តុលាការខេត្ត​ឧត្ដរមានជ័យ​ឃុំខ្លួន​អ្នកសារព័ត៌មាន​ម្នាក់​ក្រោយ​ផ្សាយ​រឿង​កងទ័ព​ខ្វះ​ទឹក​ប្រើប្រាស់

0
26
អ្នក​សារព័ត៌មាន​អនឡាញ នៃ​សារព័ត៌មាន​ស្រទាប់​យុវវ័យ និង​ជា​អតីត​កីឡាប្រដាល់ លោក លួត សុផល។ រូប៖ ហ្វេសប៊ុក
អ្នក​សារព័ត៌មាន​អនឡាញ នៃ​សារព័ត៌មាន​ស្រទាប់​យុវវ័យ និង​ជា​អតីត​កីឡាប្រដាល់ លោក លួត សុផល។ រូប៖ ហ្វេសប៊ុក

តុលាការខេត្ត​ឧត្ដរមានជ័យ បាន​ចោទ​ប្រកាន់ និង​ឃុំខ្លួន​អ្នកសារព័ត៌មាន​អនឡាញ​លោក លួត សុផល ក្រោយពី​លោក​ផ្សាយ​រឿង​កងទ័ព​ខ្វះ​ទឹក​ប្រើប្រាស់​។ អ្នកជំនាញ​សារព័ត៌មាន និង​សង្គម​ស៊ីវិល លើកឡើង​ថា ការ​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នកសារព័ត៌មាន​មិន​ផ្ដល់​ផល​ចំណេញ​ដល់​រដ្ឋាភិបាល​នោះ​ទេ។

សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ បាន​ចោទប្រកាន់ និង​ឃុំខ្លួន​អ្នកសារព័ត៌មាន អនឡាញ លោក លួត សុផល ពី​បទ​«​ធ្វើ​ឱ្យ​ខូច​ទឹកចិត្ត​កងទ័ព​» និង «​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» ក្រោយពី​បាន​ផ្សាយ​ព័ត៌មាន​មាន​ចំណងជើង «​អត់​សូម្បី​ទឹក​» កាលពី​ថ្ងៃទី​៧ ខែកុម្ភៈ ដែល​ចង់​សំដៅ​ដល់​ការ​ខ្វះ​ទឹក​ប្រើប្រាស់​របស់​កងទ័ព​ក្នុង​ពេល​កម្ពុជា​បន្ត​មាន​ជម្លោះព្រំដែន​ជាមួយ​ថៃ។

សេចក្តី​ជូនដំណឹង​របស់​តំណាង​អយ្យការ​សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ កាលពី​ថ្ងៃទី​១៤ ខែ​កុម្ភៈ លើកឡើង​ថា ការ​ផ្សព្វផ្សាយ​របស់​លោក លួត សុផល ដែល​បាន​និយាយ​នៅ​ក្នុង​វីដេអូ​រឿង​កងទ័ព​អត់​ទឹក​ប្រើប្រាស់ នៅ​ចំណុច​អូរខ្លាឃ្មុំ សង្កាត់​អូរស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ កាលពី​ថ្ងៃទី​៧ ខែ​កុម្ភៈ គឺ​មាន​ចេតនា​ចូលរួម​ធ្វើ​ឲ្យ​ខូច​ទឹកចិត្ត​កងទ័ព និង​មាន​ចរិត​ញុះញង់​បង្ក​ឲ្យ​មាន​បទល្មើស។

ជុំវិញ​រឿង​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក យិន ម៉េងលី ស្នើ​ឲ្យ​តុលាការ​យក​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​មក​អនុវត្ត​លើ​លោក លួត សុផល ឬក៏​ឲ្យ​ផ្សាយ​កែតម្រូវ​ឡើងវិញ ប្រសិនបើ​រក​ឃើញ​ថា ការផ្សាយ​នេះ មិន​ត្រឹមត្រូវ​។ លោក​រិះគន់​តុលាការ ដែល​បន្ត​យក​ក្រមព្រហ្មទណ្ឌ​មក​អនុវត្ត​លើ​អ្នកសារព័ត៌មាន។

លោក យិន ម៉េងលី កត់សម្គាល់​ថា អ្នកសារព័ត៌មាន​ខ្លះ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​ដែរ ប៉ុន្តែ​ក្រោយ​ពួកគេ​ធ្វើ​វីដេអូ​សុំទោស ក៏​ត្រូវ​បាន​ដោះលែង​វិញ​។ រីឯ​លោក លួត សុផល ក៏បាន​ធ្វើ​វីដេអូ​សុំទោស​ហើយ​បាន​លុប​វីដេអូ​ដែល​ផ្សាយ​កាលពី​ថ្ងៃទី​០៧ ខែកុម្ភៈ ចេញ​វិញ​ខណៈ​គ្រួសារ​របស់​លោក​ក៏​សុំទោស​ដែរ ប៉ុន្តែ​តុលាការ​នៅតែ​ចោទប្រកាន់ និង​ឃុំខ្លួន អ្នកសារព័ត៌មាន​រូប​នេះ​ដដែល។

លោក យិន ម៉េងលី៖ «ការដែល​ហាម​ឃាត់​មិន​ឲ្យ​ផ្សាយ​ព័ត៌មាន​អ៊ីចឹង វា​មិនបាន​ចំណេញ​អី​ដល់​រដ្ឋាភិបាល​ទេ​។ តាមពិត​វា​ធ្វើ​ឲ្យ​រដ្ឋាភិបាល មានការ​ខាតបង់​នូវ​ព័ត៌មាន​ពិត​។ អ៊ីចឹង​បើសិនជា​រដ្ឋាភិបាល​បើក​លំហ​ទៅ ទី​១ រដ្ឋាភិបាល​ចំណេញ រដ្ឋាភិបាល​មានឈ្មោះ​ល្អ​លើ​ឆាត​អន្តរជាតិ ទី​២ រដ្ឋាភិបាល​ទទួល​បាន​ព័ត៌មាន​ពិត ដើម្បី​ធ្វើការ​ដោះស្រាយ​បញ្ហា​ឲ្យ​ទាន់​ពេល​វេលា កុំ​ឲ្យ​បញ្ហា​តូច​វា​ទៅជា​បញ្ហា​ធំ។ កាលណា រដ្ឋាភិបាល​ទទួល​ព័ត៌មាន​ពិត​បញ្ហា​តូច​ដោះស្រាយ​ទៅ​វា​បញ្ចប់​បញ្ហា តែ​បើសិនជា​សារព័ត៌មាន​ឯករាជ្យ ត្រូវ បាន​បិទ​នឹង​វា​ធ្វើ​ឲ្យ​បញ្ហា​ធ្លាក់​ទៅលើ​រដ្ឋាភិបាល​វិញ​ទេ»។

អ្នក​សារព័ត៌មាន​អនឡាញ នៃ​សារព័ត៌មាន​ស្រទាប់​យុវវ័យ និង​ជា​អតីត​កីឡាប្រដាល់ លោក លួត សុផល ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ នៅ​ស្រុក​ចុងកាល់ ខេត្ត​ឧត្តរមានជ័យ​ក្រោយ​ពេល​ដែល​លោក​បាន​ផ្សាយ​ផ្ទាល់ កាលពី​ថ្ងៃទី​០៧ ខែកុម្ភៈ នូវ​វីដេអូ​ព័ត៌មាន​និយាយ​រិះគន់​ពី​ការ​ខ្វះខាត​ទឹក​សម្រាប់​កងទ័ព​ជួរមុខ។

នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (CamboJA) លោក ណុប វី យល់ ថា រដ្ឋាភិបាល​គួរ​ធ្វើការ​ឆ្លើយតប និង​ដោះស្រាយ​បញ្ហា កង្វះខាត​ជូន​កងទ័ព​ភ្លាមៗ បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន ជាជាង​ធ្វើការ​ប្ដឹងផ្ដល់ និង​ចោទប្រកាន់​លើ​អ្នកសារព័ត៌មាន​។ លោក​ថា អ្នកសារព័ត៌មាន​មាន​តួនាទី​ជំរុញ និង​លើកកម្ពស់​ទំនុកចិត្ត​សាធារណជន​ជាមួយ​រដ្ឋាភិបាល ប៉ុន្តែ​បើ​សេរីភាព​អ្នកសារព័ត៌មាន ត្រូវ​បាន​រាំង​ខ្ទប់​នោះ លោក​ថា វា​ក៏​បង្ក​ឧបសគ្គ​ក្នុង​ការ​ផ្ដល់​ទំនុកចិត្ត​របស់​សាធារណជន​ជាមួយ​រដ្ឋាភិបាល​ដែរ។

លោក ណុប វី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ​ថា រដ្ឋាភិបាល​គួរពិនិត្យ​មើល​ចំណុច​វិជ្ជមាន​របស់​អ្នកសារព័ត៌មាន ជាជាង​ចាត់ទុក​ការអនុវត្ត​តួនាទី​របស់​អ្នកសារព័ត៌មាន ជា​ការ​គំរាមកំហែង​ដល់​ការងារ​របស់​រដ្ឋាភិបាល។

លោក ណុប វី៖ «យើង​ទៅជា​ប្ដឹងផ្ដល់ ចោទប្រកាន់​អ្នកសារព័ត៌មាន ខ្ញុំ​គិតថា ដូចជា វា​អាច​នឹង​មិន​ធ្វើ​ឲ្យ​ការ​ឆ្លើយតប របស់​យើង​ចំពោះ​បញ្ហា​ដែល​កើតមានឡើង វា​មាន​ប្រសិទ្ធភាព ហើយ​យើង​ដឹង​ហើយ ការ​ឆ្លើយតប តាមរយៈ​ការដែល​មិន​ហ៊ាន​បញ្ចេញ​ព័ត៌មាន​មិន​ហ៊ាន​ទទួលស្គាល់​នូវ ការ​កង្វះខាត​របស់​យើង វា​ជា​រឿង​ដែល មិនល្អ​ទេ ព្រោះ​ធម្មតា អ្នកណា​ក៏​មាន​ចំណុច​ខ្វះខាត​ដែរ​។ ដូច្នេះ យើង​ត្រូវ​ដឹង យើង​ត្រូវ​សរសើរ​វិញ​ទេ អ្នក​ដែល​គាត់​បាន​មើលឃើញ អ្នក​ដែល​គាត់​បង្ហាញ​អំពី​អ្វី ដែល​ជា​ចំណុច​ខ្វះខាត​របស់​យើង ដើម្បី​ឲ្យ​យើង​មានឱកាស​អាច​ឆ្លើយ​តប​ចំពោះ​ចំណុច​ខ្វះខាត​ទាំងអស់​ហ្នឹង​បាន»។

ចាប់តាំងពី​ខែ​មករា​ដល់ ខែ​កុម្ភៈ​នេះ អ្នកសារព័ត៌មាន​ជិត​១០​នាក់ ហើយ​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន ដោយសារ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​បញ្ហា​របស់​កងទ័ព និង​ការ​ឆបោក​តាម​អន​ឡាញ​ជាដើម​ក្នុង​នោះ​អ្នកសារព័ត៌មាន​ខ្លះ​ត្រូវ​បាន​ឃុំខ្លួន​រយៈពេល​ខ្លី​រួច​ដោះលែង​វិញ​ក្រោយ​ធ្វើ​វីដេអូ​សុំទោស ខ្លះ​ត្រូវ​អាជ្ញាធរ​រឹបអូស​យក​ឧបករណ៍​សម្រាប់​បំពេញ​វិជ្ជាជីវៈ ខ្លះ​ត្រូវ​អាជ្ញាធរ​បង្ខំ​ឱ្យ​លុប​រូបថត ឬ​វីដេអូ​ចេញពី​ម៉ាស៊ីន​ថត ឬ​ទូរ​សព្ទ​ដៃ និង​ចុងក្រោយ​គឺ​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​និង​ឃុំខ្លួន​ដោយ​ប្រើ​ក្រមព្រហ្មទណ្ឌ​តែម្តង។

អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ចាត់ទុក​ការចោទប្រកាន់ និង​ចាប់​ឃុំ​ខ្លួន​នេះ ថា ជា​ការ​បំបិទ​សំឡេង​របស់​អ្នកសារព័ត៌មាន​បន្ថែម​ទៀត។ ពួកគេ​ទាមទារ​ឲ្យ​អាជ្ញាធរ និង​រដ្ឋាភិបាល​គោរព និង​ការពារ​សេរីភាព​អ្នកសារព័ត៌មាន ដើម្បី​ពួកគេ​អាច​បំពេញ​មុខងារ​វិជ្ជាជីវៈ​ដោយ​មិន​មាន​ការភ័យខ្លាច ការ​យាយី ការ​បំភិតបំភ័យ និង​ការ​ចាប់​ដាក់​ពន្ធនាគារ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ