពុង​កើតទុក្ខ នៅ​តាម​ព្រំដែន​ក្ដី ក៏​លោក​ពុំ​សូវ​អើពើ​នោះ​ដែរ​។ លោក​ថា រឿង​ដែល​ចាំបាច់ បំផុត​ដែល លោក ហ៊ុន ម៉ាណែត គួរ​ធ្វើ​នោះ​គឺ គិត​ពី​ជីវភាព ពលរដ្ឋ​នៅ​តាម​ព្រំដែន និង​ពន្លឿន​ការ​​​​​​​​​​​​​​​​​​​​​ធ្វើ​ទំនើប​យោធា​ឱ្យ​​​​​បាន​ត្រឹមត្រូវ។

លោក ជា យូហ៊ន៖ «ទី​១​គួរ​គិតដល់​ជនភៀសសឹក រក​ដី និង​ធ្វើ​ម៉េច​ឱ្យ​គ្នា​មាន​ការងារ​ធ្វើ។ ធ្វើ​យ៉ាងម៉េច​ឱ្យ​ប្រជាជន​ដែល​១​លាន​នាក់ ដែល​ចាក​ចេញពី​ប្រទេស​សៀម ត្រឡប់​មក​ប្រទេស​កម្ពុជា​ហ្នឹង ជួយ​ខាង​សេដ្ឋកិច្ច​ដល់​អ្នក​អស់​ហ្នឹង​ទី​១។ ទី​២ ត្រូវ​គិតគូរ​ពី​រឿង​ទាហាន​របស់​យើង ។ គ្រឿង​សត្រាវុធ របស់របរ​ដែល​ច្បាំង​។ យើង​អត់​ថយ​ប៉ុណ្ណឹង ត្រូវធ្វើ​យ៉ាងម៉េច​ឱ្យ​ប្រទេស​យើង ឱ្យ​វា​រីកចម្រើន ឱ្យ​មាន​សមត្ថភាព​ក្នុង​ការ​ទៅ​តតាំង​ជាមួយនឹង​គេ»។

អ្នក​តាមដាន​បញ្ហា​សង្គម និង​នយោបាយ​យល់​ថា ស្រប​ពេល​កម្ពុជា កំពុង​តែ​រង​ការឈ្លានពាន​ទឹកដី ពី​សំណាក់ យោធា​ថៃ រដ្ឋាភិបាល​កម្ពុជា មិន​គួរ​បណ្ដែតបណ្ដោយ ទៅ​ធ្វើ​កិច្ច​ការងារ ដែល​ពុំ​សូវ​ចាំបាច់​នោះ​ទេ ហើយ​គួរតែ​ពន្លឿន​ប្ដឹង​ថៃ ទៅ​កាន់​តុលាការ​អន្តរជាតិ។ ទន្ទឹម​នឹង​នោះ​ពួកគាត់​ថា កម្ពុជា ក៏​ត្រូវ​បង្កើន សកម្មភាព​ឱ្យ​ផុលផុស នៅ​លើ​ឆាក​អន្តរជាតិ ប្រាប់​ដល់​អង្គទូត​អន្តរជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ អំពី​ទង្វើ​ឈ្លានពាន និង​ការ​គំរាមកំហែង​របស់​ប្រទេស​ថៃ មក​លើ​កម្ពុជា ដើម្បី​ឱ្យ​ពួកគេ​ជួយ​អន្តរាគមន៍​ដាក់​សម្ពាធ​មក​លើ​ភាគី​ថៃ ព្រោះថា ការ​រក្សា​ភាព​ស្ងៀមស្ងាត់ ចាំតែ​ការ​ចរចា​ទ្វេភាគី តែមួយ​មុខ កម្ពុជា​គ្មាន​ថ្ងៃ​អាច​ទាមទារ​ដី​ទឹក ដែល​បាត់បង់​បាន​មកវិញ​នោះ​ឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ