

អ្នកឃ្លាំមើលលើកឡើងថា ដំណើរទស្សនកិច្ចរយៈពេល ៥ថ្ងៃ របស់មេទ័ពជើងទឹកអាមេរិកប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកមកកម្ពុជា និងការចូលចតនាវាចម្បាំងអាមេរិកនៅមូលដ្ឋានទ័ពជើងទឹករាម គឺជាសារបង្ហាញអនុភាពយោធាអាមេរិក និងជាយុទ្ធសាស្ត្រទប់ទល់នឹងឥទ្ធិពលចិនក្នុងតំបន់។ នាវាចម្បាំងអាមេរិកឈ្មោះ យូអេសអេស ស៊ីនស៊ីណាទី (USS Cincinnati) ឬអិលស៊ីអេស២០ (LCS-20) បានចូលចតនៅមូលដ្ឋានកងទ័ពជើងទឹករាមជាលើកដំបូង បន្ទាប់ពីកម្ពុជាសម្ពោធមូលដ្ឋានទ័ពជើងទឹកនេះជាផ្លូវការ កាលពីខែមេសា ឆ្នាំ២០២៥ ក្រោមជំនួយកសាងពីចិនកុម្មុយនិស្ត។
អ្នកតាមដានបញ្ហានយោបាយលើកឡើងថា ការចូលចតនាវាចម្បាំងអាមេរិក យូអេសអេស ស៊ីនស៊ីណាទី នៅមូលដ្ឋានកងទ័ពជើងទឹករាមដែលកសាងក្រោមជំនួយចិននោះ គឺជាយុទ្ធសាស្ត្រស៊ីជម្រៅរបស់អាមេរិកក្នុងការប្រកួតប្រជែងដណ្ដើមឥទ្ធិពលភូមិសាស្ត្រនយោបាយ និងជាសារព្រមានដល់ភាគីចិនដែលមានមហិច្ឆតាប្រើប្រាស់មូលដ្ឋានទ័ពរាមផ្ដាច់មុខ ធ្វើជាឈ្នាន់ពង្រីកឥទ្ធិពលយោធា ដើម្បីគ្រប់គ្រងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
អ្នកអត្ថាធិប្បាយនយោបាយ និងជាអ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ ២៣ តុលា លោក គឹម សុខ ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី២៦ ខែមករា ថា វត្តមាននាវាចម្បាំងអាមេរិកកំពុងចូលចតនៅមូលដ្ឋានកងទ័ពជើងទឹករាមគឺមិនពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការស៊ីជម្រៅផ្នែកយោធារវាងកម្ពុជា និងអាមេរិកឡើយ ប៉ុន្តែអាមេរិកចង់បង្ហាញពីឥទ្ធិពលយោធារបស់ខ្លួន បើទោះបីជាមូលដ្ឋានកងទ័ពជើងទឹករាមស្ថិតក្រោមឥទ្ធិពល និងការកសាងដោយភាគីចិនក្ដី។
លោក គឹម សុខ បន្តថា ចិននិងសម្ពន្ធមិត្តរបស់ខ្លួនដូចជារុស្ស៊ីនឹងមិនអាចសម្រេចមហិច្ឆតាគ្រប់គ្រងផ្ដាច់មុខក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកបានឡើយ ព្រោះការចូលចតនាវាចម្បាំងអាមេរិកនៅកំពង់ផែមូលដ្ឋានរាមនេះគឺជាសារព្រមានចិនថា អាមេរិកមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីអន្តរាគមន៍យោធាបានគ្រប់កាលៈទេសៈ។
លោក គឹម សុខ៖ «កប៉ាល់ចម្បាំងរបស់សហរដ្ឋអាមេរិកឆ្លងកាត់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងដែនសមុទ្រកម្ពុជានេះគឺជាការឆ្លើយតបទៅនឹងការកំញើញរបស់ចិន ដែលប៉ងប្រើកម្លាំងយោធាត្រួតត្រាកោះតៃវ៉ាន់។ ប្រសិនបើចិនអាចប្រើកម្លាំងយោធាគ្រប់គ្រងកោះតៃវ៉ាន់បាន នោះមានន័យថា ចិនមានឥទ្ធិពលយ៉ាងធំក្នុងការគ្រប់គ្រងតំបន់សមុទ្រចិនខាងត្បូង និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកទាំងមូល។ ម្ល៉ោះហើយទើបសហរដ្ឋអាមេរិកបញ្ជូនកប៉ាល់ដ៏ធំបង្ហាញសញ្ញាប្រាប់ចិនថា អាមេរិកអាចធ្វើអន្តរាគមន៍យោធាគ្រប់ពេលវេលាបាន ទោះបីជាអាមេរិកជាប់រវល់ក្នុងប្រតិបត្តិការយោធារបស់ខ្លួននៅតំបន់ផ្សេងក្នុងពិភពលោកក៏ដោយ»។
មេបញ្ជាការនៃនាវាចម្បាំង យូអេសអេស ស៊ីនស៊ីណាទី លោក អង់ដ្រូ រេកាមី (Andrew Recame) បានដឹកនាំកងនាវិកអាមេរិក និងបានចូលសំចតនាវាចម្បាំងនៅមូលដ្ឋានកងទ័ពជើងទឹករាមកាលថ្ងៃទី២៤ ខែមករា ក្នុងដំណើរទស្សនកិច្ចរយៈពេល ៥ថ្ងៃ។ នាវាចម្បាំង យូអេសអេស ស៊ីនស៊ីណាទី មានប្រវែងជាង ១២៧ម៉ែត្រ ទទឹងជាង ៣១ម៉ែត្រ អាចចូលចតក្នុងជម្រៅទឹកជាង ៤ម៉ែត្រ និងជាប្រភេទនាវាចម្បាំងដែលមានសមត្ថភាពក្នុងប្រតិបត្តិការប្រយុទ្ធនៅតាមឆ្នេរសមុទ្រវាយប្រហារយន្តហោះចម្បាំង បាញ់មីស៊ីល អាចផ្ទុកឧទ្ធម្ភាគចក្រ និងកងនាវិកបានជិត ១រយនាក់។
មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម លោក អ៊ិន សុខេមរា ថ្លែងប្រាប់អ្នកសារព័ត៌មានថា ការចូលចតនាវាចម្បាំងអាមេរិកនៅមូលដ្ឋានរាមគឺជាការពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងកងទ័ពជើងទឹកកម្ពុជា និងអាមេរិក។ លោកអះអាងថា ការខកខានចូលសំចតនាវាចម្បាំងអាមេរិកកន្លងទៅ ដោយសារតែបញ្ហាជំងឺរាតត្បាតកូវីដ-១៩ (Covid-19) ហើយកម្ពុជាបានខិតខំកសាងកំពង់ផែថ្មីនៅមូលដ្ឋានរាម ដើម្បីអាចឱ្យវានាចម្បាំងបរទេសទាំងអស់ចូលចតបាន។
លោក អ៊ិន សុខេមរា៖ «នៅទីនេះគឺរាជរដ្ឋាភិបាលខំប្រឹងប្រែងណាស់ ពុះពារធ្វើផែនេះឱ្យបានមួយ ដើម្បីឱ្យនាវាបរទេសទាំងឡាយដែលចង់ចូលចតនៅព្រះរាជាណាចក្រកម្ពុជាយើង អ៊ីចឹងយើងធ្វើបានហើយ យើងបើកចំហចាប់ពីពេលនេះតទៅឱ្យចូលទាំងអស់មិនថា នាវាអាមេរិក មិនថា អូស្ត្រាលី ជប៉ុន ឬនាវាណាទេដែលចង់ចូលចតនៅប្រទេសកម្ពុជាគឺកំពង់ផែរាមបើកចំហឱ្យចូល ក៏ប៉ុន្តែសមស្របលើនាវាដែរបើនាវាស៊ីទឹកជ្រៅពេក ពិបាកឱ្យចូលដែរ គឺសមស្របនឹងឃ្លោងចូល ផ្លូវចូល និងផែយើងសម្រាប់ការចតនេះ»។
ទន្ទឹមនឹងការចូលសំចតនាវាចម្បាំងអាមេរិកនៅមូលដ្ឋានកងទ័ពជើងទឹករាម មេបញ្ជាការប្រចាំបញ្ជាការដ្ឋានរបស់សហរដ្ឋអាមេរិកនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកលោក សាំមូអែល ប៉ាប៉ារ៉ូ (Samuel Paparo) ក៏មានជំនួបទ្វេភាគីជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ សីហា ក្នុងដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជានៅថ្ងៃទី២៦ ខែមករា។ ស្ថានទូតអាមេរិកប្រចាំកម្ពុជាឱ្យដឹងថា ក្នុងជំនួបទ្វេភាគីរវាងលោក សាំមូអែល ប៉ាប៉ារ៉ូ និងលោក ហ៊ុន ម៉ាណែត ភាគីទាំងពីរបានពិភាក្សាអំពីទំនាក់ទំនងកម្ពុជា-អាមេរិកក្នុងវិស័យការពារជាតិ វិធីសាស្ត្រក្នុងការពង្រឹងមិត្តភាព និងការគាំទ្រស្ថិរភាពតំបន់។ ក្រៅពីនេះ ក៏មានកិច្ចពិភាក្សាលើការបង្កើនទំនុកចិត្តជាមួយគ្នា និងសហប្រតិបត្តិការដើម្បីលើកស្ទួយតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកឱ្យមានសេរីភាព និងបើកចំហ។
នេះជាលើកទីមួយហើយដែលអាមេរិកបានបញ្ជូនក្រុមនាវិក និងនាវាចម្បាំងប្រភេទទំនើបចូលសំចតនៅមូលដ្ឋានកងទ័ពជើងទឹករាម ដែលកសាងក្រោមជំនួយរបស់ចិន បន្ទាប់កម្ពុជាបានសម្ពោធជាផ្លូវការកាលពីខែមេសា ឆ្នាំ២០២៥។ លោក ហ៊ុន ម៉ាណែត ប្រកាសក្នុងពិធីសម្ពោធថា ទោះបីជាមូលដ្ឋានកងទ័ពជើងទឹករាមកសាងក្រោមជំនួយរបស់ចិន កម្ពុជាស្វាគមន៍ការចតនាវាចម្បាំងរបស់អន្តរជាតិទាំងអស់សម្រាប់កិច្ចសហប្រតិបត្តិការ និងសមយុទ្ធយោធារួមគ្នា និងមិនបានផ្ដល់ឱ្យភាគីចិនប្រើប្រាស់ផ្ដាច់មុខដូចការចោទប្រកាន់ឡើយ។
ទោះជាយ៉ាងណា ការបិទបញ្ចប់ទំនើបកម្មកំពង់ផែកងទ័ពជើងទឹករាមដែលកសាងដោយប្រទេសចិននៅតែជាកង្វល់ និងការសង្ស័យពីសហរដ្ឋអាមេរិកថា អាចក្លាយជាមូលដ្ឋានទ័ពនៅ ក្រៅប្រទេសរបស់ចិន។ ឯកសារយោធាសម្ងាត់របស់មន្ទីរបញ្ចកោណអាមេរិកដែលបែកធ្លាយ និងត្រូវបានកាសែត ឌឹ វ៉ាស៊ីនតោន ប៉ុស្តិ៍ (The Washington Post) យកមកចុះផ្សាយកាលពីឆ្នាំ២០២៣ បង្ហាញថា ផ្នែកមួយនៃកំពង់ផែកងទ័ពជើងទឹករាម ត្រូវបានកងទ័ពរំដោះប្រជាជនចិន (PLA) កំណត់ទុកសម្រាប់ប្រើប្រាស់ធ្វើជាមូលដ្ឋានទ័ពនៃ «កងពល» របស់ខ្លួន និងជាផ្នែកមួយនៃបណ្ដាញគាំទ្រភស្តុភារយោធារបស់ចិននៅលើពិភពលោក៕









