អ្នកឃ្លាំមើល​សង្គម​ថា ថៃ​នឹង​ងាក​ចូល​តុ​ចរចា​សន្តិភាព បើ​អាមេរិក​ដាក់​ទណ្ឌកម្ម​​លើ​ថៃ

0
70
ប្រមុខ​ការ​ទូត​សហរដ្ឋ​អាមេរិក​លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) (ស្ដាំ) និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
ប្រមុខ​ការ​ទូត​សហរដ្ឋ​អាមេរិក​លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) (ស្ដាំ) និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

អ្នកឃ្លាំមើល​សង្គម​អះអាង​ថា ប្រសិនបើ​សហរដ្ឋអាមេរិក​មិន​ដាក់​ទណ្ឌកម្ម​ទៅលើ​ប្រទេស​ថៃ​នោះ​ទេ ទោះបី​សហរដ្ឋ​អាមេរិក​ព្យាយាម​យ៉ាងណា ក៏​ប្រទេស​ថៃ​នឹង​មិន​ងាក​មក​ចរចា​ជាមួយ​កម្ពុជា​ដែរ បន្ទាប់ពី​សហរដ្ឋអាមេរិក​បាន​បញ្ជាក់​ជាថ្មី​ម្តង​ទៀត​ថា បាន​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការ​ជួយ​សម្របសម្រួល​ការពិភាក្សា ដើម្បី​ធានា​នូវ​សន្តិភាព និង​ស្ថិរភាព​រវាង​ប្រទេស​កម្ពុជា និង​ថៃ ទៅ​តាម​បំណង​ប្រាថ្នា​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump)។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការស្រាវជ្រាវ​លោក​បណ្ឌិត សេក សុជាតិ បាន​លើកឡើង​ថា ការ​ជួយ​សម្របសម្រួល​របស់​សហរដ្ឋ​អាមេរិក​គឺជា​រឿង​មួយ​ល្អ ដែល​ធ្វើ​ឲ្យ​ការអនុវត្ត​បទ​ឈប់​បាញ់ និង​ការអនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ដែល​បាន​ឯកភាព អាច​ប្រព្រឹត្ត​ទៅ​បាន​រលូន។ ប៉ុន្តែ​អ្វី​ដែល​លោក​មើលឃើញ​ប្រទេស​ធំៗ ក៏ដូចជា លោក អានវ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី​ដែល​ជា​សាក្សី​នៅក្នុង​កិច្ចព្រមព្រៀង​សន្តិភាព គ្រាន់តែ​ធ្វើការ​សម្របសម្រួល​តាមរយៈ​ការទូត​ប៉ុណ្ណោះ ពុំ​មាន​ឥទ្ធិពល​អ្វី​ទៅលើ​ប្រទេស​ថៃ​ដែល​រំលោភបំពាន​មក​លើ​កម្ពុជា​នោះ​ទេ។

លោក សេក សុជាតិ បាន​បន្ថែម​ទៀត​ថា សហរដ្ឋអាមេរិក​កំពុង​ធ្វើការ​សំឡឹង​មើល​ផ្នែក​ពាណិជ្ជកម្ម​អាវុធ​ជាមួយ​ប្រទេស​ថៃ។ លោក​ថា ប្រសិនបើ​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​ទៅលើ​ប្រទេស​ថៃ​នោះ​ទើប​ប្រទេស​ថៃ​ងាក​មក​រក​ផ្លូវ​ចរចា​ជាមួយ​កម្ពុជា និង​អនុវត្ត​កិច្ចព្រមព្រៀង​វិញ។

លោក សេក សុជាតិ៖ «​ប្រទេស​ថៃ​ប្រើប្រាស់​យន្តហោះ​F16 បំពាន​លើ​កម្ពុជា​អីចឹង​កាលណា​យន្តហោះ​ទាំងអស់​នោះ​ចូល​ទៅ​ក្នុង​ដែន​អធិបតេយ្យ​របស់​កម្ពុជា គឺ​លេខ​កូដ​បិទ​ដោយ​ស្វ័យប្រវត្ត ខ្ញុំ​ជឿជាក់​ថា ពេល​នោះ​ហើយ ជា​ពេល​ដែល​ថៃ​ងាក​មក​ធ្វើការ​ចរចា​ហើយ និង​អនុវត្ត​កិច្ចព្រមព្រៀង​វិញ ហើយ​បើសិន​គ្មាន​មធ្យោបាយ​ណាមួយ​ដែល​អាច​រឹត​បន្តឹង​ទៅលើ​បញ្ហា​ទាំងអស់​នោះ​ទេ ខ្ញុំ​ជឿជាក់​ថា ទោះបី​សហរដ្ឋអាមេរិក​ព្យាយាម ៥​ឆ្នាំ​ទៀត​ក៏​ពិបាក​នឹង​ធ្វើ​ឲ្យ​ថៃ​គោរព​ណាស់ ព្រោះ​ថៃ​បាន​ក្លាយ​ទៅជា​ប្រទេស​មួយ​ដែល​រំលោភបំពាន​កិច្ចព្រមព្រៀង និង​បំផ្លាញ​សណ្ដាប់ធ្នាប់​សកលលោក ក៏ដូចជា​ធ្វើ​ឲ្យ​ច្បាប់​អន្តរជាតិ​ចុះថយ​រួច​បាត់​ហើយ» ។

ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​នៅ​ថ្ងៃ​នេះ​ថា​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) បាន​ជួបពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ដើម្បី​បង្ហាញ​ការ​ព្រួយ​បារម្ភ អំពី​អំពើ​ហិង្សា​ដែល​កំពុង​បន្ត​កើតមាន​រវាង​ប្រទេស​កម្ពុជា និង​ថៃ​។ លោក​រដ្ឋមន្ត្រី រ៉ូប៊ីអូ បាន​បញ្ជាក់​ឡើងវិញ​អំពី​បំណងប្រាថ្នា​របស់​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ សម្រាប់​សន្តិភាព និង​តម្រូវ​ឲ្យ​អនុវត្ត​ពេញ​លេញ​នូវ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​កូឡាឡាំពួរ។

លោក រ៉ូប៊ីអូ ក៏បាន​បញ្ជាក់​ឡើងវិញ​ថា «​សហរដ្ឋអាមេរិក ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការ​ជួយ​សម្របសម្រួល​ការ​ពិភាក្សា ដើម្បី​ធានា​នូវ​សន្តិភាព និង​ស្ថិរភាព​រវាង​ប្រទេស​កម្ពុជា និង​ថៃ»។

រីឯ​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​នៅ​យប់​ថ្ងៃទី២៥ ធ្នូ ថា លោក​បាន​ជួបពិភាក្សា​តាម​ទូរសព្ទ​ជាមួយ លោក រ៉ូប៊ីអូ អំពី​ការ​វិវត្ត​សភាពការណ៍​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​គោលបំណង​ជំរុញ​ឱ្យ​មាន​បទ​ឈប់​បាញ់​ឱ្យ​បាន​ឆាប់រហ័ស និង​ការ​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព ដើម្បី​ស្វែងរក​សន្តិភាព​យូរអង្វែង​សម្រាប់​កម្ពុជា និង​ថៃ។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា «​ខ្ញុំ​បាន​បញ្ជាក់​ជាថ្មី​អំពី​ការ​ប្រកាន់​ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​របស់​កម្ពុជា ក្នុង​ការ​បន្ត​អនុវត្ត​តាម​ស្មារតី​សេចក្ដីថ្លែងការណ៍​រួម​ទីក្រុង​កូឡាឡាំពួរ និង​សង្ឃឹម​ថា ភាគី​ទាំងពីរ​នឹង​បន្ត​ធ្វើការ​ជាមួយគ្នា​ស្របតាម​កិច្ចព្រមព្រៀង​ដែល​មាន។ កម្ពុជា​បន្ត​រក្សា​ជំហរ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី ដោយ​អនុលោម​តាម​កិច្ចព្រមព្រៀង និង​យន្តការ​ដែល​បាន​ឯកភាព​គ្នា​នា​ពេល​កន្លង​មក»។

(ពី​ឆ្វេង) នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul) លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ (Donald J. Trump) ក្នុង​ពិធី​ចុះហត្ថលេខា​នៃ​សេចក្ដីថ្លែងការណ៍​រួម នា​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃទី២៦ ខែ​តុលា ឆ្នាំ​២០២៥។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

ទាក់ទង​នឹង​សង្គ្រាម​ឈ្លានពាន​របស់​ថៃ​មក​លើ​កម្ពុជា​នេះ​ដែរ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន ថ្លែង​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ បន្ទាប់​ពី​ដឹកនាំ​ប្រតិភូ​ទៅ​ចូលរួម​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​នៅ​ក្រុង​កូឡាឡាំពួរ កាលពី​ថ្ងៃទី​២២ ខែធ្នូ ថា កម្ពុជា​បាន​ទទួល​យក​ភ្លាមៗ​នូវ​សំណើ​ឱ្យ​មាន​ការ​វិលត្រឡប់​ទៅ​រក​បទ​ឈប់​បាញ់ ដែល​ត្រូវ​បាន​ស្នើ​ដោយ​ម៉ាឡេស៊ី​ចំនួន ៣​លើក និង​លោក ដូណាល់ ត្រាំ មួយ​លើក ក្រោយ​ការ​ផ្ទះ​អាវុធ​ជា​លើក​ទី​២​រវាង​កម្ពុជា និង​ថៃ កាលពី​ថ្ងៃទី​៧ ខែ​ធ្នូ ប៉ុន្តែ​ថៃ​បាន​បដិសេធ​មិន​ទទួល​យក។ ផ្ទុយទៅវិញ ថៃ​បាន​ព្យាយាម​ដាក់​លក្ខខណ្ឌ​ឱ្យ​កម្ពុជា​ប្រកាស​បទ​ឈប់​បាញ់​មុន និង​អនុវត្ត​ឱ្យ​បាន​ជាក់លាក់​នឹង​ស្មោះត្រង់ បើ​ទោះ​ជា​ថៃ​ជា​អ្នក​ឈ្លានពាន​កម្ពុជា​មុន​ក៏ដោយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ