បក្ស​ប្រឆាំង​ថា កម្ពុជា​មិន​អាច​បើក​ព្រំដែន​វិញ​ទេ ព្រោះ​ការ​ឈ្លានពាន​របស់​ថៃ​​ពុំ​ទាន់​​ដោះស្រាយ​ចប់

0
35
ទិដ្ឋភាព​ពលករ​ចំណាកស្រុក​ខ្មែរ​ត្រឡប់​ពី​ប្រទេស​ថៃ​តាម​ច្រក​ព្រំដែន​អន្តរជាតិ បានឡែម ខេត្ត​បាត់ដំបង កាលពី​ខែ​សីហា ឆ្នាំ​២០២៥។ រូប៖ រដ្ឋបាល​ខេត្ត​បាត់ដំបង
ទិដ្ឋភាព​ពលករ​ចំណាកស្រុក​ខ្មែរ​ត្រឡប់​ពី​ប្រទេស​ថៃ​តាម​ច្រក​ព្រំដែន​អន្តរជាតិ បានឡែម ខេត្ត​បាត់ដំបង កាលពី​ខែ​សីហា ឆ្នាំ​២០២៥។ រូប៖ រដ្ឋបាល​ខេត្ត​បាត់ដំបង

អ្នកនយោបាយ​ប្រឆាំង និង​អ្នកឃ្លាំមើល​បញ្ហា​សង្គម អះអាង​ថា នៅក្នុង​កាលៈទេសៈ​នេះ រដ្ឋាភិបាល​កម្ពុជា​មិនអាច​បើក​ច្រកព្រំដែន​ឡើងវិញ​នោះ​ទេ ពីព្រោះ​រាល់​ការឈ្លានពាន​របស់​ភាគី​ថៃ​មក​លើ​កម្ពុជា​ពុំ​ទាន់​ដោះស្រាយ​នៅឡើយ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ទាមទារ​ឲ្យ​យោធា​និង​រដ្ឋាភិបាល​ថៃ សង​សំណង​ខូចខាត​ទ្រព្យសម្បត្តិ​របស់​ជន​ស៊ីវិល​ដែល​ទាហាន​ថៃ​បាន​បំផ្លាញ​ឲ្យ​ជនភៀសសឹក​វិញ។ ចំណែក​រដ្ឋាភិបាល​ជប៉ុន គួរ​ដាក់​គំនាប​ឲ្យ​រដ្ឋាភិបាល​ថៃ​គោរព​ច្បាប់​អន្តរជាតិ និង​ប្រគល់​ដែន​អធិបតេយ្យ​របស់​កម្ពុជា​ដែល​ភាគី​ថៃ​ឈ្លានពាន​មក​ឲ្យ​កម្ពុជា​វិញ ប្រសើរ​ជាង​ការ​ស្នើ​ជាថ្មី​ឲ្យ​កម្ពុជា និង​ថៃ​បើក​ច្រកព្រំដែន​ឡើង​វិញ ដើម្បី​សម្រួល​ដល់​ពាណិជ្ជកម្ម​របស់​វិនិយោគិន​ជប៉ុន។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការស្រាវជ្រាវ លោក សេក សុជាតិ បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​៤ កុម្ភៈ ថា នៅក្នុង​កាលៈទេសៈ​នេះ រដ្ឋាភិបាល​កម្ពុជា​មិនអាច​បើក​ច្រកព្រំដែន​ឡើងវិញ​នោះ​ទេ ពីព្រោះ​រាល់​ការឈ្លានពាន​របស់​ភាគី​ថៃ មក​លើ​ដែន​អធិបតេយ្យ​កម្ពុជា​ដោយ​រឹបអូស​យក​ទឹកដី​កម្ពុជា​ទៅ​ធ្វើ​ជា​ទឹកដី​របស់​ខ្លួន​នៅ​ពុំ​ទាន់​ដោះស្រាយ​នៅឡើយ​។ ចំណែកឯ​ទ្រព្យសម្បត្តិ​របស់​ជនភៀសសឹក​ដែល​យោធា​ថៃ​បាន​បំផ្លិចបំផ្លាញ និង​រឹបអូស​យក​ក៏​ពុំ​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ។

លោក សេក សុជាតិ បាន​បន្ថែម​ថា ប្រទេស​ជប៉ុន​គួរ​ស្នើ​ទៅ​ប្រទេស​ថៃ​ឲ្យ​ប្រគល់​ដែនដី​កម្ពុជា​មកវិញ​សិន ហើយ​ជប៉ុន​គួរ​ដាក់​គំនាប​ប្រទេស​ថៃ​ឱ្យ​គោរព​ច្បាប់​អន្តរជាតិ​ដើម្បី​ដោះស្រាយ​បញ្ហា ដោយ​ឈរ​ទៅលើ​គោលការណ៍​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់ ហើយ​ប្រើប្រាស់​យន្តការ​តុលាការ​យុត្តិធម៌​អន្តរជាតិ និង​ដោះស្រាយ​បញ្ហា​ព្រំដែន​តាម​រយះ​ពហុភាគី។ លោក​ថា ក្នុង​កាលៈទេសៈ​ណាក៏ដោយ​កម្ពុជា​ត្រូវតែ​មាន​ភាព​ច្បាស់លាស់​ហើយ​ត្រូវតែ​ឈរ​ទៅលើ​ទិដ្ឋភាព​ផ្លូវច្បាប់។

លោក សេក សុជាតិ៖ «សម្រាប់​ខ្ញុំ​នៅតែ​មិន​មាន​ការ​គាំទ្រ​ឲ្យ​មាន​ការ​បើក​ព្រំដែន​រវាង​កម្ពុជា និង​ថៃ​នៅក្នុង​អំឡុង​ពេល​ដែល​មិន​ទាន់​មាន​ភាព​ច្បាស់លាស់​ណាមួយ​កើតឡើង​នោះ​ទេ ហើយ​អ្នកណា​ក៏​ចង់​ឲ្យ​សេដ្ឋកិច្ច​ប្រទេសជាតិ​មាន​ភាព​ល្អ​ប្រសើរ​ដែរ តែ​យើង​មិន​គួរ​ចង់​បាន​សេដ្ឋកិច្ច​នៅក្នុង​ពេល​ដែល​ពួកគេ​ឈ្លានពាន​យើង ហើយ​គេ​ធ្វើ​អ្វី​បាន​តាមចិត្ត ហើយ​យើង​បែរ​ទៅ​ជា​ចង់បាន​ទ្រព្យសម្បត្តិ​បន្តិចបន្តួច​ផលប្រយោជន៍​បន្តិចបន្តួច​ដោយ​ភ្លេច​នូវ​មនសិការ​ជាតិនិយម»។

ការ​យល់​ឃើញ​របស់​អ្នកឃ្លាំមើល​នេះ គឺ​បន្ទាប់ពី​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​លោក អ៊ុយណូ អាត់ស៊ូស៊ី (Ueno Atsushi) បាន​ថ្លែង​នៅក្នុង​កិច្ច​សន្ទនា​ស្ដីពី «​កម្ពុជា​-​ជប៉ុន​នៅក្នុង​ពិភពលោក​ថ្មី​» កាលពី​ថ្ងៃទី​៣០​មករា ដោយ​បង្ហាញ​ការ​បារម្ភ​អំពី​ទំនុកចិត្ត​របស់​ជនជាតិ​ជប៉ុន នៅ​ពេល​ដែល​ព្រំដែន​រវាង​កម្ពុជា​និង​ថៃ​នៅតែ​បន្ត​រឹត​បន្តឹង។ លោក​ថា ការ​បិទ​ច្រក​ព្រំដែនរ​វាង​កម្ពុជា​-​ថៃ បាន​ប៉ះពាល់​ដល់​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​របស់​ក្រុមហ៊ុន​ជប៉ុន ជាពិសេស​ក្រុមហ៊ុន ដែល​មក​វិនិយោគ​នៅ​កម្ពុជា ដោយ​ពួកគេ​ត្រូវ​រក​មធ្យោបាយ​ផ្សេងៗ​សម្រាប់​ការ​ផ្គត់ផ្គង់​បន្ត។

លោក អ៊ុយណូ អាត់ស៊ូស៊ី បាន​ស្នើ​ជាថ្មី​ឲ្យ​កម្ពុជា និង​ថៃ បើក​ច្រកព្រំដែន​ឡើងវិញ ដើម្បី​សម្រួល​ដល់​ពាណិជ្ជកម្ម​របស់​វិនិយោគិន​ជប៉ុន។ លោក​ថា ការ​អូស​បន្លាយ​ការ​បិទ​ច្រក​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ បាន​ជះឥទ្ធិពល​ដល់​វិនិយោគិន​ជប៉ុន​ទាំង​ក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ។

ទោះជា​យ៉ាងណា អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ​កម្ពុជា ២៣ តុលា លោក គឹម សុខ បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​៤ កុម្ភៈ ថា ជប៉ុន​ចង់​ឲ្យ​កម្ពុជា និង​ថៃ​បើក​ច្រកព្រំដែន​ឡើងវិញ​នៅ​ពេល​នេះ​គឺ​ដើម្បី​ផលប្រយោជន៍​របស់​ជប៉ុន​តែ​ប៉ុណ្ណោះ។ លោក​ថា កម្ពុជា​មិន​ត្រូវ​បើក​ច្រកព្រំដែន​នៅក្នុង​កាលៈទេសៈ​ដែល​ព្រំដែន​គ្មាន​សន្តិសុខ​នោះ​ឡើយ។

លោក គឹម សុខ បន្ថែម​ទៀត​ថា កម្ពុជា​អាច​បើក​ច្រកព្រំដែន​ជាមួយ​ប្រទេស​ថៃ​បាន លុះត្រា​ថៃ​ដក​កំលាំង​ឈ្លានពាន​របស់​ខ្លួន​ចេញពី​ទឹកដី​កម្ពុជា​ឲ្យ​អស់ ហើយ​ថៃ​ត្រូវ​ធានា​នៅ​ចំពោះមុខ​សហគមន៍​អន្តរជាតិ​ថា ខ្លួន​មិន​ប្រើ​កំលាំង​និង​អាវុធ​ឈ្លានពាន​ប្រទេស​កម្ពុជា​ទៀត​នោះ​ទេ។ ថៃ​និង​កម្ពុជា​ត្រូវ​មានការ​ព្រមព្រៀងគ្នា​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​ប្រើ​ឯកសារ​ស្របច្បាប់​អន្តរជាតិ និង​មានការ​ចូលរួម​ពី​ភាគី​ទី​បី​ដូច​ជា​បារាំង​និង​អង្គការ​សហប្រជាជាតិ ដូច្នេះ​ទើប​អាច​បើក​ច្រក​រកស៊ី​ដោយ​ស្មើមុខ​គ្នា។

លោក គឹម សុខ៖ «ពុំ​មាន​ប្រទេស​ណា​ដែល​គេ​បើក​ព្រំដែន​នៅ​ពេល​ដែល​ភាគី​ម្ខាង​ទៀត​កំពុង​ប្រើ​អាវុធ និង​កំលាំង​ឈ្លានពាន​ប្រទេស​គេ​នោះ​ទេ»។

ច្រកព្រំដែន​កម្ពុជា​-​ថៃ បាន​បិទ​ចាប់​ពី​ខែ​មិថុនា ឆ្នាំ​២០២៥ ក្រោយ​ពេល​ដែល​ថៃ​បាន​សម្រេច​ជា​ឯកតោភាគី​បិទ​ច្រករបៀង​ព្រំដែន​ជាមួយ​កម្ពុជា។ ឆ្លើយតប​នឹង​ការ​បិទ​ជា​ឯកតោភាគី​របស់​ថៃ កម្ពុជា​បានសម្រេច​បិទ​ការ​នាំចូល​បន្លែ ផ្លែឈើ ប្រេងឥន្ធនៈ និង​ទំនិញ​មួយចំនួន​ពី​ថៃ​ចូល​កម្ពុជា។ ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត តែង​បញ្ជាក់​ថា នឹង​មិន​មាន​ការ​ចរចា​ដើម្បី​បើក​ច្រកព្រំដែន​ឡើងវិញ​នោះ​ទេ ព្រោះ​ថៃ​បាន​បិទ​ជា​ឯកតោភាគី ហើយ​ថា កម្ពុជា​នឹង​បើក​ច្រក នៅ​ពេល​ថៃ​បើក​ឡើង​វិញ​មុន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ