យោធា​ថៃ បន្ត​ពង្រីក​សមរភូមិ​សង្គ្រាម​ក្នុង​ទឹកដី​កម្ពុជា និង​វាយប្រហារ​ក្នុង​ទីតាំង​ស៊ីវិល បណ្ដាល​ឱ្យ​ពលរដ្ឋ​ស្លាប់ និង​របួស

0
54

យោធា​ថៃ​បាន​ពង្រីក​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​ឈ្លានពាន​ចូល​ទឹកដី​កម្ពុជា​កាន់តែ​ជ្រៅ​ឡើងៗ​នៅ​តាម ទីប្រជុំជន និង​បាញ់​ប្រហារ​មក​លើ​ពលរដ្ឋ​ខ្មែរ បណ្ដាល​ឱ្យ​ស្លាប់ និង​របួស​ជាច្រើន​នាក់។ ការ​វាយប្រហារ​នេះ គឺ​បន្ទាប់ពី​យោធា​ថៃ បាន​ចូលកាន់​កាប់​លេណដ្ឋាន​របស់​យោធា​ខ្មែរ ក្នុង​តំបន់​មួយ​ចំនួន​នៅ​តាម​ព្រំដែន និង​សន្ធប់​បាញ់​ផ្លោង​ចូល​ក្នុង​តំបន់​ទីប្រជុំ​ក្នុង​ក្រុង​ប៉ោយប៉ែត។

ទោះបីជា​ភាគី​កម្ពុជា បាន​ទទូច​ឱ្យ​មាន​ការ​ចរចា និង​អនុវត្ត​តាម​លក្ខខណ្ឌ​នៃ​បទ​ឈប់​បាញ់​ក្ដី ក៏​ក្រុម​យោធា​ថៃ​នៅតែ​បន្ត​វាយប្រហារ​មក​លើ​កម្ពុជា ដោយ​ឆ្លង​ខ្សែ​បន្ទាត់​ព្រំដែន​កាន់តែ​ឆ្ងាយ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ក្នុង​ខេត្ត​ជាប់​ព្រំដែន​ថៃ ភ័យខ្លាច និង​ជួប​ទុក្ខ​លំបាក។

ក្រសួងការពារជាតិ​កម្ពុជា បាន​ចេញ​សេចក្ដីថ្លែងការណ៍ នៅ​ថ្ងៃទី២៤ ខែ​ធ្នូ ថា យោធា​ថៃ​បាន​បើក​ការ​វាយលុក ដោយ​ប្រើប្រាស់​កាំភ្លើងយន្ត ដែល​បំពាក់​លើ​រថក្រោះ និង​រថពាសដែក ចូល​បាញ់​ប្រហារ​មក​លើ​ទីតាំង​ជនស៊ីវិល អាគារ​ពាណិជ្ជកម្ម​ឯកជន និង​ហេដ្ឋារចនាសម្ព័ន្ធ នៅ​ក្នុង​ភូមិសាស្ត្រ​អូរស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ។

ពលរដ្ឋ​នៅ​ច្រក​អូរស្មាច់ បាន​អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ក្នុង​លក្ខខ័ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ថា ការ​វាយប្រហារ​ទាំង​កម្រោល​នេះ បាន​បណ្ដាល​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ រត់​ភៀសខ្លួន​ចោល​ផ្ទះសម្បែង និង​ទ្រព្យសម្បត្តិ ទាំង​មិន​បាន​ត្រៀមខ្លួន​ទុកជាមុន ក្នុង​នោះ មាន​មន្ត្រី​នគរបាល​ម្នាក់ ត្រូវ​យោធា​ថៃ​បាញ់​ប្រហារ​ចំក្បាល ក្នុង​ពេល​ចេញ​ល្បាត និង​ជួយ​ជម្លៀស​ពលរដ្ឋ បណ្ដាល​ឱ្យ​ស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ។

ងាក​មក​ខាង​សមរភូមិ​ខេត្ត​ព្រះវិហារ វិញ យោធា​ថៃ​បាន​បន្ត​បាញ់​កាំភ្លើងធំ​ផ្លោង​ពី​ចម្ងាយ ចូល​ក្នុង​ភូមិសាស្ត្រ​ប្រាសាទ​ព្រះវិហារ តាំងពី​ម៉ោង ១២យប់​រំលង​អាធ្រាត្រ រហូតដល់​មេឃ​ភ្លឺ យោធា​ថៃ​បាន​បន្ត​វាយ​សន្ធប់ ដោយ​បាន​ប្រើប្រាស់​ដ្រូន​អត្តឃាត កាំភ្លើង​ប្រភេទ155 mm កាំជ្រួចហ្វូងDTI 1G រថយន្ត​បំពាក់​កាំភ្លើង​ចល័ត DK 106 និង​ផ្សែង​ពុល ចូល​ក្នុង​ភូមិសាស្ត្រ​ប្រាសាទ ព្រះវិហារ នៅ​តំបន់​ចាន់ក្រហម ភ្នំខ្មោច តាថាវ គោលប្រាំបី ភ្នំត្រងោល វាលឥន្ទ្រី និង​បន្ត​បាញ់​ផ្លោង​កាំភ្លើងធំ ចូល​ក្នុង​តំបន់​ប្រាសាទ​តាមាន់ធំ ផង​ដែរ។

ដោយឡែក​នៅ​ឯ​ខេត្ត​បន្ទាយមានជ័យ វិញ កម្លាំង​ថ្មើរជើង​របស់​យោធា​ថៃ អម​ដោយ​រថពាសដែក បាន​សម្រុក​ចូល​វាយលុក​ក្នុង​ភូមិសាស្ត្រ​ភូមិ​ជោគជ័យ និង​បឹងត្រកួន ខណៈ​មួយ​ផ្លូវ​ទៀត យោធា​ថៃ​បាន​បាញ់​ផ្លោង​ចំនួន ២គ្រាប់​ចូល​ក្នុង​ភូមិសាស្ត្រ​ក្រុង​ប៉ោយប៉ែត ដោយ​ចំនួន ១គ្រាប់​ធ្លាក់​នៅ​ជិត​រង្វង់​មូល​៥៨ និង​១គ្រាប់​ទៀត​ធ្លាក់​នៅ​សង្កាត់​និមិត្ត។ ជាមួយ​គ្នា​នេះ យោធា​ថៃ​បាន​បាញ់​ផ្លោង គ្រាប់​ចូល​តំបន់​ស៊ីវិល​កម្ពុជា ក្នុង​ភូមិ​កូនត្រី ក្បែរ​ផ្លូវជាតិ​លេខ៥ ឃុំ​កូប ស្រុក​អូរជ្រៅ បណ្ដាល​ឱ្យ​ពលរដ្ឋ ចំនួន២នាក់ រង​របួសធ្ងន់ ក្នុង​នោះ​មាន​ម្នាក់​ជា​កុមារ។

ចំណែក​នៅ​លើ​អាកាស​វិញ យោធា​ថៃ​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំងT-50 ទម្លាក់​គ្រាប់បែក​ចង្កោម នៅ​ភូមិសាស្ត្រ​ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ដែល​មាន​ប្រជាជន​ស៊ីវិល​កំពុង​រស់នៅ ខណៈ​នៅ​ខេត្ត​សៀមរាប យន្តហោះ​ចម្បាំង​ថៃ បាន​ទម្លាក់​គ្រាប់បែក​ចំនួន ៤គ្រាប់​ចូល​ភូមិសាស្ត្រ​ស្រុក​ស្រីស្នំ។

នៅ​ឯ​ខេត្ត​បាត់ដំបង វិញ នៅ​ព្រឹក​ថ្ងៃទី២៤ ខែ​ធ្នូ ដដែល​នេះ យោធា​ថៃ​បាន​បាញ់​ផ្លោង​ចំនួន ២៦គ្រាប់ ចូល​ភូមិសាស្ត្រ​ឃុំ​សំពៅលូន ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង ក្នុង​នោះ​ក៏​មាន​គ្រាប់​បាន​ផ្លោង​ចូល​វត្ត​ចាន់ដែង ផង​ដែរ។ ក្រោយមក​យោធា​ថៃ បាន​ពង្រីក​គោលដៅ​វាយប្រហារ​កាន់តែ​ជ្រៅ ដោយ​ប្រើប្រាស់​យន្តហោះ​ចម្បាំង​ប្រភេទ T-50 ទម្លាក់​គ្រាប់បែក​ចំនួន ៤គ្រាប់ ចូល​ក្នុង​ភូមិ​ភ្នំតូច ក្បែរ​ភ្នំសំពៅ ស្ថិត​ក្នុង​ស្រុក​បាណន់ ខេត្ត​បាត់ដំបង ដែល​ទីតាំង​នេះ​គឺជា​រមណីយដ្ឋាន​ទេសចរណ៍ នៅ​កៀក​នឹង​សាលារៀន និង​មាន​ប្រជាជន​កំពុង​រស់នៅ​ច្រើន​កុះករ។

ការ​ទម្លាក់​គ្រាប់បែក​របស់​កងទ័ព​អាកាស​ថៃ​នេះ បាន​ធ្វើ​ឱ្យ​សិស្សសាលា ដែល​មាន​ទាំង​កុមារ​តូចៗ យំ​ស្រែក ផ្អើល​រត់​ប្រសាច និង​ទាញ​កង់ ម៉ូតូ​ជិះ​ភៀសខ្លួន និង​មាន​កុមារ​មួយចំនួន បាន​វង្វេងផ្លូវ និង​យំ​ស្រែក​រក​ឪពុកម្ដាយ ខណៈ​មនុស្ស​ចាស់ បាន​រត់ចោល​ផ្ទះ កន្លែង​ធ្វើការ និង​តូប​លក់ដូរ។ រដ្ឋបាល​ស្រុកបាណន់សម្រេចបិទសាលា៨៣ខ្នងភ្លាមៗ ក្រោយ​យន្តហោះ​ចម្បាំង​ថៃ​ទម្លាក់​គ្រាប់​ចូល​ភូមិសាស្ត្រ​ស្រុក​បាណន់។

នេះ​ជា​លើកទី១​ហើយ ដែល​កងទ័ព​អាកាស​ថៃ ប្រើប្រាស់​យន្តហោះ​ចម្បាំងT-50 ដែល​ជា​ផលិតផល​របស់​កូរ៉េខាងត្បូង មក​ទម្លាក់​គ្រាប់បែក​ឈ្លានពាន​កម្ពុជា។ ក៏ប៉ុន្តែ យោធា​ថៃ​តាមរយៈ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន បាន​អះអាង​ថា ការ​វាយប្រហារ​មក​លើ​ទីតាំង​ស្រុក​បាណន់ នេះ មាន​ទាំង​យន្តហោះ​ចម្បាំងF-16និងT-50។

យ៉ាងណាមិញ មកដល់​ពេល​នេះ ក្រសួងការពារជាតិ មិន​បាន​បញ្ជាក់​ពី​ស្ថានភាព​នៅ​សមរភូមិ​ប្រាសាទ​តាក្របី ច្រក​អានសេះ និង​តំបន់​អូរភ្លុកដំរី ក្នុង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ នោះ​ទេ ដោយ​ក្រសួង​បាន​បង្ហើប​ថា តំបន់​ផ្សេង​ទៀត ដែល​ក្រសួង​មិន​បាន​លើក​យក​មក​បង្ហាញ គឺ​មាន​សភាព​ស្ងប់ស្ងាត់។ ទោះជា​យ៉ាងណា ភាគី​យោធា​ថៃ បាន​អះអាង​ថា ពួកគេ​កំពុង​កាន់កាប់​តំបន់​ទាំងនោះ។

ជុំវិញ​រឿង​នេះ ប្រមុខ​ដឹកនាំ​ស្ថាប័ន អធិបតេយ្យ​ជាតិ ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន យល់ឃើញ​ថា ការ​វាយលុក​របស់​យោធា​ថៃ បាន​រំលង​ផុត​តំបន់​ត្រួតស៊ីគ្នា​ទៅ​ហើយ ដោយ​សង្គ្រាម​លើក​នេះ យោធា​ថៃ​ហាក់​មាន​បំណង​វាយ​កាន់កាប់​ទឹកដី​កម្ពុជា​កាន់តែ​ជ្រៅ តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

គិត​មកដល់​ពេលនេះ សង្គ្រាម​ឈ្លានពាន​របស់​ថៃ មក​លើ​កម្ពុជា បាន​ឈាន​ចូល ១៨ថ្ងៃ​ហើយ ដែល​បង្ខំ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ភៀស​សឹក​មាន​ចំនួន​កើន​ដល់​ជាង ៦សែននាក់ ក្នុង​នោះ​មាន ៨៤ភាគរយ ជា​កុមារ​និង​ស្ត្រី ខណៈ ជនស៊ីវិល​បាន​បាត់បង់​ជីវិត មាន​ចំនួន ២១នាក់ និង​របួស៨៣នាក់។

ទោះជា​បែបនេះ​ក្ដី ក្នុង​សមរភូមិ​ប្រយុទ្ធ​នេះ ក្រុម​យោធា​ថៃ បាន​បង្ហាញ​អារម្មណ៍​សប្បាយរីករាយ នៅ​លើ​បណ្ដាញ​សង្គម​របស់​ពួកគេ ដោយ​មិន​ខ្វល់​ពី​ការ​អំពាវនាវ​របស់​អន្តរជាតិ​នោះ​ឡើយ ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​កំពុង​រង​ទឹកភ្នែក ដោយសារ​ភៀស​សឹក និង​រស់នៅ​ទាំង​លំបាក​វេទនា និង​បាត់បង់​សមាជិក​គ្រួសារ​ជាដើម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ