អ្នកឃ្លាំមើល​ថា ថៃ​នឹង​បន្ត​ឈ្លានពាន​កម្ពុជា​បើ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បន្ត​ប្រើ​យន្តការ​ការទូត​បែប​អង្វរករ

0
84
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បង្ហោះរូប​លើ​ហ្វេសប៊ុក​កាល​ពី​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បង្ហោះរូប​លើ​ហ្វេសប៊ុក​កាល​ពី​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

អ្នកឃ្លាំមើល​សង្គម ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ទ័ល​ច្រក​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ជម្លោះព្រំដែន​ជាមួយ​ថៃ ទើប​និយាយ​បោក​បញ្ជោត​ពលរដ្ឋ​ខ្មែរ​ថា រដ្ឋាភិបាល​សុខចិត្ត​ជ្រើស​រើស​យក​នូវ​យន្តការ​ការទូត​ជំនួស​ឲ្យ​ការប្រើប្រាស់​កម្លាំងយោធា បើ​ទោះ​ជា​យន្តការ​ការទូត​នៅ​មាន​សង្ឃឹម​តែ​១​ភាគរយ​ក៏ដោយ។

ក្រោយ​មាន​បទ​ឈប់​បាញ់ កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២៥ កន្លងទៅ យោធា​ថៃ​នៅតែ​បន្ត​រំកិល​ចូល​ដែន​អធិបតេយ្យ​កម្ពុជា ឈ្លាន​ពាន​តាម​អំពើ​ចិត្ត ដោយ​មិន​គោរព​ច្បាប់ និង​មិន​ឱ្យ​តម្លៃ​លើ​កិច្ច​ការទូត​ម្តង​ណា​ឡើយ សូម្បី​សេចក្តី​ថ្លែងការណ៍​រួម កាលពី​ខែ​តុលា ឆ្នាំ​២០២៥ កន្លង​ទៅ​ក៏ដោយ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​មិន​មាន​វិធានការ​ទប់ស្កាត់​សកម្មភាព​ឈ្លានពាន​ជាក់ស្តែង​នេះ​ឡើយ ក្រៅ​តែ​ពី​ការ​ធ្វើ​សកម្មភាព​ការទូត ប្រមូល​ភស្តុតាង និង​រង់ចាំ​វិធានការ​ច្បាប់។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា បាន​ឲ្យ​ដឹង​ថា បន្ទាប់ពី​សង្គ្រាម​រវាង​កម្ពុជា​និង​ថៃ​បាន​បញ្ចប់​គឺ​យោធា​ថៃ បន្ត​ទន្ទ្រាន​យក​ដី​ខ្មែរ​នៅ​តាម​ព្រំដែន តាម​អ្វី​ដែល​ពួកគេ​បាន​គ្រោងទុក ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​ពុំបាន​ចាត់វិធានការ​តបត​ជាមួយ​យោធា​ថៃ​នោះ​ទេ ក្រៅ​តែ​ពី​បញ្ជា​ឲ្យ​មន្ត្រី​របស់​ខ្លួន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស​ថៃ និង​បញ្ជា​ឲ្យ​មន្ត្រី​របស់​ខ្លួន​នាំ​ក្រុម​អ្នកសង្កេតការណ៍​អាស៊ាន​(AOT) ចុះ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍​អំពី​ស្ថានភាព​ព្រំដែន។

លោក ស៊ឹង សែនករុណា បន្ថែម​ទៀត​ថា លោក ហ៊ុន ម៉ាណែត ទ័ល​ច្រក​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ជម្លោះព្រំដែន​ជាមួយ​ថៃ ទើប​និយាយ​បោក​បញ្ជោត​ពលរដ្ឋ​ខ្មែរ​អំពី​យន្តការ​ការទូត​។ លោក​ថា បើ​លោក​ហ៊ុន ម៉ាណែត នៅតែ​ប្រើប្រាស់​យុទ្ធសាស្ត្រ​ការទូត​បែប​អង្វរករ​បែប​នេះ​តទៅ​ទៀត គឺ​ធ្វើ​ឲ្យ​ថៃ​រំលោភបំពាន​កាន់តែ​ខ្លាំង​មក​លើ​កម្ពុជា។

លោក ស៊ឹង សែនកុរណា បន្ថែម​ទៀត​ថា កន្លងមក​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បាន​ប្រើប្រាស់​យន្តការ​តវ៉ា​តាមរយៈ​ក្រដាស​ស្នាម​ជាង​៧០០​លើក​រួច​មក​ហើយ ប៉ុន្តែ​ពុំ​មាន​អន្តរជាតិ​ណាមួយ​អើពើ​នោះ​ទេ ដូច្នេះ​បង្ហាញ​ថា ចំណាត់ការ​ការទូត​ពុំ​មាន​ប្រសិទ្ធភាព​នោះ​ទេ។

ការ​អះអាង​របស់​ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​រូប​នេះ បន្ទាប់ពី​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត កាលពី​ថ្ងៃទី​១១ ខែមេសា ថ្លែង​ក្នុង​ពិធី​បើកការដ្ឋាន​ព្រែកជីក​ហ្វូណន ដំណាក់កាល​ទី​២ ថា សម្រាប់​កម្ពុជា យន្តការ​ការទូត គឺជា​ជម្រើស​អាទិភាព ក្នុង​ការ​ដោះស្រាយ​ជម្លោះព្រំដែន​ជាមួយ​ថៃ បើ​ទោះបីជា​ជម្រើស​នេះ នៅ​មាន​សង្ឃឹម​ត្រឹមតែ ១​ភាគរយ​ក៏ដោយ​។ លោក​ថា យន្តការ​ការទូត​មាន​ដូចជា យន្តការ​ទ្វេភាគី យន្តការ​អាស៊ាន យន្តការ​អង្គការសហប្រជាជាតិ​(UN) និង​តុលាការអន្តរជាតិ​(ICJ) ប៉ុន្តែ​ត្រូវ​ប្រើ​ពេល​យូរ និង​ត្រូវការ​ភាព​អត់ធ្មត់។ លោក​បញ្ជាក់​ថា ការដែល​កម្ពុជា​សម្រេច​ជ្រើស​រើស​យក​យន្តការ​នេះ ក៏​ព្រោះតែ​ដើម្បី​បញ្ចៀស​កុំឱ្យ​មានការ​បង្ហូរឈាម និង​ការ​បំផ្លិចបំផ្លាញ​ផ្ទះសម្បែង ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ។

លោក ហ៊ុន ម៉ាណែត៖ «ខ្ញុំ​ថា​ទោះបីជា​នៅ​សល់​តែ​១​ភាគរយ​ក៏​យើង​ត្រូវតែ​ប្រើ​ឱកាស​សាកល្បង​វា​ទៅ ព្រោះ​ជម្រើស​ទាំងអស់​នេះ​អត់​មាន​គេ​ថា រើស​បានតែ​១​ទេ ប្រើ​ស្អី​ក៏បាន ប្រើ​ពេល​ណា​ក៏បាន សំខាន់​យើង​ចេះ​ប្រើ​ស្អី​ប្រើ​ពេលណា​ដើម្បី​សម្រេច​គោលបំណង​របស់​យើង»។

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ​កម្ពុជា ២៣ តុលា លោក គឹម សុខ បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថា រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត ពុំ​មាន​សកម្មភាព​ណាមួយ​ឆ្លើយតប​ទៅ​នឹង​សកម្មភាព​ឈ្លានពាន​របស់​យោធា​ថៃ នោះ​ទេ គឺ​បណ្តោយ​ឲ្យ​យោធា​ថៃ​ឈ្លានពាន​យក​ទឹកដី​ខ្មែរ​តាម​អ្វី​ដែល​គេ​ចង់បាន ហើយ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បាន​ត្រឹមតែ​អំពាវនាវ​សុំ​ឱ្យ​ថៃ​ចូល​តុ​ចរចា​តែ​ប៉ុណ្ណោះ។

លោក គឹម សុខ៖ «កម្ពុជា​ជាមួយ​ថៃ​មាន​គ្រប់​ប្រដាប់​ទៅ​ហើយ មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស មាន​ទាំង​សន្ធិសញ្ញា​បារាំង​សៀម កំណត់​ទឹកដី​ព្រំដែន​កម្ពុជា​ថៃ ដូច្នេះ​យើង​កម្ពុជា​គ្រាន់តែ​ត្រូវការ​ទាមទារ​ឲ្យ​ថៃ​ដក​កម្លាំង​ចេញពី​ទឹកដី​កម្ពុជា​ដែល​ថៃ​កំពុងតែ​ត្រួតត្រា រួចហើយ​វិល​ទៅកាន់​ការប្រើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ហើយ​និង​សន្ធិសញ្ញា​បារាំង​សៀម ដើម្បី​កំណត់​ទឹកដី​ព្រំដែន​ដែល​មាន​វិវាទ​បន្តិចបន្តួច​កន្លងមក​គឺ​គ្រប់គ្រាន់​ហើយ»។

ទាក់ទង​ទៅ​នឹង​ដំណោះស្រាយ​ព្រំដែន​នេះ នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល ( Anutin Charnvirakul) បាន​ប្រកាស​កាល​ពី​ថ្ងៃទី​៩ ខែ​មេសា​ឆ្នាំ​២០២៦ ថា រដ្ឋាភិបាល​ថ្មី​របស់​ខ្លួន នឹង​បន្ត​ខិតខំ​ដោះស្រាយ​បញ្ហា​ជម្លោះព្រំដែន​ថៃ និង​កម្ពុជា ដោយ​សន្តិវិធី និង​យន្តការ​ទ្វេភាគី​ដែល​មាន​ស្រាប់។

ទោះជា​យ៉ាងនេះ​ក្តី ក្នុង​កំណត់​ទូត​តវ៉ា​របស់​ក្រសួង​ការបរទេស​កម្ពុ​ជា កាលពី​ថ្ងៃទី​១០ ខែ​មេសា បាន​ឲ្យ​ដឹង​ថា នា​ពេល​ថ្មីៗ​នេះ ភាគី​ថៃ​នៅតែ​ធ្វើ​សកម្មភាព​នៅ​តំបន់​ព្រំដែន​ដែល​ថៃ​បាន​ដណ្តើម​កាន់កាប់​នៅ​ក្រោយ​បទ​ឈប់​បាញ់ ដោយ​រំលោភ​លើ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា​។ ថៃ​បាន​លើក​ដងទង់​ជាតិ​ថៃ នៅ​លើ​ខ្នង​ទំនប់​ខាងកើត នៃ​អូរ​ទី​ពីរ​ក្នុងស្រុក​អូរស្មាច់ ការសាងសង់​របង​ព្រំដែន​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​៥២ និង​៥៤ និង​ការ​ចុះ​ពិនិត្យ​ទីតាំង​ដោយ​គ្មាន​ការអនុញ្ញាត ក្នុង​សណ្ឋាគារ​ពីរ​កន្លែង ក្នុង​ខេត្ត​ឧត្តរមានជ័យ នា​ថ្ងៃទី​៧ ខែ​មេសា ឆ្នាំ​២០២៦។

អ្នកឃ្លាំមើល​សង្គម​ជំរុញ​ឱ្យ រដ្ឋាភិបាល​កម្ពុជា​ទប់ស្កាត់​ភាព​គឃ្លើន​របស់​ភាគី​ថៃ​លើ​ដី​ជាក់ស្តែង​ឱ្យ​មាន​ប្រសិទ្ធភាព​ស្រប​តាមច្បាប់​អន្តរជាតិ ដោយ​បង្កើន​សកម្មភាព​ការទូត​ឱ្យ​កាន់​ខ្ពស់​ដើម្បី​ទាមទារ​ឲ្យ​ថៃ ដក​យោធា​ពី​ទឹកដី​កម្ពុជា និង​ត្រូវ​ប្តឹង​ថៃ​ទៅ​កាន់​តុលាការអន្តរជាតិ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ