តំណាងខ្មែរ​ក្រោម​ស្នើ​ឱ្យ​បារាំង​ពិនិត្យ​ឡើងវិញ​ពីច្បាប់​ដែល​បារាំង​ផ្ទេរ​ទឹកដី​កម្ពុជា​ក្រោម​ទៅ​ឱ្យ​វៀតណាម​គ្រប់គ្រង​បន្ត

0
4
ទិដ្ឋភាពក្រុមអ្នកតំណាងខ្មែរកម្ពុជាក្រោម ដាក់ញត្តិទៅកាន់​ស្ថានទូតបារាំង​ប្រចាំកម្ពុជា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦។ រូប៖ ហ្វេសប៊ុក​ Son Chengchon
ទិដ្ឋភាពក្រុមអ្នកតំណាងខ្មែរកម្ពុជាក្រោម ដាក់ញត្តិទៅកាន់​ស្ថានទូតបារាំង​ប្រចាំកម្ពុជា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦។ រូប៖ ហ្វេសប៊ុក​ Son Chengchon

តំណាង​ខ្មែរ​ក្រោម​ស្នើ​ឱ្យ​សភា និង​រដ្ឋាភិបាល​បារាំង​ពិនិត្យ​ឡើង​វិញលើ​ច្បាប់​ចុះថ្ងៃទី៤ ខែ​មិថុនា ឆ្នាំ១៩៤៩ ដែល​បារាំង​បាន​ផ្ទេរ​ទឹកដី​កម្ពុជាក្រោម ឬ​បារាំង​ហៅថាកូសាំងស៊ីន ទៅឱ្យវៀតណាម​គ្រប់គ្រងបន្តរហូតដល់ពេលបច្ចុប្បន្ន។ អ្នកច្បាប់លើកឡើងថា នៅមុនពេលអនុម័តច្បាប់ឆ្នាំ ១៩៤៩ នោះបារាំង​មិនបាន​សួរយោបល់របស់ប្រជាពលរដ្ឋខ្មែរក្រោម ដែលជាម្ចាស់ទឹកដី និងនៅមិន​មាន​ច្បាស់​លាស់ជាច្រើនខាងផ្លូវច្បាប់។

ក្រុមអ្នកតំណាងខ្មែរកម្ពុជាក្រោម កាលពីថ្ងៃទី២០ ខែវិច្ឆិកា បានដាក់ញត្តិទៅកាន់​ស្ថានទូតបារាំង​ប្រចាំកម្ពុជាដើម្បីផ្ញើជូនសភា និង​រដ្ឋាភិបាលបារាំង ដោយស្នើ​ឱ្យពិនិត្យឡើងវិញ លើច្បាប់លេខ ៤៩-៧៣៣ ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ ដែលពាក់ព័ន្ធនឹងឋានៈទឹកដីកម្ពុជាក្រោម ឬកូសាំងស៊ីនក្នុង​អតីតសហភាព​បារាំង នៅគ្រាដែលបារាំងជាអាណាព្យាបាលលើប្រទេសកម្ពុជា និងជា​អាណានិគម​នៅ​ដែនដីកម្ពុជាក្រោម ។ តំណាងខ្មែរកម្ពុជាក្រោម ដែល​ដាក់​ញត្តិ​ទាំងនេះ រួមមាន អង្គការសង្គមស៊ីវិលខ្មែរកម្ពុជាក្រោម អ្នកតស៊ូមតិផ្នែកសិទ្ធិ​មនុស្ស អ្នកជំនាញ អ្នកស្រាវជ្រាវ និងនិស្សិត។

ញត្តិរបស់តំណាងខ្មែរកម្ពុជាក្រោមនេះ ធ្វើឡើងតែ៤ថ្ងៃ នៅក្រោយពេល​ប្រធានាធិបតីបារាំង​លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានចាកចេញពីកម្ពុជា ជាទីដែលលោក បានចូលរួមកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី២០។ ក្នុងសន្និសីទនៅទីក្រុងភ្នំពេញគ្រានោះ ប្រមុខរដ្ឋបារាំង បានថ្លែងគួរ​ឱ្យកត់សម្គាល់ថា កម្ពុជាអាចទុកចិត្តបារាំង ទាំងក្នុងអតីតកាល បច្ចុប្បន្ន និងទៅអនាគត។

ក្នុងសំណើសំខាន់ៗចំនួន ៧ចំណុច ដល់រដ្ឋាភិបាលបារាំង ក្រុមអ្នកតំណាងខ្មែរ កម្ពុជាក្រោម មានបំណងឱ្យរដ្ឋាភិបាលបារាំង ពិនិត្យឡើងវិញ​លើទិដ្ឋភាព​ច្បាប់ និង​ប្រវត្តិសាស្ត្រ ដោយស្នើឱ្យពិនិត្យលទ្ធភាពធ្វើវិសោធនកម្ម ឬលុបចោលច្បាប់​នេះទាំងស្រុង ប្រសិនបើរកឃើញមូលដ្ឋានគ្រប់គ្រាន់។

អនុប្រធានសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក​បណ្ឌិត សឺន ជុំជួន មានប្រសាសន៍ថា ការផ្ទេរកូសាំងស៊ីន ឬ ទឹកដីកម្ពុជាក្រោម ទៅឱ្យ​អាណា្ណម ឬ វៀតណាមសព្វថ្ងៃ មានចំណុចមិនច្បាស់លាស់ជាច្រើន ហើយ​ប្រជាពលរដ្ឋ​ខ្មែរក្រោម ចង់ដឹង ថាតើ ភាគីបារាំងមានសំអាងគ្រប់ជ្រុងជ្រោយ​ដែរឬទេ ពាក់ព័ន្ធទៅនឹងឯកសារគោល​លក្ខខណ្ឌ​គតិយុត្តិអន្តរជាតិ ជាពិសេស ករណី ដែលបារាំងមិនបានសួរយោបល់ ប្រជាពលរដ្ឋខ្មែរជាមុន។ លោកថា តំណាងខ្មែរក្រោម ក៏ចង់ឱ្យបារាំងបំភ្លឺផងដែរ ពីផលប៉ះពាល់ដល់សិទ្ធិពលរដ្ឋខ្មែរ​កម្ពុជាក្រោម។

លោកបណ្ឌិត សឺន ជុំជួន សង្ឃឹមថា ញត្តិរបស់តំណាងខ្មែរកម្ពុជាក្រោម ដាក់ទៅ​កាន់ទាំងសភា និងរដ្ឋាភិបាលបារាំង ភាគីបារាំងនឹង​បកស្រាយ​ឱ្យទូលំទូលាយ នៅចំពោះមុខអ្នកតំណាងខ្មែរ​កម្ពុជាក្រោម និង​ក្រុមអ្នកជំនាញ។

«គោលបំណងសំខាន់ហ្នឹង គឺចង់ឱ្យរដ្ឋាភិបាលបារាំងហ្នឹង បកស្រាយបន្ថែម​ទៅលើថា តើកាលដែលច្បាប់លេខ៤៩-៧៧៣ ហ្នឹងតើការ​អនុម័ត​ច្បាប់ហ្នឹង គឺវាត្រឹមត្រូវ​ទៅ​តាមអ្វីដែលជាច្បាប់អន្តរជាតិ ឬមួយក៏មានទំនាក់ទំនង ច្បាស់លាស់អត់? មាន​លក្ខណៈ​ជា​គតិយុត្តអី ដែលអាចជាផ្លូវការថា ការផ្ទេររបស់ បារាំងទៅឱ្យវៀតណាមអាណានិគមបន្តហ្នឹង តើវាត្រឹមត្រូវជាលក្ខណៈ​គតិយុត្ត​អត់?ជាចំណុច ដែលយើងមានការងឿងឆ្ងល់ ហើយវានៅតែ​ជាការ​ស្រពិចស្រពិល ដោយសារមិនបានឆ្លងកាត់ជាមួយប្រជាពលរដ្ឋខ្មែរទេ»។

លោក សឺន ជុំជួន

ទឹកដីកម្ពុជាក្រោម មានទំហំប្រមាណ ៦ម៉ឺន៨ពាន់(៦៨.០០០) គីឡូម៉ែត្រការ៉េ។ អំឡុងពេល​បារាំងធ្វើជាអាណាព្យាបាលលើកម្ពុជា ទឹកដីខ្មែរដ៏ធំនេះ ត្រូវបានបារាំង ផ្ទេរទៅឲ្យស្តេចអាណ្ណាម គ្រប់គ្រងបន្តកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ រហូតមក​ដល់សព្វថ្ងៃ។

ច្បាប់លេខ ៤៩-៧៣៣ ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ មាន៣មាត្រា ។ មាត្រា២នៃ ច្បាប់នេះ​ចែង​ថា «ទឹកដីកូសំាងស៊ីនត្រូវបានភ្ជាប់ទៅជារដ្ឋចំណុះវៀតណាម យោងតាម​សេចក្តីប្រកាសរួម កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ១៩៤៨ និងសេចក្តីប្រកាស របស់រដ្ឋាភិបាលបារាំង កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩៤៨ ហើយដែនដីនេះ ត្រូវបញ្ចប់​លក្ខនិ្តកៈជាទឹកដីឯនាយសមុទ្ររបស់បារាំង»។

ចំណែកមាត្រា៣ចែង​ថា «ក្នុងករណីដែលលក្ខន្តិកៈរបស់ប្រទេសវៀតណាមមានការផ្លាស់ប្តូរ លក្ខន្តិកៈនៃ ដែនដី កូសាំងស៊ីននឹងត្រូវយកមកពិភាក្សាឡើងវិញ ដោយសភាទាំងឡាយ ដែលមានចែងក្នុងមាត្រា៧៥នៃរដ្ឋធម្មនុញ្ញ (ជំពូកទី៧ស្តីពីសហភាពបារាំង)»។

តំណាងខ្មែរក្រោម ស្នើឱ្យបារាំងពិនិត្យ ឱ្យបានជាក់លាក់ លើវិសាលភាព នៃការ​អនុវត្តផ្នែកច្បាប់នៃមាត្រា ៣ ក្នុងច្បាប់ឆ្នាំ១៩៤៩ ដោយគិតគូរដល់ការផ្លាស់ប្តូរ ឋានៈរបស់ប្រទេសវៀតណាម នៅក្នុងដំណាក់កាលជាបន្តបន្ទាប់។ ពួកគាត់​ចង់ឱ្យ បារាំង​កំណត់​ឱ្យបានច្បាស់ ថាតើនីតិវិធី ឬ​ដំណើរការពិគ្រោះយោបល់ ដែលចែង​ក្នុងបទប្បញ្ញត្តិនោះ ត្រូវបានអនុវត្តជាក់ស្តែងហើយ ឬនៅ?

លោក ឡាំ ជា នៅមុនពេលឡើង ធ្វើជារដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការ ដ្ឋាន កិច្ចការព្រំដែន ធ្លាប់បានមានប្រសាសន៍ថា ត្រង់ចំណុចទី៣ នៃច្បាប់ឆ្នាំ១៩៤៩ អំពី​បញ្ហាដែនដី កូសាំងស៊ីន ឬ ទឹកដីកម្ពុជាក្រោមនេះ សភាបារាំងទុកសិទ្ធិឱ្យ​កម្ពុជាតវ៉ា នៅពេលវៀតណាម​ប្ដូរ​លក្ខន្តិកៈ​ប្រទេស​របស់ខ្លួន។

«ចំណុចទី៣ មានន័យថា គឺបញ្ហាដែនដីកូសាំងស៊ីននេះ ទុកឱ្យតវ៉ា​នៅពេល​ដែល​វៀតណាមប្ដូរលក្ខន្តិកៈ បើកសិទ្ធិឱ្យ[ខ្មែរ] កម្ពុជាតវ៉ា»។

លោក ឡាំ ជា

លោក ឡាំ ជា ពន្យល់ថា កាលនោះវៀតណាម ស្ថិតនៅ​ក្រោម​អាណានិគមនិយម បារាំង​ដូច​ប្រទេស​កម្ពុជាដែរ ដូច្នេះ​ការប្ដូរលក្ខន្តិកៈប្រទេស មានន័យថា «នៅពេល​ដែលវៀតណាម​ឯករាជ្យ»។ លោកថា តាមការសម្រេចរបស់សភាបារាំង​ប្រទេស កម្ពុជាអាចតវ៉ាបញ្ហាទឹកដី​កម្ពុជា​ក្រោមឡើងវិញបាន​ពេលវៀតណាមទទួលបានឯករាជ្យ។

បន្ថែមលើការស្នើឱ្យបំភ្លឺបញ្ហាទឹកដីកម្ពុជាក្រោម តំណាងខ្មែរកម្ពុជាក្រោមក៏ចង់ឱ្យ រដ្ឋាភិបាលបារាំង ចូលរួមលើកកម្ពស់ និងការពារសិទ្ធិសេរីភាពជាមូលដ្ឋាន របស់ ប្រជាពលរដ្ឋខ្មែរក្រោម ដែលជាជនជាតិដើមរស់នៅលើទឹកដីដូនតាខ្មែរ រួមមាន សិទ្ធិវប្បធម៌ ភាសា សាសនា ដីធ្លី និងការចូលរួមកិច្ចការសាធារណៈ។

អ្នកតំណាងខ្មែរកម្ពុជាក្រោម បានអះអាងថា ញត្តិរបស់ខ្លួន មិនមានគោលបំណង លើកកម្ពស់ការស្អប់ខ្ពើម ឬប៉ះពាល់ដល់សិទ្ធិ របស់ប្រជាជនណាមួយផ្សេងទៀតឡើយ។ ពួកគាត់ថា នេះគឺជាគំនិតផ្តួចផ្តើមដោយសន្តិវិធីស្របច្បាប់ និងប្រកបដោយ​លក្ខណៈ​ប្រជាធិបតេយ្យ ដែលមានមូលដ្ឋានលើការស្វែងរកការពិតប្រវត្តិសាស្ត្រ ការគោរពច្បាប់អន្តរជាតិ និងការការពារសេចក្តីថ្លៃថ្នូររបស់មនុស្ស។

រហូតមកដល់ពេលនេះ គេនៅមិនទាន់ឃើញមានការឆ្លើយតបបែបណាពីស្ថានទូត​បារាំងប្រចាំ​កម្ពុជា​នៅឡើយទេ។ ទោះជាយ៉ាងណា ការស្នើសុំរបស់តំណាងខ្មែរ​កម្ពុជាក្រោមធ្វើ​ឡើង​ក្នុង​ពេលរដ្ឋអំណាចវៀតណាមកំពុងធ្វើទុក្ខបុកម្នេញ ធ្ងន់ធ្ងរ​លើព្រះសង្ឃ សកម្មជន និងពលរដ្ឋខ្មែរក្រោម ដែលបានតស៊ូមតិទាមទារឱ្យ​រដ្ឋាភិបាល​វៀណាម គោរពសិទ្ធិ​ជនជាតិដើម​ខ្មែរក្រោមជា​ម្ចាស់ស្រុក។ គិតមកដល់​ពេលនេះ នៅមានព្រះសង្ឃ​សកម្មជន និង​ពលរដ្ឋខ្មែរក្រោមចំនួន ១២អង្គ និង​រូបកំពុង​ជាប់​ពន្ធនាគារ​នៅ​ឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ