ថៃ​តវ៉ា​នឹង​កម្ពុជា​​រឿង​សមាជិក​ព្រឹទ្ធសភា​កម្ពុជា​ម្នាក់​សរសេរ​លិខិត​ចំហ​ទៅ​កាន់​​សែស្រឡាយ​មហាក្សត្រ​ថៃ​ករណី​ជម្លោះព្រំដែន

0
111
ប្អូនស្រីព្រះមហាក្សត្រ​ថៃ គឺ​ព្រះអង្គម្ចាស់ក្សត្រី មហាចក្រី សិរិនថន (Maha Chakri Sirindhorn) និង​អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេងមុខ) ចូលរួមពិធីសម្ពោធសាលារៀននៅ​ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃទី១៧ ខែ​ឧសភា ឆ្នាំ​២០០១។ រូប៖ គេហទំព័រ psproject.org
ប្អូនស្រីព្រះមហាក្សត្រ​ថៃ គឺ​ព្រះអង្គម្ចាស់ក្សត្រី មហាចក្រី សិរិនថន (Maha Chakri Sirindhorn) និង​អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេងមុខ) ចូលរួមពិធីសម្ពោធសាលារៀននៅ​ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃទី១៧ ខែ​ឧសភា ឆ្នាំ​២០០១។ រូប៖ គេហទំព័រ psproject.org

ក្រសួង​ការបរទេស​ថៃ​បាន​តវ៉ា​ជា​បន្ទាន់​ទៅ​កាន់​ប្រទេស​កម្ពុជា បន្ទាប់ពី​សមាជិក​ព្រឹទ្ធសភា​កម្ពុជា​ម្នាក់ គឺ​លោក ងី ចន្ទ្រផល បាន​សរសេរ​លិខិត​ចំហ​មួយ ដោយ​ស្នើ​ឱ្យ​ព្រះ​អនុជ ឬ​ប្អូនស្រី​របស់​ព្រះមហាក្សត្រ​ថៃ គឺ​ព្រះអង្គម្ចាស់ក្សត្រី មហាចក្រី សិរិនថន (Maha Chakri Sirindhorn) ឱ្យ​ជួយ​សម្របសម្រួល​ឱ្យ​កម្ពុជា និង​ថៃ​ចរចា​គ្នា​រឿង​ជម្លោះព្រំដែន​ដោយ​សន្តិវិធី។

ក្រោយពី​ស្ងប់ស្ងាត់​អស់​មួយរយៈ ពេល​នេះ​កម្ពុជា​បាន​ទទួល​ការព្រមាន​ពី​ប្រទេស​ថៃ ពាក់ព័ន្ធ​នឹង​ការ​ជ្រៀតជ្រែក​រឿង​ផ្ទៃក្នុង​នយោបាយ​ជា​លើក​ទី​៣​ហើយ។

ក្រសួងការបរទេស​ថៃ បាន​បញ្ជា​ឱ្យ​តវ៉ា​ជាបន្ទាន់ ទៅ​កាន់​ប្រទេស​កម្ពុជា ទាក់ទង​នឹង​ការ​លើកឡើង​របស់​សមាជិក​ព្រឹទ្ធសភា​កម្ពុជា គឺ​លោក ងី ចន្ទ្រផល ដែល​បាន​លើកឡើង​នៅក្នុង​លិខិត​ចំហ​មួយ ដែល​ភាគី​ថៃ​ចោទ​ថា មាន​ខ្លឹមសារ​លើកឡើង​ពី​របប​រាជានិយម​ថៃ ក្នុង​បរិបទ​នៃ​ស្ថានភាព​កម្ពុជា​-​ថៃ កំពុង​មាន​ជម្លោះព្រំដែន និង​បាន​ប្រតិកម្ម​ថា គឺ​ជា​រឿង​មិន​សមរម្យ និង​មិនអាច​ទទួល​យក​បាន។

ការ​តវ៉ា​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​កាសែត ភ្នំពេញ​ប៉ុស្តិ៍ (The Phnom Penh Post) កាលពី​ថ្ងៃទី​១៩ ខែ​មករា បាន​ចុះផ្សាយ​លិខិត​ចំហ​របស់​សមាជិក​ព្រឹទ្ធសភា មកពី​កូតា​គណបក្ស​ប្រជាជន​កម្ពុជា គឺ​លោក ងី ចន្ទ្រផល ស្ដីពី​បញ្ហា​សន្តិភាព បេតិកភណ្ឌ​វប្បធម៌ និង​តម្រូវការ​បន្ទាន់ សម្រាប់​ការ​បន្ធូរបន្ថយ​ភាព​តានតឹង​រវាង​កម្ពុជា និង​ថៃ។

នៅក្នុង​លិខិត​ចំហ​នេះ លោក ងី ចន្ទ្រផល បាន​រម្លឹក​អំពី​ទំនាក់ទំនង​រវាង​ព្រះអង្គម្ចាស់​ក្សត្រី មហាចក្រី សិរិនថន ជាមួយ​កម្ពុជា នៅ​ក្នុង​វិស័យ​សិក្សា​អប់រំ និង​ប្រវត្តិ​នៃ​ការ​ខ្វែង​គំនិត​គ្នា ជុំវិញ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​ថៃ ដែល​បាន​កំណត់​ច្បាស់លាស់ ដោយ​សន្ធិសញ្ញា​បារាំង​-​សៀម​ឆ្នាំ​១៩០៤ និង​ឆ្នាំ​១៩០៧ និង​មាន​ការ​បញ្ជាក់​ជាថ្មី ដោយ​សាលក្រម​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ កាលពី​ឆ្នាំ​១៩៦២ និង​ឆ្នាំ​២០១៣ ដែល​សម្រេច​ឱ្យ​កម្ពុជា​ឈ្នះក្ដី ក្នុង​សំណុំរឿង​ប្រាសាទព្រះវិហារ។

ក្នុង​នោះ​លោក ងី ចន្ទ្រផល ក៏បាន​លើកឡើង​ពី​សង្គ្រាម​នៅ​តាម​ព្រំដែន កាលពី​ចុងឆ្នាំ​២០២៥ និង​ទុក្ខវេទនា​របស់​ប្រជាពលរដ្ឋ ដែល​ភៀស​សឹក ដោយ​លោក​បាន​ស្នើ​ទៅកាន់ អង្គ​ម្ចាស់​ក្សត្រី មហាចក្រី សិរិនថន ឱ្យ​ជួយ​សម្រួល​ដល់​ភាគី​ទាំង​២ បាន​ចរចា​គ្នា​ដោយ​សន្តិវិធី ដើម្បី​បញ្ចប់​ជម្លោះ។

អង្គ​ម្ចាស់ក្សត្រី មហាចក្រី សិរិនថន គឺជា​ព្រះ​អនុជ ឬ​ប្អូនស្រី​បង្កើត​របស់​ស្ដេច មហាវជិរ៉ាឡុងកន​(Maha Vajiralongkorn) ឬ​ស្ដេច​រាមា​ទី​១០ របស់​ថៃ​បច្ចុប្បន្ន។ ម្ចាស់ក្សត្រី​ថៃ​អង្គ​នេះ ធ្លាប់​មាន​ទំនាក់ទំនង​ជិតស្និទ្ធ ជាមួយ​ប្រទេស​កម្ពុជា​ជាងគេ ក្នុង​ចំណោម​បណ្ដា​សមាជិក​រាជវង្ស​ថៃ​ដទៃ​ទៀត។

ទោះជា​យ៉ាងណា អ្នកនាំពាក្យ​ស្ដីទី នៃ​ក្រសួងការបរទេស​ថៃ លោក នីកនដេត ផ្លាំងគួន (Nikorndej Balankura) បាន​ប្រកាស​នៅ​ថ្ងៃទី​២០ ខែ​មករា ដោយ​អះអាង​ថា ការ​យក​សមាជិក​រាជ​វង្ស​ថៃ មក​ពាក់ព័ន្ធ​នឹង​រឿង​បញ្ហា​ព្រំដែន គឺជា​ការ​ជ្រៀតជ្រែក​ម្ដង​ទៀត របស់​កម្ពុជា​ក្នុង​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ថៃ ដែល​ជា​ការរំលោភ​លើ​ក្រមសីលធម៌​ជា​មូលដ្ឋាន​ក្នុង​កិច្ចការ​ទំនាក់ទំនង​រវាង​រដ្ឋ​នឹង​រដ្ឋ ធម្មនុញ្ញ​អាស៊ាន និង​មាត្រា ៦ នៃ​សេចក្ដី​ថ្លែងការណ៍​រួម។

លោក​បន្ត​ថា ទាំង​កម្ពុជា និង​ថៃ សុទ្ធតែ​ជា​ប្រទេស​ប្រជាធិបតេយ្យ ដែល​មាន​របប​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ដូចគ្នា ដូច្នេះ​កម្ពុជា​គួរតែ​ដឹង​ច្បាស់​ថា ការ​ពាក់ព័ន្ធ​នឹង​របប​រាជានិយម ក្នុង​បញ្ហា​ទាក់ទង​នឹង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ គឺជា​រឿង​ដែល​មិន​សមរម្យ​នោះ​ឡើយ។

ប្រទេស​ថៃ​ជំរុញ​ឱ្យ​កម្ពុជា ណែនាំ​មន្ត្រីជាន់ខ្ពស់​ក្នុង​រដ្ឋាភិបាល និង​សភា​កម្ពុជា ឱ្យ​បញ្ឈប់​ការ​ចេញ​សេចក្ដីថ្លែងការណ៍ ឬ​មតិយោបល់​ញុះញង់ និង​បង្ហាញ​ពី​ភាពស្មោះត្រង់ និង​សុច្ឆន្ទៈ​ក្នុង​ការ​គោរព​តាម​សេចក្ដីថ្លែងការណ៍​រួម។ ក្រសួង​ការបរទេស​ថៃ បាន​បញ្ជាក់​ថា ប្រទេស​ថៃ​បាន​ផ្ញើ​លិខិត​តវ៉ា​មួយ​ច្បាប់ ទៅ​កាន់​ភាគី​កម្ពុជា​ទាក់ទង​នឹង​បញ្ហា​នេះ ហើយ​ក៏បាន​ផ្ញើ​លិខិត​តប ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​ផង​ដែរ។

ទូរទស្សន៍​អាស៊ីសេរី មិន​អាច​សុំ​ការ​បកស្រាយ​ពី​សមាជិក​ព្រឹទ្ធសភា លោក ងី ចន្ទ្រផល ជុំវិញ​ប្រតិកម្ម​របស់​ភាគី​ថៃ នេះ​បាន​ទេ នៅ​ថ្ងៃទី​២១ ខែ​មករា ដោយ​លោក​បាន​បដិសេធ​ផ្ដល់​សម្ភាស។

ជុំវិញ​រឿង​នេះ អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី យល់​ឃើញ​ថា បញ្ហា​នេះ​បាន​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ពី​ការប្រើប្រាស់​មនោសញ្ចេតនា​បែប​វប្បធម៌ និង​ពិធីការ បែប​ការទូត​ផ្លូវការ នៅក្នុង​ទំនាក់ទំនង​អន្តរជាតិ។ ទោះជា​យ៉ាងណា លោក​បន្ត​ថា ខ្លឹមសារ​នៅក្នុង​លិខិត​ចំហ​របស់​លោក ងី ចន្ទ្រផល ហាក់​មាន​បំណង​ល្អ ក្នុង​ការ​ស្វែងរក​សន្តិភាព​តាមរយៈ​ឥស្សរជន ដែល​ធ្លាប់​មាន​ទំនាក់ទំនង​ជិត ស្និត​ជាមួយ​កម្ពុជា។ ក៏ប៉ុន្តែ​ការ​ផ្ញើ​លិខិត​ទៅកាន់​សមាជិក​រាជវង្ស​ថៃ ជុំវិញ​បញ្ហា​ព្រំដែន គឺជា​ចំណុច​រសើប​បំផុត​សម្រាប់​ភាគី​ថៃ។

លោក សេង វណ្ណលី៖ «នៅក្នុង​បរិបទ​នយោបាយ​ថៃ រាជវង្ស​គឺជា​ស្ថាប័ន​ដែល​ស្ថិតនៅ​ខ្ពស់​បំផុត និង​មិន​ត្រូវ​យក​មក​ពាក់ព័ន្ធ​រឿង​នយោបាយ ឬ​ជម្លោះព្រំដែន​ឡើយ​។ ហេតុផល​នេះ​ហើយ ទើប​ក្រសួង​ការបរទេស​ថៃ បកស្រាយ​ថា កាយវិការ​នេះ គឺជា​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង និង​ជា​ការ​មិន​ផ្ដល់​តម្លៃ ដល់​វិស័យ​ការទូត​ផ្លូវការ​ដែល​មាន​ស្រាប់»។

លោក សេង វណ្ណលី បន្ត​ទៀត​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ភាគី​កម្ពុជា​គួរតែ​បញ្ជាក់​ថា លិខិត​នេះ គឺជា​ទស្សនៈ​ផ្ទាល់ខ្លួន​របស់​អ្នកនយោបាយ ឬ​ពលរដ្ឋ​ម្នាក់ ក្នុងនាម​ជា​មិត្តភាព ដោយ​មិនមែន​ជា​គោលជំហរ​របស់​រដ្ឋាភិបាល ដែល​ចង់​រំលង​យន្តការ​រដ្ឋបាល​របស់​ភាគី​ថៃ​នោះ​ឡើយ​។ លោក​បញ្ជាក់​ថា ការចរចា​ដោយ​ប្រើប្រាស់​យន្តការ​ការទូត ដោយ​ការ​អត់ធ្មត់ និង​ការ​បកស្រាយ​ដោយ​យន្តការ​ច្បាប់​អន្តរជាតិ គឺជា​ផ្លូវ​ចរចា​ដ៏​រឹងមាំ ដើម្បី​ជៀសវាង​ពី​ការ​ដុត​បញ្ឆេះ នៃ​ចរន្ត​ជាតិនិយម​របស់​ប្រទេស​ទាំងពីរ និង​ធ្វើ​ឱ្យ​កម្ពុជា អាច​រក្សា​មិត្តភាព និង​បូរណភាព​ទឹកដី ដែល​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ស្ថិរភាព​នៅក្នុង​តំបន់។

កន្លងមក​ប្រទេស​ថៃ បាន​ចោទប្រកាន់​កម្ពុជា ថា​បាន​ជ្រៀតជ្រែក​ក្នុង​រឿង​កិច្ចការ​នយោបាយ​របស់​ថៃ ចំនួន​២​ដង​មក​ហើយ ដោយ​លើក​ទី​១ គឺ​បាន​កើតឡើង​ប្រធាន​ដោយសារ​ព្រឹទ្ធសភា លោក ហ៊ុន សែន ធ្វើ​ឱ្យ​បែកធ្លាយ​សំឡេង​សន្ទនា​គ្នា ជាមួយ​អតីត​នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) ពាក់ព័ន្ធ​នឹង​រឿង​ចរចា​បើក​ព្រំដែន​ឡើងវិញ រហូត​អ្នកស្រី​ត្រូវ​តុលាការ​ធម្មនុញ្ញ​ថៃ​ដកហូត​តំណែង និង​ករណី​លោក ហ៊ុន សែន បាន​បរិហារកេរ្តិ៍​អតីត​មេដឹកនាំ​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) ពាក់ព័ន្ធ​នឹង​ការប្រមាថ​ព្រះមហាក្សត្រ​ថៃ រហូត​លោក​ត្រូវ​ជាប់​ពន្ធនាគារ។

អ្នកឃ្លាំមើល​យល់​ឃើញ​ថា ការ​លូកដៃ​កកូរកកាយ​រឿង​នយោបាយ​ថៃ ដែល​កើត​ចេញ​ពី​ទំនាស់​បុគ្គល របស់​លោក ហ៊ុន សែន នេះ គឺជា​ដើមចម ដែល​ធ្វើ​ឱ្យ​ផ្ទុះ​សង្គ្រាម​តាម​ព្រំដែន។

ចំណែក​ការចោទប្រកាន់​លើក​ទី​២ គឺ​កើតឡើង​បន្ទាប់ពី​ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា គឺ​លោក កែវ រ៉េមី លើក​ឡើង​ថា ប្រសិន​បើ​នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចានវីរៈគុល ចាញ់ឆ្នោត នោះ​លទ្ធភាព​នៃ​ការ​ផ្ទុះ​សង្គ្រាម​នៅ​តាម​ព្រំដែន​លើក​ទី​៣ រវាង​កម្ពុជា និង​ថៃ នឹង​ថយ​ចុះ។ អ្នក​នយោបាយ​ថៃ បាន​ចោទ​ថា ករណី​នេះ គឺជា​ល្បិច​របស់​មេដឹកនាំ​កម្ពុជា ថា មានបំណង​សម្អុយ​ប្រជាប្រិយភាព​របស់​គណបក្ស​ប្រឆាំង តាមរយៈ​ការ​ប្រើប្រាស់​ឧបាយកល ឧទ្ទេសនាម ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ថៃ​យល់​ច្រឡំ​ថា គណបក្ស​ទាំងនោះ គឺជា​បក្ខពួក ឬ​ជា​សម្ព័ន្ធមិត្ត​ជាមួយ​មេដឹកនាំ​កម្ពុជា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ