

មេបញ្ជាការភូមិភាគ១ របស់ថៃបានពង្រឹងកម្លាំងយោធារបស់ខ្លួន នៅតំបន់ព្រំដែនខេត្តស្រះកែវ (Sa Kaeo) ក្នុងពេលដែលស្ថានភាពជម្លោះព្រំដែន រវាងកម្ពុជា និងថៃ នៅតែគ្មានភាពច្បាស់លាស់ ក្រោយពីមានបទឈប់បាញ់។ ការពង្រឹងកម្លាំងតាមព្រំដែននេះ យោធាថៃបានផ្ដោតទៅលើការត្រៀមយុទ្ធសាស្ត្រទប់ទល់ ការវាយប្រហារ និងការចល័តអាវុធធុនធ្ងន់ជាដើម។ ចំណែកនៅខាងកម្ពុជាវិញ ទាហានបន្តឈរជើង និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាងមុន។
ក្រោយពីអនុវត្តបទឈប់បាញ់បានរយៈពេលជាង២ខែ ពេលនេះ យោធាថៃបានចាប់ផ្ដើមបញ្ចេញចង្កូមសាជាថ្មីហើយ។
មេបញ្ជាការកងទ័ពភូមិភាគ១ របស់ថៃ លោក វ.រ៉ាយុត លឿងសុវណ្ណ (Worayot Luangsuwan) បានចុះត្រួតពិនិត្យប្រតិបត្តិការយោធាប្រចាំតំបន់បូព៌ា កាលពីថ្ងៃទី១១ ខែមីនា ដើម្បីតាមដានស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តស្រះកែវ និងរៀបចំយុទ្ធសាស្ត្រ សម្រាប់ការវាយបកកម្រិតខ្ពស់ នៅក្នុងកាលៈទេសៈដែលចាំបាច់។ ក្នុងនោះ មេបញ្ជាការថៃរូបនេះ បានរៀបចំឱ្យមានការហ្វឹកហាត់ពិសេស ឱ្យមានភាពដូចគ្នាទៅនឹងការប្រយុទ្ធនៅលើសមរភូមិជាក់ស្ដែង ដើម្បីបង្កើនសមត្ថភាពដល់កងទ័ពថៃក្នុងការធ្វើសង្គ្រាមពិត រួមជាមួយនឹងការហ្វឹកហាត់ប្រើប្រាស់អាវុធធុនធ្ងន់ ដូចជារថពាសដែក និងយានចម្បាំងជាដើម។
កងទ័ពភូមិភាគ១ របស់ថៃ បានអះអាងថា ការត្រួតពិនិត្យនេះ គឺធ្វើឡើងដើម្បីវាយតម្លៃពីការត្រៀមខ្លួនក្នុងប្រតិបត្តិការយោធា ដែលត្រូវអនុវត្តបន្ទាន់ ដូចជាការពង្រាយកងទ័ពក្នុងតំបន់ប្រតិបត្តិការ និងការធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រជាដើម។ កងទ័ពភូមិភាគ១ របស់ថៃគ្រប់គ្រងតំបន់សរុបចំនួន២៦ខេត្តក្នុងប្រទេសថៃ។ ក្នុងនោះរួមមានភូមិភាគបូព៌ាចំនួន ៣ខេត្តគឺ ខេត្តស្រះកែវ (Sa Kaeo) ចន្ទបុរី (Chanthaburi) និងខេត្តត្រាត (Trat) នៅជាប់ប្រទេសកម្ពុជា ក្នុងខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ និងកោះកុង។
ងាកមកមើលយោធាភូមិភាគ២ របស់ថៃវិញ ក៏មានសកម្មភាពចល័តសព្វាវុធធុនធ្ងន់ទៅកាន់តំបន់ព្រំដែនខេត្តស៊ីសាកេត ជាប់ខេត្តព្រះវិហារ របស់កម្ពុជាផងដែរ។ នេះបើតាមការបង្ហោះវីដេអូ នៅលើបណ្ដាញសង្គមរបស់ទាហានថៃ នាពេលថ្មីៗនេះ។ ការបញ្ជូនអាវុធសង្គ្រាមរបស់យោធាថៃនេះ ធ្វើឡើងបន្ទាប់ពីមានភាពតានតឹងរវាងភាគីទាហានខ្មែរ និងទាហានថៃ នៅតំបន់ជាំតែ ដោយសារទាហានថៃបានធ្វើសកម្មភាពរាយបន្លាលួស និងកាយប្រឡាយចូលក្នុងទឹកដីកម្ពុជា ហើយត្រូវទាហានខ្មែររារាំង។
ខណៈទាហានថៃបង្កើនសាច់ដុំ ទាហានខ្មែរដែលកំពុងឈរជើងនៅតាមព្រំដែនឯនេះវិញ មិនមានការចល័តទ័ព ឬសព្វាវុធអ្វីនោះឡើយ ដោយពួកគាត់អនុវត្តតាមបញ្ជារបស់ថ្នាក់លើតែប៉ុណ្ណោះ។
ទាហានម្នាក់ កំពុងឈរជើងនៅខេត្តបន្ទាយមានជ័យ ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១២ ខែមីនា ថា ស្ថានភាពនៅតាមព្រំដែន មានភាពស្ងប់ស្ងាត់ ដោយទាហានភាគីទាំងពីរ អនុវត្តតាមតួនាទីរៀងៗខ្លួន បន្ទាប់ពីទាហានថៃរាយបន្លាលួស និងតម្រៀបទូកុងតឺន័រ។
ទាហានខ្មែរ៖ «វាចូលក្នុងទឹកដីយើងមែន ប៉ុន្តែវានៅដោយវា យើងនៅដោយយើង។ យើងធ្វើកិច្ចការអ្វីនោះ គឺនៅខាងយើង វានៅខាងវា»។
ចំណែកនៅតាមតំបន់ព្រំដែនផ្សេងទៀតដូចជានៅខេត្តព្រះវិហារ និងឧត្តរមានជ័យ ទាហានខ្មែរបានអះអាងថា ទាហានថៃបានសង់លេណដ្ឋានបេតុងធំៗ និងចល័តរថក្រោះរាល់ថ្ងៃ ខណៈទាហានខ្មែរ បានជីកលេណដ្ឋានតូចៗដោយប្រើប្រាស់ចបកាប់ និងប៉ែល ដែលធ្វើឱ្យមូលដ្ឋានការពាររបស់ទាហានខ្មែរ មានភាពទន់ខ្សោយជាងទីតាំងឈរជើងរបស់ទាហានថៃ។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១២ ខែមីនា។
ជុំវិញរឿងនេះ ប្រធានអ្នកឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញថា ការពង្រឹងកម្លាំងយោធារបស់ថៃ នៅតំបន់ព្រំដែនកម្ពុជានៅពេលនេះ ហាក់មានបំណងពង្រីកការពារឈ្លានពាន និងកាន់កាប់ទឹកដីកម្ពុជា ដែលយោធាថៃដណ្ដើមបានជាអចិន្ត្រៃយ៍។ លោកបន្តថា ស្ថិតក្នុងស្ថានភាពបែបនេះ កម្ពុជាមិនត្រូវរក្សាភាពស្ងប់ស្ងាត់ ដែលជាយុទ្ធសាស្ត្រងាប់ក្រឡាបែបនេះទៀតនោះឡើយ ដោយកម្ពុជាត្រូវប្រើប្រាស់យន្តការច្បាប់អន្តរជាតិ ដើម្បីប្រឆាំងនឹងសកម្មភាពឈ្លានពានរបស់យោធាថៃ មកលើកម្ពុជា។
លោក ម៉ែន ណាត៖ «រដ្ឋាភិបាលកម្ពុជា ហាក់គិតគូររឿងនេះ តិចជាងការគិតគូររឿងអំណាច ដ៏រឹងមាំរបស់ខ្លួនក្នុងជាតិនុះ។ ដូច្នេះហើយបានជាយោធាថៃតែងតែប្រមាថ និងមើលងាយកម្ពុជា ហើយប្រមាថទាំងទាហានខ្មែរដែលនៅជួរមុខ ហើយពង្រីកការឈ្លានពានបានហើយ ប៉ុន្តែខាងកម្ពុជាបែរជាបិទព័ត៌មាន មិនឱ្យផ្សាយជាសាធារណៈ។ មិនគួរធ្វើបែបនេះទៀតនោះទេ»។
ពាក់ព័ន្ធនឹងការពង្រឹងកម្លាំងយោធានេះដែរ មេបញ្ជាការទ័ពអាកាសថៃ លោក ប្រាក់ផាត សនចៃឌី (Praphas Sonjaidee) បានអះអាងកាលពីពេលថ្មីៗនេះថា ក្នុងសង្គ្រាមជាមួយកម្ពុជា ទ័ពអាកាសថៃ មានលទ្ធភាពគ្រប់គ្រងដែនអាកាសរបស់កម្ពុជាទាំងស្រុង ដោយសារតែកម្ពុជា គ្មានយន្តហោះចម្បាំងទំនើប ដូចប្រទេសថៃ សូម្បីតែមួយគ្រឿងនោះឡើយ។
មេទ័ពអាកាសថៃរូបនេះ អះអាងទៀតថា ទោះបីជាទៅថ្ងៃមុខ កម្ពុជាមានយន្តហោះចម្បាំងស៊េរីទំនើបក្ដី ក៏យន្តហោះនោះ ត្រឹមតែជាគ្រោងដែកនៅលើដីប៉ុណ្ណោះដោយទ័ពអាកាសកម្ពុជា មិនអាចយកឈ្នះទ័ពអាកាសថៃបានឡើយ ព្រោះទ័ពអាកាសថៃមានការហ្វឹកហាត់ និងអភិវឌ្ឍប្រព័ន្ធអាវុធ និងបច្ចេកទេសអស់រយៈពេលជាច្រើនឆ្នាំមកហើយ៕








