

ស្របពេលមេដឹកនាំកំពូលរបស់ប្រទេសវៀតណាម និងឡាវមកទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី៦ កុម្ភៈ ក្រសួងព្រះបរមរាជវាំងបានចេញសេចក្តីថ្លែងការណ៍ប្រកាសថា ព្រះមហាក្សត្រទ្រង់ប្រឈួនពុំអាចបំពេញព្រះរាជកិច្ចបាន ហើយបានប្រគល់ភារកិច្ចឱ្យប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្ដមប្រឹក្សាព្រះមហាក្សត្រលោក ហ៊ុន សែន ក្នុងនាមជាប្រមុខរដ្ឋស្តីទី ទទួលស្វាគមន៍មេដឹកនាំប្រទេសជិតខាងទាំងពីរទាំងក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ និងនៅក្នុងព្រះបរមរាជវាំង។ ទោះជាយ៉ាងណា អ្នកនយោបាយគណបក្សប្រឆាំងនិងអ្នកតាមដានភូមិសាស្ត្រនយោបាយហាក់មានមន្ទិលចំពោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រនៅពេលនេះ និងសង្ស័យថា អវត្តមានរបស់ព្រះអង្គអាចជាការរៀបចំរបស់លោក ហ៊ុន សែន ដើម្បីបានដើរតួនាទីជាប្រមុខរដ្ឋស្តីទីជំនួសស្តេចផែនដី។
ជាទូទៅ គេតែងសង្កេតឃើញព្រះមហាក្សត្រមានព្រះរាជសុខភាពល្អ និងតែងយាងទៅទទួលការព្យាបាលព្រះរោគនៅប្រទេសចិនជាប្រចាំនៅពេលមានបញ្ហាម្តងៗ។ ប៉ុន្តែសេចក្តីថ្លែងការណ៍របស់ព្រះបរមរាជវាំងថាព្រះមហាក្សត្រទ្រង់ប្រឈួននៅក្នុងថ្ងៃតែមួយនៃដំណើរទស្សនកិច្ចរបស់មេដឹកនាំកំពូលវៀតណាម និងឡាវមកកាន់កម្ពុជាបានធ្វើឱ្យមហាជនហាក់ភ្ញាក់ផ្អើល និងងឿងឆ្ងល់។
អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យកម្ពុជា ២៣ តុលា លោក គឹម សុខ បានប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី៦ កុម្ភៈ ថា ជំនួបកំពូលកម្រិតប្រមុខរដ្ឋបែបនេះគឺមានការរៀបចំជាច្រើនខែ ដូច្នេះទើបលោកហាក់មិនអស់ចិត្តចំពោះអវត្តមានរបស់ព្រះមហាក្សត្រក្នុងជំនួបផ្លូវការនៅពេលនេះ។ លោក គឹម សុខ ហាក់សង្ស័យថា ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ លោក ហ៊ុន សែន បង្ខំព្រះមហាក្សត្រឲ្យប្រឈួន ដោយ លោក ហ៊ុន សែន ប្រហែលចង់បានមុខមាត់ជាប្រមុខរដ្ឋដើម្បីបន្លំប្រជាពលរដ្ឋខ្មែរនិងពិភពលោកថា គាត់គឺជាប្រមុខរដ្ឋនៅកម្ពុជាមិនមែនជាមេឧក្រិដ្ឋកម្មឆ្លងដែនឡើយ។
លោក គឹម សុខ បន្ថែមថា ការប្តូរតួពីព្រះមហាក្សត្រមកលោក ហ៊ុន សែន គឺជាជំងឺការទូតនៃជនពានវាំងដូចជាលោក ហ៊ុន សែន ដែលមប្រើមហិច្ឆតាឈ្លានពានរបស់វៀតណាមគ្រប់កាលៈទេសៈ ហើយក្រុមគ្រួសាររបស់គាត់នៅតែជាឧបករណ៍បម្រើសេចក្តីត្រូវការរបស់វៀតណាមរហូត។ ម្យ៉ាងទៀតលោកថាលោក ហ៊ុន សែន មិនទុកចិត្តព្រះមហាក្សត្រ ដូច្នេះត្រូវរុះរើមនុស្សសំខាន់ៗចេញពីព្រះអង្គ។
លោក គឹម សុខ៖ «គឺលោកហ៊ុន សែននិងវៀតណាមគប់គិតគ្នាធ្វើដើម្បីបំបាក់មុខព្រះមហាក្សត្រ វៀតណាមគេចង់បង្ហាញថានៅកម្ពុជាគេទទួលស្គាល់តែលោក ហ៊ុន សែនទេ ជាប្រមុខរដ្ឋមិនមែនព្រះមហាក្សត្រឡើយ ពីព្រោះនៅក្នុងស្ថានភាពបច្ចុប្បន្នព្រះមហាក្សត្រលោកមានទំនាក់ទំនងល្អជាមួយភាគីចិន នៅពេលដែលចិនកំពុងតែសង្កត់រដ្ឋាភិបាលក្រុមគ្រួសារហ៊ុនទាក់ទងទៅនឹងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនអន្តរជាតិនិងការឆបោកតាមអនឡាញ»។
ការយល់ឃើញរបស់អ្នកនយោបាយបក្សប្រឆាំងនេះ គឺបន្ទាប់ពីក្រសួងព្រះបរមរាជវាំងចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី៦ ខែកុម្ភៈ ថា ព្រះករុណាព្រះមហាក្សត្រ ព្រះអង្គទ្រង់ប្រឈួន ពុំអាចបំពេញព្រះរាជកិច្ចបាន។ ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ឱ្យលោក ហ៊ុន សែន ទទួលស្វាគមន៍អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លោក តូ ឡឹម និងអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវលោក ថងលុន ស៊ីសុលីត នៅក្នុងព្រះបរមរាជវាំង។
សេចក្តីថ្លែងការណ៍ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឲ្យដឹងថា អំឡុងទស្សនកិច្ចនៅកម្ពុជា លោក តូ ឡឹម មានកម្មវិធីចូលថ្វាយបង្គំគាល់ព្រះមហាក្សត្រ នៅព្រះបរមរាជវាំង និងចូលរួមកិច្ចប្រជុំកំពូលត្រីភាគី រវាងអ្នកដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា បក្សកុម្មុយនីស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវផងដែរ។
ទាក់ទងទៅនិងទស្សនកិច្ចរបស់លោក តូ ឡឹម មកកាន់កម្ពុជានៅថ្ងៃនេះ និងការរៀបចំកិច្ចប្រជុំកំពូលត្រីភាគីរវាងបក្សកាន់អំណាចនៃប្រទេសកម្ពុជា ឡាវ និងវៀតណាម អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី យល់ឃើញថា គឺជាយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ក្នុងការរឹតចំណង «សាមគ្គីភាពមនោគមវិជ្ជា» និងសន្តិសុខក្នុងតំបន់។ លោកថា ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាការផ្លាស់ប្ដូរទស្សនកិច្ចតាមបែបការទូតធម្មតាប៉ុណ្ណោះទេ វាគឺជាការផ្ញើសារយ៉ាងច្បាស់អំពីការបង្កើត «ខ្សែក្រវាត់ការពាររួម» ក្នុងចំណោមប្រទេសទាំងបី ស្របពេលដែលភូមិសាស្ត្រនយោបាយតំបន់កំពុងមានការប្រែប្រួល និងភាពមិនប្រាកដប្រជា។
លោក សេង វណ្ណលី បន្ថែមទៀតថា លោក ហ៊ុន សែន ហាក់បង្ហាញការយកចិត្តវៀតណាមឡើងវិញ ដើម្បីប៉ះប៉ូវនូវអ្វីដែលជា «កំហុសយុទ្ធសាស្ត្រ» ក្នុងជម្លោះព្រំដែនជាមួយថៃ ដែលនាំឱ្យមានការឈ្លានពានលើដែនអធិបតេយ្យរបស់កម្ពុជានាពេលបច្ចុប្បន្ន ហើយក៏អាចជាការប្រើប្រាស់ក្បួន «តុល្យភាពអំណាច» ផងដែរ។
លោក វណ្ណលី បន្ថែមទៀតថា ក្នុងន័យភូមិសាស្ត្រនយោបាយ ការបង្កើនភាពជិតស្និទ្ធជាមួយវៀតណាមក្នុងដំណាក់កាលនេះ អាចចាត់ទុកថាជាការបង្កើត «ខ្នងបង្អែកយុទ្ធសាស្ត្រ» ដើម្បីផ្តល់ជាសម្ពាធផ្លូវចិត្តទៅកាន់ភាគីថៃ ឱ្យប្រកាន់ខ្ជាប់នូវការចរចាដោយសន្តិវិធី និងជៀសវាងការប្រើប្រាស់កម្លាំងបាយណាមួយមកលើកម្ពុជា ទោះបីជាវៀតណាម មិនបានបញ្ចេញសារគាំទ្រកម្ពុជា ឬថ្កោលទោសថៃជាចំហ ដែលជាការរក្សាមុខមាត់តាមបែបបទអាស៊ានក៏ដោយ ប៉ុន្តែការងាកមកពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគីនេះ គឺជាការធានាអះអាងមួយថា រដ្ឋាភិបាលឯកបក្សរបស់លោក ហ៊ុន សែន នឹងមិននៅឯកោឡើយក្នុងករណីមានវិបត្តិសន្តិសុខធ្ងន់ធ្ងរ។
អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក រូបនេះបន្ថែមថា ការពឹងផ្អែកខ្លាំងលើសាមគ្គីភាពមនោគមវិជ្ជាជាមួយវៀតណាម ក៏អាចក្លាយជាចំណុចខ្សោយដែលមហាអំណាចខាងក្រៅ ជាពិសេសលោកខាងលិច យកមកប្រើប្រាស់ដើម្បីចោទប្រកាន់កម្ពុជាថា បានងាកចេញពីគន្លងប្រជាធិបតេយ្យសេរីពហុបក្ស និងអព្យាក្រឹតភាព។ លោកសង្កត់ធ្ងន់ថា ប្រសិនបើកម្ពុជាមិនរក្សាតុល្យភាពឱ្យបានល្អទេ ខ្លួនអាចនឹងត្រូវរងសម្ពាធសេដ្ឋកិច្ច ឬការដាក់ទណ្ឌកម្មនានា ដែលនឹងជះឥទ្ធិពលផ្ទាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋខ្មែរ៕









