
រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ បានប្រាប់ឱ្យកម្ពុជា វិលត្រឡប់ទៅរកបទឈប់បាញ់ និងជៀសវាងការអូសទាញឆាកអន្តរជាតិឱ្យចូលទៅក្នុងរឿងវិវាទព្រំដែនរវាងកម្ពុជា-ថៃ។ ការថ្លែងនេះ ធ្វើឡើងក្រោយពីលោក ហ៊ុន ម៉ាណែត បានប្រាប់សារព័ត៌មានរ៉យទ័រ Reuters ថា យោធាថៃ នៅតែបន្តឈរជើង និងកាន់កាប់ជ្រៅចូលក្នុងទឹកដីកម្ពុជា នៅតាមតំបន់ព្រំដែនជាច្រើនទីតាំង ទោះបីមានបទឈប់បាញ់ក៏ដោយ។
ភាគីថៃ បានបញ្ចេញប្រតិកម្មភ្លាមៗ បន្ទាប់ពីមេដឹកនាំកម្ពុជា លោក ហ៊ុន ម៉ាណែត បានប្រាប់សារព័ត៌មាន Reuters អំពីសកម្មភាពឈ្លានពានរបស់យោធាថៃ ដែលនៅតែបន្តឈរជើង និងកាន់កាប់ជ្រៅចូលក្នុងទឹកដីកម្ពុជា នៅតាមតំបន់ព្រំដែនដែលហួសពីការទាមទារ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១៨ ខែកុម្ភៈ នេះ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) បានបញ្ជាក់ថា ដើម្បីរក្សាទំនាក់ទំនងជាមួយប្រទេសថៃតទៅមុខទៀត កម្ពុជាត្រូវតែបន្តគោរពបទឈប់បាញ់ បង្កើនការផ្ដល់ទំនុកចិត្ត ចំពោះយន្តការចរចាទ្វេភាគី និងមិនត្រូវអូសទាញឆាកអន្តរជាតិ ឱ្យចូលទៅក្នុងរឿងវិវាទព្រំដែនរវាងកម្ពុជា-ថៃ ដែលលោកចោទថា ជាការញុះញង់ និងគ្មានប្រយោជន៍ ដើម្បីដាក់សម្ពាធលើប្រទេសថៃ នៅលើឆាកអន្តរជាតិនោះឡើយ។ លោកព្រមានថា ប្រសិនបើកម្ពុជា ដើរមួលបង្កាច់ថៃ នៅលើឆាកអន្តរជាតិ នោះប្រទេសថៃបានត្រៀមខ្លួនរួចជាស្រេច ដើម្បីសងសឹកវិញ ប្រសិនបើកម្ពុជាប្រើយុទ្ធសាស្ត្របែបនេះ។
ទោះជាយ៉ាងណា លោក ស៊ីហាសាក់ បានបញ្ជាក់ថា ទោះបីជាលោក ហ៊ុន ម៉ាណែត និយាយមិនល្អពីប្រទេសថៃ ប្រាប់ទៅបណ្ដាប្រទេសលើឆាកអន្តរជាតិយ៉ាងណាក៏ដោយចុះ ក៏លោកនឹងមិនលើកយកបញ្ហានេះ ទៅនិយាយក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី២៣ ខាងមុខនេះ ដែលជាការជួយបន្ទរសំឡេងឱ្យលោក ហ៊ុន ម៉ាណែត នោះឡើយ។ ក៏ប៉ុន្តែ លោក ស៊ីហាសាក់ បានបន្ថែមថា លោកនឹងលើកយកករណីឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ដែលពាក់ព័ន្ធនឹងការបោកប្រាស់ ចាប់ជំរិត ធ្វើទារុណកម្ម និងសម្លាប់មនុស្ស មកពិភាក្សាក្នុងអង្គប្រជុំ ដោយលោកអះអាងថា ការពិភាក្សាលើរឿងនេះ មិនមែនជាការវាយប្រហារ ឬសងសឹកមកលើកម្ពុជានោះឡើយ។
នៅក្នុងកិច្ចសម្ភាសផ្ដាច់មុខជាមួយសារព័ត៌មាន Reuters កាលពីម្សិលមិញ លោក ហ៊ុន ម៉ាណែត បានរៀបរាប់ពីវិនាសកម្ម ទុក្ខវេទនា ការព្រាត់ប្រាស់ និងការឈឺចាប់របស់ប្រជាពលរដ្ឋខ្មែរ ដោយសារមិនអាចវិលត្រឡប់ទៅផ្ទះវិញបាន។ ទន្ទឹមគ្នានេះ លោក ហ៊ុន ម៉ាណែត បានបង្ហាញពីក្ដីបារម្ភ នៃជម្លោះប្រដាប់អាវុធដែលអាចផ្ទុះឡើងម្តងទៀត ទោះបីជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បន្តលើកកម្ពស់ភាពជោគជ័យ នៃកិច្ចព្រមព្រៀងសន្តិភាពក៏ដោយ។
យ៉ាងណាមិញ នៅមុនការផ្សព្វផ្សាយកិច្ចសម្ភាសរបស់លោក ហ៊ុន ម៉ាណែត នេះ រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ បានប្រកាសថា ភាគីថៃកំពុងតាមដានដំណើរទស្សនកិច្ចរបស់មេដឹកនាំកម្ពុជា រួមទាំងកិច្ចប្រជុំជាមួយមេដឹកនាំអាមេរិក និងបារាំង ទាក់ទងនឹងការស្នើសុំឯកសារដែលពាក់ព័ន្ធនឹងរឿងវិវាទព្រំដែនកម្ពុជា-ថៃ។ ជាមួយគ្នានេះ លោកបានបញ្ជាក់ពីការត្រៀមខ្លួនរបស់ប្រទេសថៃក្នុងការឆ្លើយតប និងស្នើឱ្យបំភ្លឺប្រសិនបើកម្ពុជានិយាយបង្ខូចអំពីប្រទេសថៃ។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី១៨ ខែកុម្ភៈ។
ជុំវិញរឿងនេះ ប្រធានអ្នកឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញថា ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត នៅក្នុងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ គឺជាការបោះជំហានទីមួយ ដើម្បីលាតត្រដាងអំពីទង្វើឈ្លានពានរបស់យោធាថៃ មកលើកម្ពុជា។ ទោះជាយ៉ាងណា លោកបន្តថា ការដោះស្រាយរឿងវិវាទព្រំដែនរវាងរដ្ឋនឹងរដ្ឋ កម្ពុជាមិនអាចត្រឹមតែនិយាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយតែម្យ៉ាងនោះឡើយ ដោយកម្ពុជាត្រូវស្វែងរកកិច្ចអន្តរាគមន៍ពីយន្តការច្បាប់ នៅក្នុងស្ថាប័នអន្តរជាតិ ដើម្បីដាក់សម្ពាធទៅកាន់ប្រទេសថៃ។
លោក ម៉ែន ណាត៖ «គេដាក់ការឈ្លានពានមកលើទឹកដីយើង យើងមិនអាចមិនប្ដឹងនោះទេ។ ប៉ុន្តែយើងត្រូវប្រើយន្តការទាំងអស់ ទាំងការធ្វើកំណត់ទូតតវ៉ា គ្រប់សកម្មភាពដែលថៃបានឈ្លានពានកម្ពុជា។ ត្រូវបកអាក្រាតថៃនៅលើឆាកអន្តរជាតិ ត្រូវរាយការណ៍ប្រាប់បណ្ដាញសារព័ត៌មានអន្តរជាតិសំខាន់ៗ ដូចក្នុងពេលនេះ ទីបួន ត្រូវប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ»។
នេះជាលើកទីមួយហើយ ដែលមេដឹកនាំកម្ពុជា បានផ្ដល់កិច្ចសម្ភាស ដោយលាតត្រដាងពីការឈ្លានពានរបស់យោធាថៃ មកលើកម្ពុជា នៅក្នុងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ចាប់តាំងពីការផ្ទុះសង្គ្រាមនៅតាមព្រំដែនមក។ ក្រោយកិច្ចសម្ភាសនេះ មានសារព័ត៌មានអន្តរជាតិជាច្រើន បានយកទៅចុះផ្សាយជាបន្តបន្ទាប់។ ក៏ប៉ុន្តែ ភាគីថៃបានប្រកាសថា ពួកគេបានត្រៀមខ្លួនរួចជាស្រេច ក្នុងការឆ្លើយតប និងវាយបកចំពោះការលាតត្រដាងរបស់កម្ពុជា រហូតដល់ទីបញ្ចប់។ បញ្ហានេះ បានធ្វើឱ្យអ្នកឃ្លាំមើលបារម្ភថា វិបត្តិព្រំដែនកម្ពុជា-ថៃ នឹងមិនងាយបញ្ចប់នោះឡើយ ប្រសិនបើកម្ពុជា ដែលជាភាគីរងគ្រោះ នៅតែមិនប្រើប្រាស់យន្តការច្បាប់អន្តរជាតិ៕









