

ប្រមុខការទូតថៃបានលើកឡើងនៅចំពោះមុខប្រមុខការទូតរបស់ចិនថា ភាគីថៃមិនអាចចូលតុចរចា ដើម្បីដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជាបាននោះឡើយដោយសារតែតបញ្ហានេះ មានជាប់ពាក់ព័ន្ធនឹងជម្លោះការទូត។ កិច្ចពិភាក្សាត្រីភាគី ជាលក្ខណៈក្រៅក្រៅផ្លូវការនេះ ធ្វើឡើងក្នុងអំឡុងពេលដែលប្រមុខការទូតកម្ពុជា និងថៃ បានទៅចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ នៅប្រទេសចិន ហើយត្រូវប្រមុខការទូតចិន អញ្ជើញឱ្យមកជួបពិភាក្សាគ្នា។
នៅក្នុងអំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ នៅរដ្ឋធានីប៉េកាំង (Beijing) កាលពីថ្ងៃទី ៤ ខែវិច្ឆិកា លោក វ៉ាង យី (Wang Yi) ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន បានអញ្ជើញរដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងរដ្ឋមន្រ្តីក្រសួងការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) ឱ្យមកអង្គុយពិសារតែ ដើម្បីពិភាក្សាពាក់ព័ន្ធនឹងជម្លោះព្រំដែនរវាងប្រទេសទាំងពីរ និងជម្លោះក្នុងតំបន់។
បើតាមការផ្សព្វផ្សាយរបស់ស្ថានទូតចិន ប្រចាំនៅប្រទេសថៃ បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះប្រទេសចិនបានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើជាអ្នកសម្របសម្រួល និងផ្តល់ទីកន្លែងសម្រាប់ការចរចាប្រសិនបើភាគីកម្ពុជា និងថៃត្រូវការ។ ក៏ប៉ុន្តែលោក ស៊ីហាសាក់ បានបដិសេធនៅចំពោះប្រមុខការទូតចិនថា កិច្ចចរចារវាងកម្ពុជា និងថៃ ជាពិសេសបញ្ហាជម្លោះដែនសមុទ្រ គឺមិនអាចធ្វើឡើងនៅពេលនេះបានទេ ដោយវិវាទនេះត្រូវការដោះស្រាយទៅតាមដំណាក់កាល។ លោក ស៊ីហាសាក់ បានបញ្ជាក់ថា ការបដិសេធរបស់ភាគីថៃនេះ គឺដោយសារតែភាគីកម្ពុជា បាននាំយកជម្លោះដែនសមុទ្រទៅដោះស្រាយតាមយន្តការផ្សះផ្សាដោយបង្ខំ របស់ UNCLOS ដោយជំនួសឱ្យកិច្ចចរចាទ្វេភាគី ដែលភាគីថៃបានស្នើឡើង។
ពាក់ព័ន្ធនឹងការដោះស្រាយជម្លោះដែនគោកវិញ ប្រមុខការទូតថៃរូបនេះ បានលើកឡើងថា ការដោះស្រាយវិវាទព្រំដែនគោក គឺអាស្រ័យលើវិធានការសន្តិសុខនៅតាមព្រំដែន និងស្ថានភាពជម្លោះការទូត ដែលភាគីទាំងពីរកំពុងបន្តវាយប្រហារគ្នា ទាំងនៅលើវេទិកាអន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយ។
ក្រឡេកមកមើលភាគីកម្ពុជាវិញ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្ដីប្រកាសមួយ នៅថ្ងៃទី៥ ខែវិច្ឆិកា នេះ ដោយលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាង លើកទី១១ និងកិច្ចប្រជុំពាក់ព័ន្ធនៅរដ្ឋធានីប៉េកាំង ប្រទេសចិន។ ក្នុងនោះក្រសួងការបរទេស បានរំលេចអំពីលទ្ធផលនៃជំនួបក្រៅផ្លូវការជាលក្ខណៈត្រីភាគីនេះថា ភាគីទាំងបីបានផ្លាស់ប្ដូរទស្សនៈគ្នាប្រកបដោយការស្ថាបនា និងមិត្តភាព អំពីកិច្ចសហប្រតិបត្តិការ ការថែរក្សាស្ថិរភាពក្នុងតំបន់ និងការលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា និងថៃ។
ជុំវិញរឿងនេះ អ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជា លោក សេង វណ្ណលី យល់ឃើញថា ការបដិសេធចរចារបស់ភាគីថៃ នៅក្នុងក្របខ័ណ្ឌតំបន់នេះ គឺជាយុទ្ធសាស្ត្រការទូតចាស់គំរឹល ដែលបង្ហាញពីការខ្វះឆន្ទៈក្នុងការដោះស្រាយបញ្ហា ក្នុងមានជាប្រទេសជិតខាង។ លោកបន្តថា ការណ៍ដែលចិនស្នើខ្លួនធ្វើជាអាជ្ញាកណ្ដាល ជួយសម្របសម្រួលឱ្យកម្ពុជា និងថៃនេះ មិនមែនធ្វើឡើងដោយស្មារតីសប្បុរសធម៌សុទ្ធសាធនោះឡើយ ប៉ុន្តែវាជាការគណនាផលប្រយោជន៍ភូមិសាស្ត្រនយោបាយយ៉ាងស៊ីជម្រៅ ខណៈចិនខ្លួនឯងមានបំណងបង្ហាញខ្លួនជាមហាអំណាចទទួលខុសត្រូវក្នុងតំបន់ ដើម្បីពង្រឹងឥទ្ធិពលក្នុងតំបន់អាស៊ាន និងការពាររចនាសម្ព័ន្ធផ្លូវពាណិជ្ជកម្ម និងគម្រោងខ្សែក្រវ៉ាត់ និងផ្លូវ (BRI) របស់ខ្លួន កុំឱ្យរអាក់រអួលដោយសារជម្លោះទ្វេភាគី។
«ជារួម យន្តការត្រីភាគី ឬការជ្រោមជ្រែងពីមហាអំណាចខាងក្រៅដូចជាចិន ឬអាមេរិក អាចជួយបានត្រឹមតែការបន្ធូរបន្ថយភាពតានតឹងមួយគ្រាប៉ុណ្ណោះ ប៉ុន្តែមិនអាចជំនួសឱ្យដំណោះស្រាយស្ថាពរបានឡើយ។ សន្តិភាព និងការខណ្ឌសីមាព្រំដែនដ៏ត្រឹមត្រូវ អាចសម្រេចទៅបាន លុះត្រាតែភាគីពាក់ព័ន្ធ ជាពិសេសថៃត្រូវបោះបង់ចោលនូវវារៈនយោបាយផ្ទៃក្នុង ព្រមទាំងវិលត្រឡប់មកប្រកាន់ខ្ជាប់នូវស្មារតីចរចាទ្វេភាគីដោយស្មោះត្រង់ ផ្អែកលើច្បាប់អន្តរជាតិ សន្ធិសញ្ញាប្រវត្តិសាស្ត្រ និងការសម្រេចរបស់តុលាការអន្តរជាតិ (ICJ) ដោយគ្មានលក្ខខណ្ឌបង្កប់»។
លោក សេង វណ្ណលី
លោក សេង វណ្ណលី បន្តថា ការគ្រប់គ្រងស្ថានការណ៍មិនឱ្យកម្ពុជា និងថៃ ផ្ទុះជម្លោះធ្ងន់ធ្ងរ នឹងអាចជួយឱ្យចិនរក្សាបាននូវអាទិភាពសេដ្ឋកិច្ច និងរារាំង ពីការជ្រៀតជ្រែករបស់ប្រទេសមហាអំណាចលោកខាងលិច ប៉ុន្តែវាក៏អាចបង្កើតឱ្យមានការព្រួយបារម្ភអំពីការពឹងផ្អែកខ្លាំងពេកលើចិនក្នុងការសម្រេចជោគវាសនាតំបន់ផងដែរ។
យ៉ាងណាក៏ដោយចុះចាប់តាំងពីកម្ពុជា និងថៃមានជម្លោះព្រំដែនជាមួយគ្នាអស់រយៈពេលជិតមួយឆ្នាំមកនេះ គេសង្កេតឃើញថា ប្រទេសចិនហាក់បានព្យាយាមរក្សាតុល្យភាពទំនាក់ទំនងការទូតរវាងប្រទេសទាំងពីររហូតមកដល់បច្ចុប្បន្ននេះ ទោះបីជាកន្លងមក មេដឹកនាំកម្ពុជា នៃគ្រួសារត្រកូលហ៊ុន បានរាប់អានប្រទេសចិនគឺជាមិត្តដែកថែប ក្នុងនោះប្រទេសចិន ធ្លាប់បានចេញមុខធានាការពារអធិបតេយ្យភាពរបស់កម្ពុជាទៀតផង។
ទោះជាយ៉ាងនេះក្ដី គេសង្កេតឃើញថា ទំនាក់ដែកថែបរវាងមេដឹកនាំកម្ពុជា ជាមួយប្រទេសចិននេះ គឺគ្រាន់តែជាមិត្តភាពបែបហុតទឹកសម្លឹងកាក ប៉ុណ្ណោះ ព្រោះក្នុងអំឡុងពេលដែលកម្ពុជា ទទួលរងការឈ្លានពានពីសំណាក់យោធាថៃនោះ ប្រទេសចិនមិនបានចេញមកអន្តរាគមន៍ឱ្យបានខ្លាំងក្លានោះឡើយ ហើយសូម្បីតែអាវុធធុនធ្ងន់ប្រឆាំងដែនអាកាស ដែលកម្ពុជាបានទិញមកពីប្រទេសចិននោះ ក៏ភាគីកម្ពុជា មិនបានយកមកប្រើការនោះដែរ។
យ៉ាងណាក៏ដោយចុះក្រោយពីមានបទឈប់បាញ់ និងផ្អាកសង្គ្រាមមក គេនៅតែសង្កេតឃើញថា មេដឹកនាំចិន ក៏នៅតែរក្សាតុល្យភាព ទំនាក់ទំនងរវាងកម្ពុជា និងថៃដដែល។
ជាក់ស្ដែងក្នុងអំឡុងចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត នៅទីក្រុងសៀងហៃ ប្រទេសចិន កាលពីខែកក្កដា ដែលមានការចូលរួមពីមេដឹកនាំកម្ពុជា លោក ហ៊ុន ម៉ាណែត និងមេដឹកនាំថៃ លោក អនុទីន ចាន់វីរៈគុល នោះ មេដឹកនាំចិន លោក ស៊ី ជីនពីង(Xi Jinping) បានប្រាប់មេដឹកនាំប្រទេសទាំងពីរមិនឱ្យប្រើអាវុធចិន ដើម្បីធ្វើសង្គ្រាមជាមួយគ្នានោះឡើយ៕









