អ្នកឃ្លាំមើល​ថា សង្គ្រាម​នៅ​អ៊ីរ៉ង់​អាច​ជះឥទ្ធិពល​អាក្រក់​ដល់​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ

0
43
(ពី​ស្ដាំ) ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ (Donald J. Trump) នាយករដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត និង​នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) ក្នុង​ថ្ងៃ​ចូលរួម​ចុះ​ហត្ថលេខា​កិច្ច​ព្រមព្រៀង​រួម​សន្តិភាព នៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃទី២៦ តុលា ២០២៥។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
(ពី​ស្ដាំ) ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ (Donald J. Trump) នាយករដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត និង​នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) ក្នុង​ថ្ងៃ​ចូលរួម​ចុះ​ហត្ថលេខា​កិច្ច​ព្រមព្រៀង​រួម​សន្តិភាព នៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃទី២៦ តុលា ២០២៥។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

អ្នកឃ្លាំមើល​ថា សង្គ្រាម​នៅ​អ៊ីរ៉ង់​អាច​ជះឥទ្ធិពល​អាក្រក់​ដល់​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​ឱ្យ​ផ្ទុះ​សង្គ្រាម​ឡើងវិញ ខណៈ​ដែល​ប្រទេស​មហាអំណាច​លែង​សូវ​ចាប់អារម្មណ៍​ជុំវិញ​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ បើ​ទោះជា​រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត បាន​ប្រាប់​សារព័ត៌មាន​អន្តរជាតិ​អំពី​ទង្វើ​ថៃ​ឈ្លានពាន និង​កាន់កាប់​ទឹកដី​កម្ពុជា​យ៉ាង​ជ្រៅ​ក្ដី​។ ពួកគាត់​ថា កាលៈទេសៈ​នេះ​មានតែ​ការ​ចាប់ផ្ដើម​បង្រួបបង្រួម​ជាតិ​ឡើងវិញ និង​ការ​ធ្វើ​ទំនើបកម្ម​យោធា​ឱ្យ​បាន​រឹងមាំ និង​ឆាប់​បំផុត ទើប​អាច​ទប់ស្កាត់​ការឈ្លានពាន​របស់​យោធា​ថៃ​បាន។

ស្របពេល​ពិភពលោក​កំពុងតែ​ចាប់អារម្មណ៍​រឿង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា ដែល​បង្កឡើង​ដោយ​សហរដ្ឋអាមេរិក និង​ប្រទេស​អ៊ីស្រាអែល ដែល​បាន​បើក​ប្រតិបត្តិការ​ខ្នាត​ធំ​បាញ់​សង្គ្រុប​មក​លើ​ប្រទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃទី​២៨ ខែកុម្ភៈ ធ្វើ​ឱ្យ​មេដឹកនាំ​កំពូល​អ៊ីរ៉ង់​ត្រូវ​បាន​សម្លាប់​មិន​ដល់ ២៤ ម៉ោង​ផង​នោះ អ្នកឃ្លាំមើល​បារម្ភ​ថា សង្គ្រាម​នេះ​នឹង​ជះឥទ្ធិពល​អាក្រក់​ដល់​ប្រទេស​មួយចំនួន ដោយសារតែ​ពិភពលោក​លែង​ផ្ដល់​តម្លៃ​លើ​ការ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​។​

អ្នកច្បាប់ និង​ជា​អ្នកវិភាគ លោក វ៉ន ចាន់ឡូត ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​២ ខែ​មីនា នេះ​ថា ស្របពេល​ពិភពលោក​កំពុង​ចាប់អារម្មណ៍​លើ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា ប្រាកដ​ណាស់​ភាគី​ថៃ​នឹង​ពន្លឿន​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​លើ​ទឹកដី​ខ្មែរ​ឱ្យ​បាន​ឆាប់​បំផុត​។ ទន្ទឹមគ្នា​នោះ លោក​ថា ប្រសិនបើ​កម្ពុជា​ហ៊ាន​តវ៉ា ឬ​បង្កជម្លោះ​តាម​ព្រំដែន យោធា​ថៃ​នឹង​បើក​ការ​បាញ់​ប្រហារ​មក​លើ​កម្ពុជា​ភ្លាមៗ ព្រោះថា ក្នុង​កាលៈទេសៈ​ដែល​ពិភពលោក​លែង​សូវ​ចាប់អារម្មណ៍​ពី​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ភាគី​ថៃ​នឹង​បាន​ឱកាស​ពង្រីក​ទឹកដី​ចូល​កាន់តែ​ជម្រៅ​ក្នុង​ប្រទេស​កម្ពុជា​បន្ត​ទៀត​។​

លោក វ៉ន ចាន់ឡូត៖ «ជម្រើស​ដ៏​សមស្រប​បំផុត កម្ពុជា​ត្រូវ​ពង្រឹង​ខ្លួនឯង​ឱ្យ​ខ្លាំង​។ ការ​ពង្រឹង​ខ្លួនឯង​នេះ​មិនមែន​តែ​ផ្នែក​សេដ្ឋកិច្ច​ទេ ត្រូវ​ពិចារណា​ទៅលើ​ស្ថិរភាព​នយោបាយ​ផង​ដែរ​។ បើ​និយាយ​ពី​ស្ថិរភាព​នយោបាយ គឺជា​រឿង​ចាំបាច់​ណាស់​ដែល​ត្រូវ​និយាយ​ពី​ការ​សាមគ្គី​ទាំង​សំឡេង​ប្រឆាំង និង​រដ្ឋាភិបាល ដែល​ត្រូវ​អាច​អង្គុយ​តុ​ចរចា​គ្នា ដើម្បី​បុព្វហេតុ​ជាតិ​។ ក្នុង​នោះ រដ្ឋាភិបាល​ត្រូវ​ពិចារណា​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំងអស់​ឱ្យ​ពួកគេ​មាន​សេរីភាព»។

ជុំវិញ​សង្គ្រាម​នៅ​អ៊ីរ៉ង់​នេះ ក្រសួងការបរទេស​កម្ពុជា នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ បាន​ចេញ​សេចក្ដីថ្លែងការណ៍​បង្ហាញ​ពី​ក្ដី​បារម្ភ​ចំពោះ​ការ​ផ្ទុះ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា ហើយក៏​បាន​អំពាវនាវ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ឱ្យ​រក្សា​ការ​អត់ធ្មត់​ជា​អតិបរមា ដើម្បី​ជៀសវាង​កុំឱ្យ​ស្ថានការណ៍​កាន់តែ​ធ្ងន់ធ្ងរ ដែល​នឹង​បង្ក​ប៉ះពាល់​ដល់​អាយុជីវិត​ជន​ស៊ីវិល និង​ប៉ះពាល់​ដល់​សន្តិភាព។

ចំណែក​ភាគី​ថៃ​វិញ នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ តាមរយៈ​អ្នកនាំពាក្យ​កងទ័ព​ថៃ លោក វីនថៃ ស៊ូវ៉ារី (Maj Gen Winthai Suvaree) ក៏បាន​លើកឡើង​ថា ទាហាន​ថៃ​បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​វាយបក​មក​លើ​កម្ពុជា ប្រសិនបើ​កម្ពុជា​ហ៊ាន​ប្រើ​អាវុធ​រ៉ុកកែត​ប្រភេទ PHL-03 បាញ់​មក​លើ​ប្រទេស​ថៃ ក្នុង​គោលដៅ​ចង់​ទាមទារ​ទឹកដី​ដែល​បាត់បង់​យក​មក​វិញ​។ អ្នកនាំពាក្យ​រូប​នេះ​បញ្ជាក់​ថា ប្រសិនបើ​មានការ​ផ្ទុះអាវុធ​ជា​លើក​ទី​៣ យោធា​ថៃ​នឹង​បើក​ការវាយប្រហារ​តាមផ្លូវ​អាកាស​ចូលក្នុង​ទឹកដី​កម្ពុជា​កាន់តែ​ជ្រៅ​ជាង​មុន​ថែមទៀត។

យ៉ាងណា មក​ទល់​ពេល​នេះ ភាគី​កម្ពុជា​ពុំ​ទាន់​មានការ​ឆ្លើយតប​បែប​ណា​នៅឡើយ​ទេ​។ ទូរទស្សន៍​អាស៊ីសេរី ក៏​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បី​បញ្ជាក់​បន្ថែម​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​២ ខែមីនា ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នកទទួល​។​

អ្នកជំនាញ​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី យល់​ឃើញ​ថា កាលៈទេសៈ​នេះ ការ​ដែល​កម្ពុជា​ចង់ឱ្យ​ប្រទេស​មហាអំណាច​ជួយ​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ នឹង​ពុំ​សូវ​មាន​ទម្ងន់​ទៀត​នោះ​ទេ ខណៈ​ពិភពលោក​កំពុងតែ​ច្របូកច្របល់​។ ដូច្នេះ លោក​ថា ការ​ផ្ទុះអាវុធ​រវាង​កម្ពុជា និង​ថៃ អាច​កើតមាន​គ្រប់ពេល ប្រសិនបើ​ការ​ចរចា​ទ្វេភាគី​គ្មាន​បាន​លទ្ធផល​ជា​ដុំកំភួន​ទេ​។ លោក​ថា ពេលនេះ​កម្ពុជា​ត្រូវតែ​ផ្ដោត​លើ​ការ​បង្រួបបង្រួម​ជាតិ​ឱ្យ​បាន​រឹងមាំ និង​ការ​ធ្វើ​ទំនើបកម្ម​យោធា​ឱ្យ​បាន​ត្រឹមត្រូវ ទើប​អាច​ទប់ស្កាត់​មហិច្ឆតា​ឈ្លានពាន​របស់​ថៃ ហើយ​សហគមន៍​អន្តរជាតិ​ក៏​នឹង​ចាប់អារម្មណ៍​មក​លើ​កម្ពុជា​វិញ​ផង​ដែរ។

លោក សេង វណ្ណលី៖ «សម្រាប់​ការ​ត្រៀមខ្លួន​រយៈពេល​ខ្លី ខ្ញុំ​គិតថា​កម្ពុជា​ចាំបាច់​ត្រូវ​ចរចា​ទ្វេភាគី​ជាមួយ​ថៃ​ឱ្យ​បាន​សកម្ម​បំផុត ដើម្បី​ទប់ស្កាត់​ការ​យល់​ច្រឡំ​ជាយថាហេតុ ខណៈ​ខ្សែ​ភ្នែក​អន្តរជាតិ​កំពុងតែ​ងាក​ចេញ។ ក្នុង​រយៈពេល​វែង កម្ពុជា​ត្រូវតែ​កសាង​ប្រព័ន្ធ​ការពារ​ជាតិ និង​សេដ្ឋកិច្ច​នៅ​តាម​ព្រំដែន​ឱ្យ​មាន​របង​រស់​។ គឺ​មានន័យថា អភិវឌ្ឍន៍​ជីវភាព​ប្រជាជន​នៅ​តាម​ព្រំដែន​ឱ្យ​បាន​រឹងមាំ គឺជា​ខែល​ការពារ​ដ៏​រឹងមាំ​បំផុត បើ​ទោះ​បីជា​ពិភពលោក​មើល​រំលង ក៏​កម្ពុជា​ត្រូវ​បង្ហាញ​ឱ្យ​ឃើញ​ថា ខ្លួន​មាន​សមត្ថភាព​ម្ចាស់ការ​លើ​បញ្ហា​ព្រំដែន​តាមរយៈ​ភស្តុតាង​ប្រវត្តិសាស្ត្រ»។

កាលពី​ចុងខែ​កុម្ភៈ​កន្លង​ទៅ​នេះ នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បាន​ប្រាប់​សារព័ត៌មាន​អន្តរជាតិ ដូចជា រ៉យទ័រ (Reuters) និង ហ្វក់ញូវ (Fox News) ថា ស្ថានភាព​តាម​ព្រំដែន​កម្ពុជា​-​ថៃ នៅតែ​មាន​ភាព​ផុយ​ស្រួយ ដែល​អាច​ផ្ទុះអាវុធ​ឡើងវិញ​គ្រប់​ពេល​វេលា ព្រោះ​ថា យោធា​ថៃ​នៅតែ​បន្តសកម្មភាព​ឈ្លានពាន​ទឹកដី​កម្ពុជា ហើយ​ថែមទាំង​ពង្រាយ​បន្លា​លួស និង​ដាក់​កុងតឺន័រ​រារាំង​ពលរដ្ឋ​ខ្មែរ​មិន​ឱ្យ​ត្រឡប់​ទៅ​រស់​ក្នុង​ភូមិកំណើត​វិញ​បាន​។​

លោក​បន្ត​ថា ទឹកដី​កម្ពុជា​ជាច្រើន​កន្លែង​ត្រូវ​បាន​យោធា​ថៃ​ចូល​កាន់កាប់​យ៉ាងជ្រៅ​លើស​ពី​អ្វី​ដែល​ភាគី​ថៃ​ធ្លាប់​បាន​ទាមទារ​តាមរយៈ​ផែនទី​ដែល​គូរវាស​ជា​ឯកតោភាគី​កន្លងមក​។ ប៉ុន្តែ​យ៉ាងណា លោក ហ៊ុន ម៉ា​ណែ​ត ពុំ​បញ្ជាក់​ជំហរ​ក្នុង​ការ​យក​សំណុំ​រឿង​នេះ​ប្ដឹង​ថៃ​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) និង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) នោះ​ទេ បើ​ទោះ​ជា​យោធា​ថៃ​បាន​រំលោភ​ដែន​អធិបតេយ្យ​កម្ពុជា និង​បំផ្លិចបំផ្លាញ​ផ្ទះសម្បែង​អ្នកភូមិ​អស់​រាប់ពាន់​ខ្នង​ក្ដី៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ