

ជនភៀសសឹកខ្លះបង្ហាញអារម្មណ៍ឈឺចាប់ ដោយសារមិនអាចត្រឡប់ទៅគេហដ្ឋានវិញ ក្នុងពេលរដ្ឋាភិបាលកំពុងរៀបចំឱ្យពួកគាត់ទៅរស់នៅក្នុងទីជម្រកបណ្ដោះអាសន្នថ្មីជំនួសឱ្យការរស់នៅ ក្រោមតង់កៅស៊ូ។ ពលរដ្ឋចង់ឃើញរដ្ឋាភិបាលមានភាពច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃឱ្យបានឆាប់រហ័សជាជាងព្យាយាមលាក់បាំងព័ត៌មាន ហើយបន្តចាប់ពលរដ្ឋខ្លួនឯងដាក់ពន្ធនាគារ។
បើទោះជារដ្ឋាភិបាល បានព្យាយាម ស្អំចិត្តពលរដ្ឋ តាមរយៈការរៀបចំទីតាំងថ្មី ដោយសាងសង់កូនផ្ទះតូចៗ សម្រាប់ជនភៀសសឹក រស់នៅបណ្ដោះអាសន្ន ជំនួស ឱ្យការរស់នៅក្រោមតង់កៅស៊ូក្ដី ក៏អ្នកភូមិខ្លះ ហាក់មិនសូវសប្បាយចិត្តនោះទេ ព្រោះបារម្ភរឿងអនាគតមិនច្បាស់លាស់។ ទន្ទឹមគ្នានោះ ពួកគាត់ទទូចឱ្យរដ្ឋាភិបាល ត្រូវបញ្ជាក់ជំហរច្បាស់លាស់ថាតើ នឹង ទាមទារដីធ្លី និងផ្ទះសម្បែងដែលបាត់បង់នោះ មកវិញដោយរបៀបណា ហើយប្រសិនបើទាមទារ មិនបានរដ្ឋាភិបាល ត្រូវទទួលខុសត្រូវចំពោះមុខប្រជាជន ព្រោះថា ពួកគាត់ មិនចង់រស់នៅដោយភាពស្ងប់ស្ងាត់ តាមតែការរៀបចំរបស់រដ្ឋាភិបាលនោះទេ។
ជនភៀសសឹករស់នៅភូមិជោគជ័យ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ លោកស្រី ផុន កញ្ញា បានបង្ហោះវីដេអូ នៅថ្ងៃទី១៧ ខែកុម្ភៈ ដោយរៀបរាប់ទាំងទឹកភ្នែក និងអារម្មណ៍ឈឺចាប់ថា ថ្វីត្បិតតែ រដ្ឋាភិបាលបាន រៀបចំទីជម្រកថ្មី ដល់ជនភៀសសឹកក្ដី លោកស្រីហាក់មិនសប្បាយចិត្តសោះ ហើយ ឈឺចាប់ជាខ្លាំង ខណៈដែលរដ្ឋាភិបាលហាក់គ្មានជំហរច្បាស់លាស់ ដើម្បីទាមទារដីធ្លី និងផ្ទះសម្បែង របស់អ្នកភូមិមកវិញ។ លោកស្រីបន្តថា ប្រសិនបើរដ្ឋាភិបាល គ្មានសមត្ថភាពដោះស្រាយ ក៏គួរតែប្រាប់ពលរដ្ឋតាមត្រង់ ដើម្បីឱ្យពួកគាត់បានដឹង។
លោកស្រី ផុន កញ្ញា៖ «វាឈឺចាប់គ្រប់តែគ្នាហ្នឹងឯងទាំងគេ ទាំងខ្ញុំ។ បើថាគ្មានសមត្ថភាពយកដី យកផ្ទះមកឱ្យទេ និយាយតាមត្រង់មកមិនបាច់ឱ្យនៅបណ្ដោះអាសន្ន កន្លែងនេះបន្តិច កន្លែងនោះបន្តិចទេ។ ជីវិតខ្ញុំ ត្រូវរស់នៅបន្តទៀត មិនមែនរស់នៅចាំបណ្ដោះអាសន្នទេ។ វានិយាយអត់ចេញ វាពិបាកនិយាយណាស់។ កុំមកប្រើពាក្យធ្វើផ្ទះឱ្យនៅបណ្ដោះអាសន្ន មានន័យថាយ៉ាងម៉េច ពាក្យថាបណ្ដោះអាសន្នហ្នឹង។ នៅកន្លែងនេះបន្តិច កន្លែងនោះបន្តិចមែន មានក្ដីសុខខ្លាំងមែន!.»។
រីឯពលរដ្ឋម្នាក់ទៀត លោក លី គីមសាល បានបង្ហោះវីដេអូនៅលើហ្វេសប៊ក របស់លោក ដោយនិយាយយ៉ាងខ្លីថា លោកក៏មិនសប្បាយចិត្ត នឹងអំណោយ ដែលរដ្ឋាភិបាលផ្ដល់ឱ្យ ១លានរៀល និងផ្ដល់ទីជម្រកបណ្ដោះអាសន្នថ្មី នោះដែរ ក៏ប៉ុន្តែ ក្នុងនាមជាជនភៀសសឹក លោកគ្មានជម្រើសឡើយ ក្រៅតែពីអត់ធ្មត់ ទទួលយក។
ប្រតិកម្មនេះធ្វើឡើង ក្រោយពីអនុប្រធានទី១ នៃគណៈកម្មាធិការ ជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក គន់ គីម រួមនិងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជារដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា កាលពីថ្ងៃទី១៤ ខែកុម្ភៈ បានចុះចែកអំណោយដល់ជនភៀសសឹកជាស្បៀង និងប្រាក់១លានរៀល ក្នុង១គ្រួសារ និងសន្យាថា នឹងរៀបចំទីតាំងបណ្ដោះអាសន្នថ្មីដល់ជនភៀសសឹក ទាំងអស់ ដែលមានជាង ១ពាន់៥រយគ្រួសារ។
ប្រទេសថៃមក លោក ហ៊ុន ម៉ាណែត ធ្លាប់បានចុះមកជួបជនភៀសសឹកដែរ និងបានថ្លែងសារ ដោយប្រយ័ត្នប្រយែងនិង សន្យាថា នឹងទាមទារទឹកដី ដែលបានបាត់បង់មកវិញ។ ទោះជាយ៉ាងណា ការសន្យា របស់លោក ហ៊ុន ម៉ាណែត ហាក់មិនឃើញមានលទ្ធផលជាដុំកំភួន ហើយរដ្ឋាភិបាលលោកក៏ពុំបានបង្ហាញឆន្ទៈ ប្ដឹងថៃទៅកាន់តុលាការយុត្តិធម៌ អន្តរជាតិ ICJ នោះឡើយ ដែលធ្វើឱ្យពលរដ្ឋហាក់គ្មានជំនឿចិត្តសោះថា រដ្ឋាភិបាល នឹងអាចទាមទារទឹកដី ដែលបាត់បង់នោះមកវិញ។
ទូរទស្សន៍អាស៊ីសេរី ពុំអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីឆ្លើយតប ជុំវិញរឿងនេះ បានទេនៅថ្ងៃទី១៨ ខែកុម្ភៈ។
អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម បណ្ឌិត មាស នី យល់ឃើញថា ការដែលពលរដ្ឋបញ្ចេញអារម្មណ៍ ឈឺចាប់ ព្រោះ តែមិនបានវិលត្រឡប់ទៅភូមិកំណើតវិញនោះ ទំនងមកពីការឆ្លើយតប និងការបង្ហាញ ជំហរ របស់រដ្ឋាភិបាល មិនច្បាស់លាស់ក្នុងការទាមទារទឹកដីដែលបានបាត់បង់ នោះមកវិញ។ ទន្ទឹមគ្នានោះ លោកថា ការរឹតត្បិតសេរីភាពបញ្ចេញមតិ និងការធ្វើទុក្ខបុកម្នេញ មកលើអ្នកនិយាយការពិត ពីភាពអសកម្មរបស់រដ្ឋាភិបាលកំពុងធ្វើឱ្យពលរដ្ឋ ហាក់កាន់តែមានការសង្ស័យបន្ថែមថា រដ្ឋាភិបាលទំនងជាមានការលាក់បាំង រឿងជា ច្រើននៅពីក្រោយនៃ ការដោះស្រាយបញ្ហាព្រំដែន។
បណ្ឌិត មាស នី៖ «ខ្ញុំក៏ទទួលស្គាល់ថា មកដល់ពេលនេះ រដ្ឋាភិបាល ក៏ហាក់ដូចជារក្សាភាពស្ងៀមស្ងាត់ ដោយគ្រាន់តែនិយាយថា មិនទទួលស្គាល់ទីតាំងកាន់កាប់នឹង ក៏ប៉ុន្តែ មិនឃើញមានវិធានការអី ត្រូវធ្វើ ក្រៅពីរង់ចាំ។ កន្លែងនឹងហើយ ដែលធ្វើឱ្យពលរដ្ឋអង្គុយទន្ទឹមរង់ចាំ ដែលអាចចេញពីមាត់រដ្ឋាភិបាល ថាតើពេលណាពួកគាត់អាចត្រឡប់ទៅភូមិគាត់វិញបាន។ រឿងសំខាន់មកពីខ្វះភាពច្បាស់លាស់ របស់រដ្ឋាភិបាល»។
ជាង២ខែហើយ ដែលពលរដ្ឋនៅខេត្តបន្ទាយមានជ័យ ក្នុងតំបន់បឹងត្រកួន ស្រុកថ្មពួក និងតំបន់ភូមិជោគជ័យ និងភូមិព្រៃចាន់ ស្រុកអូរជ្រៅ បានចាក់ចេញពីលំនៅឋាន មករស់នៅក្នុងជំរំជនភៀសសឹក។ អ្នកភូមិឈឺចាប់ នៅពេលដែលនឹកដល់ទ្រព្យសម្បត្តិ និងផ្ទះសម្បែងដែលយោធាថៃបំផ្លាញ ព្រោះវាជាទ្រព្យសម្បត្តិដែលពួកគាត់បានខិតខំកសាងឡើងដោយលំបាក។ អ្នកឃ្លាំមើលថា រដ្ឋាភិបាលត្រូវទទួលខុសត្រូវដោះស្រាយបញ្ហានេះឱ្យបានឆាប់រហ័ស និងប្រសិទ្ធភាពហើយត្រូវហ៊ានលះបង់អំណាច ប្រសិនបើការពារទឹកដី និងផលប្រយោជន៍ប្រជាពលរដ្ឋមិនបាន៕








