មេដឹកនាំ​ថៃ​ប្រកាស​បន្ត​បិទ​ច្រក សង់​កំពែង​តាម​ព្រំដែន និង​ពន្លឿន​លុប MOU ជាមួយ​កម្ពុជា ដើម្បី​អរគុណ​ម្ចាស់​ឆ្នោត

0
28
នាយករដ្ឋមន្រ្តីថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) មុនចូលប្រជុំ​​នៅ​វិមាន​រដ្ឋាភិបាល នៅ​ព្រឹក​ថ្ងៃទី១២ ខែ​ធ្នូ ឆ្នាំ​២០២៥។ រូប៖ កាសែត The Standard
នាយករដ្ឋមន្រ្តីថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) មុនចូលប្រជុំ​​នៅ​វិមាន​រដ្ឋាភិបាល នៅ​ព្រឹក​ថ្ងៃទី១២ ខែ​ធ្នូ ឆ្នាំ​២០២៥។ រូប៖ កាសែត The Standard

នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល បាន​ប្រកាស​ថា រដ្ឋាភិបាល​របស់​លោក និង​បន្ត​បិទ​ច្រក​ទ្វារ សាងសង់​ជញ្ជាំង​កំពែង តាម​បណ្ដោយ​ព្រំដែន ដែល​ជាប់​នឹង​កម្ពុជា និង​លុបចោល​អនុស្សរណៈ នៃ​ការយោគយល់​គ្នា ឆ្នាំ​២០០១ ជាមួយ​កម្ពុជា ក្រោយ​បង្កើត​រដ្ឋាភិបាល​ថ្មី​រួច​។ អ្នកឃ្លាំមើល ថា ការ​លើកឡើង​របស់​លោក អានុទីន បាន​បង្ហាញ​ពី​មហិច្ឆតា ពង្រីក​ការឈ្លានពាន​មក​លើ​កម្ពុជា ដែល​ធ្វើ​ឱ្យ​ការចរចា​ជម្លោះព្រំដែន កាន់តែ​ស្មុគស្មាញ និង​កាន់តែ​ពិបាក។

នាយករដ្ឋមន្ត្រី​ចាំផ្ទះ​ថៃ ដែល​ជា​បេក្ខជន​អាទិភាព​ទីមួយ នឹង​អាច​ក្លាយជា​នាយករដ្ឋមន្ត្រី​ថៃ​បន្ត គឺ​លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) បាន​សរសេរ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក កាល​ពី​យប់ម្សិល​មិញ​ថា លោក​នឹង​មិន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​របស់​លោក​ខក​ចិត្ត​នោះ​ឡើយ ដោយ​លោក​នឹង​ធ្វើ​តាម​ការ​សន្យា ក្រោយ​ពេល​ប្រកាស​លទ្ធផល​បោះឆ្នោត​ជា​ផ្លូវការ និង​បង្កើត​គណៈរដ្ឋមន្ត្រី​ថ្មី។

ការសន្យា ដែល​លោក អានុទីន បាន​លើកឡើង​ជាពិសេស​នោះ គឺ​ការ​បន្ត​បិទ​ព្រំដែន ជាមួយ​កម្ពុជា ការ​សាងសង់​កំពែង​តាម​បណ្ដោយ​ព្រំដែន ដែល​នៅ​ជាប់​នឹង​កម្ពុជា និង​ការលុបចោល អនុស្សរណៈ នៃ​ការ​យោគយល់​គ្នា ឆ្នាំ​២០០១ ស្ដីពី​ការ​អភិវឌ្ឍ​រួមគ្នា​នៅ​លើ​ដែនសមុទ្រ​ជាមួយ​កម្ពុជា​។ លោក អានុទីន អះអាង​ថា ផែនការ​ទាំងនេះ ធ្វើឡើង​គឺ​ដើម្បី​ការពារ​ផលប្រយោជន៍​ដ៏​លើសលប់ របស់​ប្រទេស​ថៃ និង​ជា​ការ​បំពេញ​តាម​បំណងប្រាថ្នា​របស់​ប្រជាពលរដ្ឋ​ថៃ ដែល​បាន​បោះឆ្នោត​ឱ្យ​គណបក្ស​ភូមិ​ចៃ​ថៃ របស់​លោក។

ក្រៅ​ពី​នេះ លោក អានុទីន បាន​ប្ដេជ្ញា​នាំ​ប្រទេស​ថៃ​ត្រឡប់​មក​លើ​ឆាក​អន្តរជាតិ​វិញ ដោយ​កិត្តិយស និង​សេចក្ដីថ្លៃថ្នូរ និង​មិន​ឱ្យ​ប្រទេស​ណាមួយ មក​គំរាមកំហែង​ដល់​ប្រជាពលរដ្ឋ​ថៃ​ទៀត​នោះ​ឡើយ ទោះបីជា​ពេលនេះ យោធា​ថៃ​កំពុងតែ​ធ្វើ​សកម្មភាព​ឈ្លានពាន​មក​លើ​កម្ពុជា គ្មាន​លស់​ថ្ងៃ​ក៏ដោយ។

ជុំវិញ​រឿង​នេះ ប្រធាន​ក្រុមប្រឹក្សាឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត លើកឡើង​ថា ការ​លើកឡើង​របស់​លោក អានុទីន ហាក់​បង្ហាញ​អំពី​បំណង ពង្រីក​ការឈ្លានពាន​មក​លើ​កម្ពុជា ដែល​ធ្វើ​ឱ្យ​ការចរចា​ជម្លោះព្រំដែន កាន់តែ​ស្មុគស្មាញ និង​ពិបាក​។ លោក​បន្ត​ថា ស្ថិត​ក្នុង​ស្ថានភាព​គំរាមកំហែង​បែបនេះ រដ្ឋាភិបាល​កម្ពុជា ត្រូវតែ​ប្រើប្រាស់​នូវ​យន្តការ​ច្បាប់​អន្តរជាតិ ដើម្បី​បង្ការ​សង្គ្រាម​ឈ្លានពាន​ដោយ​អាវុធ ពី​សំណាក់​យោធា​ថៃ មក​លើ​កម្ពុជា ជា​លើក​ទី​៣ បន្ត​ទៀត។

លោក ម៉ែន ណាត៖ «​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ត្រូវ​គិតគូរ​ឡើងវិញ មិន​អាច​ចរចា​ទ្វេភាគី ងាប់ក្រឡា​អ៊ីចឹង​នោះ​ទេ​។ បើ​ធ្វើ​អ៊ីចឹង ទោះ​១០០​ឆ្នាំ ឬ​២០០​ឆ្នាំ​ទៀត ក៏​មិនអាច​រក​យុត្តិធម៌​ឱ្យ​កម្ពុជា បាន​នោះ​ដែរ​។ រឿង​ហ្នឹង ដូច​នូវ​អ្វី​ដែល​លោក ហ៊ុន សែន ធ្លាប់​បាន​លើកឡើង​កាលពីមុន​ផ្ទុះ​សង្គ្រាម​កន្លងទៅ​ហ្នឹង ថា រឿង​ហ្នឹង​ត្រូវ​ប្ដឹង​ទៅ​តុលាការអន្តរជាតិ»។

នេះ​មិនមែន​ជា​លើក​ទី​១ នោះ​ទេ ដែល​លោក អានុទីន ជា​អ្នកនយោបាយ​អភិរក្សនិយម​របស់​ថៃ បាន​ថ្លែង​សារ​នយោបាយ ដែល​ជា​ការ​គំរាមកំហែង​មក​លើ​បូរណភាព​ទឹកដី​កម្ពុជា​។ ក្នុង​នោះ លោក​បាន​លើកយក រឿង​សាងសង់​កំពែង​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា ដើម្បី​ឃោសនា​រក​ប្រជាប្រិយភាព ទោះបីជា ការសាងសង់​របង​តាម​ព្រំដែន ដោយ​ឯកតោភាគី គឺជា​រឿង​ខុសច្បាប់ និង​បំពាន​ទៅលើ​បូរណភាព​ទឹកដី​របស់​ប្រទេស​ដទៃទៀត​ក៏ដោយ។

ទន្ទឹមគ្នា​នេះ លោក អានុទីន បាន​ប្រកាស​ជាច្រើន​ដង អំពី​ផែនការ​លុបចោល​អនុស្សរណៈ​យោគយល់​គ្នា ជាមួយ​កម្ពុជា ឆ្នាំ​២០០១ ស្ដីពី​ការ​អភិវឌ្ឍ​រួមគ្នា​នៅក្នុង​តំបន់​ដែនសមុទ្រ ដែល​គេ​អះអាង​ថា «​ត្រួតស៊ីគ្នា​» និង​ការ​កែប្រែ​លក្ខខណ្ឌ​ក្នុង​អនុស្សរណៈ​ឆ្នាំ ២០០០ ស្ដីពី​ការ​បោះបង្គោល​ព្រំដែន​គោក ជាមួយ​កម្ពុជា​ទៀត​ផង។

លោក ម៉ែន ណាត លើកឡើង​ថា បន្ទាប់ពី​លុបចោល​អនុស្សរណៈ​យោគយល់​គ្នា ឆ្នាំ​២០០១ ជាមួយ​កម្ពុជា ថៃ​នឹង​បើក​ការឈ្លានពាន​ក្នុង​ដែនសមុទ្រ​របស់​កម្ពុជា ដោយ​ភាគី​ថៃ អាច​នឹង​ប្រើប្រាស់​កិច្ចព្រមព្រៀង ស្ដីពី​តំបន់​ទឹក​ប្រវត្តិសាស្ត្រ ដែល​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​ព្រមព្រៀងគ្នា ជាមួយ​ប្រទេស​វៀតណាម ដោយ​ខុសច្បាប់ កាលពី​ឆ្នាំ​១៩៨២ ធ្វើជា​លេស​។ លោក​បន្ត​ថា វៀតណាម និង​ថៃ បាន​យក​កិច្ចព្រមព្រៀង​ឆ្នាំ​១៩៨២ នេះ ទៅ​កំណត់​ដែនសមុទ្រ​ជាមួយគ្នា កាលពី​ឆ្នាំ​១៩៩៧ ដែល​ធ្វើ​ឱ្យ​កម្ពុជា ប្រឈម​នឹង​ការបាត់បង់​ដែនសមុទ្រ ចំនួន ៦​ម៉ឺន​គីឡូ​ម៉ែត្រការ៉េ។

ពាក់ព័ន្ធ​នឹង​វិវាទ​ព្រំដែន​រវាង​កម្ពុជា​-​ថៃ នេះ​ដែរ នៅ​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន​នេះ យោធា​ថៃ បាន​ធ្វើ​សកម្មភាព​ឈ្លានពាន​ចូលក្នុង​ទឹកដី​កម្ពុជា ជាច្រើន​ទីតាំង។ ក្នុង​នោះ នៅ​តំបន់​ភូមិ​ជោគជ័យ ទាហាន​ថៃ​បាន​បន្តសកម្មភាព​ប្រើ​គ្រឿងចក្រ​កាយ​ប្រឡាយ​ធំៗ និង​រាយ​បន្លា​លួស ទោះបីជា​មានការ​រារាំង​ពី​ទាហាន​ខ្មែរ​ក៏ដោយ។

ចំណែក​នៅ​តំបន់​អូរ​ស្មាច់ ទាហាន​ថៃ បាន​កាយ​ប្រឡាយ និង​រាយ​បន្លា​លួស ព័ទ្ធ​យក​ដីធ្លី និង​ភូមិ​ម្ករ របស់​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ទីតាំង និង​បាន​កម្ទេច​ផ្ទះសម្បែង វត្ត​អារាម នៅក្នុង​តំបន់​នោះ​ទៀត​ផង​។ រីឯ​តំបន់​ថ្មដា ទាហាន​ថៃ​បាន​រាយ​បន្លា​លួស​ដាក់​ពីលើ​ទូ កុងតឺន័រ បន្ថែម​មួយ​ជាន់​ទៀត។

ដោយឡែក នៅ​ឯ​តំបន់​ប្រាសាទ​តាមានធំ ប្រាសាទ​តា​ក្របី ប្រាសាទខ្នា និង​តំបន់​ថ្មដា ហាក់​មាន​ភាព​តានតឹង​ជាង​មុន ដោយសារ​មាន​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​នៅក្នុង​តំបន់​ទាហាន​ខ្មែរ​ឈរជើង លាយឡំ​ជាមួយ​សំឡេង​គ្រាប់​ផ្ទុះ​មួយចំនួន​។ ភាគី​ថៃ​បាន​ចោទ​ថា ទាហាន​ខ្មែរ​ជា​អ្នក​ដុត​ព្រៃ ដើម្បី​ចល័ត​ទ័ព និង​អាវុធ ក៏ប៉ុន្តែ ក្រោយមក​ទាហាន​ភូមិភាគ​២ របស់​ថៃ បាន​ចេញ​មក​បញ្ជាក់​ថា សំឡេង​ផ្ទុះ​ទាំងនេះ គឺ​បណ្ដាលមកពី​ការ​ផ្ទុះ​គ្រាប់កាំភ្លើង ដែល​បន្សល់ទុក​ពី​សង្គ្រាម​តាម​ព្រំដែន ២១​ថ្ងៃ។

ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក អ៊ុំ សំអាន បាន​អះអាង​ថា គិត​មក​ដល់​ពេល​នេះ ទីតាំង​របស់​កម្ពុជា ដែល​ត្រូវ​ទាហាន​ថៃ ចូល​ឈ្លានពាន និង​កំពុង​កាន់កាប់ មាន​ចំនួន​កើន​ដល់ ៤៥​ទីតាំង​ហើយ​។ លោក​អះអាង​ទៀត​ថា តំបន់​ដែល​ទាហាន​ខ្មែរ​កំពុង​គ្រប់គ្រង និង​មិន​បាត់បង់​ដោយសារ​សង្គ្រាម មាន​ចំនួន ១៣​ទីតាំង រួមមាន ប្រាសាទព្រះវិហារ ភ្នំ​ខ្មោច ភ្នំ​៣៣០ ៥​មករា វាល​ឥន្ទ្រីយ៍ ភ្នំតាង៉ោល បង្គោល​៨ មុំ​បី ព្រលាន​ថ្ម សំបុក​ឃ្មុំ តំបន់​៧៥ ភ្នំ​៣៣៣ និង​ភ្នំ​៣៩៨ ជាដើម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ