ទាសករ​អាជីវកម្ម​ឆបោក​តាម​អនឡាញ​នៅ​ព្រំដែន​កម្ពុជា-ថៃ​ត្រូវ​បាន​បង្ខាំង​ក្នុង​អគារ​ទោះ​មាន​ការ​ផ្លោង​គ្រាប់​បែក​របស់​យោធា​ថៃ

0
47
លោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា និងជាអ្នកជំនួញ (រូបពីហ្វេសប៊ុក សមាគមឧកញ៉ាកម្ពុជា)

ទាសករ​នៃ​អាជីវកម្ម​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ចម្រុះ​ជាតិ​សាសន៍​ត្រូវ​បាន​ឧក្រិដ្ឋជន​បង្ខាំង​ទុក​នៅ​បរិវេណ​អគារ​ក្នុង​រមណីយដ្ឋាន​អូរស្មាច់ នៃ​ខេត្តឧត្តរមានជ័យ​របស់​លោក លី យ៉ុងផាត់ និង​បង្ខំ​ឱ្យ​ពួកគេ​បម្រើ​ការងារ​ជា​អ្នក​ឆបោក​តាម​អនឡាញ​ដូច​សព្វ​មួយ​ដង ទោះ​បី​យោធា​ថៃ​បន្ត​ទម្លាក់​គ្រាប់​ផ្លោង​ឈ្លានពាន​ចូល​តំបន់​នោះ​ក្ដី។ អ្នក​រស់​នៅ​តំបន់​អូរស្មាច់​អះអាង​ថា ជនបរទេស​រង​ការ​បង្ខាំង​ក្នុង​អគារ​ទាំង​នោះ​មាន​ចំនួន​រាប់​ពាន់​នាក់ ហើយ​ត្រូវ​បាន​ថៅកែ​ចិន និង​សន្តិសុខ​ខ្មែរ​យាមកាម​យ៉ាង​តឹងរ៉ឹង ដើម្បី​កុំ​ឱ្យ​ពួកគេ​នាំ​គ្នា​សម្រុក​ចេញ​ពី​អគារ។

ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​ដែល​ត្រូវ​បាន​បង្ខាំង​ទុក​ក្នុង​អគារ​នៅ​តំបន់​រមណីយដ្ឋាន​អូរស្មាច់​មិន​អាច​ភៀស​សឹក​ចេញ​ពី​តំបន់​សមរភូមិ​ប្រយុទ្ធ​បាន ដោយសារ​តែ​ក្រុម​ថៅកែ​ជនជាតិ​ចិន និង​សន្តិសុខ​ខ្មែរ​មួយ​ចំនួន​បាន​បង្កើន​ការ​យាមកាម​ពួកគេ​កាន់តែ​តឹងរ៉ឹង។ អ្នក​ស្រុក​អូរស្មាច់​ឱ្យ​ដឹង​ថា មក​ដល់​ពេល​នេះ​តំបន់​អូរស្មាច់​មាន​សភាព​ស្ងប់ស្ងាត់​ពលរដ្ឋ​រាប់​រយ​គ្រួសារ​ត្រូវ​បាន​ជម្លៀស​ទៅ​កន្លែង​មាន​សុវត្ថិភាព ខណៈ​យោធា​ថៃ​នៅ​តែ​បន្ត​ទម្លាក់​គ្រាប់​បែក​ពី​លើ​អាកាស​ចូល​ទឹក​ដី​ខេត្ត​ឧត្តរមានជ័យ។

ជនភៀសសឹក​ពី​តំបន់​អូរស្មាច់​ម្នាក់​ដែល​មាន​មិត្តភ័ក្ដិ​ធ្វើ​ការងារ​សំណង់​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អូរស្មាច់​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃ​ទី២៤ ខែធ្នូ​ថា មេការ​ជនជាតិ​ចិន​សុទ្ធ​តែ​មាន​កាំភ្លើង​ខ្លី និង​ដំបង​ឆក់​ក្នុង​ដៃ ដើម្បី​បង្កើន​ការ​យាមកាម​ជនបរទេស​ដែល​ជាប់​ឃុំឃាំង​ក្នុង​អគារ។ ចំណែក សន្តិសុខ​ខ្មែរ​មួយ​ចំនួន​ក៏​សម្រេច​ចិត្ត​បន្ត​ធ្វើ​ការ​ជាមួយ​ចិន ដើម្បី​យាមកាម​បុគ្គលិក​ជនបរទេស​មិន​ឱ្យ​រត់​ចេញ​ពី​អគារ ដោយសារ​តែ​ទទួល​បាន​ថ្លៃ​ឈ្នួល​ពី​ថៅកែ​ចិន​ខ្ពស់។ ពលរដ្ឋ​រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា តាម​អគារ​ឆបោក​អនឡាញ​ក្នុង​តំបន់​អូរស្មាច់​បិទ​បាំង​ដោយ​រនាំង​ដែក​ក្រាស់ៗ និង​ហ៊ុមព័ទ្ធ​ដោយ​បន្លា​លួស។

កាល​ពី​ថ្ងៃ​ទី៩ និង​ថ្ងៃ​ទី១០ ខែធ្នូ ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​ជា​ច្រើន​ដែល​ជាប់​ឃុំឃាំង​ក្នុង​អគារ បាន​នាំ​គ្នា​សម្រុក​ចេញ​ពី​អគារ​នៅ​តំបន់​រមណីយដ្ឋាន​អូរស្មាច់​ដោយ​អ្នក​ខ្លះ​មាន​ទឹក​មុខ​ភ័យ​តក់ស្លុត​ដោយសារ​តែ​យោធា​ថៃ​ទម្លាក់​គ្រាប់​ផ្លោង ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​ក៏​បង្ហាញ​អារម្មណ៍​រីករាយ និង​ធ្វើ​ដំណើរ​ថ្មើរជើង​ចេញ​ពី​តំបន់​អូរស្មាច់។ ទោះ​ជា​យ៉ាងណា ជនបរទេស​មួយ​ចំនួន​ក៏​ត្រូវ​បាន​ក្រុម​កង​អង្គរក្ស​ដៃឆៅ​ថៅកែ​ចិន​ព្យាយាម​ដេញ​តាម​ចាប់ និង​វាយ​ដំ​ចាប់​ពួកគេ​ញាត់​បញ្ជូន​ក្នុង​ឡាន​ក្រុង​វិញ ដើម្បី​ដឹក​ចេញ​ទៅ​ទីតាំង​អគារ​អនឡាញ​នៅ​ខេត្ត​ផ្សេង។ យ៉ាង​ហោច​ណាស់​មាន​ជនជាតិ​វៀតណាម​ចំនួន ៤២នាក់​បាន​សម្រុក​ចេញ​ពី​អគារ​របស់​លោក លី យ៉ុងផាត់ បាន​ត្រឡប់​ទៅ​ដល់​ទឹក​កំណើត​ពួកគេ​វិញ។ ជនជាតិ​វៀតណាម​ទាំង​នោះ​ក៏​បាន​និយាយ រៀបរាប់​ប្រាប់​អាជ្ញាធរ​របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​ដែល​ពួកគេ​បាន​ជួប​ប្រទះ​ដូចជា​រង​ទារុណកម្ម ឃុំឃាំង​ក្នុង​អគារ និង​បង្ខំ​ឱ្យ​ធ្វើ​ការ​ជា​អ្នក​ឆបោក​តាម​អនឡាញ​ដោយ​គ្មាន​ប្រាក់​ឈ្នួល​នៅ​តំបន់​អូរស្មាច់ ខេត្តឧត្តរមានជ័យ។

ទាក់ទងរឿង​នេះ​ទូរទស្សន៍​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលាខេត្ត​ឧត្តរមានជ័យ​លោក ម៉េត មាសភក្តី ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី២៤ ខែធ្នូ។

អ្នក​គ្រប់គ្រង​ប្រចាំ​ការិយាល័យ​អង្គការ​លីកាដូ (LICADHO) នៅ​ខេត្តបន្ទាយមានជ័យ​លោក អ៊ិន គង់ជិត លើកឡើង​ថា ជនបរទេស​ដែល​ឃុំឃាំង​ក្នុង​អគារ​បាន​រង​ការ​រំលោភបំពាន និង​រង​អយុត្តិធម៌​ទ្វេដង ហើយ​បច្ចុប្បន្ន​ពួកគេ​ក៏​កំពុង​មាន​ហានិភ័យ​ខ្ពស់​ដល់​អាយុ​ជីវិត​ពី​ការ​ទម្លាក់​គ្រាប់​ផ្លោង​ពី​សំណាក់​យោធា​ថៃ​ដែល​បន្ត​វាយ​ប្រហារ​ឈ្លានពាន​កម្ពុជា។ លោក​បន្ថែម​ថា រដ្ឋាភិបាល​គួរ​តែ​មាន​វិធានការ​ម៉ឺងម៉ាត់​បិទ​ទីតាំង​អគារ​ឆបោក​អនឡាញ និង​ថា ជនបរទេស​ដែល​រង​ការ​បង្ខាំង​ក្នុង​អគារ​គួរតែ​ត្រូវ​បាន​ដោះលែង និង​ធានា​ពី​សុវត្ថិភាព​ដោយ​អាជ្ញាធរ ក្នុង​ពេល​ដែល​ថៃ​មិន​ព្រម​ទទួល​យក​បទ​ឈប់​បាញ់។

យោធា​ថៃ​បាន​ប្រកាស​ថា សង្គ្រាម​នៅ​តាម​ព្រំដែន​ជាមួយ​កម្ពុជា គឺ​ថៃ​ចង់​បោសសម្អាត និង​កម្ទេច​អគារ​ឆបោក​តាម​អនឡាញ​នៅ​តាម​ខ្សែ​បន្ទាប់​ព្រំដែន​ដែល​បណ្ដាញ​ឧក្រិដ្ឋកម្ម​បង្ក​ឱ្យ​មាន​ពលរដ្ឋ​របស់​ខ្លួន​រងគ្រោះ​ក្នុង​អំពើ​ឆបោក​តាម​អនឡាញ។ ទោះ​ជា​យ៉ាងណា អ្នក​ឃ្លាំមើល​ថា នេះ​គ្រាន់​ជា​លេស​របស់​ថៃ​ដែល​មាន​មហិច្ឆតា​ចង់​វាយ​ប្រហារ​ឈ្លានពាន​ទឹក​ដី​កម្ពុជា​ដោយសារ​ថៃ​បាន​បាញ់​ប្រហារ​សម្លាប់​ប្រជាជន​ស៊ីវិល រួម​ទាំង​ទម្លាក់​គ្រាប់​បែក​បំផ្លាញ​ប្រាង្គ​ប្រាសាទ​បុរាណ​ខ្មែរ វត្តអារាម សាលារៀន អគារ​ស្ថាប័ន​រដ្ឋ ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ និង​បំផ្លាញ​ផ្ទះ​សម្បែង​ប្រជាពលរដ្ឋ​ជា​ច្រើន​ទីតាំង។

ទោះ​ជា​យ៉ាង​ណា​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​ជា​ច្រើន​ដែល​កំពុង​ស្នាក់​នៅ​តាម​អគារ​ស្ថិត​ក្នុង​ក្រុង​ប៉ោយប៉ែត​ឯណោះ​វិញ​ក៏​កំពុង​រស់​នៅ​ដោយ​ភ័យ​ខ្លាច​យោធា​ថៃ​ទម្លាក់​គ្រាប់​បែក​ចូល​ដល់​កណ្ដាល​ទីក្រុង និង​កន្លែង​អគារ​ពួកគេ​ស្នាក់​នៅ។ ជនជាតិ​ចិន និង​ឥណ្ឌូណេស៊ី​ខ្លះ​ក៏​បាន​ដោត​ទង់​ជាតិ​របស់​ខ្លួន​នៅ​លើ​អគារ ដើម្បី​បញ្ជាក់​អំពី​ទីតាំង​ជនបរទេស និង​ជនស៊ីវិល​កំពុង​ស្នាក់​នៅ​ក្នុង​អគារ​នោះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ