

អ្នកនយោបាយប្រឆាំង ជំរុញឲ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការច្បាប់ប្ដឹងយោធានិងរដ្ឋាភិបាលថៃ ទៅតុលាការអន្តរជាតិ បើមិនដូច្នោះទេ គឺមិនខុសពីការថ្លែងសារនយោបាយកំដរបរទេសឈ្លានពានឡើយ។ ពួកគេថាការថ្លែងសារដដែលៗរបស់កម្ពុជាគ្មានប្រសិទ្ធភាពបញ្ឈប់ថៃពីការព័ទ្ធយកទឹកដីខ្មែរនោះទេ ហើយរឹតតែធ្វើឱ្យយោធាថៃគឃ្លើនប្រមាថមើលងាយខ្មែរបន្តទៀត។
សារតវ៉ាជំទាស់របស់រដ្ឋាភិបាលកម្ពុជាហាក់កំពុងធ្វើឱ្យប្រជាពលរដ្ឋខ្មែរស្រកៀរត្រចៀកទៅហើយ ខណៈយោធាថៃនៅតែបន្តចូលរំលោភបំពានទឹកដីខ្មែរស្រស់ៗស្ទើររៀងរាល់ថ្ងៃ ហើយថែមទាំងនិយាយប្រមាថមើលងាយទាហានខ្មែរនៅតាមតំបន់ព្រំដែន បើទោះជាទាហានខ្មែរព្យាយាមអត់ធ្មត់យ៉ាងណាក៏ដោយ។
អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យកម្ពុជា ២៣ តុលា លោក គឹម សុខ បានប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី៥ កុម្ភៈ ថា រដ្ឋាភិបាល មិនមែនជាសង្គមស៊ីវិល ឬ គណបក្សក្រៅរដ្ឋាភិបាល ដែលមានតួនាទីត្រឹមតែផ្ដល់យោបល់ និងបង្ហាញជំហរថ្កោលទោសនោះទេ។ រដ្ឋាភិបាលត្រូវមានកាតព្វកិច្ចតតាំងនឹងអ្នកឈ្លានពាន។
លោក គឹម សុខ បានបន្ថែមទៀតថា ការតតាំងដ៏មានប្រសិទ្ធភាពនៅពេលនេះគឺការប្ដឹងថៃទៅតុលាការអន្តរជាតិ មិនមែនរង់ចាំតែថ្លែងសារនយោបាយកំដរបរទេសឈ្លានពាន ដែលមើលទៅហាក់ដូចជាការឃោសនាបោកប្រជាពលរដ្ឋខ្មែរនោះឡើយ។
លោក គឹម សុខ៖ «សារថ្កោលទោសគ្រាន់តែជាសម្លេងនយោបាយទេ ក៏ប៉ុន្តែបញ្ហាទឹកដីគឺជារឿងបច្ចេកទេសសុទ្ធសាធមិនត្រូវយកបញ្ហាអំណាចមកឡូកឡំឡើយ បញ្ហាទឹកដីគឺជារឿងវិទ្យាសាស្ត្រ ច្បាប់ ផែនទី គោលការណ៍អន្តរជាតិ ហើយចំណាត់ការដោយស្ថាប័នអន្តរជាតិ ដូច្នេះរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ត្រូវបង្ហាញសេចក្តីក្លាហានប្រមូលភស្តុតាងប្តឹងទៅតុលាការអន្តរជាតិទើបអាចការពារទឹកដីនៃប្រទេសកម្ពុជាពីការឈ្លានពានរបស់ថៃនឹងប្រទេសជិតខាងដទៃទៀតបាន»។
ការយល់ឃើញរបស់អ្នកនយោបាយប្រឆាំងនេះ គឺបន្ទាប់ពីក្រសួងការបរទេសកម្ពុជាចេញសេចក្តីប្រកាសព័ត៌មានតវ៉ាយ៉ាងដាច់អហង្ការប្រឆាំងនឹងការដាក់កុងតឺន័រចំនួនបី នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយកងកម្លាំងប្រដាប់អាវុធថៃ នៅក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហាររបស់កម្ពុជា ដែលរារាំងដល់ការចូលទៅកាន់ច្រកព្រំដែន អន្តរជាតិអានសេះ។
ក្រសួងការបរទេសចាត់ទុកសកម្មភាពនេះ ផ្ទុយនឹងវិធានការកាត់បន្ថយភាពតានតឹង ដែលមានចែងក្នុងចំណុចទី១ នៃ សេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងបំពានទៅនឹងធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។
ទោះជាយ៉ាងណា អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី៥ កុម្ភៈ ថា សារថ្កោលទោសគឺគ្រាន់តែឲ្យប្រទេសថៃនិងអន្តរជាតិបានដឹង ប៉ុន្តែ ពុំទាន់មានឥទ្ធិពលគ្រប់គ្រាន់ដើម្បីបញ្ចប់ទង្វើឈ្លានពានរបស់ភាគីថៃមកលើដែនអធិបតេយ្យភាពកម្ពុជាបានទេ គឺមានតែវិធានការផ្លូវច្បាប់ប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ និងក្រុមសន្តិសុខអង្គការសហប្រជាជាតិប៉ុណ្ណោះ។
លោកថា ប្រសិនបើកម្ពុជាមិនប្តឹងថៃតាមផ្លូវច្បាប់ ភាគីថៃនៅតែគឃ្លើន ហើយនឹងមិនដោះស្រាយបញ្ហាទាំងឡាយជាមួយកម្ពុជានោះទេ។
លោក សេក សុជាតិ៖ «រូបភាពនេះវាធ្វើឲ្យប៉ះពាល់ទៅថ្នាក់កិត្តិយសថ្នាក់ដឹកនាំ រដ្ឋាភិបាល និងកងទ័ពជាតិរបស់យើង ចង់និយាយថា យើងមិនអាចប្រើប្រាស់កំលាំងដើម្បី ដណ្តើមយកមកវិញទេ ពីព្រោះវាជាដែនអធិបតេយ្យភាពរបស់យើង ដូច្នេះយើងត្រូវតែប្រើប្រាស់ច្បាប់ពីព្រោះពិភពលោកគឺមានច្បាប់សកលមួយដែលប្រទេសទាំងអស់នៅក្នុងពិភពលោកត្រូវតែគោរពហើយចំណោមប្រទេសដែលមិនគោរពគឺត្រូវតែប្តឹង ហើយនិងឲ្យ សហគមន៍អន្តរជាតិទាំងអស់មើលឃើញអំពីការរំលោភបំពានទាំងគឃ្លើនរបស់ភាគីថៃនេះ»។
កាលពីថ្ងៃទី៣ ខែកុម្ភៈ ក្រសួងការបរទេសកម្ពុជា ក៏បានប្រកាសតវ៉ា នឹងការធ្វើទស្សនកិច្ចត្រួតពិនិត្យទីតាំងសណ្ឋាគារពីរកន្លែង នាច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ ដែលស្ថិតក្នុងដែនអធិបតេយ្យភាពកម្ពុជា ពីសំណាក់អនុព័ន្ធយោធាបរទេសមួយក្រុម និងមន្ត្រីអនុវត្តច្បាប់ ដែលដឹកនាំដោយប្រធានចារកម្មកងទ័ពថៃ កាលពីថ្ងៃទី២ កុម្ភៈ។
នៅក្នុងដំណើរទៅកាន់អគារកាស៊ីណូនៅក្នុងទឹកដីកម្ពុជានោះ ភាគីថៃបានបង្ហាញភស្តុតាងជាច្រើន រួមមាន លិខិតឆ្លងដែននៃជនបរទេសដែលត្រូវបានគេដកហូត ស៊ីមកាតទូរស័ព្ទសម្រាប់ទាក់ទងជាលក្ខណៈអន្តជាតិចំនួនជាង ៨រយស៊ីមកាត (៨៧១) ឯកសារអត្ថបទសម្រាប់ឆបោកតាមអនឡាញ ទូរស័ព្ទដៃរាប់រយគ្រឿង រួមទាំងស្លាកសញ្ញា និងឯកសណ្ឋានប៉ូលិសក្លែងក្លាយ ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅតំបន់រមណីយដ្ឋានអូរស្មាច់របស់លោក លី យ៉ុងផាត់ ក្រោយយោធាថៃបានឈ្លានពានកម្ពុជា និងកំពុងកាន់កាប់តំបន់នេះ។
អ្នកឃ្លាំមើលលើកឡើងថា ការណ៍ដែលភាគីថៃមានលេសមិនសមហេតុផល ដើម្បីសម្រេចមហិច្ឆតាឈ្លានពានកម្ពុជានេះ គឺដោយសារតែរដ្ឋាភិបាលក្រុមគ្រួសារត្រកូល ហ៊ុន ដឹកនាំប្រទេសបែបឧក្រិដ្ឋកម្មឃុបឃិតជាមួយឧក្រិដ្ឋជន ដើម្បីពង្រីកមជ្ឈមណ្ឌលឆបោកតាមអនឡាញ៕









