តុលាការ​កំពូល​បន្ត​ឃុំ​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ផ្ទុយ​ពី​ការ​ប្រកាស​រួបរួម​ជាតិ

0
103
(ពី​ស្ដាំ​ទីពីរ) សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​លោក សាន សិទ្ធិ លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា កាល​ពី​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន។ រូប៖ បណ្ដាញ​សង្គម
(ពី​ស្ដាំ​ទីពីរ) សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​លោក សាន សិទ្ធិ លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា កាល​ពី​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន។ រូប៖ បណ្ដាញ​សង្គម

តុលាការ​កំពូល​សម្រេច​បន្ត​ឃុំខ្លួន​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ក្នុង​ពន្ធនាគារ​ដដែល​។ គ្រួសារ និង​សង្គម​ស៊ីវិល​សោកស្ដាយ និង​រិះគន់​ចំពោះ​ការ​បន្ត​ឃុំខ្លួន​សកម្មជន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ទាំង​បី​នាក់​ជិត​២​ឆ្នាំ បើ​ទោះ​ជា​តុលាការ​ថ្នាក់ក្រោម​មិនទាន់​សម្រេចសេចក្ដី​ថា ពួកគេ​មាន​ទោស។

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល លោក សេង នាង នៅ​ថ្ងៃទី​០២ ខែកុម្ភៈ អះអាង​ថា ការ​មិន​ដោះលែង​សកម្មជន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និង​លោក សាន សិទ្ធិ ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ពីព្រោះ​បណ្ដឹងសាទុក្ខ​ដែល​ពួកគេ​បាន​ប្តឹង​មកកាន់​តុលាការ​កំពូល​នេះ គឺ​ផ្ទុយ​នឹង​មាត្រា ៣៨៤ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​។ លោក សេង នាង អះអាង​ថា បណ្ដឹង​នេះ បាន​ផុត​រយៈពេល​កំណត់​នៃ​ការ​ប្ដឹង​ជំទាស់ ដូច្នេះ​ការសម្រេច​របស់​សាលាឧទ្ធរណ៍​កាលពី​ថ្ងៃទី​១៥ ខែ​ធ្នូ ជា​រឿង​ត្រឹមត្រូវ។

ក៏ប៉ុន្តែ​មេធាវី​ការពារ​ក្តី​ឱ្យ​សកម្មជន​ទាំង​បី​លោក អែម ចន្ថា ចាត់ទុក​ការ​ឃុំខ្លួន​កូនក្ដី​របស់​លោក​ជិត ២​ឆ្នាំ​ដោយ​គ្មាន​សាលក្រម​ផ្ដន្ទាទោស​នៅឡើយ កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​របស់​ពួកគាត់។

លោក​មេធាវី អែម ចន្ថា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី២ ខែកុម្ភៈ​ថា កូនក្ដី​របស់​លោក​បាន​សន្យា​នៅ​ចំពោះមុខ​ចៅក្រម​ថា នឹង​ចូលរួម​សវនាការ​គ្រប់​នីតិវិធី ប៉ុន្តែ​លោក​សោកស្ដាយ ដែល​តុលាការ​នៅតែ សម្រេច​មិន​អនុញ្ញាត​ឲ្យ​ពួកគាត់​នៅ​ក្រៅ​ឃុំ។

លោក អែម ចន្ថា៖ «វា​ប៉ះពាល់​ដល់​គោលការណ៍ ដែល​ត្រូវ មិន​បាន​សន្មត​ទុកជាមុន​ថា មានទោស បើ​គាត់​មិន​ទាន់​កាត់​ថា មាន​ទោស​ផង ហើយ​ការ​ឃុំខ្លួន​គាត់​ជិត​២ ឆ្នាំ​ហើយ ហើយ​ទោស​របស់​គាត់ បទ​ចោទ​ទាំងអស់​នេះ ទោស​អតិបរិមា គឺ​ត្រឹម ២ ឆ្នាំ​ទេ​។ អ៊ីចឹង​ទោះបីជា​ថា ការ​ប្ដឹង​របស់​យើងខ្ញុំ​ផុត​នីតិវិធី​អី​ក៏ដោយ ប៉ុន្តែ​ផ្ទុយ ទៅវិញ​យើង​ស្នើសុំ ត្រឡប់​ទៅវិញ ស្នើសុំ​តុលាការ​ជាពិសេស សាលាដំបូង​ពិចារណា បើសិនជា​អាច​ដោះលែង​ពួកគាត់​ឲ្យ​ចៅ​ក្រៅ​ឃុំ​ទៅ ហើយ​យើង​បន្ត​ក្នុង ការ​សវនាការ​តាម​ការកំណត់​រៀងរាល់​សប្ដាហ៍​មួយ​អាទិត្យ​ម្ដងៗ​រៀងរាល់ថ្ងៃ​ពុធ ទៅ ព្រោះ​ជៀសវាង​មិន​ទាន់​សម្រេច​សេចក្ដី​ផង ដាក់​ទោស​គាត់​គ្រប់​ហើយ​អ៊ីចឹង»។

បងស្រី​របស់​កញ្ញា ភឹង សោភា គឺ​កញ្ញា ភឹង សុភ័ណ្ឌ សោកស្ដាយ​ចំពោះ​ការសម្រេច​របស់​តុលាការ​ជាន់ខ្ពស់ ក៏ប៉ុន្តែ​កញ្ញា​អះអាង​ថា នឹង​បន្ត​តាមដាន​សវនាការ​អង្គសេចក្ដី នៅ​សាលាដំបូង​នៅពេល​ខាង​ថ្ងៃមុខ​នេះ។

កញ្ញា ភឹង សុភ័ណ្ឌ៖ «វា​រយៈពេល​យូរ ១៨ ខែ​ជាង អ៊ីចឹង​អាច​មាន​អារម្មណ៍​ថា ទន្ទឹងរង់ចាំ​ពួកគាត់​។ អ៊ីចឹង​ហើយ​អារម្មណ៍​ស្ដាប់​ព្រឹក​មិញ​នេះ វា​ជា​អារម្មណ៍​ដែល​ពិបាក រៀបរាប់​ដូចគ្នា ព្រោះ​អាច​ថា ជា​ការ​ទន្ទឹងរង់ចាំ​សវនាការ​ថ្ងៃនេះ យូរ​ដែរ។ អ៊ីចឹង​អារម្មណ៍​ព្រឹក​មិញ ហាក់ដូចជា និយាយ​អត់​ចេញ និយាយ​អត់​ត្រូវ»។

ជុំវិញ​រឿង​នេះ អ្នកសម្របសម្រួល​គម្រោង​ការពារ​សេរីភាព​មូលដ្ឋាន​នៅ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(CCHR) លោក រស់ សារ៉ាត់ លើកឡើង​ថា តុលា​ការគួរ​ពិចារណា​ដោះលែង​ពួកគាត់​ឲ្យ​មាន​សេរីភាព​វិញ ពីព្រោះ​ការ​ឃុំខ្លួន​ពួកគាត់​ទាំង​មិន​ទាន់​សម្រេច​ថា មាន​ទោស​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​សកម្មជន​ទាំង​បី​នាក់។

លោក រស់ សារ៉ាត់៖ «ខ្ញុំ​យល់ថា តុលាការ​គួរតែ​ពិចារណា ដោះលែង​ពួកគាត់​ឲ្យ​មាន​សេរីភាព​សិន ហើយ​ចាំ​រក​បន្ត​ទៀត​ទៅ​ថា បើ​មានទោស ត្រូវ​ចាប់​មក​ដាក់ទោស​វិញ ក៏​តាម​ការ​សម្រេច​របស់​តុលាការ ប៉ុន្តែ​បើសិន​រក​មិន​មាន​ទោស​ទេ​។ សំណួរ សួរ​ថា គាត់​ឃុំខ្លួន​មក​ដល់​ពេល​នេះ អស់​រយៈពេល​ជាង ១ ឆ្នាំ​កន្លះ ហើយ តើ​អ្នក​ណា​គេ ជា​ទទួលខុសត្រូវ ចំពោះ​ករណី​របស់​គាត់​ហ្នឹង»។

(ឆ្វេង) សកម្មជនកិច្ចព្រមព្រៀងសន្តិភាព ២៣ តុលា លោក សាន សិដ្ឋ និងកញ្ញា ភឹង សោភា ពេលត្រូវមន្ត្រីពន្ធនាគារ​បញ្ជូន​មក​សវនាការ​នៅសាលាឧទ្ធរណ៍ ភ្នំពេញ កាលពីថ្ងៃទី២ កុម្ភៈ ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ចំនួន ៣​នាក់​រួមមាន លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និង លោក សាន សិទ្ធិ ត្រូវ​បាន​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តសៀមរាប ចាប់​ឃាត់ខ្លួន​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៤ ដោយ​ចោទប្រកាន់​ពី​បទ​ញុះញង់​ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញមតិ​ការ​បញ្ចូល​ខេត្ត​ចំនួន ៤ របស់​ប្រទេស​កម្ពុជា រួមមាន​ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និង​ខេត្តស្ទឹងត្រែង ទៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​តំបន់ត្រីកោណ ជាមួយ​ប្រទេស​ឡាវ និង​វៀតណាម (CLV-DTA)​។ ទោះជា​យ៉ាងណា​ក្រោយ​ការ​តវ៉ា​របស់​ពលរដ្ឋ​ខ្មែរ ទាំង​ក្នុង​និង​ក្រៅប្រទេស​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បាន​សម្រេច​លុបចោល​គម្រោង​អភិវឌ្ឍន៍​ត្រី​ភាគី​នេះ​វិញ ប៉ុន្តែ​រដ្ឋាភិបាល​មិន​ព្រម​ដោះលែង​ពលរដ្ឋ​ជាប់​ពន្ធនាគារ​ដោយសារ​ការ​បញ្ចេញមតិ​ពី​បញ្ហា​នេះ​ឡើយ។

មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក យី សុខសាន្ត ដែល​ដាន​តាម​សវនាការ​សំណុំ​រឿង​នេះ រិះគន់​តុលាការ ដែល​បន្ត​ឃុំខ្លួន​សកម្មជន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស។ លោក​បន្ត​ថា គម្រោង​អភិវឌ្ឍន៍​តំបន់ត្រីកោណ​ជាមួយ​ប្រទេស​ឡាវ និង​វៀតណាម រដ្ឋាភិបាល បាន​លុបចោល​វិញ​ហើយ ដូច្នេះ តុលាការ គួរ​ទម្លាក់​ចោល​បទចោទប្រកាន់​លើ​ពួកគាត់។

លោក យី សុខសាន្ត៖ «​វា​អាក្រក់​មើល​ណាស់ បើ​យើង​មើលទៅ​ឃុំខ្លួន​គាត់​ជិត ប្រហែល​ជាង​២ ភាគ ៣ ហើយ មិនទាន់​បាន​បើកសវនាការ បើ​រក​មិន​ឃើញ​ទេ ដោះលែង​គាត់​ទៅ ឲ្យ​គាត់​មាន​សេរីភាព វា​ល្អ​ជាជាង​ឃុំ​គាត់​ទុក​វា មិន​បាន​ស្មើនឹង​ពួក​ឆបោក​តាម​អនឡាញ​ផង។ បើ​យើង​មើល​ឆបោក​តាម​អន​ឡាញ គេ​ចាប់​តែ​មេ ទេ អា​អ្នកដៃដល់​ម៉ា​គគោក អា​អ្នក​បោក​ម៉ា​គគោក​គេ​ដោះលែង វា​មិន​ហ៊ាន​ធ្វើ​អី គេ ចាប់​បញ្ជូន ហើយ​ពួកគាត់​គ្រាន់តែ​ធ្វើ​ការងារ​សង្គម គ្រាន់តែ​តិះ​ទៀន​ស្ថាបនា ប៉ុណ្ណឹង រឿង​អី​ទៅ​ចោទប្រកាន់​គាត់ ដាក់គុក​ដាក់ទោស​មក​លើ​ពួកគាត់។ នេះ ដែល​ជា​ការ​ស្នើសុំ​របស់​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស»។

អ្នកឃ្លាំមើល លើកឡើង​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​ចាប់ខ្លួន​ពលរដ្ឋ សកម្មជន​សង្គម និង​សកម្មជន​គណបក្ស​ប្រឆាំង ដែល​មាន​មតិផ្ទុយ​ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌។

ពួកគាត់​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​អ្នក​ដែល​បញ្ចេញមតិ​ពី​បញ្ហា​សង្គម បូរណភាព​ទឹកដី ហើយ​ត្រូវ​ដោះលែង​ពួកគេ​ឱ្យ​មាន​សេរីភាព​ឡើងវិញ ដើម្បី​បង្ហាញ​ពី​ឯកភាព និង​សាមគ្គីភាព​ជាតិ ទប់​ទល់នឹង​បរទេស​ឈ្លានពាន​ទឹកដី​កម្ពុជា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ