

កម្មករជាង ១ពាន់នាក់ នៅរោងចក្រ ខេមបូ យូនីសូល (Cambo Unisol Co., Ltd.) ក្នុងខេត្តកណ្ដាល ធ្វើកូដកម្មអហិង្សា ដើម្បីទាមទារលក្ខខណ្ឌការងារតាមច្បាប់ និង ឲ្យថ្នាក់ដឹកនាំសហជីពចូលការងារវិញ។ កម្មករ និងសហជីពសោកស្ដាយ ដែលក្រុមហ៊ុន គាបសង្កត់សិទ្ធិកម្មករ និងរើសអើងសហជីព ហើយសំណូមពរឲ្យរដ្ឋាភិបាលចាត់វិធានការលើក្រុមហ៊ុន។
នៅសៀលថ្ងៃទី១៨ ខែវិច្ឆិកានេះ កម្មករ/កម្មការិនី ជាង ១ពាន់នាក់ នៃក្រុមហ៊ុន ខេមបូ យូនីសូល ខូអិលធីឌី (Cambo Unisol Co., Ltd.) ក្នុងខេត្តកណ្តាល បាននាំគ្នាធ្វើកូដកម្មអហិង្សា ដើម្បីទាមទារឱ្យក្រុមហ៊ុនដោះស្រាយបញ្ហាមួយចំនួន ដែលពាក់ព័ន្ធនឹងសិទ្ធិការងារ លក្ខខណ្ឌការងារតាមច្បាប់ និង បញ្ហាបញ្ឈប់ថ្នាក់ដឹកនាំសហជីពពីការងារ ជាដើម។ ក្រុមហ៊ុន ខេមបូ យូនីសូល ដែលកម្មករចេញធ្វើកូដកម្មតវ៉ានេះ មានទីតាំងនៅតំបន់អភិវឌ្ឍន៍ សែវិនអែនជី (7NG) ក្នុងភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល។
ក្នុងលិខិតស្នើសុំជួបដោះស្រាយចវាទការងារ ដោយមានស្នាមមេដៃអ្នកតំណាង ៤នាក់ ផ្ញើជូននាយកក្រុមហ៊ុន ខេមបូ យូនីសូល កាលពីថ្ងៃទី១៧ ខែវិច្ឆិកា សហជីពសាមគ្គីភាពការងារកម្ពុជា និងសហជីពអភិវឌ្ឍន៍កម្ពុជា បានធ្វើសំណូមពរទៅក្រុមហ៊ុនឲ្យផ្ដល់នូវដំណោះស្រាយបញ្ហាចំនួន ៧ចំណុច។
សំណូមពររបស់សហជីពរួមមាន ការទាមទារឲ្យក្រុមហ៊ុនទទួលយកប្រធានសហជីព និង កម្មករម្នាក់ទៀត ដែលជាប្រតិភូបុគ្គលិកពេញសិទ្ធិ នៃក្រុមហ៊ុន គឺលោក ហ៊ុន ហេង ឲ្យចូលធ្វើការវិញ ដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ ចាប់ពីថ្ងៃបញ្ឈប់ រហូតដល់ថ្ងៃចូលធ្វើការ។ សហជីពទាមទារក្រុមហ៊ុន មិនឲ្យកំណត់លក្ខខណ្ឌផលិតកម្ម ដែលខ្ពស់ហួសពីកម្លាំងរបស់កម្មករ និង បញ្ឈប់ការរើសអើងសហជីព។
ប្រធានសហព័ន្ធសហជីពអំណាចយុវជនកម្ពុជា លោក សៀង រិទ្ធី ថ្កោលទោស ក្រុមហ៊ុនដែលបង្ហាញចេតនាគាប់សង្កត់កម្មករ និងរើសអើងសហជីពមូលដ្ឋាន ដែលធ្វើការការពារសិទ្ធិការងារកម្មករ។ លោកបន្ថែមថា កូដរកម្មរបស់កម្មករនៅថ្ងៃទី១៨ ខែវិច្ឆិការនេះ កើតឡើងដោយសារតែក្រុមហ៊ុន មិនព្រមដោះស្រាយ សំណូមទាំង ៧ចំណុច របស់សហជីព ដែលបានដាក់ជូនក្រុមហ៊ុន កាលពីថ្ងៃទី១៧ ខែវិច្ឆិកា។
លោក សៀង រិទ្ធី ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១៨ ខែវិច្ឆិកា ថា ទង្វើរបស់រោងចក្រ គឺជាការប្រឆាំងនឹងច្បាប់ការងារ ច្បាប់សហជីពក៏ដូចជា អនុសញ្ញាពលកម្មអន្តរជាតិ ហើយក៏ជាអំពើ ដែលមិនអនុវត្តទៅតាមវិធានរបស់អ្នកបញ្ជាទិញ ដែលឲ្យតម្លៃលើសិទ្ធិការងាររបស់កម្មករ និង សេរីភាពសហជីព។
«ដោយសាររោងចក្រមានយុទ្ធនាការ មានផែនការបញ្ឈប់សហជីពជាប្រព័ន្ធ មានន័យថា កន្លងមក គាត់ធ្លាប់បានបញ្ឈប់ប្រធានសហជីព មួយទៀតឈ្មោះ ហ៊ុន ហេង ដែលជាសហជីពមួយ ដៃគូររបស់យើងដែរនៅក្នុង រោងចក្រហ្នឹង។ បន្ទាប់មកទៀត គាត់បានបញ្ឈប់ប្រធានសហជីពមូលដ្ឋានរបស់ សហព័ន្ធរបស់យើងបន្តទៀត។ អ៊ីចឹងមានន័យថា ផែនការរោងចក្រ គឺចង់កម្ទេចសហជីពទាំងអស់ ដែលសកម្ម ដែលលេចធ្លោរក្នុងការតវ៉ាទាមទារឲ្យបងប្អូនកម្មករ របស់យើង។ រួមជាមួយគ្នាហ្នឹង ក៏មានលក្ខខណ្ឌការងារ ៧ ចំណុច ដែលមានចំណុច សំខាន់គោលទាក់ទងជាមួយការកំណត់ផលិកម្មខ្ពស់ហួសហេតុពេក ហើយបើសិនជាបងប្អូនកម្មករធ្វើមិនបាន ឈានទៅដល់ការអប់រំផ្ទាល់មាត់ ការព្រមាន។ អ៊ីចឹង ជាការបង្ខំ ការដាក់សម្ពាធធ្ងន់ធ្ងរ ចំពោះបងប្អូនកម្មកររបស់យើង ធ្វើការហួសពីសមត្ថភាពរបស់គាត់»។
លោក សៀង រិទ្ធី
លោក សៀង រិទ្ធី ក៏បានស្នើឲ្យរដ្ឋាភិបាលចាត់វិធានការលើក្រុមហ៊ុន ឲ្យគោរពច្បាប់ការងារកម្ពុជា និង គោលការណ៍សិទ្ធិការងារជាអន្តរជាតិ ដែលកម្ពុជាជារដ្ឋភាគីដែរ។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងប្រធានធនធានមនុស្សនៃក្រុមហ៊ុន ខេមបូ យូនីសូល ខូអិលធីឌី អ្នកស្រី តុល គីមឡូត និងអ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា ដើម្បីបំភ្លឺជុំវិញរឿងនេះ បានទេ នៅថ្ងៃទី១៨ ខែវិច្ឆិកា។
បន្ថែមលើនេះ សហជីពសាមគ្គីភាពការងារកម្ពុជា និងសហជីពអភិវឌ្ឍន៍កម្ពុជា បានស្នើឲ្យក្រុមហ៊ុនផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្ត ដល់គ្រប់ផ្នែកទាំងអស់ រួមបញ្ចូលទាំងប្រាក់រង្វាន់ប្រចាំសប្តាហ៍ ស្នើឲ្យក្រុមហ៊ុនរៀបចំតំឡើងកង្ហាសម្រួលខ្យល់អាកាសល្អនៅកន្លែងធ្វើការ។ សហជីពក៏តម្រូវឲ្យក្រុមហ៊ុន ដកអ្នកគ្រប់គ្រងជនជាតិកូរ៉េ ឈ្មោះ ផាក អ៊ូជីន (Park, Woo-Jin) និង រដ្ឋបាលរោងចក្រ លោកស្រី តុល គីមឡូត (ហៅលីលី) ចេញពីការងារ ដោយសារអ្នកទាំងពីរ គាបសង្កត់សិទ្ធិសេរីភាពកម្មករ និងរើសអើសថ្នាក់ដឹកនាំសហជីព ដោយប្រើអំណាចបញ្ឈប់អ្នកដឹកនាំសហជីពជាបន្តបន្ទាប់។
កម្មកររោងចក្រ គឺលោក យ៉ិន យ៉ុង បង្ហាញការសោកស្ដាយប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១៨ ខែវិច្ឆិកា នៅពេលក្រុមហ៊ុនគាបសង្កត់ និង រើសអើងសហជីពនៅក្នុងរោងចក្រ។ លោកថា ជារឿងមិនត្រឹមត្រូវទេ ដែលក្រុមហ៊ុន ធ្វើទុក្ខបុកម្នេញសហជីព ដែលគ្រាន់តែសហជីព យកចិត្តទុកដាក់ការពារសិទ្ធិការងាររបស់កម្មករ ស្របតាមច្បាប់នោះ។
លោក យ៉ិន យ៉ុង៖ «ក្នុងនាមខ្ញុំជាកម្មករ ខ្ញុំមានការសោកស្ដាយ ដែលរោងចក្រ មានការរើសអើងសហជីព គឺរោងចក្របញ្ឈប់សហជីពជាបន្តបន្ទាប់ រហូតដល់ពេលនេះ មានសហជីព ៣ នាក់ ហើយ ដែលត្រូវបានបញ្ឈប់ ទើបតែលើកទី៣ ហ្នឹង បានកម្មករផ្ទុះការតវ៉ា»។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញកាលពីពេលថ្មីនេះថា គិតត្រឹមចុងឆ្នាំ២០២៥ ចំនួនសហជីពដែលបានចុះបញ្ជីផ្លូវការនៅកម្ពុជា បានកើនឡើងដល់ជិត ៧ពាន់សហជីព ដោយរដ្ឋាភិបាលចាត់ទុកថា នេះជាសក្ខីភាពនៃការគាំទ្រសិទ្ធិសេរីភាពក្នុងការបង្កើតសហជីពស្របតាមច្បាប់ការងារ និង រដ្ឋធម្មនុញ្ញ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកឃ្លាំមើលលើកឡើងថា ទិន្នន័យនេះ មិនបានជួយសម្រាលស្ថានភាពរងគ្រោះរបស់កម្មករ និងក្រុមសហជីពដែលជួយកម្មករពិប្រាកដទេ ពីព្រោះ សហជីពដែលធ្វើការបម្រើផលប្រយោជន៍កម្មករ តាមច្បាប់ការងារជាក់ស្ដែង តែងតែរងការធ្វើទុក្ខបុកម្នេញ និង រើសអើងពីក្រុមហ៊ុនភាគច្រើន និងរដ្ឋាភិបាល។ ក្នុងពេលថ្មីៗនេះទៀត សហជីពភាពច្រើន ដែលចូលរួមពិភាក្សាជាមួយក្រសួងការងារ អំពីប្រាក់ឈ្នួលកម្មករ មិនបានគាំទ្រការតម្លើងប្រាក់ឈ្នួលឲ្យកម្មករឡើយ ហើយការពារប្រយោជន៍ក្រុមហ៊ុនទៅវិញ។
អង្គការសង់ត្រាល់ (CENTRAL) បានកត់ត្រាថា ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ២០២៦នេះ ការតវ៉ា និងវិវាទការងារចំនួន ២៧ករណី ដែលមានកម្មករចូលរួម ប្រហែលជាង ៣ម៉ឺននាក់ (៣៤ ៤៥៥នាក់) ដោយភាគច្រើនកើតឡើងនៅក្នុងវិស័យកាត់ដេរ និងស្បែកជើង៕









