ថៃ​បដិសេធ​លិខិត​តវ៉ា​របស់​កម្ពុជា​រឿង​កងទ័ព​ថៃ ដឹកនាំ​ក្រុម​អ្នក​អង្កេត​បរទេស​ទៅ​ទស្សនកិច្ច​នៅ​កាស៊ីណូ​អូរស្មាច់

0
19
ទិដ្ឋភាពច្រកព្រំដែនអន្តរជាតិ​អូរស្មាច់ ខេត្ត​ឧត្ដរមានជ័យ។ រូប៖ ទទក
ទិដ្ឋភាពច្រកព្រំដែនអន្តរជាតិ​អូរស្មាច់ ខេត្ត​ឧត្ដរមានជ័យ។ រូប៖ ទទក

កងទ័ព​ថៃ​បាន​បដិសេធ​លើ​លិខិត​ជំទាស់​របស់​កម្ពុជា ដែល​តវ៉ា​លើ​ករណី​កងទ័ព​ថៃ​បាន​ដឹកនាំ​ក្រុម​អ្នក​អង្កេត​ការណ៍​បរទេស និង​មន្ត្រី​អនុវត្ត​ច្បាប់​ទៅ​ទស្សនកិច្ច​ត្រួត​ពិនិត្យ នៅ​អគារ​កាស៊ីណូ​អូរស្មាច់ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ភាគី​កម្ពុជា។ កងទ័ព​ថៃ​បាន​លើកឡើង​ថា កម្ពុជា​គួរតែ​ផ្ទៀងផ្ទាត់​ព័ត៌មាន​ឱ្យ​បាន​ហ្មត់ចត់ ដើម្បី​បញ្ចៀស​នូវ​ជម្លោះ​ដែល​មិន​ចាំបាច់​នៅក្នុង​តំបន់​មាន​ជម្លោះ។

កងទ័ពជើងគោក​ថៃ បាន​អះអាង​ថា តំបន់​ដែល​កម្ពុជា​ដាក់​លិខិតតវ៉ា​នោះ​គឺ​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង និង​ដាក់​ពង្រាយ​កម្លាំង​របស់​កងទ័ព​ថៃ ក្រោយ​ការ​ផ្អាក​ការ​ប្រយុទ្ធគ្នា​តាម​ព្រំដែន​កាល​ពី​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ ២០២៥ ដោយ​ស្រប​ទៅ​តាម​សេចក្តី​ថ្លែងការណ៍​រួម នៅ​ក្នុង​សម័យ​ប្រជុំ​ពិសេស​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) រវាង​ថៃ និង​កម្ពុជា។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នកនាំពាក្យ​កងទ័ពជើងគោក​ថៃ លោក វីនថៃ ស៊ូវារី (Winthai Suvari) កាលពី​ល្ងាច​ថ្ងៃទី​៤ ខែកុម្ភៈ។

កងទ័ព​ថៃ​អះអាង​ថា ការគ្រប់គ្រង និង​ប្រតិបត្តិការ​របស់​ថៃ នៅក្នុង​តំបន់​អូរស្មាច់ មិន​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​អន្តរជាតិ​ណាមួយ​ឡើយ ព្រោះ​ក្នុង​សេចក្ដីថ្លែងការណ៍​រួម នៅ​ត្រង់​ចំណុច​ទី​២ បាន​ចែងថា ភាគី​ទាំងពីរ​យល់ព្រម​រក្សា​ការ​ដាក់​ពង្រាយ​កងទ័ព​នៅ​លើ​ទីតាំង​ឈរជើង​បច្ចុប្បន្ន ដោយ​គ្មាន​ការ​ចល័ត​ទ័ព​បន្ថែម ឬ​ដើរ​ល្បាត​ចូលក្នុង​ទីតាំង​របស់​ភាគី​ម្ខាង​ទៀត​នោះ​ឡើយ។

ទាក់ទង​នឹង​ការ​រកឃើញ​ទីតាំង​ប្រតិបត្តិការ​ឆបោក​វិញ យោធា​ថៃ​បាន​អះអាង​ថា ករណីនេះ​បាន​កើត​ឡើង បន្ទាប់ពី​ទាហាន​ថៃ​បាន​ចូល​គ្រប់គ្រង​អាគារ​កាស៊ីណូ​អូរស្មាច់ ដោយ​យោធា​ថៃ​ចោទ​ថា ជាទី​តាំង​ឈរជើង​របស់​កងទ័ព​ខ្មែរ និង​បាន​បើក​ការ​ត្រួតពិនិត្យ នៅក្នុង​ទីតាំង​នោះ ហើយ​យោធា​ថៃ ក៏បាន​រក​ឃើញ​ភស្តុតាង​ទាក់ទង​នឹង​សកម្មភាព​ឆបោក​ឆ្លងដែន​នេះ​តែម្ដង។

យោធា​ថៃ​បាន​អះអាង​ទៀត​ថា អាជ្ញាធរ​ជំនាញ​របស់​ពួកគេ បាន​ស៊ើបអង្កេត​ករណីនេះ គឺ​ស្រប​ទៅ​តាម​ចំណុច​ទី​១០ នៃ​សេចក្ដីថ្លែងការណ៍​រួម ដែល​ចែងថា ភាគី​ទាំងពីរ​យល់ព្រម​អនុវត្ត​កិច្ច​សហប្រតិបត្តិការ​ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆបោក​ឆ្លងដែន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​ការ​ជួញដូរ​មនុស្ស។

ទាក់ទង​នឹង​ការ​លើកឡើង​របស់​កម្ពុ​ជា ចំពោះ​ប្រតិភូ​អនុព័ន្ធយោធា​បរទេស​ប្រចាំ​ប្រទេស​ថៃ ទៅ​ទស្សនកិច្ច​ត្រួតពិនិត្យ​នៅ​អាគារ​កាស៊ីណូ​អូ​ស្មាច់​នោះ យោធា​ថៃ​បាន​អះអាង​ថា គណៈប្រតិភូ​បរទេស​ទាំងនេះ គ្រាន់តែ​បាន​ធ្វើ​ដំណើរ​ទៅកាន់​តំបន់​ព្រំដែន ដើម្បី​តាមដាន​ស្ថានការណ៍​តាម​បណ្ដោយ​ព្រំដែន ទៅតាម​នីតិវិធី ដោយ​ពួកគេ​មិនបាន​ចូល​ទៅ​ក្នុង​តំបន់​ណាមួយ ដែល​គ្រប់គ្រង​ដោយ​ទាហាន​ថៃ រួម​ទាំង​តំបន់​អូរស្មាច់ នោះ​ឡើយ។

ការ​ថ្លែង​របស់​មន្ត្រី​យោធា​ថៃ​រូប​នេះ​ធ្វើឡើង​បន្ទាប់ពី ក្រសួងការបរទេស​កម្ពុជា កាលពី​ថ្ងៃទី​៣ ខែកុម្ភៈ បាន​ចេញ​លិខិតតវ៉ា ប្រឆាំង​នឹង​ទស្សនកិច្ច​ត្រួតពិនិត្យ​ទីតាំង ដោយ​គ្មាន​ការអនុញ្ញាត​របស់​អនុព័ន្ធយោធា​បរទេស​មួយ​ក្រុម និង​មន្ត្រី​អនុវត្ត​ច្បាប់ ដែល​ដឹកនាំ​ដោយ​កងទ័ព​ថៃ នៅ​សណ្ឋាគារ​ពីរ​កន្លែង នៅ​ច្រក​អូរ​ស្មាច់ ខេត្ត​ឧត្តរមានជ័យ។ ក្រសួង​ការបរទេស​កម្ពុជា ចាត់ទុក​ការ​ធ្វើ​ទស្សនកិច្ច​ពិនិត្យ​ទីតាំង​នេះ ជា​ការ​រំលោភ​លើ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា ដោយ​គ្មាន​ការយល់ព្រម​ពី​រដ្ឋាភិបាល​កម្ពុជា។

អគារ​ក្នុង​តំបន់​កាស៊ីណូ​អូរស្មាច់ ដែល​យោធា​ថៃ​ចុះទៅ​ត្រួតពិនិត្យ​នោះ គឺជា​កម្ម​សិទ្ធ​របស់ លោក លី យ៉ុងផាត់ ដែល​ជា​សមាជិក​ព្រឹទ្ធសភា មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន​។ អាជ្ញាធរ​ថៃ​រក​ឃើញ​ថា អគារ​ទាំងនេះ គឺជា​រោងចក្រ​ឧស្សាហកម្ម​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដ៏​ធំ ដែល​មាន​ការរៀបចំ​ជា​ប្រព័ន្ធ និង​គម្រោង​ផែនការ​ច្បាស់លាស់ ដើម្បី​ប្រតិបត្តិការ​បោកប្រាស់​ជន​រងគ្រោះ​នៅ​ជុំវិញ​ពិភពលោក។

យោធា​ថៃ បាន​អះអាង​ថា កន្លង​មក​អាជ្ញាធរ​ថៃ ធ្លាប់​បាន​ជូនដំណឹង​ទៅកាន់​ភាគី​កម្ពុជា ដើម្បី​រួមគ្នា​ពង្រីក​ការស៊ើបអង្កេត និង​បង្ក្រាប​បណ្ដាញ​ឧក្រិដ្ឋជន​ឆបោក​នេះ​ដែរ ក៏ប៉ុន្តែ​ភាគី​កម្ពុជា​នៅតែ​ព្រងើយកន្តើយ ឬ​និង​មិនបាន​ឆ្លើយតប​ទៅ​នឹង​សំណើ​នេះ​ឡើយ។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​រដ្ឋ​លេខាធិការ​ប្រចាំ​ក្រសួងការបរទេស អ្នកស្រី អ៊ាត សោភា និង​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​ការ​ជួញដូរ​មនុស្ស​អ្នកស្រី ជូ ប៊ុនអេង ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​៥ ខែកុម្ភៈ។

ជុំវិញ​រឿង​នេះ ប្រធាន​អ្នកឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់ឃើញ​ថា យោធា​ថៃ បាន​អនុវត្ត​តួនាទី​លើស​ពី​សេចក្ដីថ្លែងការណ៍​រួម ដែល​តម្រូវ​ឱ្យ​ភាគី​ទាំងសងខាង ឈរជើង​នៅ​លើ​ទីតាំង​បច្ចុប្បន្ន ជា​បណ្ដោះអាសន្ន ដើម្បី​រង់ចាំ​ការ​ដោះស្រាយ។

លោក ម៉ែន ណាត​៖ «​នៅពេល​កម្ពុជា និង​ថៃ​កំពុង​មាន​ជម្លោះ​ជាមួយគ្នា ជាពិសេស​ថៃ​កំពុង​ឈ្លានពាន​កម្ពុជា​ហ្នឹង ក្នុង​ផ្លូវ​ទូត គឺ​គេ​ត្រូវ​ជូនដំណឹង​ឱ្យ​គ្នា​ដឹង​មុន រួច​គេ​ធ្វើការ​រួមគ្នា។ ដល់​តែ​ពេល​ថៃ​គាត់​ធ្វើជា​ឯកតោភាគី​ហើយ គាត់​ចាំ​បកស្រាយ​យក​ហេតុ​យក​ផល​សមរម្យ។ អ៊ីចឹង​បើ​និយាយ​ពី​ការទូត ធ្វើ​ឱ្យ​លំអៀង​ផ្នែក​ការទូត»។

ទោះជា​យ៉ាងណា លោក ម៉ែន ណាត យល់​ថា បើ​ជ្រុល​ជា​មាន​ការស៊ើបអង្កេត​ទៅ​ហើយ​នោះ កម្ពុជា​គួរតែ​ចូលរួម​សហការ​ជាមួយ​ថៃ ដោយ​បញ្ជូន​ខ្លួន​លោក លី យ៉ុងផាត់ ដែល​ជា​ម្ចាស់​អគារ​ឱ្យមក​ទទួលខុសត្រូវ ដើម្បី​កុំឱ្យ​ភាគី​ថៃ បន្ត​យក​ករណី​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​ឆ្លងដែន​នេះ ធ្វើជា​លេស​មក​វាយប្រហារ​កម្ពុជា​បន្ត​ទៀត។

ពាក់ព័ន្ធ​នឹង​ភាព​តានតឹង​នៅ​តំបន់​ព្រំដែន​នេះ​ដែរ កងទ័ព​ភូមិភាគ​២ របស់​ថៃ បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ នៅ​ថ្ងៃ​នេះ ដោយ​អះអាង​ថា កាលពី​ម៉ោង ១០​ព្រឹក មាន​ករណី​ផ្លោង​គ្រាប់បែកដៃ​ទំហំ ៤០​មី​លី​ម៉ែត្រ​មួយ​គ្រាប់ ដែល​គេ​ចោ​ទថា បាញ់​ចេញពី​មូលដ្ឋាន​របស់​កងទ័ព​ខ្មែរ ចូល​ទៅ​ក្បែរ​មូលដ្ឋាន​ប្រតិបត្តិការ​របស់​យោធា​ថៃ នៅ​តំបន់​ចុងបូក ជាប់​នឹង​ខេត្ត​ស៊ីសាកេត​របស់​ថៃ។ ភាគី​ថៃ​អះអាង​ថា បន្ទាប់ពី​ហេតុការណ៍​នេះ មេបញ្ជាការ​របស់​កម្ពុជា បាន​បញ្ជាក់​មកកាន់​ភាគី​ថៃ ថា​កើតឡើង​ដោយសារ​ឧបទ្ទវហេតុ និង​បាន​ធ្វើ​ការ​សម្របសម្រួល​គ្នា។

ទោះជា​យ៉ាងណា ក្រសួងការពារជាតិ​កម្ពុជា បាន​ចេញ​សេចក្ដីថ្លែងការណ៍ ដោយ​បដិសេធ​ថា គ្មាន​ករណីនេះ កើត​ឡើង​នោះ​ឡើយ។

ចំណែក​នៅ​តាម​តំបន់​ព្រំដែន​មួយចំនួន ដូចជា​នៅ​ខេត្តព្រះវិហារ បន្ទាយមានជ័យ និង​ឧត្តរមានជ័យ វិញ ទាហាន​ភាគី​ទាំង​២ បាន​បន្ត​ដើរ​ល្បាត​ដោយ​ប្រុងប្រយ័ត្ន​រៀងៗ​ខ្លួន និង​មិន​សូវ​មាន​ការ​ប៉ះទង្គិច​ពាក្យសម្ដី​គ្នា​ទៀត​នោះ​ឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ