អ្នកវិភាគ​ថា ក្នុង​សង្គ្រាម​ចំនួន​ពីរ​លើក កម្ពុជា​និយាយ​ច្រើន​ជាង​ធ្វើ​ដែល​ផ្ទុយ​ពី​ថៃ

0
41
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (មុខ​គេ) ថ្លែង​ពេល​ចុះ​ជួប​ពលរដ្ឋ​ភៀស​សឹក​នៅ​ខេត្ត​​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី៣១ មករា ២០២៦។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (មុខ​គេ) ថ្លែង​ពេល​ចុះ​ជួប​ពលរដ្ឋ​ភៀស​សឹក​នៅ​ខេត្ត​​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី៣១ មករា ២០២៦។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត

អ្នកវិភាគ​ថា ក្រោយ​ផ្អាក​សង្គ្រាម​ឈ្លានពាន​កម្ពុជា ចំនួន​២​លើក​មក ភាគី​ថៃ​បាន​បង្ហាញ​សកម្មភាព​យ៉ាង​ផុលផុស ក្នុង​ការ​អភិវឌ្ឍ និង​ឈូស​ឆាយ​ផ្ទះ​អ្នកភូមិ ក្រោយពី​ពួកគេ​បាន​វាយ​ដណ្ដើម​ពី​កម្ពុជា ដើម្បី​បង្ហាញ​ពី​មហិច្ឆតា​ក្នុង​ការ​កាន់កាប់​ទឹកដី​ខ្មែរ​ជា​អចិន្ត្រៃយ៍ ខណៈ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដែល​តែង​សន្យា ទាមទារ​ទឹកដី មក​ឱ្យ​ពលរដ្ឋ​វិញ​នោះ ហាក់​ពុំ​សូវ​ឃើញ​មាន សកម្ម​ភាពជា​ដុំកំភួន ដើម្បី​បង្ហាញ​ឱ្យ​សាធារណជន​ជឿ​ទុកចិត្ត​នោះ​ឡើយ។

ប្រជាពលរដ្ឋ​ខ្មែរ ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក បានដឹង​រួច​មក​ហើយ អំពី​អំពើ​ព្រៃផ្សៃ​របស់​យោធា​ថៃ ដែល​បាន​ឈ្លានពាន​កម្ពុជា ដុត​បំផ្លាញ​ផ្ទះ​អ្នកភូមិ ប្លន់​ទ្រព្យសម្បត្តិ និង​ប្រាង្គ​ប្រាសាទបុរាណ​ខ្មែរ​ខណៈ តំបន់​ជាច្រើន​ទៀត​ដែល​យោធា​ថៃ បាន​កាន់កាប់ ក៏​ត្រូវ​បាន​យោធា​ថៃ​ពង្រីក​ជា​កន្លែង​ឈរជើង​របស់​កងទ័ព ដែល​មាន​លេណដ្ឋាន និង​ការ​ដាក់​ពង្រាយ​កុងតឺន័រ បិទ​ជិត​មិន​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចូល​បាន។

អ្នកវិភាគ​ថា ករណី​នេះ​បង្ហាញ​ឱ្យ​ឃើញ​ពី​មហិច្ឆតា របស់​ភាគី​ថៃ ដែល​ធ្លាប់​អះអាង​ថា យោធា​ថៃ មាន​សមត្ថភាព​ក្នុង​វាយ​ដណ្ដើម​ទឹកដី​កម្ពុជា ដើម្បី​ស្អំ​ចិត្ត​ពលរដ្ឋ​ថៃ ឱ្យ​ជឿជាក់​លើ​វិស័យ​យោធា ដូច​ដែល​ពួកគេ​ធ្លាប់​សន្យា។

អ្នកស្រាវជ្រាវ​ការអភិវឌ្ឍន៍​សង្គម បណ្ឌិត មាស នី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​០៤ ខែកុម្ភៈ ថា ក្រោយ​​សង្គ្រាម​ឈ្លានពាន ភាគី​ថៃ​និយាយ​ហើយ គឺ​ធ្វើ​រហូត ពេលខ្លះ​ធ្វើ​សកម្មភាព​ច្រើន ជាង​ការ​និយាយ ដូចជា​ការ​ការ​ឈូស​ឆាយ​ផ្ទះ​ពលរដ្ឋ​ខ្មែរ និង​ការ​សាងសង់ លេណដ្ឋាន​ផ្សេងៗ។ រីឯ​កម្ពុជា លោក​ថា និយាយ​ច្រើន​ជាង​ធ្វើ រហូត​ហាក់​ក្លាយ​ជា​សារ​ប្រជាភិថុតិ។ ទន្ទឹមគ្នា​នោះ​លោក​ថា ភាគី​ថៃ​មាន​ពេល​គិត​រួមគ្នា ទាំង​កងទ័ព រដ្ឋាភិបាល អ្នកនយោបាយ និង​អ្នកវិភាគ ប្រៀប​ដូច​ទៅ​នឹង ក្រុម​អ្នក​អុំទូក ដែល​មាន​អ្នក​ជួយ​ចូក​ជួយ​ចែវ​ច្រើន។ រីឯ កម្ពុជា មិន​មាន​មនុស្ស​ច្រើន ក្នុង​ការ​ជួយ​គិត​គ្នា​នោះ​ទេ ប្រៀប​បាន​ដូច ទូក​ដែល​មាន​ចង្វា​អុំ​តែមួយ។ លោក​ថា ករណីនេះ គឺ​ដោយសារតែ បរិបទ​នយោបាយ​នៅ​ថៃ​ល្អ​ជាង​កម្ពុជា ខណៈ​កម្ពុជា​មាន​ការ​រឹតត្បិត​ផ្នែក​នយោបាយ និង​សេរីភាព​បញ្ចេញមតិ។

បណ្ឌិត មាស នី៖ «ខ្ញុំ​គិតថា​នៅ​ពេល​ដែល​គេ​រៀបចំ​ហើយ​ស្រួលបួល ក្នុង​ពេល​ឆាប់ៗ​គេ​នឹង​បើកផ្លូវ​ឱ្យ​ពលរដ្ឋ​របស់​គេ​បាន​មើល​សមិទ្ធផល ដែល​គេ​ធ្វើ​បាន។ បាន​ន័យ​ថា ទាំង​សមិទ្ធផល អភិវឌ្ឍន៍ និង សមិទ្ធផល ដែល​គេ​កាន់កាប់ យក​បាន​ពី​ខ្មែរ​យើង ។ អ៊ីចឹង​ក្នុង​ស្ថានភាព​នេះ​វា​នឹង ផ្ដល់​ឱ្យ​ថៃ​នូវ​គំនិត​ជាតិ​និយម កាន់តែ​ខ្លាំង​ថែមទៀត ហើយ​នឹង​កាន់​តែ​មាន​កិច្ចសហការ​កាន់តែ​រឹងមាំ​រវាង​យោធា នឹង​ពលរដ្ឋ​ថៃ នា​ពេល​អនាគត»។

ប្រតិកម្ម​នេះ ធ្វើឡើង​ក្រោយពី​មន្ត្រី​យោធា និង​រដ្ឋាភិបាល​ថៃ ធ្លាប់​បាន​អះអាង​ជា​ច្រើនដង ដោយ​ចិញ្ចឹមចិត្ត ឈ្លានពាន​យក​ទឹកដី​ខ្មែរ។ ពួកគេ​បាន​អះអាង​ថា នឹង​វាយ​កម្ទេច​សមត្ថភាព កងទ័ព​កម្ពុជា រហូត​ដល់​សុំ​ចុះចាញ់។

បន្ថែម​ពី​នោះ​ទៀត កាល​ពី​ផ្ទុះអាវុធ ជុំ​ទី​១ អតីត​មេទ័ព​ភូមិភាគ​២ ថៃ លោក ប៊ុនស៊ីន ផាតក្លាង (Boonsin Padklang) ធ្លាប់​បាន​អះអាង​ថា ប្រសិនបើ ថៃ​ផ្ទុះ​សង្គ្រាម ជា​លើក​ទី​២​ជាមួយ​កម្ពុជា នឹង​វាយ​យក​ប្រាសាទ តាក្របី​ឱ្យ​ខាន​តែ​បាន។ នៅ​ពេល​ច្បាំង​ជា​លើក​ទី​២ យោធា​ថៃ មិន​ត្រឹមតែ​វាយ​យក​ប្រាសាទ​តាក្របី​នោះ​ទេ ថែម​ទាំង​យក​ប្រាសាទ​តាមាន់ធំ និង​តំបន់​ជាច្រើន​នៅ​តាម​ព្រំដែន​រហូតដល់​ភូមិ​ស្រុក ដែល​មាន​ជន​ស៊ីវិល​រស់នៅ។

ចំណែក កម្ពុជា​វិញ បាន​ចេញ​លិខិត​ថ្កោលទោស ទៅកាន់​ភាគី​ថៃ ជា​បន្ទាប់​បន្ទប់ ចំពោះ​ទង្វើ​ឈ្លានពាន របស់​ថៃ​មក​លើ​ដែន​អធិបតេយ្យ​កម្ពុជា និង​ការ​បំផ្លិចបំផ្លាញ ផ្ទះសម្បែង​អ្នកភូមិ វត្ត​អារាម និង​ប្រាសាទ បុរាណ​ខ្មែរ​។ ទន្ទឹមគ្នា​នោះ កម្ពុជា​បាន​ចោទ​យោធា​ថៃ​ថា បាន​ប្រព្រឹត្ត​នូវ​អំពើ «​ឧក្រិដ្ឋកម្ម​សង្គ្រាម​» ពាក់ព័ន្ធ ការ​ឈ្លានពាន​ទឹកដី​កម្ពុជា និង​សម្លាប់​ជន​ស៊ីវិល​អស់​ជាច្រើន​នាក់។ ជាមួយគ្នា អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ អ្នកស្រី ម៉ាលី សុជាតិ ធ្លាប់​លើកឡើង​ថា កម្ពុជា​នឹង​ប្ដឹង​ថៃ ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC។ រីឯ លោក ហ៊ុន ម៉ាណែត ក៏​ធ្លាប់​បាន​អះអាង កាល​ពី​ផ្ទុះអាវុធ​លើក​ទី​១ ថា កម្ពុជា​បាន​ប្ដឹង​ថៃ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJហើយ​ដែរ ប៉ុន្តែ ជាក់ស្ដែង ករណី​នេះ​ត្រូវ​បាន​គេ រក​ឃើញ​ថា ជា​ការ ភូត​កុហក។

លោក​ក៏​បាន​សន្យា​ដល់​ពលរដ្ឋ ដែល​បាត់បង់​ដីធ្លី និង​ផ្ទះសម្បែង​ផង​ដែរ កុំឱ្យ​ព្រួយបារម្ភ ព្រោះ​លោក​នឹង ទាមទារ​មក​វិញ តាមរយៈ​ការ​ដោះស្រាយ​តាម​យន្តការ​ទ្វេភាគី និង​កិច្ច​ការទូត ស្រប​ច្បាប់​អន្តរជាតិ ក៏ប៉ុន្តែ ការ​ដោះស្រាយ​នេះ​បាន​បរាជ័យ ជា​ច្រើនដង​រួច​ហើយ។ រីឯ ភាគី​ថៃ​តែងតែ​បដិសេធ មិន​ចង់​ដោះស្រាយ​ជម្លោះ ជាមួយ​កម្ពុជា។ អ្នកឃ្លាំមើល​ថា ប្រសិនបើ​កម្ពុជា​មិន​ប្ដឹង​ថៃ ទៅ​កាន់​តុលាការអន្តរជាតិ កម្ពុជា​គ្មាន​ថ្ងៃ​ទាមទារ​ទឹកដី​បាន​មកវិញ​នោះ​ទេ។

ទូរទស្សន៍​អាស៊ីសេរី ពុំ​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ រដ្ឋាភិបាល លោក ប៉ែន បូណា និង​អ្នកស្រី ម៉ាលី សុជាតា ដើម្បី​ឆ្លើយ​តប ជុំវិញ​រឿង​នេះ បាន​ទេ​នៅ​ថ្ងៃទី៤ ខែ​កុម្ភៈ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣ តុលា លោក គឹម សុខ លើកឡើង​ថា ការ​ដែល​លោក ហ៊ុន ម៉ាណែត និយាយ​ច្រើន​ជាង ធ្វើ​គឺ​ដោយសារតែ លោក​មិនអាច​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ​បាន ដូច្នេះ មានតែ​ការ​និយាយ ដើម្បី​ស្អំ​ចិត្ត និង​បោកប្រាស់​ពលរដ្ឋ។ ទន្ទឹមគ្នា​នោះ លោក​ថា លោក ហ៊ុន ម៉ាណែត ខ្លាច​ការ​គំរាមកំហែង​របស់​ថៃ ព្រោះ​ថា​ថៃ បាន​បង្វែរ​ការឈ្លានពាន​កម្ពុជា​ទៅ​ជា​ការ​បង្ក្រាប បទល្មើស​ឆបោក​អនឡាញ ដែល​ករណី​នេះ គឺ​ជា​ចំណុចខ្សោយ របស់​ត្រកូល​«​ហ៊ុន​» ដែល​កំពុងតែ​ត្រូវ​បាន​គេ​រក​ឃើញ​ថា អ្នក​ជា​ការពារ​ក្រុម​ឧក្រិដ្ឋជន​ឆបោក។ ដូច្នេះ លោក​ថា លោក ហ៊ុន ម៉ាណែត គ្មាន​ជម្រើស​ឡើយ​ក្រៅ​ពី​ថ្នម​ស្ថានការណ៍ កុំឱ្យ​ថៃ​បង្ក​សង្គ្រាម​ម្ដង​ទៀត ព្រោះ​ខ្លាច​ប៉ះពាល់​អំណាច ជា​ជាង​បាត់បង់ ដែន​អធិបតេយ្យ​ជាតិ។

លោក គឹម សុខ៖ «ថៃ​ក៏​ដឹង​ច្បាស់​ថា​អំណាច​ក្រុម​គ្រួសារ​ហ៊ុន វាយ​ផុយ​ស្រួយ​ពេក ដោយសារតែ អំពើ​ផ្ដាច់ការ ពុករលួយ បក្ខពួក​និយម និង​គ្មាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ខ្មែរ ហើយ​ពុំ​ពង្រឹង​កម្លាំង​កងទ័ព​ទៀត​។ ម្ល៉ោះហើយ​ថៃ​ធ្វើ​តាមចិត្ត​។ ធ្វើ​រហូតដល់​ក្រុម​គ្រួសារ​ហ៊ុន ទៅ​លុតជង្គង់​សំពះ​ថៃ ហើយ​សន្យា​ធ្វើ​តាម​ថៃ គ្រប់បែប​យ៉ាង ។ អ្វី ដែល​យើង​ឃើញ​ជា​សាធារណៈ វា​គ្រាន់តែ ជា​សារ​នយោបាយ របស់​ក្រុម​គ្រួសារ​ហ៊ុន ដើម្បី​បន្លំ​ប្រជាពលរដ្ឋ ប៉ុន្តែ​នៅ​ពី​ក្រោយ​គ្រួសារ​ហ៊ុន មិន​ហ៊ាន​អ្វី​ថៃ​នោះ​ទេ»។

អ្នកវិភាគ​ថា ការ​ដោះស្រាយ​បញ្ហា​ព្រំដែន រដ្ឋាភិបាល​កម្ពុជា មិន​គួរ​ភ័យខ្លាច បាត់បង់​អំណាច ជាង​ប្រយោជន៍​ជាតិ​នោះ​ទេ។ ពួកគាត់​ថា កម្ពុជា​គួរតែ​ពន្លឿន​ការ​ប្ដឹង​ថៃ​ទៅ​តុលាការអន្តរជាតិ ហើយ​ត្រូវ​ពង្រីង កិច្ចការ​ទូត​ឱ្យ​សកម្ម និង​ម៉ឺងម៉ាត់​ជាទីបំផុត ព្រោះថា កម្ពុជា​មិន​គួរ​ដើរតួ​ជា​ប្រទេស​ទន់ខ្សោយ​ពេក រហូត​ដល់​ប្រទេសជិត​ខាង ប្រមាថ​មើល​ងាយ សព្វបែប​យ៉ាង តាមតែ​អំពើ​ចិត្ត​បែបនេះ​ឡើយ។ បន្ថែម​ពី​នោះ លោក ហ៊ុន ម៉ាណែត ត្រូវ​ហ៊ាន​ទទួលខុស​ស្គាល់​ភាព «​កម្សោយ» របស់​ខ្លួន ហើយ​ត្រូវ​ចុះ​ចេញ​ពី​អំណាច ព្រោះ​ប្រទេសជាតិ​មួយ​នេះ មិនមែន​ជា កម្មសិទ្ធិ របស់​ត្រកូល «​ហ៊ុន​» នោះ​ឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ