

សហរដ្ឋអាមេរិកឱ្យដឹងថា ខ្លួនកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលក្រុងភ្នំពេញ ដើម្បីជំរុញឱ្យមេខ្លោង អ្នកសម្របសម្រួល និងមន្ត្រីដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញទទួលខុសត្រូវចំពោះមុខច្បាប់។ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងបន្តប្រើប្រាស់គ្រប់វិធានការដែលខ្លួនមានតាមកម្ទេចអង្គការឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីការពារផលប្រយោជន៍ពលរដ្ឋអាមេរិក និងជនរងគ្រោះនៅជុំវិញភពលោក។
អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាប្រាប់ទូរទស្សន៍អាស៊ីសេរីតាមសារអ៊ីមែល (Email) ថា មជ្ឈមណ្ឌលឆបោកតាមអនឡាញ (Scam Centers) បានវិវត្តយ៉ាងឆាប់រហ័សទៅជាបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែនពហុទម្រង់ ដែលមានទំហំប្រតិបត្តិការឧស្សាហកម្ម និងបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច សន្តិសុខជាតិ និងមនុស្សធម៌ សម្រាប់ពលរដ្ឋអាមេរិក និងពិភពលោកទាំងមូល។
ស្ថានទូតអាមេរិកឱ្យដឹងទៀតថា បញ្ហាឆបោកតាមប្រព័ន្ធអនឡាញ មិនមែនគ្រាន់តែជាការគំរាមកំហែងផ្នែកសន្តិសុខរបស់សហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានរដ្ឋាភិបាលអាមេរិកចាត់ទុកថា ជាបញ្ហាសន្តិសុខជាតិដោយផ្ទាល់។ ស្ថានទូតបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងនឹងអង្គការឧក្រិដ្ឋកម្មឆ្លងដែន គឺជាអាទិភាពកំពូលមួយផ្នែកនៃសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។
ទន្ទឹមនឹងនេះ រដ្ឋាភិបាលអាមេរិកកំពុងប្រមូលផ្ដុំ និងប្រើប្រាស់កិច្ចខិតខំប្រឹងប្រែងជារួមពីស្ថាប័នរដ្ឋាភិបាលអាមេរិកពាក់ព័ន្ធ ដោយអនុវត្តវិធានការផ្លូវច្បាប់ ការដាក់ទណ្ឌកម្ម និងបង្កកទ្រព្យសម្បត្តិបណ្ដាញឧក្រិដ្ឋជន ដើម្បីរារាំងសកម្មភាព និងកម្ទេចបណ្ដាញឧក្រិដ្ឋកម្មឆបោកដែលកំណត់គោលដៅលើពលរដ្ឋអាមេរិក។
ការលើកឡើងរបស់ស្ថានទូតអាមេរិក គឺបន្ទាប់ពីរដ្ឋាភិបាលនៃប្រទេសទាំង ១៣ ជាសមាជិកក្រុមទំនាក់ទំនងស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ និងមជ្ឈមណ្ឌលឆបោកនៅតំបន់អាស៊ីអាគ្នេយ៍ អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានចេញសេចក្ដីថ្លែងការណ៍ស្ដីពីគោលការណ៍រួមមួយ កាលពីពេលថ្មីៗនេះ ដើម្បីបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការបង្ក្រាប និងរុះរើបណ្ដាញឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។ សហរដ្ឋអាមេរិករំពឹងថា រដ្ឋាភិបាលនានាក្នុងតំបន់នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីលុបបំបាត់ប្រតិបត្តិការឆបោកទាំងនេះ និងនាំយកអ្នកប្រព្រឹត្តបទល្មើសរួមទាំងមេខ្លោង មកទទួលខុសត្រូវចំពោះមុខច្បាប់។
សហរដ្ឋអាមេរិកក៏ជំរុញឱ្យរដ្ឋាភិបាលក្នុងតំបន់ដោះស្រាយបញ្ហាមន្ត្រីដែលជាប់ពាក់ព័ន្ធនឹងការជួយសម្រួល ឬផ្ដល់ការការពារដល់សកម្មភាពឧក្រិដ្ឋកម្មទាំងនេះ។ ស្ថានទូតអាមេរិកបញ្ជាក់ទៀតថា សហរដ្ឋអាមេរិកកំពុងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចគោលដៅទាំងនេះ។
ប្រទេសជាសមាជិក ១៣ នៃក្រុមទំនាក់ទំនងប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញដែលដឹកនាំដោយ សហរដ្ឋអាមេរិករួមមាន អូស្ត្រាលី កាណាដា ឥណ្ឌូណេស៊ី ជប៉ុន ម៉ាឡេស៊ី នូវែលហ្សេឡង់ ហ្វីលីពីន សាធារណរដ្ឋកូរ៉េ សិង្ហបុរី ថៃ ចក្រភពអង់គ្លេស និងវៀតណាម។ ថ្មីៗនេះ ក្រុមប្រទេសទាំងនេះបានចេញសេចក្ដីថ្លែងការណ៍រួមដោយប្រកាសសហការគ្នាបង្ក្រាបបណ្ដាញឧក្រិដ្ឋកម្មឆបោកឆ្លងដែន តាមរយៈការផ្ដល់អាទិភាពដល់ការស៊ើបអង្កេត និងចោទប្រកាន់មេខ្លោង ព្រមទាំងអ្នកជួយសម្រួលមជ្ឈមណ្ឌលឆបោកតាមអនឡាញ។ ជាមួយគ្នានេះ អាមេរិក និងសម្ពន្ធមិត្ត ព្រមទាំងដៃគូប្រទេសជាសមាជិកចំនួន ១២ ក៏សង្កត់ធ្ងន់ លើការប្រយុទ្ធប្រឆាំងអំពើពុករលួយដោយតម្រូវឱ្យប្រទេសជាសមាជិកចាត់វិធានការលើមន្ត្រី និងអ្នកមានអំណាចដែលឃុបឃិតជាមួយអង្គការឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីនាំខ្លួនឱ្យទទួលខុសត្រូវចំពោះមុខច្បាប់។
កាលពីថ្ងៃទី១៩ ខែវិច្ឆិកា សភាអាមេរិកក៏បានអនុម័តសេចក្ដីព្រាងច្បាប់ដ៏សំខាន់មួយ ដែលមានគោលបំណងបង្ក្រាប និងរុះរើបណ្ដាញឧក្រិដ្ឋកម្មឆបោកតាមអនឡាញឆ្លងដែន គឺច្បាប់ស្ដីពីការរុះរើបណ្ដាញឧក្រិដ្ឋកម្មឆបោកបរទេស (Dismantle Foreign Scam Syndicates Act) ហើយបានបញ្ជូនសេចក្ដីព្រាងច្បាប់នេះបន្តទៅកាន់ព្រឹទ្ធសភា ដើម្បីពិនិត្យ និងចាត់ការតាមនីតិវិធី។
ប្រធានស្ថាប័នកិច្ចការបរទេសនៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា អ្នកស្រី ធិត គឹមហ៊ុន មានប្រសាសន៍ថា តាមនីតិវិធីច្បាប់របស់សហរដ្ឋអាមេរិក បន្ទាប់ពីគណៈកម្មាធិការកិច្ចការបរទេសពិនិត្យ និងផ្ដល់ការយល់ព្រមរួច សេចក្ដីព្រាងច្បាប់នេះនឹងត្រូវដាក់ជូនអង្គព្រឹទ្ធសភាពេញអង្គ ដើម្បីពិភាក្សា និងបោះឆ្នោតអនុម័ត។ ប្រសិនបើព្រឹទ្ធសភាអនុម័ត សេចក្ដីព្រាងច្បាប់នេះនឹងត្រូវបញ្ជូនទៅប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីចុះហត្ថលេខា និងប្រកាសឱ្យប្រើប្រាស់ជាច្បាប់ជាផ្លូវការ។
សេចក្ដីព្រាងច្បាប់នេះមានលេខ H.R. 5490 ស្ដីពីការរុះរើបណ្ដាញឧក្រិដ្ឋកម្មឆបោកបរទេស សហរដ្ឋអាមេរិកមានវិធានការស្នូលសំខាន់ៗដូចជា ដាក់សម្ពាធលើរដ្ឋាភិបាលបរទេស និងមន្ត្រីដែលពាក់ព័ន្ធ ឬមិនអើពើ ចាត់វិធានការបង្ក្រាបឧក្រិដ្ឋកម្មឆបោក កំណត់ការស៊ើបអង្កេតលើទំនាក់ទំនងរវាងបណ្ដាញឧក្រិដ្ឋកម្មចិន មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមួយចំនួននៅក្នុងតំបន់ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសក្នុងតំបន់ ការពារជនរងគ្រោះពីការជួញដូរមនុស្ស និង តាមដានទីតាំងមជ្ឈមណ្ឌលឆបោកតាមរូបភាពផ្កាយរណប ជាដើម។ ច្បាប់ H.R. 5490 ក៏អនុញ្ញាតឱ្យប្រធានាធិបតីអាមេរិកដាក់ទណ្ឌកម្មលើជនបរទេសដែលជាម្ចាស់អគារ អ្នកគ្រប់គ្រង ឬគាំទ្រប្រតិបត្តិការឆបោកតាមអនឡាញ។
ជុំវិញរឿងនេះ ប្រធានចលនាខ្មែរ ដើម្បីប្រជាធិបតេយ្យ (KMD) អ្នកស្រី មូរ សុខហួរ ប្រសាសន៍ថា ច្បាប់ H.R. 5490 ស្ដីពីការរុះរើបណ្ដាញឧក្រិដ្ឋកម្មឆបោកបរទេស នឹងធ្វើឱ្យរដ្ឋាភិបាលត្រកូល ហ៊ុន និងឧកញ៉ាគ្រាក់ៗដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មភ័យស្លន់ស្លោ។ អ្នកស្រីបញ្ជាក់ថា សេចក្ដីព្រាងច្បាប់នេះកើតចេញពីការរួមចំណែក និងការតស៊ូមតិរបស់ពលរដ្ឋអាមេរិក ព្រមទាំងពលរដ្ឋខ្មែរដែលមានសញ្ជាតិអាមេរិកាំង ដែលបានរងគ្រោះពីអំពើឆបោកតាមអនឡាញ។
អ្នកស្រី មូរ សុខហួរ ពន្យល់ថា សេចក្ដីព្រាងច្បាប់ស្ដីពីការរុះរើបណ្ដាញឧក្រិដ្ឋកម្មឆបោកបរទេសនេះ មិនត្រឹមតែមានគោលដៅបង្ក្រាបឧក្រិដ្ឋកម្មឆបោកនៅកម្ពុជា និងបណ្ដាប្រទេសក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែអ្នកស្រីចាត់ទុកថា ច្បាប់នេះក៏ជាយន្តការសំខាន់មួយក្នុងការជំរុញឱ្យមេដឹកនាំនៅតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា គោរពគោលការណ៍ប្រជាធិបតេយ្យ សិទ្ធិមនុស្ស គោរពច្បាប់ និងប្រឆាំងអំពើពុករលួយ។
«ប្រទេសកម្ពុជា ជាប្រទេសដែល ជាប្រភពនៃការឆបោកអនឡាញ ហើយគេដឹងច្បាស់ណាស់ ប្រទេសកម្ពុជា មិនមែនជាប្រទេសដែល ជាជនរងគ្រោះទេ។ រដ្ឋាភិបាលកម្ពុជា អ្នកដឹកនាំជាន់ខ្ពស់នៃប្រទេសកម្ពុជា ជាអ្នកដែលការពារឧក្រិដ្ឋកម្មទាំងអស់នេះ ដូច្នេះ សហរដ្ឋអាមេរិក គេយកចិត្តទុកដាក់ពិតប្រាកដ ទៅលើការធានារក្សានូវអាយុជីវិតសន្តិសុខនៃពលរដ្ឋអាមេរិកាំង ក្នុងនេះមានខ្មែរអាមេរិកាំង»។
អ្នកស្រី មូរ សុខហួរ
កន្លងទៅ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជាពីលោក លី យ៉ុងផាត់ និងលោក កុក អាន។ មន្ត្រីដែលមានងារជាឧកញ៉ាទាំងនេះត្រូវបានគេស្គាល់ថា មនុស្សជំនិតលោក ហ៊ុន សែន ហើយក៏ជាអ្នកកាន់ហឹបលុយរបស់គណបក្សប្រជាជនកម្ពុជា។
អ្នកស្រី មូរ សុខហួរ លើកឡើងថា នៅពេលសេចក្ដីព្រាងច្បាប់ H.R. 5490 ស្ដីពីការរុះរើបណ្ដាញឧក្រិដ្ឋកម្មឆបោកបរទេស ចូលជាធរមាន សហរដ្ឋអាមេរិកនឹងមានមធ្យោបាយ និងជម្រើសកាន់តែច្រើនក្នុងការចាត់វិធានការផ្លូវច្បាប់ ដូចជាការចោទប្រកាន់ និងការចេញដីកាចាប់ខ្លួនក្រុមឧកញ៉ាដែលជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោក ព្រមទាំងពង្រីកការស៊ើបអង្កេតលើមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បន្ថែមទៀត។
សហរដ្ឋអាមេរិកឱ្យដឹងថា ពេញមួយឆ្នាំ២០២៥ ពលរដ្ឋអាមេរិកបានខាតបង់លុយប្រមាណជិត ២១ពាន់លានដុល្លារ ដោយសារតែបណ្ដាញឆបោកតាមអនឡាញដែលប្រតិបត្តិការនៅកម្ពុជា និងពីតំបន់អាស៊ីអាគ្នេយ៍។ ជាមួយគ្នានេះ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) រកឃើញថា ប្រជាជននៅអាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ អូស្ត្រាលី និងនូវែលហ្សេឡង់ ក៏បានខាតបង់ប្រាក់ជាង ១១៤ ពាន់លានដុល្លារកាលពីឆ្នាំ២០២៥ ដោយសារការឆបោកតាមអនឡាញនៅអាស៊ីអាគ្នេយ៍។
វិទ្យាស្ថានសហរដ្ឋអាមេរិក ដើម្បីសន្តិភាព (USIP) ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន (Washington D.C.) ធ្លាប់លាតត្រដាងថា ក្រុមអ្នកមានអំណាចនៅកម្ពុជា ជាអ្នកចាំកាង «ការពារ» ឧស្សាហកម្មឆបោកតាមអនឡាញ ដោយសារតែភាពចំណេញកប់ក្តោងនៃឧស្សាហកម្មមួយនេះ។ ក្រុមអ្នកស្រាវជ្រាវនៃវិទ្យាស្ថាននេះប៉ាន់ស្មាន់ថា កម្ពុជាតែឯងបានលួចលុយពីពិភពលោកយ៉ាងហោចណាស់ជាង ១២ពាន់លានដុល្លារក្នុងមួយឆ្នាំៗតាមរយៈឧស្សាហកម្មឆបោកតាមអនឡាញ ដែលភាគច្រើនដំណើរការដោយក្រុមឧក្រិដ្ឋកម្មដែលដឹកនាំដោយជនជាតិចិន៕









