កម្ពុជា​គ្មាន​ឈ្មោះ​ក្នុង​ប្រទេស​១៣ ដែល​ដឹកនាំ​ដោយ​អាមេរិក ដើម្បី​កម្ចាត់​ការ​ឆបោក​អនឡាញ

0
72
​ជំនួប​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ស្ដាំ) ជាមួយ​នាយក​ទីភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ (FBI) សហរដ្ឋអាមេរិក​លោក កាស ប៉ាទែល (Kash Patel) នៅ​រាជធានីភ្នំពេញ កាលពីថ្ងៃទី​២២ ខែកក្កដា​ ឆ្នាំ២០២៦។
​ជំនួប​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ស្ដាំ) ជាមួយ​នាយក​ទីភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ (FBI) សហរដ្ឋអាមេរិក​លោក កាស ប៉ាទែល (Kash Patel) នៅ​រាជធានីភ្នំពេញ កាលពីថ្ងៃទី​២២ ខែកក្កដា​ ឆ្នាំ២០២៦។

សហរដ្ឋអាមេរិក និង​ប្រទេស​សម្ពន្ធមិត្ត​ចំនួន ១២ទៀត​បាន​រួម​គ្នា​ចេញ​សេចក្ដីថ្លែងការណ៍​ស្ដី​ពី​គោលការណ៍​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ និង​មជ្ឈមណ្ឌល​ឆបោក​នៅ​តំបន់​អាស៊ីអាគ្នេយ៍ អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក។ ទោះ​បី​កម្ពុជា ជា​ទីតាំង​ស្នូល​មួយ​របស់​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆបោក​ក៏​ដោយ ក៏​កម្ពុជា​គ្មាន​ឈ្មោះ​ក្នុង​ចំណោម​ប្រទេស​ទាំង ១៣ ដែល​ដឹកនាំ​ដោយ​អាមេរិក ដើម្បី​ប្រយុទ្ធ​ប្រឆាំង​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​នេះ​ឡើយ។ អ្នកឃ្លាំមើល​វាយតម្លៃ​ថា រដ្ឋាភិបាល​ត្រកូល ហ៊ុន ទំនង​ជា​បដិសេធ​មិន​ចូល​រួម​ដោយសារ​បារម្ភ​ពី​សម្ពាធ និង​លក្ខខណ្ឌ​របស់​សហរដ្ឋអាមេរិក និង​សម្ពន្ធមិត្ត ដែល​តម្រូវ​ឱ្យ​បង្ក្រាប​មន្ត្រី​ជាន់​ខ្ពស់​គ្រាក់ៗ និង​ឧកញ៉ា​មាន​ឥទ្ធិពល ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា។

សហរដ្ឋអាមេរិក​កំពុង​រួម​ដៃ​ជាមួយ​សម្ព័ន្ធមិត្ត និង​សហការ​ជាមួយ​ប្រទេស​ដៃគូ​ក្នុង​តំបន់​អាស៊ី ដោយ​ដាក់​ចេញ​នូវ​គោលការណ៍​ម៉ឺងម៉ាត់ និង​មិន​ធ្លាប់​មាន​ពី​មុន​មក ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ និង​រុះរើ​បណ្ដាញ​មជ្ឈមណ្ឌល​ឆបោក​នៅ​តំបន់​អាស៊ីអាគ្នេយ៍។

សេចក្ដីប្រកាស​របស់​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃ​ទី១៨ ខែវិច្ឆិកា ឱ្យ​ដឹង​ថា រដ្ឋាភិបាល​នៃ​ប្រទេស​ជា​សមាជិក​ក្រុម​ទំនាក់ទំនង​ស្ដីពី​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​អនឡាញ និង​មជ្ឈមណ្ឌល​ឆបោក​នៅ​តំបន់​អាស៊ីអាគ្នេយ៍ អាស៊ី​បូព៌ា និង​តំបន់​ប៉ាស៊ីហ្វិក បាន​ចេញ​សេចក្ដីថ្លែងការណ៍​ស្ដីពី​គោលការណ៍​រួម​មួយ ដើម្បី​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​បង្ក្រាប និង​រុះរើ​បណ្ដាញ​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ។

សហរដ្ឋអាមេរិក​គឺ​ជា​អ្នក​ដឹកនាំ និង​បាន​បង្កើត​ក្រុម​ទំនាក់ទំនង​នេះ កាល​ពី​ខែមេសា ឆ្នាំ២០២៦  ក្នុង​គោលបំណង​ប្រមូល​ផ្ដុំ​សម្ព័ន្ធមិត្ត និង​ប្រទេស​ដៃគូ ដើម្បី​ចាត់​វិធានការ​កម្ទេច​អង្គការ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែល​បាន​ឆបោក​លុយ​ពី​ពលរដ្ឋ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ​រាប់​សិប​ពាន់​លាន​ដុល្លារ។ ប្រទេស​ជា​សមាជិក​នៃ​ក្រុម​ទំនាក់ទំនង​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​នេះ រួមមាន សហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា ឥណ្ឌូណេស៊ី ជប៉ុន ម៉ាឡេស៊ី នូវែលហ្សេឡង់ ហ្វីលីពីន សាធារណរដ្ឋ​កូរ៉េ សិង្ហបុរី ថៃ ចក្រភពអង់គ្លេស និង​វៀតណាម។

សហរដ្ឋអាមេរិក​បញ្ជាក់​ថា ក្រុម​ប្រទេស​ទាំង​នេះ​បាន​ប្ដេជ្ញា​សហការ​គ្នា​បង្ក្រាប​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆបោក​ឆ្លងដែន តាមរយៈ​ការ​ផ្ដល់​អាទិភាព​ដល់​ការ​ស៊ើបអង្កេត និង​ចោទ​ប្រកាន់​មេខ្លោង ព្រម​ទាំង​អ្នក​ជួយ​សម្រួល​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ។ ក្រៅ​ពី​នេះ វិធាន​ការ​ផ្សេង​ទៀត​រួម​មាន ការ​បង្ក្រាប​រុះរើ​មជ្ឈមណ្ឌល​ឆបោក ការ​ចែករំលែក​ព័ត៌មាន​សម្ងាត់ ការ​សម្រប​សម្រួល​ប្រតិបត្តិការ​រួម និង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច ឬ​ហាម​ឃាត់​បុគ្គល​ពាក់ព័ន្ធ​មិន​ឱ្យ​ចូល​ប្រទេស។

ថ្វីត្បិត​កម្ពុជា ជា​ទីតាំង​មូលដ្ឋាន​ប្រតិបត្តិការ​ដ៏​សំខាន់​មួយ​របស់​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆបោក​ក៏​ដោយ ក៏​កម្ពុជា​គ្មាន​ឈ្មោះ​ក្នុង​ចំណោម​ប្រទេស​ទាំង ១៣ ដែល​ដឹកនាំ​ដោយ​អាមេរិក ដើម្បី​ប្រយុទ្ធ​ប្រឆាំង​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​នេះ​ឡើយ។ ទោះ​ជា​យ៉ាងណា សេចក្ដីថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​កម្ពុជា​មិន​មាន​ឈ្មោះ​ក្នុង​ក្រុម​ទំនាក់ទំនង​នេះ​ទេ ហើយ​ក៏​មិន​បាន​បញ្ជាក់​ថា កម្ពុជា​ត្រូវ​បាន​ដក​ចេញ ឬ​បដិសេធ​មិន​ចូល​រួម​ក្នុង​ក្រុម​ប្រទេស​ទាំង​នេះ​ដែរ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក គឹម សុខ ជឿជាក់​ថា សហរដ្ឋអាមេរិក​មិនមែន​មិន​បញ្ចូល​កម្ពុជា​ធ្វើ​ជា​សមាជិក​នៃ​ក្រុម​ប្រទេស​ចំនួន ១២ ដើម្បី​ប្រឆាំង​នឹង​អង្គការ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​ឡើយ។ លោក​យល់​ថា កម្ពុជា​គ្មាន​វត្តមាន​ជា​សមាជិក គឺ​ដោយសារ​តែ​រដ្ឋាភិបាល​នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន បារម្ភ​អំពី​សម្ពាធ​កាន់​តែ​ធ្ងន់ធ្ងរ និង​មិន​អាច​ធ្វើ​តាម​លក្ខខណ្ឌ​របស់​អាមេរិក និង​សម្ពន្ធមិត្ត ដើម្បី​ប្រឆាំង​នឹង​អំពើ​ពុករលួយ និង​ចាប់​ខ្លួន​មន្ត្រី​ឧកញ៉ា​គ្រាក់ៗ​ដែល​ពាក់ព័ន្ធ​នឹង​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា។

«ការណ៍​ដែល​សហរដ្ឋអាមេរិក និង​ប្រទេស ១២ ផ្សេង​ទៀត គេ​ចង​ជា​សម្ព័ន្ធ​ក្នុង​គោលដៅ​កម្ចាត់​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ ហើយ​អត់​មាន​វត្តមាន​របស់​កម្ពុជា​ហ្នឹង អាច​មាន​ហេតុផល​ពីរ។ ហេតុផល​ទី​មួយ ប្រទេស​ទាំង ១៣ ដែល​ចង​សម្ព័ន្ធ​ភាព​ហ្នឹង យល់​ឃើញ​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មន្ត្រី​ជា​ច្រើន ពួក​ឧកញ៉ា​នៅ​ជុំវិញ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន គឺ​ជា​ជនសង្ស័យ ជា​មេ​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆបោក​ដ៏​ធំ​ទៅ​ហើយ។ ហើយ​ប្រទេស​ទាំង​អស់​នោះ​គេ​កំពុង​តែ​តាម​ចាត់​វិធានការ។ ចំណុច​ទី​ពីរ អាច​ដោយសារ​តែ​មិនមែន​គេ​មិន​ហៅ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ចូល​ទេ ប៉ុន្តែ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ខ្លួន​ឯង​អាច​នឹង​មិន​ហ៊ាន​ចូល​រួម​ជាមួយ​នឹង​គេ​តែ​ម្ដង ពីព្រោះ​កាល​ណា​ចូល​រួម​ជា​មួយ​គេ ខ្លាច​លក្ខខណ្ឌ​តម្រូវ​នៅ​ក្នុង​សម្ព័ន្ធ​ភាព​ហ្នឹង ឱ្យ​ត្រូវ​តែ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ចាប់​មនុស្ស​ដែល​សហគមន៍​អន្តរជាតិ​ដាក់​នៅ​ក្នុង​បញ្ជី​របស់​គេ»។

លោក គឹម សុខ

អ្នក​វិភាគ​នៅ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ និង​អន្តរជាតិ (CSIS) បាន​លើកឡើង​ថា សហគមន៍​អន្តរជាតិ​នៅ​តែ​គ្មាន​ជំនឿ និង​សង្ស័យ​ចំពោះ​តម្លាភាព​នៃ​ប្រតិបត្តិការ​បង្ក្រាប​មជ្ឈមណ្ឌល​ឆបោក​ដោយ​រដ្ឋាភិបាល​កម្ពុជា ជាពិសេស​កង្វះ​ព័ត៌មាន​អំពី​ការ​ស៊ើបអង្កេត និង​ការ​ទទួល​ខុស​ត្រូវ​មុខ​ច្បាប់​របស់​បុគ្គល​មាន​អំណាច​ដែល​អាច​ពាក់ព័ន្ធ​នឹង​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ។

សេចក្ដីថ្លែងការណ៍​រួម​របស់​អាមេរិក និង​ប្រទេស​ជា​សមាជិក​ចំនួន ១២ ក៏​សង្កត់​ធ្ងន់ លើ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ដោយ​តម្រូវ​ឱ្យ​ចាត់​វិធានការ​លើ​មន្ត្រី និង​អ្នក​មាន​អំណាច​ដែល​ឃុបឃិត​ជាមួយ​អង្គការ​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ដើម្បី​នាំ​ខ្លួន​ឱ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។ សហរដ្ឋអាមេរិក និង​ប្រទេស​ជា​សមាជិក​ក៏​ប្ដេជ្ញា​ពង្រឹង​កិច្ច​សហការ​ជាមួយ​ស្ថាប័ន​ហិរញ្ញវត្ថុ ក្រុមហ៊ុន​បច្ចេកវិទ្យា និង​ក្រុមហ៊ុន​ទូរគមនាគមន៍ ដើម្បី​តាម​ដាន​លំហូរ​សាច់​ប្រាក់ និង​បង្ក្រាប​ប្រតិបត្តិការ​ឆបោក ព្រម​ទាំង​អំពើ​លាង​លុយ​កខ្វក់។

សហរដ្ឋអាមេរិក​ឱ្យ​ដឹង​ថា កាល​ពី​ឆ្នាំ២០២៥ ពលរដ្ឋ​អាមេរិក​បាន​ខាតបង់​លុយ​ជិត ២១ពាន់​លាន​ដុល្លារ​ពី​បណ្ដាញ​ឆបោក​តាម​អនឡាញ​នៅ​ក្រៅ​ប្រទេស។ ក្នុង​នោះ ក្រុម​ឧក្រិដ្ឋជន​ឆបោក​ដែល​មាន​មូលដ្ឋាន​នៅ​អាស៊ីអាគ្នេយ៍​ដែល​ភាគច្រើន​ដំណើរការ​ដោយ​អង្គការ​ឧក្រិដ្ឋកម្ម​ចិន​បាន​បោកប្រាស់​ជនជាតិ​អាមេរិក​នៅ​ទូទាំង​រដ្ឋ​ទាំង ៥០ និង​បាត់បង់​លុយ​ជាង ១៨ពាន់​លាន​ដុល្លារ។

ទូរទស្សន៍​អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​អនឡាញ​លោក ឆៃ ស៊ីណារិទ្ធ និង​ស្ថាន​ទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​រឿង​នេះ ប៉ុន្តែ​ពុំ​មាន​ការ​ឆ្លើយតប​នៅ​ឡើយ​គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក (ASEAN-US Special Summit) នៅ​ទីក្រុងម៉ានីល (Manila) ប្រទេស​ហ្វីលីពីន (Philippines) កាល​ពី​ថ្ងៃ​ទី១៧ ខែវិច្ឆិកា អាស៊ាន និង​អាមេរិក ក៏​បាន​អនុម័ត​លើ​គោលការណ៍​សំខាន់ៗ ១០ចំណុច​ដែល​ភាគី​ទាំង​ពីរ​បាន​ប្រកាស​ប្ដេជ្ញា​អនុវត្ត ដើម្បី​ប្រឆាំង​នឹង​បណ្ដាញ​ឆបោក​ទាំង​នេះ។ ក្នុង​នោះ​រួមមាន ការ​ពង្រឹង​កិច្ច​សហការ​ឆ្លង​កាត់​ព្រំដែន ចែករំលែក​ព័ត៌មាន​សម្ងាត់​អំពី​សកម្មភាព​ឆបោក ការ​ស៊ើបអង្កេត​លើ​បណ្ដាញ​ឧក្រិដ្ឋជន និង​មេខ្លោង​ដែល​នៅ​ពី​ក្រោយ ការ​ផ្ដល់​ជំនួយ​ផ្នែក​ច្បាប់​ដល់​ជនរងគ្រោះ ការ​តាម​ដាន​លំហូរ​សាច់​ប្រាក់​របស់​ក្រុម​ឧក្រិដ្ឋជន និង​ការ​ស្វែងរក​វិធីសាស្ត្រ​ស្ដារ​ទ្រព្យ​សម្បត្តិ​ជនរងគ្រោះ​ដែល​បាត់បង់​ត្រឡប់​មក​វិញ។

ទាក់ទង​នឹង​កិច្ច​សហការ​រវាង​អាស៊ាន និង​អាមេរិក ប្រធាន​កម្មវិធី​ផ្នែក​ស្រាវជ្រាវ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក វណ្ណ ប៊ុនណា លើកឡើង​ថា សហរដ្ឋអាមេរិក​កំពុង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សម្ព័ន្ធមិត្ត និង​មិន​ដក​ដៃ​ក្នុង​ការ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​ឡើយ។

«ដោយសារ​តែ​ឃើញ​ថ្លែងការណ៍​អី​ទាំងអស់​នេះ គឺ​ជា​ការ​ប្ដេជ្ញា​ចិត្ត វា​មិនមែន​ជា​ច្បាប់​ក្នុង​ការ​ចង​កាតព្វកិច្ច​របស់​រដ្ឋ​មួយៗ។ អ៊ីចឹង ខ្ញុំ​មើល​ឃើញ​ថា អ្វី​ដែល​កម្ពុជា​មាន​កាតព្វកិច្ច​ធ្វើ​នៅ​ក្នុង​ហ្នឹង គឺ​អនុវត្ត​ក្នុង​សេចក្ដី​សម្រេច ឬ​ក៏​សេចក្តី​សន្យា​របស់​ខ្លួន​ឱ្យ​បាន​ខ្ជាប់ខ្ជួន ជាពិសេស​រឿង​ការ​ចាត់​វិធានការ​ទាក់ទង​ទៅ​នឹង​មេខ្លោង​នៅ​ពី​ក្រោយ​ខ្នង»។

លោក វណ្ណ ប៊ុនណា

មន្ត្រី​អ្នកនាំពាក្យ​រដ្ឋាភិបាល​ក្រៅ​ប្រទេស លោក គឹម សុខ លើកឡើង​ថា ការណ៍​ដែល​កម្ពុជា​គ្មាន​វត្តមាន​ក្នុង​សមាជិក​ប្រទេស​ចំនួន ១៣ ដែល​ដឹកនាំ​ដោយ​អាមេរិក​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​នោះ រដ្ឋាភិបាល​ត្រកូល ហ៊ុន នៅ​តែ​អាច​លាក់បាំង​ព័ត៌មាន​នៃ​មេខ្លោង​កំពូលៗ​ដែល​កាង​ពី​ក្រោយ។ ទោះ​ជា​យ៉ាង​ណា លោក​ថា ការ​បិទបាំង​របស់​ត្រកូល នឹង​មិន​ប៉ះពាល់​ដល់​ការ​ស៊ើបអង្កេត និង​ការ​ចែករំលែក​ព័ត៌មាន​សម្ងាត់​ពី​មេខ្លោង និង​ទីតាំង​មជ្ឈមណ្ឌល​ឆបោក​នៅ​កម្ពុជា​ឡើយ ពីព្រោះ​សហរដ្ឋអាមេរិក ជាពិសេស​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ FBI មាន​របាយការណ៍ និង​ភស្តុតាង​ពេញ​ដៃ​រួច​ទៅ​ហើយ​អំពី​ទីតាំង​មជ្ឈមណ្ឌល​ឆបោក​នៅ​កម្ពុជា និង​មេខ្លោង​ដែល​ជា​មន្ត្រី​ឧកញ៉ាៗ​ដែល​ស្និទ្ធ​នឹង​រដ្ឋ​អំណាច​នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ