ថៃ​បើក​ដៃ​ឱ្យ​កម្ពុជា​ប្ដឹង​ទៅ​ស្ថាប័ន​ណា​ក៏បាន ដោយ​អះអាង​ថា ថៃ​មិន​បាន​ឈ្លានពាន​កម្ពុជា

0
44
នាយករដ្ឋមន្រ្តីថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) មុនចូលប្រជុំ​​នៅ​វិមាន​រដ្ឋាភិបាល នៅ​ព្រឹក​ថ្ងៃទី១២ ខែ​ធ្នូ ឆ្នាំ​២០២៥។ រូប៖ កាសែត The Standard
នាយករដ្ឋមន្រ្តីថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) មុនចូលប្រជុំ​​នៅ​វិមាន​រដ្ឋាភិបាល នៅ​ព្រឹក​ថ្ងៃទី១២ ខែ​ធ្នូ ឆ្នាំ​២០២៥។ រូប៖ កាសែត The Standard

រដ្ឋមន្ត្រី​ក្រសួងការបរទេស​ថៃ​លើកឡើង​ថា មេដឹកនាំ​កម្ពុជា គួរតែ​ពិចារណា​ឱ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន ថា តើ​ត្រូវ​ប្ដឹង​ប្រទេស​ថៃ​ទៅ​កន្លែង​ណា ដោយ​លោក​អះអាង​ថា ថៃ​មិនបាន​ឈ្លានពាន​កម្ពុជា​ឡើយ​។ ការ​ថ្លែង​របស់​មន្ត្រី​ការបរទេស​ថៃ​នេះ ធ្វើ​ឡើង​បន្ទាប់ពី​សារព័ត៌មាន​របស់​ថៃ បាន​ចុះផ្សាយ​ថា នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ប្រកាស​ប្ដឹង​ថៃ​ទៅ​ស្ថាប័ន​អន្តរជាតិ រឿង​ឈ្លានពាន​ចូល​ទឹកដី​កម្ពុជា​នៅ​តំបន់​ព្រំដែន។

ទោះជា​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​ប្រកាស​ពី​ការប្រើប្រាស់​យន្តការ​ច្បាប់​អន្តរជាតិ ដើម្បី​ដោះស្រាយ​ជម្លោះព្រំដែន​ជាមួយ​ថៃ ក៏​មន្ត្រី​កំពូលៗ​របស់​ថៃ មិន​ភ្ញាក់ផ្អើល ឬ​បង្ហាញ​ប្រតិកម្ម​ខ្លាំងក្លា​នោះ​ឡើយ។

រដ្ឋមន្ត្រីការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ល្ងាច​ថ្ងៃទី​៣ ខែ​កុម្ភៈ ដោយ​អះអាង​ថា ប្រទេស​ថៃ មិន​បាន​ឈ្លានពាន​កម្ពុជា នោះ​ទេ ហើយ​ប្រសិនបើ​មេដឹកនាំ​កម្ពុជា​ចង់​ប្ដឹង​ថៃ ពី​រឿង​នេះនោះ មេដឹកនាំ​កម្ពុជា​គួរតែ​ពិចារណា​ថា តើ​ត្រូវ​ប្ដឹង​នៅ​កន្លែង​ណា។

លោក ស៊ីហាសាក់ បន្ត​ថា ករណី​កម្ពុជា ចង់​ប្ដឹង​ថៃ​នេះ អាច​ជា​រឿង​នយោបាយ​របស់​កម្ពុជា ដើម្បី​ស្ដារ​ប្រជាប្រិយភាព ខណៈ​កន្លង​មក កម្ពុជា​ក៏​ធ្លាប់​ប្រកាស​ប្ដឹង​ថៃ​ជា​ច្រើនដង​មក​ហើយ ប៉ុន្តែ ក៏​គ្មានអ្វី​ជា​ផ្លូវការ​នោះ​ឡើយ។

ចំណែក នាយករដ្ឋមន្ត្រី​ថៃ​ចាំផ្ទះ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) ក៏បាន​និយាយ​នៅ​ថ្ងៃ​នេះ​ផង​ដែរ​ថា លោក​មិន​បារម្ភ​ចំពោះ​ការ​លើកឡើង​របស់​លោក ហ៊ុន ម៉ាណែត ដែល​ចង់​ប្ដឹង​ថៃ​ពី​ការ​ចូល​ឈ្លានពាន​នោះ​ទេ។

កន្លងមក​ប្រទេស​ថៃ ធ្លាប់​អះអាង​ថា ពួកគេ​បាន​ត្រៀម​ភស្តុតាង​ជាច្រើន ពាក់ព័ន្ធ​នឹង​ការ​ចល័ត​និង​តាំង​មូលដ្ឋាន​ទ័ព និង​ឧក្រិដ្ឋកម្ម​ឆបោក​ឆ្លងដែន ដែល​គេ​អះអាង​ថា មាន​មូលដ្ឋាន​នៅ​លើ​ទឹកដី​កម្ពុជា ទុក​សម្រាប់​បង្ហាញ នៅ​ពេល​កម្ពុជា​ប្ដឹង​ថៃ​ទៅ​កាន់​ស្ថាប័ន​អន្តរជាតិ​ណាមួយ។

ទោះជា​យ៉ាងណា ក្នុង​ពិធី​ជួប​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ភៀស​សឹក នៅ​ក្នុង​ខេត្តព្រះវិហារ កាលពី​ថ្ងៃទី​៣១ ខែមករា លោក ហ៊ុន ម៉ាណែត មិនបាន​បញ្ជាក់​ពី​គោលជំហរ​ច្បាស់លាស់ ក្នុង​ការ​ប្ដឹង​ថៃ​នោះ​ទេ ដោយ​លោក​បាន​បង្ហាញ​ពី​ការ​បន្ត​ទាមទារ​ទឹកដី ដែល​យោធា​ថៃ​កំពុង​កាន់​កាប់​ត្រឡប់​មក​វិញ ដោយ​ប្រើប្រាស់​យន្តការ​ច្បាប់​អន្តរជាតិ និង​ការទូត ដែល​មាន​ស្រាប់។

លោក ហ៊ុន ម៉ាណែត៖ «យើង​ខិតខំ​ដោះស្រាយ​ដោយ​សន្តិវិធី ដោយ​ប្រើ​ច្បាប់ ប្រើ​យន្តការ​ការទូត បច្ចេកទេស​ព្រំដែន​។ ពិត​ណាស់ វា​យឺត អត់​ក្ដុងក្ដាំង​ដូច​បាញ់​គ្នា​ទេ ប៉ុន្តែ​វា​ធានា ថា ការ​ដោះស្រាយ​ហ្នឹង​វា​មាន​រយៈពេល​វែង បាន​សេចក្ដីសុខ​ទាំងអស់គ្នា ដើម្បី​រក​ការ​បញ្ចប់»។

កន្លងមក រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ប្ដឹង​ថៃ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ម្ដង​រួច​មក​ហើយ បន្ទាប់ពី​ទាហាន​ថៃ បាន​លូច​ឆ្មក់​វាយប្រហារ​មក​លើ​កង​ទ័ព​ខ្មែរ ដល់​ទីតាំង​លេណដ្ឋាន ដែល​បណ្ដាល​ឱ្យ​ទាហាន​ខ្មែរ​ម្នាក់ គឺ​លោក​ព្រឹន្ទបាលឯក សួន រ៉ោន បាន​ពលី​កាល​ពី​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០២៥។ ក៏ប៉ុន្តែ កាល​នោះ កម្ពុជា​គ្រាន់តែ​បាន​ជូនដំណឹង​ទៅ​តុលាការ ICJ ពី​បំណង​ចង់​ដាក់​ពាក្យបណ្ដឹង​តែប៉ុណ្ណោះ។

ជាមួយ​គ្នា​នេះ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ធ្លាប់​លើកឡើង​ថា បញ្ហា​ជម្លោះព្រំដែន​រវាង​កម្ពុជា និង​ថៃ បើ​មិន​ប្ដឹង​ទៅ​ភាគី​អន្តរជាតិ​ទេ ទោះបីជា​ប្រើ​ពេល​រាប់​រយឆ្នាំ​ទៀត ក៏​ដោះស្រាយ​មិន​ចប់​ដែរ ហើយ​ទោះបីជា កម្ពុជា​ជ្រើស​យក​ការ​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ក៏ដោយ ក៏​កម្ពុជា​មិន​បោះបង់ចោល​យន្តការ​ចរចា​នោះ​ឡើយ។ លោក​បន្ត​ថា ការ​បបួល​ថៃ​ទៅ​តុលាការ ICJ គឺជា​ការ​ទុក​មុខ​ទុក​មាត់​ឱ្យ​គ្នា និង​រង់ចាំ​មើល​ថា តើ​ភាគី​ថៃ​មាន​លេស​អ្វី​មិន​ឡើង​ទៅ​តុលាការ ICJ ហើយ​បើ​រក​លេស​មិន​ឡើង​ទៅ​តុលាការ ICJ ទេ​នោះ មានន័យថា ថៃ​មាន​ឧបាយកល​នៅ​ពីក្រោយ។

ទោះជា​បែប​នេះ​ក្ដី ក្រោយ​ការ​អះអាង​របស់​មេដឹកនាំ​ត្រកូល​ហ៊ុន ២​នាក់ ឪពុក​និង​កូន​នេះ អស់​រយៈពេល​ជាច្រើន​ខែ​មក​ហើយ ក៏​គ្មាន​ព័ត៌មាន​ដែល​បញ្ជាក់​ពី​ការ​ដាក់​ពាក្យបណ្ដឹង ទៅកាន់​តុលាការ ICJ ជា​ផ្លូវការ​នៅ​ឡើយ រហូត​មក​ដល់​បច្ចុប្បន្ន ទោះបីជា​យោធា​ថៃ បាន​ធ្វើ​សង្គ្រាម​ឈ្លានពាន​មក​លើ​កម្ពុជា ដោយ​បាន​រាយ​បន្លា​លួស តម្រៀប ទូ​កុងទឺន័រ​ដែក រាប់​រយ​គីឡូម៉ែត្រ ព័ទ្ធ​យក​ដី​កម្ពុជា អស់​ជាង ៤០​ទីតាំង​ហើយក៏​ដោយ។

ក្នុង​នោះ យោធា​ថៃ​បាន​តម្រៀប​ទូ​កុងទឺន័រ ដាក់​កាត់​ទទឹង​ផ្លូវជាតិ​លេខ​៥៨ ដោយ​ហ៊ុមព័ទ្ធ​ភូមិ​ជោគជ័យ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ និង​ច្រក​អានសេះ ស្ថិត​នៅ​ខេត្តព្រះវិហារ​បន្ថែម​ទៀត នៅ​ថ្ងៃ​នេះ។

ចំណែក នៅ​ឯ​ព្រំដែន តំបន់​ចុងបូក និង​មុំបី​វិញ ទាហាន​ខ្មែរ និង​ទាហាន​ថៃ បាន​ឈ្លោះប្រកែក​គ្នា​តឹង​សរសៃ​ក បន្ទាប់ពី​ពួកគេ​បាន​ដណ្ដើម​ទីតាំង​គ្នា​ដើរ​ល្បាត។

ជុំវិញ​រឿង​នេះ ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក អ៊ុំ សំអាន លើកឡើង​ថា ភាគី​ថៃ​ហាក់​បានដឹង​ច្បាស់​ពី​ចំណុចខ្សោយ​របស់​មេដឹកនាំ​កម្ពុជា ដែល​ស្រលាញ់​អំណាច​ជាង​ទឹកដី និង​គោលជំហរ​ទន់ជ្រាយ ក្នុង​ការ​ដោះស្រាយ​រឿង​ព្រំដែន។ លោក​បន្ត​ថា មូលហេតុ​ដែល​កម្ពុជា មិន​ប្ដឹង​ថៃ​ទៅ​តុលាការ ICJ គឺ​មិនមែន​ដោយសារ​ពាក់ព័ន្ធ​នឹង​យុទ្ធសាស្ត្រ​អ្វី​នោះ​ទេ ក៏ប៉ុន្តែ គឺ​ដោយសារ​មានការ​គំរាមកំហែង​ពី​ការ​ដួល​រលំ នៃ​អំណាច​របស់​គ្រួសារ​ត្រកូល​ហ៊ុន នៅ​កម្ពុជា។

លោក អ៊ុំ សំអាន៖ «ប្រសិនបើ​ត្រកូល​ហ៊ុន នៅតែ​កាន់អំណាច​បន្ត​ទៀត គឺ​ទឹកដី​យើង​ទាំង ៤១​ទីតាំង មិន​អាច​ទាមទារ​ពី​ថៃ​មកវិញ​បាន​ទេ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ អាច​បាត់បង់​ទឹកដី​យើង​បន្ថែម ទៀត ថៃ​អាច​រាយ​បន្លា​លួស​យក​ទឹកដី​យើង​បន្ថែម ទៀត និង​អាច​មាន​សង្គ្រាម​លើក​ទី​៣»។

ពាក់ព័ន្ធ​នឹង​ការ​ប្ដឹងតវ៉ា​រឿង​ព្រំដែន​នេះ​ដែរ ក្រសួងការបរទេស​កម្ពុជា នៅ​ថ្ងៃ​នេះ បាន​ចេញ​លិខិតតវ៉ា ប្រឆាំង​នឹង​ទស្សនកិច្ច​ត្រួតពិនិត្យ​ទីតាំង ដោយ​គ្មាន​ការអនុញ្ញាត​របស់​អនុព័ន្ធយោធា​បរទេស​មួយ​ក្រុម និង​មន្ត្រី​អនុវត្ត​ច្បាប់ ដែល​ដឹកនាំ​ដោយ​ប្រធាន​ចារកម្ម​កងទ័ព​ថៃ កាលពី​ថ្ងៃទី​២ ខែ​កុម្ភៈ នៅ​សណ្ឋាគារ​ពីរ​កន្លែង នៅ​ច្រក​អូរស្មាច់ ខេត្ត​ឧត្តរមានជ័យ។ ក្រសួងការបរទេស ចាត់ទុក​កា​រធ្វើ​ទស្សនកិច្ច​ពិនិត្យ​ទីតាំង​នេះ ជា​ការ​រំលោភ​លើ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា ដោយ​គ្មាន​ការយល់ព្រម​ពី​រាជរដ្ឋាភិបាល​កម្ពុជា។

ក្នុង​នោះ កាលពី​ម្សិលមិញ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កម្ពុជា បាន​ចេញ​សេចក្ដី​ប្រកាស ដោយ​អំពាវនាវ​ឱ្យ​ភាគី​ថៃ​បញ្ឈប់​ជាបន្ទាន់ នូវ​សកម្មភាព​រាយ​បន្លា​លួស និង​ជួសជុល ដោយ​គ្មាន​ការអនុញ្ញាត នៅ​តំបន់​ប្រាសាទ​តាមាន់ធំ និង​ប្រាសាទ​តាក្របី ដែល​ជា​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ