

កងទ័ពភូមិភាគ២របស់ថៃ បានបើកការវាយប្រហារដោយបំផ្លាញដងស្ទូច នៅប្រាសាទព្រះវិហារ ដែលឧបត្ថម្ភដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។
កងទ័ពភូមិភាគ២ បានរាយការណ៍ថា នៅរសៀល ថ្ងៃទី១០ ខែធ្នូ នេះ កងទ័ពថៃបានបាញ់កម្ទេចដងស្ទូចមួយ ដែលមានទីតាំងនៅលើផ្លូវចូលទៅកាន់ប្រាសាទព្រះវិហារ ដោយយោធាថៃចោទថា កងទ័ពខ្មែរបានប្រើគ្រឿងស្ទូចនេះ ដើម្បីដំឡើងឧបករណ៍រំខាន និងប្រឆាំងរលកសញ្ញាយន្តហោះគ្មានមនុស្សបើក ឬដ្រូនពិឃាដ និងប្រព័ន្ធកាមេរ៉ាអង្កេត (CCTV) របស់ក្រុមទាហានថៃ ដែលសញ្ញារ៉ាដាទាំងនេះ បានឆ្លងកាត់ក្នុងតំបន់ប្រាសាទព្រះវិហារ។
ទោះជាយ៉ាងណា បន្ទាប់ពីវាយប្រហារដងស្ទូចនេះរួច យោធាថៃ បានផ្លោងកាំភ្លើងធំ និងបញ្ជាដ្រូនពិឃាដ មកវាយប្រហារនៅក្បែរតំបន់ប្រាសាទព្រះវិហារ និងទីតាំងមួយចំនួនទៀត។
ក្នុងព្រឹត្តិការណ៍ប្រយុទ្ធគ្នានៅតាមបណ្ដោយព្រំដែនកម្ពុជា ថៃ ទាំង២លើក យោធាថៃ បានវាយប្រហារមកលើប្រាសាទបុរាណខ្មែរបណ្ដាលឱ្យមានការខូចខាតធ្ងន់ធ្ងរ មានដូចជា ប្រាសាទតាក្របី ប្រាសាទព្រះវិហារ និងអគារបំពេញការងារអភិរក្សក្រោមកិច្ចសហការកម្ពុជា-ឥណ្ឌា នាទីតាំងប្រាសាទទៀតផង។
ចំពោះគម្រោងអភិរក្ស និងជួសជុលជណ្តើរបុរាណខាងជើងប្រាសាទព្រះវិហារ ទទួលបានថវិកាឧបត្ថម្ភពីមូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកដើម្បីអភិរក្សបេតិកភណ្ឌវប្បធម៌ ក្នុងដំណាក់កាលទី៤ ពីឆ្នាំ២០២២ ដល់២០២៤។
ពាក់ព័ន្ធរឿងនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈរបស់កម្ពុជា បានស្នើសុំកិច្ចអន្តរាគមន៍ ពីបណ្ដាអង្គការអន្តរជាតិនានា ជាពិសេសអង្គការយូណេស្កូ (UNESCO) ដើម្បីជំរុញឱ្យយោធាថៃបញ្ឈប់សកម្មភាពបំផ្លិចបំផ្លាញប្រាសាទបុរាណរបស់ខ្មែរ ដែលជាសម្បត្តិបេតិកភណ្ឌមរតកមនុស្សជាតិ។









