លោក រ៉ុង ឈុន ដាក់​លិខិត​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពីប្រធានា​ធិបតី​បារាំង ករណី​​អយុត្តិធម៌

0
23
ទីប្រឹក្សា​គណបក្ស​កម្លាំងជាតិ លោក រ៉ុង ឈុន (បង់កក្រមា) ឈររង់ចាំសាលក្រមជាមួយអ្នកគាំទ្រ នៅក្រៅបរិវេណតុលាការ​កំពូល នៅថ្ងៃទី១៩ មិថុនា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ទីប្រឹក្សា​គណបក្ស​កម្លាំងជាតិ លោក រ៉ុង ឈុន (បង់កក្រមា) ឈររង់ចាំសាលក្រមជាមួយអ្នកគាំទ្រ នៅក្រៅបរិវេណតុលាការ​កំពូល នៅថ្ងៃទី១៩ មិថុនា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

លោក រ៉ុង ឈុន និង​សហការី បាន​ដាក់​លិខិត​ទៅ​ស្ថាន​ទូតបារាំង ដើម្បី​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​ប្រធានាធិបតី​បារាំង​លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel ​Macron)​​ ករណី​តុលាការ​ទាំង​៣ថ្នាក់​កាត់ក្តី​មិន​បាន​ផ្តល់​យុត្តិធម៌​ឲ្យ​លោក។ មន្ត្រី​សិទ្ធិ​មនុស្ស​យល់​ឃើញ​ថា រដ្ឋាភិបាល​គួរ​បើក​លំហប្រជា​ធិបតេយ្យ និង​ដោះលែង​អ្នកទោស​មនសិការ​ទាំងអស់​តាម​ការ​ស្នើសុំ​របស់​សហគមន៍​ជាតិ និង​អន្តរជាតិ ដើម្បី​ឆ្ពោះ​ទៅ​រក​បរិកាស​ល្អប្រសើរ​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ២០២៧ និង​២០២៨ នា​ពេល​ខាងមុខ។

នៅ​ព្រឹក​ថ្ងៃទី៤ វិច្ឆិកា លោក រ៉ុង ឈុន ដាក់​លិខិត​ស្នើសុំ​ឲ្យ​ប្រធានាធិបតី​បារាំង​លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ជម្រុញ​ឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​បទ​ចោទ និង​ប្រគល់​សិទ្ធិ​សេរីភាព​ពេញ​លេញ​ឲ្យ​លោក​ឡើង​វិញ។ មន្ត្រី​ស្ថាន​ទូត​បារាំង​ក៏​បាន​ចេញ​មក​ទទួល​ញត្តិ​របស់​លោក រ៉ុង ឈុន រួចរាល់​ហើយ ដោយ​មិនទាន់​មាន​ការ​ឆ្លើយតប​បែប​ណា​នៅ​ឡើយ។

ការ​ដាក់​លិខិត​ស្នើសុំ​កិច្ច​អន្តរាគមន៍​នេះ ធ្វើ​ឡើង​ស្រប​ពេល​ប្រធានាធិបតី លោក អេម៉ានុយអែល ម៉ាក្រុង គ្រោង​នឹង​បំពេញ​ទស្សន​កិច្ចផ្លូវរដ្ឋនៅកម្ពុជា ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ចាប់​ពីថ្ងៃ​ទី១៤ ដល់​ថ្ងៃ​ទី១៦ ខែវិច្ឆិកា។

ទីប្រឹក្សា​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​អតីត​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា លោក​ចង់​ឲ្យ​ប្រធានាធិបតី​បារាំង​លើក​យក​ករណី​របស់​លោក ទៅ​ជជែក​ក្នុង​កិច្ច​ប្រជុំ​ហ្វ្រង់កូហ្វូនី ព្រោះ តុលាការ​កំពូល​បាន​ចេញ​សាលក្រម​កាត់ទោស​យ៉ាង​អយុត្តិធម៌ ដោយ​បាន​បំបិទ​សិទ្ធិ​សេរីភាព​លោក​មិន​ឲ្យ​ចូលរួម​សកម្មភាព​នយោបាយ និង​សិទ្ធិ​មួយ​ចំនួន​ទៀត។ លោក​ថា កិច្ច​ប្រជុំ​កំពូល​នេះ មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​ជម្រុញ​ឲ្យ​កម្ពុជា​ស្តារ​ឡើង​វិញ​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស និង​ប្រជាធិបត្រយ្យ ប៉ុន្តែ​ការ​កាត់ទោស​លោក​ពី​សំណាក់​តុលាការ​កម្ពុជា គឺជា​ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ព្រម​ទាំង​មិនស្រប​នឹង​រដ្ឋ​ធម្មនុញ្ញ​នោះទេ។

មិនតែ​ប៉ុណ្ណោះ លោក រ៉ុង ឈុន ថ្លែង​ថា ប្រទេស​បារាំង ក៏ជា​សហប្រធាន​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដែល​ចង្អុល​បង្ហាញ​ឲ្យ​កម្ពុជា​ដើរ​តាម​របបប្រជា​ធិប​តេយ្យ​សេរី​ពហុបក្ស​ផងដែរ ដូច្នេះ​បារាំង​គួរ​តែ​ពិនិត្យ​មើល​លើ​ករណី​នេះ ដោយ​ស្នើ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ទោស​នយោបាយ សកម្មជន​បរិស្ថាន សិទ្ធិមនុស្ស និង​សកម្មជន​សង្គម​ជាច្រើន​ទៀត​ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ។

«បើសិន​ជា​កម្ពុជា​យើង​មិន​បាន​ធ្វើការ​កែលម្អ អាហ្នឹង​វាអត់​មាន​អ្វី​ដែល​ចំនេញ​ទេ ហើយ​ប្រទេស​បារាំង​តែងតែ​ជួយ​កម្ពុជា​ជារៀង​រហូត ហើយ​យើង​គិតថា វាល្មម​មក​ដល់​ពេល ក្នុង​ការ​កសាង​កេរ្តិ៍​ឈ្មោះ​កម្ពុជា​ឡើង​វិញ​ហើយ ដើម្បី​ស្រូប​ទាញ​នូវ​អឺ​ទេស​ចរណ៍​ក៏ដូចជា​អ្នក​វិនិយោគ​ទុន​អឺ​ផងដែរ ហើយ​បើសិន​ជា​យើង​អឺ​នៅ​បន្ត​បែប​ហ្នឹង ប្រជាពលរដ្ឋ​នឹង​ទទួល​រងគ្រោះ ហើយ​គ្មាន​ផល​ចំណេញ​សម្រាប់​ជាតិ​ក៏​ដូចជា​ប្រជាពរដ្ឋ។»

លោក រ៉ុង ឈុន

នៅ​ក្នុង​លិខិត​ដាក់​ជូន​ប្រធានា​ធិបតី​បារាំង លោក រ៉ុង ឈុន បាន​លើកឡើង​អំពី​វិធានការ​របស់​តុលាការ​កំពូល កាល​ពីថ្ងៃ​ទី១៩ មិថុនា ដែល​បាន​ដាក់​កម្រិត​លើ​សិទ្ធិ​របស់​លោក រួមមាន​ការ​ដកហូត​សិទ្ធិ​បោះឆ្នោត សិទ្ធិ​ឈរឈ្មោះ​ឱ្យ​គេ​បោះឆ្នោត សិទ្ធិ​ចូលរួម​សកម្មភាព​នយោបាយ ការ​ហាម​មិន​ឱ្យ​ថ្លែង​ការណ៍​ជា​សាធារណៈ ការ​ហាម​ចូលរួម​វេទិកា​សាធារណៈ និង​ហាម​ចាកចេញ​ពី​រាជធានី​ភ្នំពេញ គឺ​មិន​ស្រប​នឹង​រដ្ឋ​ធម្មនុញ្ញ ព្រម​ទាំង​មិន​ស្រប​ច្បាប់​អន្តរជាតិ​ស្តី​ពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ។ មិន​តែប៉ុណ្ណោះ លោក​ក៏​បាន​បដិសេធ​ចោល​ទាំងស្រុង​រាល់ការ​ចោទ​ប្រកាន់​របស់​តុលាការ​ថ្នាក់​ក្រោម​ថា គ្មាន​អង្គ​ហេតុ​ច្បាស់​លាស់ ហើយ​ថា លោក​មិន​ដែល​មាន​ចេតនា​ញុះញង់ ឬ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​នោះ​ទេ។

កាល​ពីថ្ងៃ​ទី២ កញ្ញា លោក រ៉ុង ឈុន ក៏​ធ្លាប់​បាន​ដាក់​លិខិត​ថ្វាយ​ព្រះមហាក្សត្រ នៅ​ព្រះ​បរមរាជវាំង ដើម្បី​ស្នើសុំ​កិច្ច​អន្តរាគមន៍​លើ​សំណុំ​រឿងក្តី​របស់​លោក​ផងដែរ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ មិន​មាន​ការ​ឆ្លើយតប​ណាមួយ​ពី​ព្រះ​បរមរាជ​វាំង​មក​លោក​វិញ​ឡើយ។ ចំណែក ក្រសួង​យុត្តិធម៌ បាន​ចេញ​លិខិត​ឆ្លើយតប​នឹង​លោក រ៉ុង ឈុន កាល​ពី​អំឡុង ខែសីហា​ថា ការ​សម្រេច​របស់​តុលាការ​គ្រប់​ជាន់ថ្នាក់​លើ​សំណុំ​របស់ លោក គឺ​ធ្វើ​ឡើង​បាន​ត្រឹមត្រូវ និង​ស្រប​តាម​នីតិវិធី ហើយ​ក្រសួង ពុំ​រក​ឃើញ​ភាព​មិន​ប្រក្រតី​ណាមួយ​នោះ​ដែរ។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃអង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា កន្លងមក​អង្គការ​ជាតិ និង​អន្តរជាតិ​ជាច្រើន​ក៏ធ្លាប់​បាន​អំពាវនាវ​ជាហូរហែរ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​អ្នក​ទោស​នយោបាយ សកម្មជន​សិទ្ធិ​មនុស្ស បរិស្ថាន និង​សង្គម ដែល​កំពុង​ជាប់​ពន្ធនាគារ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ផងដែរ ដោយ​លោក​មើល​ឃើញ​ថា ពួកគេ​គ្រាន់តែ​អនុវត្ត​សិទ្ធិ​របស់​ខ្លួន​ដែល​មាន​ចែង​នៅក្នុង​ច្បាប់​ប៉ុណ្ណោះ។ លោក​សង្ឃឹម​ថា ប្រធានាធិបតី​បារាំង នឹង​លើក​យក​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ទៅ​ជជែក​នៅក្នុង​កិច្ច​ប្រជុំ​ហ្វ្រង់​កូហ្វូនី​នាពេល​ខាង​មុខ​នេះ​ផងដែរ។  ប៉ុន្តែ​ទោះ​ជាយ៉ាង​ណា​លោក​ថា វា​អាស្រ័យ​លើ​ការ​សម្រេច​របស់​លោក អេម៉ានុយអែល ម៉ាក្រុង(Emmanuel Macron) និង​កិច្ច​ប្រជុំ​ទាំង​មូល។

«លោក​មើល​ឃើញ​ថា វាជាការ​អនុវត្ត​សិទ្ធិ​ជាមូលដ្ឋាន​របស់​អឺ​ពលរដ្ឋ​ មិនគួរ​ត្រូវ​បាន​ជាប់ឃុំ​ឬក៏​​ការ​ចោទ​ប្រកាន់ ឬ​ការ​ជាប់​ពន្ធនាគារ​ទេ អញ្ចឹង​ហើយ​លោក​សុំ​ឲ្យ​មាន​ការ​ដោះលែង​ហើយ​និង​បើក​លំហរ​សេរីភាព​ទាំង​ហ្នឹង​ដើម្បី​ឆ្ពោះ​ទៅ​រកបរិយាកាស​កាន់តែ​ល្អប្រសើរ​សម្រាប់​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​នៅ​ក្នុង​ឆ្នាំ ២០២៧ និង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៨»។

លោក អំ សំអាត

កន្លង​មក​អង្គការ​ជាតិ និង​អន្តរជាតិ​ជាច្រើន​ក៏បាន​បង្ហាញក្តី​បារម្ភ​ជុំវិញ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ថា​មាន​ការ​ធ្លាក់​ចុះ និង​មាន​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ផងដែរ។ ចំណែក​សន្ទស្សន៍​នីតិរដ្ឋ​របស់​គម្រោង​យុត្តិធម៌​ពិភព​លោក​ឆ្នាំ២០២៦ បង្ហាញ​ថា កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​ទាបខ្លាំង គឺ​លំដាប់​លេខ១៤០ ក្នុង​ចំណោម​ប្រទេស​១៤៣ ពាក់ព័ន្ធ​នឹង​ឯករាជ្យ​ភាព​របស់​តុលាការ ការ​គោរព​សិទ្ធិ​មនុស្ស និង​សេរីភាព​នយោបាយ។ បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​អ្នកវិភាគ និង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣តុលា លោក សម រង្ស៊ី កាល​ពីដើម​សប្តាហ៍​នេះ បាន​ស្នើសុំ​ឲ្យ​ប្រធានាធិបតី​បារាំង​លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ពិចារណា​កុំ​បង្ហាញ​វត្តមាន​របស់​ខ្លួន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី​នៅ​កម្ពុជា ដើម្បី​បំពេញ​មុខមាត់​ឲ្យ​មេដឹកនាំ​ដែល​រំលោភ​សិទ្ធិ​មនុស្ស និង​យក​រូបភាព​នៃ​ព្រឹត្តការណ៍​នេះ បោក​បញ្ឆោត​ប្រជាពលរដ្ឋ​ដោយ​លាក់បាំង​បញ្ហា​ស្នូល​ដែល​កំពុង​គាប​សង្កត់​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ