ជនរងគ្រោះ​ពី​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​បង្ហាញ​ពី​ទង្វើ​ខុសច្បាប់របស់​រដ្ឋាភិបាល​ជុំវិញ​ការ​រំលោភ​សិទ្ធិមនុស្ស

0
17
ទិដ្ឋភាពក្រុម​អង្គការ​ស៊ីវិល​ប្រមូល​ម្ដុំ​គ្នា​រៀបចំ​ទិវា​សិទ្ធិ​នារី ៨​មីនា ក្រោម​ប្រធានបទ​«​សិទ្ធិ យុត្តិធម៌ សកម្មភាព​ដើម្បី​ស្ត្រី និង​ក្មេងស្រី​» នៅ​មជ្ឈមណ្ឌលសិទ្ធិមនុស្ស ​កាលពី​ថ្ងៃទី៥ ខែមីនា ២០២៦។ រូប៖ CCHR
ទិដ្ឋភាពក្រុម​អង្គការ​ស៊ីវិល​ប្រមូល​ម្ដុំ​គ្នា​រៀបចំ​ទិវា​សិទ្ធិ​នារី ៨​មីនា ក្រោម​ប្រធានបទ​«​សិទ្ធិ យុត្តិធម៌ សកម្មភាព​ដើម្បី​ស្ត្រី និង​ក្មេងស្រី​» នៅ​មជ្ឈមណ្ឌលសិទ្ធិមនុស្ស ​កាលពី​ថ្ងៃទី៥ ខែមីនា ២០២៦។ រូប៖ CCHR

ក្រុម​អង្គការ​ស៊ីវិល​នៅ​ថ្ងៃទី៥ ខែមីនា បាន​ប្រមូល​ម្ដុំ​គ្នា​រៀបចំ​ទិវា​សិទ្ធិ​នារី ៨​មីនា ក្រោម​ប្រធានបទ​«​សិទ្ធិ យុត្តិធម៌ សកម្មភាព​ដើម្បី​ស្ត្រី និង​ក្មេងស្រី​» ក្នុង​គោលដៅ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត គោរព​សិទ្ធិមនុស្ស និង​លុបបំបាត់​អំពើ​និទ្ទណ្ឌភាព មក​លើ​ស្ត្រី និង​កុមារ។ ទន្ទឹមគ្នា​នោះ ពួកគាត់​បាន​លើ​ឡើងពី​ក្ដី​បារម្ភ​ជុំវិញបញ្ហា​ដែលរដ្ឋាភិបាល​បន្ត ធ្វើទុក្ខបុកម្នេញ មក​លើ​សកម្មជន​សិទ្ធិមនុស្ស បរិស្ថាន និង សហជីព ដែល​ជា​ទង្វើ​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​រៀបចំ​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨​មីនា ក្រោម​ប្រធានបទ ​«​សិទ្ធិយុត្តិធម៌ សកម្មភាព​ដើម្បី​ស្ត្រី និង​ក្មេងស្រី​» ដោយមាន​មន្ត្រី​អង្គការ សមាគម និង​សហជីព​ជាច្រើន​បាន​ចូលរួម រួម​ទាំង​ស្ត្រី​កូដ​ករ​នៃ​ក្រុមហ៊ុន ណាហ្គាវើលដ៍​ជាដើម។

អគ្គលេខាធិការ​សហជីព ណាហ្គាវើលដ៍ លោកស្រី ឃ្លាំង សុបិន្ត បាន​ថ្លែង​នៅ ក្នុង​វេទិកា​ទិវា​សិទ្ធិ​នារី នៅ​ថ្ងៃទី៥ ខែ​មីនា ដោយ​រៀបរាប់​យ៉ាង​លម្អិត​អំពី​ទិដ្ឋភាព​ដែល​អាជ្ញាធរ​ក្រុងភ្នំពេញ បាន​ឃុបឃិត ជាមួយ ម្ចាស់​ក្រុមហ៊ុន​បន​ល្បែង​កាស៊ីណូ ណាហ្គាវើលដ៍ ធ្វើទុក្ខបុកម្នេញ ថ្នាក់ដឹកនាំ​សហជីព​ជា​បន្តបន្ទាប់។ ក្នុង​នោះ លោកស្រី និង​ប្រធាន​សហជីព កញ្ញា ឈឹម ស៊ីថរ រួម​នឹង​សមាជិក​ដទៃទៀត ចំនួន ៨​នាក់ ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន ដោយ​ហិង្សា យក​មក​ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ក្រោយពី​ពួកគាត់ បាន​ធ្វើ​កូដកម្ម​ស្នើ​ឱ្យ​ក្រុមហ៊ុន គោរព​សិទ្ធិ​ការងារ ដែល​ស្រប ទៅ​នឹង​ច្បាប់​ជាតិ និង​អន្តរជាតិ ស្ដីពី «​សិទ្ធិ​ការងារ»។

លោកស្រី ឃ្លាំង សុបិន្ត៖ «យើង​ធ្វើ​រឿង​ដើម្បី​បុគ្គលិក​កម្មករ​វា​គួរ​បានការ​លើកទឹកចិត្ត​គាំទ្រ ប៉ុន្តែ​វា​ទៅជា​ប្រើ​ផ្លូវច្បាប់​មក​ចោទ​យើង ថា​យើង​បង្ក​ភាព​វឹកវរ។ មិន​ដឹង​ថា វឹកវរ​នៅ​កន្លែង​ណា​ខ្ញុំ​ក៏​មិន​យល់​ពាក្យ​វឹកវរ​នោះ បែប​ណា​ដែរ។ យើង​ឈរ​ស្ងៀមៗ​សោះ​ថា យើង​វឹកវរ​សង្គ្រាម។ យើង​អត់​ខុស​សោះ បែរជា​ចោទ​យើង អយុត្តិធម៌ នឹង​ជា​រឿង​ឈឺចាប់​មួយ​ដែរ»។

ក្នុង​វេទិកា​នេះ​ដែរ គេ​ឃើញ​មាន​មន្ត្រី​សង្គម​ស៊ីវិល និង​សហជីព ជាច្រើន​បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម របស់​ស្ត្រី ដែល​ជា​អ្នកសារព័ត៌មាន សកម្មជន​សិទ្ធិមនុស្ស បរិស្ថាន និង​សហជីព ជាដើម បាន​ទទួល​រង​ការ ប្រមាថមើលងាយ សព្វបែបយ៉ាង​។ រីឯ ក្រសួង​កិច្ចការ​នារី ហាក់​គ្មាន​សកម្មភាព​ការពារ ស្ត្រី​សោះ បើ​ទោះបី​កន្លងមក​ជនរងគ្រោះ​បាន​ដាក់​ពាក្យ​ប្ដឹង​ជា​ហូរហែ​ក្ដី​។ ជា​ឧទរការណ៍ ក្រុម​កូដករ​ណាហ្គាវើលដ៍ ម្នាក់ ដែល​ត្រូវ​បាន​សមត្ថកិច្ច​រុញច្រាន រហូតដល់​រលូន​កូន ក៏​គ្មាន​ឃើញ​ក្រសួង​ចេញ​មក ជួយ​រក​ដំណោះស្រាយ នោះ​​ដែរ។ បន្ថែម​ពី​នោះ សកម្មជន​បរិស្ថាន និង​សកម្មជន​ដីធ្លី ជាដើម គឺ​សុទ្ធតែ​ធ្លាប់​ទទួលរង​ការ បង្ក្រាប ដោយ​ហិង្សា ពី​អាជ្ញាធរ និង​ប៉ះពាល់​រង​កាយ រហូតដល់ ផ្លូវភេទ តាមតែ អំពើ​ចិត្ត ក៏​គ្មាន​ស្ថាប័នរដ្ឋ ជួយ​អើពើ​នោះ​ដែរ។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជា​កម្ពុជា លោក ជា ធីរិទ្ធ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​៥ ខែមីនា ថា រដ្ឋាភិបាល​តែងតែ ប្រឹងប្រែង​លើកកម្ពស់​សិទ្ធិមនុស្ស និង​ការពារ​សិទ្ធិ​ស្ត្រី ជា​ហូរហែ។ លោក​ថា​ការរិះគន់​របស់​សង្គម​ស៊ីវិល គឺជា​សិទ្ធិ​សេរីភាព​បញ្ចេញមតិ។

លោក ជា ធីរិទ្ធ៖ «ពួក​យើង​បាន​ប្រឹងប្រែង​ណាស់ ក្នុង​ការ​លើកស្ទួយ​សិទ្ធិមនុស្ស ជាពិសេស​សិទ្ធិ​ស្ត្រី ហ្នឹង​តែម្ដង ដែល​យើង​បាន​ព្យាយាម​លើកកម្ពស់ និង​ដាក់​ចូល​ស្ត្រី​ទៅ​ក្នុង​តួនាទី​សំខាន់ៗ​ទាំង​គណបក្ស និង​ក៏ដូចជា​រដ្ឋាភិបាល និង​ស្ថាប័ន​ជាច្រើន​ទៀត​។ អ៊ីចឹង​រដ្ឋាភិបាល​របស់​យើង​បាន​ផ្ដល់​តម្លៃ​ណាស់ ក្នុង​ការ​ផ្ដល់​តួនាទី​ស្ត្រី ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ»។

បើ​ទោះជា​មានការ​អះអាង​បែបនេះ​ក្ដី គេ​សង្កេត​ឃើញ​ថា ក្នុង​ស្ថានភាព​ដែល​ប្រទេសជាតិ​កំពុងតែ​រង​ការ​ញាំញី ដោយ​ទង្វើ​ឈ្លានពាន​ពី​សំណាក់​យោធា​ថៃ ពលរដ្ឋ​រាប់​ម៉ឺន​នាក់ បាន​បាត់បង់ ផ្ទះសម្បែង រដ្ឋាភិបាល របស់ លោក ហ៊ុន ម៉ាណែត មិន​បាន​បន្ធូរដៃ​ក្នុង​ចាប់ចង ពលរដ្ឋ​ដែល​រិះគន់ បញ្ហា​រឿង​ព្រំដែន​នោះ​ទេ និង​គ្មាន​ការ​អើពើ​ពី​ការរំលោភ​សិទ្ធិមនុស្ស​ដែរ។ គិត​ត្រឹម​ថ្ងៃទី​៥ ខែ​មីនា មាន​ពលរដ្ឋ សហជីព អ្នក​នយោបាយ និង​អ្នកសារព័ត៌មាន ជិត​១០០(៩៨)​នាក់ ត្រូវ​បាន​ចាប់​ដាក់គុក ក្រោយ​ពី​ពួកគាត់ ប្រើប្រាស់​សិទ្ធិ​សេរីភាព​បញ្ចេញមតិ ដែល​ស្រប​ទៅ​នឹង​ច្បាប់។

ជុំវិញ​រឿង​នេះ មន្ត្រី​ការពារ​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក និង​ជា​អតីត​អ្នក​ជាប់​ពន្ធនាគារ​ដោយសារតែ កិច្ចការ​តស៊ូ​មតិ​រឿង​សិទ្ធិមនុស្ស លោក យី សុខសាន្ត បាន​ថ្លែង​ក្នុង​វេទិកា​សិទ្ធិ​នារី​ដែរ​ថា ជាច្រើន​ឆ្នាំ​មក​នេះ បញ្ហា​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​កាន់តែ​អាក្រក់​។ លោក​ថា ការ​ចាប់ខ្លួន​សកម្មជន​សិទ្ធិមនុស្ស សកម្មជន​បរិស្ថាន និង​សកម្មជន​សង្គម នៅតែ​បន្ត​កើតមាន ក្រោយពី​ពួកគាត់ បាន​បញ្ចេញមតិ រិះគន់ រឿង​អយុត្តិធម៌​សង្គម​។ លោក​ថា ការ​ចាប់​ខ្លួន​អ្នក​ទាំងនោះ ជា​ការ​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ពី​ទង្វើ​នៃ ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​។ លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល ត្រូវ​ពិចារណា​ឡើងវិញ ហើយ​ធានា​ថា ពលរដ្ឋ សង្គម​ស៊ីវិល និង​អ្នកនយោបាយ មាន​សេរីភាព​ពេញលេញ និង លុបបំបាត់​អំពើ​និទ្ទណ្ឌភាព មក​លើ​ស្ត្រី និង​កុមារ។

លោក យី សុខសាន្ត៖ «អ្វី​ដែល​រដ្ឋាភិបាល​បារម្ភ​នោះ មិនមែន​គាត់​ខ្លាច​បាត់បង់​សិទ្ធិ​គេ​នោះ​ទេ ប៉ុន្តែ​គាត់​ខ្លាច​បាត់បង់ អំណាច​របស់​គាត់។ អ៊ីចឹង​គាត់​ភ័យខ្លាច​នៅ​ពេល​ដែល​យើង ហ៊ាន​និយាយ ហ៊ាន​ថា ត្រូវ​បាន​គាត់​រឹតត្បិត​។ មកដល់ពេលនេះ យើង​មើលឃើញ​ការ​ធ្វើទុក្ខបុកម្នេញ ទៅលើ​សកម្មជន​នយោបាយ​។ ក្រោយ​មកនេះ ធ្វើ​ទៅលើ​អ្នកសារព័ត៌មាន ដោយ​គាត់​មិន​ខ្វល់ ពី​ច្បាប់​របប​សារព័ត៌មាន​ទេ ។ គាត់​ឃើញ​កន្លែង​ណា​គាត់​ចាប់​ដាក់គុក​ហ្នឹង​។ យើង​មិន​ដឹង​ថា ហេតុអ្វី​គេ​មិន​យក​ច្បាប់​មក​អនុវត្ត​។ ការដែល​ប្រទេស​មួយ​បង្កើត​ច្បាប់ ហើយ​មិន​អនុវត្ត​ហ្នឹង នោះ​ហើយ​គឺជា​ការរំលោភ​សិទ្ធិមនុស្ស»។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch) បាន​ចេញ​របាយការណ៍​ក្នុង​ឆ្នាំ​២០២៦​ដោយ​រក​ឃើញ​ថា ចាប់តាំងពី លោក ហ៊ុន ម៉ាណែត ឡើង​កាន់​តំណែង ស្ថានភាព​សិទ្ធិមនុស្ស​កាន់តែ​ដាំ​ក្បាល ចុះ តាមរយៈ​ការ ចាប់ខ្លួន អ្នក​រិះគន់​ក្រោម​បទ​ចោទ «​ញុះញង់​» ឬ «​រួមគំនិត​ក្បត់​»​។ រីឯ តុលាការ​បាន​ក្លាយ ជា​ឧបករណ៍​នយោបាយ ចាំ​បង្ក្រាប​អ្នកមាន​គំនិត​ផ្ទុយ ហើយ​ការពារ​ឥស្សរជន​នយោបាយ​បក្ស​កាន់អំណាច​។ ករណីនេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ឱកាស​នាំ​ធ្វើ​ឱ្យ​អំពើពុករលួយ​កើនឡើង ជា​ប្រព័ន្ធ អំពើ​អយុត្តិធម៌​សង្គម និង បទល្មើស​ឆបោក​អនឡាញ ក៏​បន្ត​រីក​ដុះដាល​យ៉ាង​ខ្លាំង ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់​ប្រទេស​ជាតិ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ