

អ្នកឃ្លាំមើលជំរុញឱ្យរដ្ឋាភិបាលគួរតែគិតគូរពីជីវភាពរបស់កងទ័ព តាមរយៈការផ្ដល់ប្រាក់បៀវត្សឱ្យបានសមរម្យ ខណៈដែលបច្ចុប្បន្នយោធិន ភាគច្រើន មានជីវភាពខ្វះខាត។ ពួកគាត់ថា ការធ្វើទំនើបកម្មយោធាក៏ជារឿងចាំបាច់ តាមរយៈការ លុបបំបាត់អំពើពុករលួយ បណ្ដុះសមត្ថភាពកងទ័ពជាប្រចាំ និងបង្កើនការទិញសព្វាវុធទំនើបៗ ដើម្បីទុកប្រើប្រាស់នៅពេលមាន សត្រូវឈ្លានពាន ដូចករណីយោធាថៃ ឈ្លានពាន។
អ្នកតាមដានបញ្ហានយោបាយ និងសង្គម លើកឡើងថា ជារឿងដែលគួរឱ្យព្រួយបារម្ភ នៅពេលដែលពិភពលោក កំពុងតែច្របូកច្របល់ ដោយការប្រកួតប្រជែងអំណាច រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាជាង ៣ទសវត្សមកនេះ ក៏ពុំសូវបានគិតគូរ ធ្វើទំនើបកម្មយោធាឱ្យបានត្រឹមត្រូវ ធ្វើឱ្យកម្ពុជានឹងត្រូវរងការគំរាមកំហែង និងឈ្លានពានទឹកដីជាថ្មីទៀតពីសំណាក់ប្រទេសជិតខាង។
អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម លោកបណ្ឌិត មាស នី ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី០៣ ខែ កុម្ភៈថា សព្វថ្ងៃយោធិន មិនទទួលបានប្រាក់បៀវត្សដែលសមរម្យនោះទេ បើទោះជាបានប្ដូរជីវិត ដើម្បីការពារបូរណភាពទឹកដី ក្នុងសមរភូមិសង្គ្រាមក្ដី។ ទន្ទឹមគ្នានោះ លោកថា វិបត្តិអំពើពុករលួយ និងការប្រកាន់បក្ខពួក បានធ្វើឱ្យវិស័យយោធាដាំក្បាលចុះ។ លោកថា ដើម្បីធ្វើទំនើបកម្មយោធា មានប្រសិទ្ធភាព ដំបូងឡើយរដ្ឋាភិបាល ត្រូវតែគិតពីជីវភាពកងទ័ព និងគ្រួសារកងទ័ព តាមរយៈការផ្ដល់ប័ណ្ណសមធម៌ និង ផ្ដល់ប្រាក់បៀវត្សឱ្យបានចាប់ពី ៥០០ដុល្លារឡើង ហើយលុបបំបាត់អំពើពុករលួយជាប្រព័ន្ធ និង ពង្រឹងសមត្ថភាពកងទ័ពជាប្រចាំ។
បណ្ឌិត មាស នី៖ «មិនមែនរដ្ឋមិនអាចធ្វើបានទេ សភាប្រាក់ខែ៤ ទៅ៥ពាន់ដុល្លារ គេអាចអនុម័តបាន ប៉ុន្តែយោធាបែរជាមិនអាចជួយបាន។ នេះជាចម្ងល់របស់ពលរដ្ឋ។ ប៉ុន្តែអ្វីដែលខ្ញុំចង់ឃើញគឺផ្នែក មួយនៃការធ្វើទំនើបកម្មកងទ័ពនេះ គឺត្រូវចាប់ផ្ដើមទៅលើ ធ្វើម៉េចគឺឱ្យកងទ័ពនឹងមានប្រាក់បៀវត្ស ដែលសមរម្យអាចនឹងចិញ្ចឹមខ្លួនឯង និង គ្រួសាររបស់គាត់បានស្រួល នៅពេលដែលគាត់បានយកជីវិតទៅដូរការពារទឹកដី និងសង្គមជាតិ»។
ការលើកឡើងនេះ ក្រោយពីកម្ពុជា ត្រូវបានយោធាថៃ បង្កសង្គ្រាមឈ្លានពានទឹកដី អស់ចំនួន២ហើយលើកមក ហើយគេសង្កេត ឃើញថា យោធិនកម្ពុជា មួយចំនួនបានប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក អំពាវនាវដល់សប្បុរសជន ឱ្យជួយផ្ដល់ជាជំនួយ ដូចជា ម៉ូតូ សម្ភារៈប្រើប្រាស់ និងស្បៀងសម្រាប់បរិភោគ។ រីឯកងទ័ពខ្លះទៀត បានបង្ហាញពីទិដ្ឋភាពផ្ទះ ដែលពួកគាត់រស់នៅ ដោយមានភាពទ្រុឌទ្រោម ខណៈអ្នកខ្លះទៀត ពុំមានផ្ទះរស់នៅនោះទេ ហើយមកត្រូវរស់នៅពឹងអាស្រ័យ ជាមួយសាច់ញាតិ។ រីឯ យោធិន ខ្លះ មានត្រឹមកង់កញ្ចាស់ សម្រាប់ជិះមក សមរភូមិប្រយុទ្ធ អំឡុងពេលនៃផ្ទុះសង្គ្រាម។
ក្រោយពីរូបភាពទាំងនោះ ត្រូវបានផ្សព្វផ្សាយលើបណ្ដាញសង្គម មាន សប្បុរសជន ខ្លះបានបរិច្ចាគថវិកា ម៉ូតូ និងសម្ភារៈចំនួន ។ រីឯ យោធិនខ្លះទៀតដែលបង្ហាញពីភាពក្រខ្សត់ ប៉ុន្តែ មានចិត្តអង់អាចប្ដូរជីវិតដើម្បីការពារទឹកដី ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសប្បុរសជន រហូតសង់ផ្ទះឱ្យនៅ។ ទោះជាយ៉ាងណា គេសង្កេតឃើញថា យោធិន ដែលមានជីវភាពខ្វះខាតមានច្រើន ជាពិសេសយោធិន ដែលឈរជើង នៅជួរមុខតាមព្រំដែន។
យោធិនទាំងនោះ ទទួលបានប្រាក់បៀវត្ស យ៉ាងច្រើនត្រឹម ៣០០ដុល្លារ ឬស្មើជាង ១លានរៀល ខណៈខែ ខ្លះពួកគាត់ពុំទទួលបានប្រាក់ខែ ពេញលេញនោះទេ ត្រូវបាត់១០ ទៅ២០% ដោយសារតែថ្នាក់លើ បានដកហូត សម្រាប់កិច្ចការផ្សេងៗក្នុងកងទ័ព។
ជុំវិញរឿងនេះយោធិន ឈរជើងនៅ តំបន់ប្រាសាទ តាក្របី ខេត្តឧត្តរមានជ័យ ប្រាប់អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ និងសំឡេងថា បញ្ហាប្រាក់បៀវត្ស តិចពេកធ្វើឱ្យកងទ័ពមានជីវភាព ខ្វះខាតសឹងតែគ្រប់គ្នា ខណៈគ្រួសារកងទ័ពនៅជួរមុខ ពឹងអាស្រ័យតែទៅលើប្រាក់ខែប្ដី។ ពេលខ្លះលោកត្រូវខ្ចីបុលធនាគារ ដើម្បីទិញសម្ភារៈប្រើប្រាស់ចាំបាច់ ដូចជាម៉ូតូ និងកង់សម្រាប់ឱ្យកូនទៅរៀន។ លោកស្នើឱ្យរដ្ឋាភិបាលគួរតែបង្កើនប្រាក់បៀវត្សឱ្យបានសមរម្យ ដើម្បីលើសកម្ពស់ជីវភាព គ្រួសារកងទ័ព។
ទូរទស្សន៍អាស៊ីសេរី ពុំអាចទាក់ទង ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និងអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេនៅថ្ងៃទី៣ ខែកុម្ភៈ ដោយហៅទូរស័ព្ទចូល គ្មានអ្នកទទួល។
អ្នកឃ្លាំមើលបញ្ហានយោបាយ និងសង្គម លោក ម៉ែន ណាត លើកឡើងថា ក្រោយពីកម្ពុជា រងការ វាយប្រហារយ៉ាងខ្លាំងពីសំណាកយោធាថៃមក ឃើញថា យោធាកម្ពុជា ខ្វះខាតច្រើន ទាំងសព្វាវុធទំនើបៗ កម្លាំងកងទ័ព និងយុទ្ធសាស្ត្រសង្គ្រាម។ បន្ថែមពីលើនោះ លោកថា យោធិនខ្លះមានជីវភាពខ្សត់ខ្សោយ រហូត គ្មានសម្ភារៈប្រើប្រាស់ ក្នុងសមរភូមិ ដូចជា មួក ស្បែកជើង និង អាវគ្រោះ ខណៈ យោធិនខ្លះទៀត បានចេញអំពាវនាវរកជំនួយតាមបណ្ដាញសង្គម។
លោកជំរុញឱ្យក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ត្រូវតែធ្វើទំនើបកម្មយោធា ឱ្យបានឆាប់ ជាពិសេស លុបបំបាត់ អំពើពុករលួយ ក្នុងជួរកងទ័ព ដូចជា ប្រាក់បៀវត្សកងទ័ព ត្រូវបើកតាមប្រព័ន្ធធនាគារ ដើម្បីលុបបំបាត់ ការកេងប្រវ័ញ្ចថវិកា របស់កងទ័ព ហើយត្រូវបោសសម្អាត ទាហានខ្មោច ដែលមានតែឈ្មោះ និង ត្រូវផ្ដល់ប័ណ្ណសមធម៌ ដូចជា ប័ណ្ណ ប.ស.ស ដល់កងទ័ព និងគ្រួសារកងទ័ព ដើម្បីអាចប្រើប្រាស់សេវាព្យាបាលជំងឺ នៅមន្ទីរពេទ្យដោយឥតគិតថ្លៃ។ លោកថា ការធ្វើបែបនេះគឺ ជាការលើកកម្ពស់ជីវភាពកងទ័ព បានមួយកម្រិត។
លោក ម៉ែន ណាត៖ «បើកប្រាក់ឱ្យពួកគាត់នឹងឱ្យបាន១០០% អត់មានការកាត់កងអីទេ។ ទី១គឺត្រូវលើកស្មារតីកងទ័ពតាមការផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែម តាមលទ្ធភាពជាក់ស្ដែងដែលរដ្ឋាភិបាលមាន។ ទី៣ រដ្ឋាភិបាលត្រូវលើកកម្ពស់ជីវភាពគ្រួសារនៅជួរក្រោយ។ ឧបមាថៃគ្រួសារកងទ័ព ជាប់បំណុលធនាគារ រដ្ឋាភិបាលក្នុងស្ថានភាព បច្ចុប្បន្ននេះ ត្រូវរកមធ្យោបាយជួយដោះបំណុល»។
ទោះជាបែបនេះក្ដី កាលពីថ្ងៃទី២ ខែកុម្ភៈ រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ចាន់ សុធី បានលើកឡើងនៅក្នុងវេទិកាមួយនៅទីក្រុងភ្នំពេញ ថា ការដែលកងទ័ព មិនតម្រូវឱ្យបើកប្រាក់បៀវត្ស តាមប្រព័ន្ធធនាគារ គឺដោយសារតែបារម្ភ ពីបញ្ហាសន្តិសុខព័ត៌មាន។ ចំណែកការមិនផ្ដល់ប័ណ្ណរបបសន្តិសុខសង្គម (បសស) ដល់យោធា ដោយហេតុថា មានមន្ទីរពេទ្យយោធារួចហើយ។
ទោះជាយ៉ាងណា ការលើកឡើង នេះត្រូវបានគេរិះគន់ថា ពុំសូវសមហេតុផលនោះទេ ខណៈការបើកប្រាក់ បៀវត្សតាមប្រព័ន្ធធនាគារ គឺមានតម្លាភាពជាង និងអាចលុបបំបាត់អំពើពុករលួយ។ ទន្ទឹមគ្នានោះ យោធិនដែលប្រើប័ណ្ណប.ស.ស នឹងទទួលបានសេវាថែទាំសុខភាព ទូទាំងប្រទេស គ្រប់ទីកន្លែងឥតគិតថ្លៃ ដែលជាដៃគូរបស់ ប.ស.ស ដោយមិនចាំបាច់ធ្វើដំណើរមកមន្ទីរពេទ្យយោធា ក្នុងករណីបន្ទាន់។ ទន្ទឹមគ្នានោះ កាលពីខែមករា ឆ្នាំ២០២៣ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ក៏ធ្លាប់បានទទួលស្គាល់ដែរថា ការ បើកប្រាក់បៀវត្សតាមប្រព័ន្ធ ធនាគារ គឺជាការលុបបំបាត់អំពើពុករលួយ៕









