
អាជ្ញាធរជប៉ុនបានរកឃើញក្រុមហ៊ុនពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធឺណិត ដែលមានមូលដ្ឋាននៅកម្ពុជា និងស្ថិតក្នុងបញ្ជីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក បានគ្រប់គ្រងក្រុមហ៊ុនចំនួន៣ នៅក្នុងប្រទេសជប៉ុន។ អ្នកឃ្លាំមើលលើកឡើងថា មេខ្លោងឧក្រិដ្ឋជនឆបោកតាមអ៊ីនធឺណិត មានបណ្ដាញច្រើននៅតាមបណ្ដាប្រទេសនានា ដែលករណីនេះ ទាមទារឱ្យប្រទេសដែលពាក់ព័ន្ធ ត្រូវបង្កើតកិច្ចសហប្រតិបត្តិការរដ្ឋនឹងរដ្ឋ ដើម្បីកម្ទេចសម្បុកធំ នៃឧក្រិដ្ឋកម្មឆ្លងដែនមួយនេះ។
ក្រុមហ៊ុនចិនមានមូលដ្ឋាននៅប្រទេសកម្ពុជា ដែលមានឈ្មោះនៅក្នុងបញ្ជីដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ជាប់ពាក់ព័ន្ធក្នុងប្រតិបត្តិការក្លែងបន្លំលំដាប់អន្តរជាតិ និងការជួញដូរមនុស្ស គឺក្រុមហ៊ុនព្រីនស៍ គ្រុប (Prince Holding Group) បានបង្កើតក្រុមហ៊ុនពាក់ព័ន្ធយ៉ាងហោចណាស់ចំនួន៣ នៅក្នុងប្រទេសជប៉ុនចាប់តាំងពីឆ្នាំ២០២២។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Japan Today កាលពីថ្ងៃទី១៧ ខែវិច្ឆិកា។
សារព័ត៌មានជប៉ុនដដែល បានរាយការណ៍ថា ក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុន ព្រីនស៍គ្រុប នេះ រួមមានក្រុមហ៊ុនប្រឹក្សាយោបល់ Prince Japan ដែលបានបង្កើតឡើងក្នុងឆ្នាំ២០២៣ នៅស្ស៊ីបួយ៉ា (Shibuya) ក្នុងទីក្រុងតូក្យូ (Tokyo) និងក្រុមហ៊ុនអចលនទ្រព្យ កាណូពី សេនស៍ (Canopy Sands Development Japan Co.,) ដែលបានបង្កើតឡើងក្នុងឆ្នាំ២០២៤ ជាដើម។ ប្រភពបន្តថា ក្រុមហ៊ុនទាំងនេះ បានចុះបញ្ជីការលក់អចលនទ្រព្យ និងធ្វើអាជីវកម្មស្រដៀងគ្នានឹងប្រតិបត្តិការអាជីវកម្មក្រុមហ៊ុនមេរបស់ពួកគេនៅកម្ពុជាដែរ ក៏ប៉ុន្តែអាជ្ញាធរជប៉ុន បានរកឃើញថា ក្រុមហ៊ុនទាំងនេះ ត្រូវបានគេប្រើប្រាស់ ដើម្បីលាងលុយ ដែលបានមកពីប្រតិបត្តិការឆបោកនៅជុំវិញពិភពលោក។
ទន្ទឹមគ្នានេះអាជ្ញាធរអន្តរជាតិ រកឃើញថា ក្រុមហ៊ុនព្រីនស៍គ្រុប មានក្រុមហ៊ុនដែលជាបុត្រសម្ព័ន្ធ ជាច្រើនទៀតនៅក្នុងប្រទេសក្នុងតំបន់អាស៊ី ដូចជាកូរ៉េខាងត្បូង (South Korea) និងកោះតៃវ៉ាន់ (Taiwan) ជាដើម បានផ្សារភ្ជាប់ចរន្តប្រតិបត្តិការលាងលុយកខ្វក់ តាមរយៈការទិញអចលនទ្រព្យ និងគណនីធនាគារដែលមានប្រាក់រាប់លានដុល្លារ។
ក្រុមហ៊ុនព្រីនស៍គ្រុប ដែលត្រូវរដ្ឋាភិបាលអន្តរជាតិចោទប្រកាន់ ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធឺណិត ដ៏ល្បីល្បាញ ធ្វើទារុណកម្ម និងលាងលុយកខ្វក់នេះ គឺជាកម្មសិទ្ធិរបស់លោក ចេន ហ្សី (Chen Zhi) ដែលជាឧកញ៉ាជនជាតិចិន ចូលសញ្ជាតិខ្មែរ និងជាទីប្រឹក្សា របស់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត រួមទាំងមន្ត្រីជាន់ខ្ពស់របស់កម្ពុជា ជាច្រើនរូបទៀត។ ក៏ប៉ុន្តែ ក្រុមហ៊ុនរបស់លោក ត្រូវបានប្រទេសមួយចំនួន នៅលើពិភពលោក ដូចជា អាមេរិក (USA) អង់គ្លេស (England) សិង្ហបុរី (Singapore) និងកោះតៃវ៉ាន់(Taiwan) ជាដើម រឹបអូសទ្រព្យសម្បត្តិ និងត្រូវប៉ូលិសអាំងទ័រប៉ូល ចេញនិវេទន៍ក្រហមតាមចាប់ខ្លួន ពាក់ព័ន្ធនឹងការប្រព្រឹត្តឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ដែលមានមូលដ្ឋាននៅកម្ពុជា។
ទាក់ទិននឹងការចោទប្រកាន់នេះ ក្រុមហ៊ុន ព្រីនស៍គ្រុប បានចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី១១ ខែវិច្ឆិកា ដោយបានច្រានចោលការចោទប្រកាន់ដែលថា ប្រធានក្រុមហ៊ុន លោក ចេន ហ្ស៊ី មានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និងចាត់ទុកការចោទប្រកាន់របស់សហគមន៍អន្តរជាតិថា គ្មានមូលដ្ឋានច្បាស់លាស់ ក្នុងចេតនារឹបអូសទ្រព្យសម្បត្តិរបស់ លោក ចេន ហ្ស៊ី។ ក្រុមហ៊ុន ព្រីនស៍ បញ្ជាក់ថា ខ្លួនកំពុងសហការជាមួយក្រុមហ៊ុនមេធាវីអន្តរជាតិ ដើម្បីដោះស្រាយបញ្ហានេះ និងសង្ឃឹមថា នៅពេលដែលការពិតបានលាតត្រដាងចេញមក ក្រុមហ៊ុន ព្រីនស៍គ្រុប និងលោក ចេន ហ្ស៊ី អាចរួចផុតពីការចោទប្រកាន់ទាំងនោះ។
ទោះជាយ៉ាងណា បន្ទាប់ពីត្រូវអន្តរជាតិ តាមចាប់ខ្លួន និងរឹបអូសទ្រព្យសម្បត្តិមក ម្ចាស់ក្រុមហ៊ុន ព្រីនស៍គ្រុប លោក ចេន ហ្សី បានបាត់អត្តសញ្ញាណ ដោយមិនបានចេញប្រតិកម្មជុំវិញការចោទរបស់អន្តរជាតិនោះឡើយ។
ពាក់ព័ន្ធរឿងនេះ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង បានប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១៨ ខែវិច្ឆិកា ថា ករណីឆបោកតាមអ៊ីនធឺណិត ដែលមានបណ្ដាញនៅទូទាំងពិភពលោកបែបនេះ អាចនឹងមានជាប់ពាក់ព័ន្ធជាមួយបុគ្គលជាច្រើននាក់ទៀត។ ទោះយ៉ាងណា អ្នកស្រីបន្តថា ប្រសិនបើ លោក ចេន ហ្សី មានវត្តមាននៅកម្ពុជាមែននោះ លោកអាចនឹងត្រូវអាជ្ញាធរចាប់ខ្លួន។
អ្នកស្រី ជូ ប៊ុនអេង៖ «ខ្ញុំគិតថា គេ(អាជ្ញាធរ)មិនលាក់បាំងអ្វីទេ បើគេរកឃើញហើយ ប៉ុន្តែអ្វីដែលសំខាន់ សួរថា មនុស្សហ្នឹងនៅឯណា។ ចេះតែចង្អុលថានៅកម្ពុជា អ៊ីចឹង គេដឹងហើយ ថានៅកម្ពុជា។ ដូចគេនិយាយអ៊ីចឹង គាត់ (ចេនហ្ស៊ី) មានកន្លែងគាត់ច្រើន»។
យោងតាមទិន្នន័យគេហទំព័រកំណត់ត្រា (Kamnotra) បង្ហាញថា មែកធាងនៃអាជីវកម្មក្រុមហ៊ុនព្រីនស៍ គ្រុប របស់លោក ចេន ហ្សី នៅកម្ពុជា មានបណ្ដាញស្អេកស្កះជាមួយមន្ត្រីរដ្ឋាភិបាលខ្មែរ ដូចជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ក្នុងគម្រោងបង្កើតក្រុមហ៊ុន ជីនប៉ី (Jinbei Cambodia Investment Co. Ltd.) និងម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ កាស៊ីណូ ល្បែងអនឡាញ និងធនាគារ ជាជនជាតិខ្មែរ និងជនជាតិចិន ជាច្រើននាក់ទៀត ដែលពួកគេត្រូវបានគេរកឃើញជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកឆ្លងដែន លាងលុយកខ្វក់ និងធ្វើទារុណកម្មដ៏រន្ធត់។
ជុំវិញរឿងនេះ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ មានប្រសាសន៍ថា មេឧក្រិដ្ឋជនឆបោកតាមអ៊ីនធឺណិត មានរចនាសម្ព័ន្ធ និងបណ្ដាញគ្រប់គ្រងតាមតំបន់ច្បាស់លាស់ ដែលធ្វើឱ្យរដ្ឋាភិបាលនៃប្រទេសរងគ្រោះ ពិបាកក្នុងការតាមចាប់ខ្លួនពួកគេ។ លោកយល់ថា មេខ្លោងឧក្រិដ្ឋជន ច្រើនតែជ្រើសរើសយកប្រទេសដែលមាននីតិរដ្ឋខ្សោយ និងសម្បូរអំពើពុករលួយ ដើម្បីធ្វើជាទីតាំងប្រតិបត្តិការ។
លោក សេក សុជាតិ៖ «អ៊ីចឹងយើងត្រូវបោសសម្អាត និងសហការជាមួយប្រទេសទាំងអស់ហ្នឹង ដោយប្រមូលយកព័ត៌មានឱ្យបានពេញលេញ បន្ទាប់មកសហការបោសសម្អាតឱ្យអស់ ដោយមិនរួមដៃ ឬគាំទ្រគ្រប់រូបភាពទាំងអស់ ពោលគឺអនុវត្តច្បាប់ឱ្យស្មើភាព និងយុត្តិធម៌ ដោយតម្លាភាព»។
ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញនេះដែរ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា កងកម្លាំងកម្ពុជា បានចាប់ខ្លួនជនសង្ស័យចំនួន ៣០ នាក់ ជាជនជាតិវៀតណាម ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ ទីតាំងពីរកន្លែងក្នុងបុរី លី ចូវ និងទីតាំងកាស៊ីណូ ហេងៗ ២ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង ក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ អាជ្ញាធរបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំងនោះ មាន២១ នាក់ ជាមុខសញ្ញាចាស់ ដោយពួកគេបានធ្វើសកម្មភាព ឆបោកតាមរយៈរូបភាពលួងលោមឱ្យជនរងគ្រោះដាក់ទុនវិនិយោគលើគម្រោងផ្សេងៗ ដែលជាការវិនិយោគក្លែងក្លាយ និងតាមរូបភាពលួងលោមឱ្យជនរងគ្រោះ ដំឡើងកម្មវិធី ដើម្បីចូលគ្រប់គ្រងព័ត៌មានអត្តសញ្ញាណ និងគណនីធនាគាររបស់ជនរងគ្រោះ៕









