

ទាហានខ្មែរដែលកំពុងឈរជើងនៅជួរមុខតាមព្រំដែនថៃ បានអះអាងថា ក្រោយផ្អាកសង្គ្រាមអស់រយៈពេលជិតមួយឆ្នាំមកនេះ មានទាហានខ្មែរជាច្រើននាក់ បានស្លាប់ជាបន្តបន្ទាប់ ដោយសារជំងឺគ្រោះថ្នាក់ចរាចរណ៍ និងឧបទ្ទវហេតុក្នុងពេលបំពេញបេសកកម្មជាដើម។ ក្នុងនោះទាហានមួយចំនួនខ្មែរបានបញ្ជាក់ថា ករណីស្លាប់របស់យោធិនខ្លះ មានជាប់ពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្ម ដោយមិនមែនជាឧបទ្ទវហេតុ ឬគ្រោះថ្នាក់ក្នុងការងារនោះឡើយ ក៏ប៉ុន្តែករណីនេះត្រូវបានថ្នាក់លើបញ្ជាឱ្យបិទសំណុំរឿង និងធ្វើកំណត់ហេតុដោយបំភ្លៃការពិត។
សង្គ្រាមនៅតាមព្រំដែនថៃ បានបញ្ចប់អស់រយៈពេលជិតមួយឆ្នាំមកហើយ ក៏ប៉ុន្តែដំណឹងពីការស្លាប់របស់ទាហានជួរមុខ នៅតែមានជាបន្តបន្ទាប់។ ក៏ប៉ុន្តែករណីស្លាប់នេះ មិនមែនសុទ្ធតែកើតឡើងដោយសារជំងឺ ឬភាពជរាទាំងអស់នោះឡើយ ដោយករណីភាគច្រើនបណ្ដាលមកពីឧបទ្ទវហេតុ និងករណីខ្លះទៀតត្រូវបានគេអះអាងថា កើតឡើងដោយសារការវាយប្រហារ ដែលពាក់ព័ន្ធនឹងករណីឃាតកម្ម និងវិបល្លាសផ្លូវចិត្តរបស់ទាហានជួរមុខជាដើម។
ទាហានខ្មែរម្នាក់ ដែលកំពុងឈរជើងនៅព្រំដែនខេត្តឧត្តរមានជ័យ បានអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា នៅអង្គភាពរបស់លោកមានករណីទាហានស្លាប់ដោយគ្មានភាពច្បាស់លាស់ចំនួន ៣ករណីមកហើយ ចាប់តាំងពីមានបទឈប់បាញ់កាលពីចុងឆ្នាំ ២០២៥មក។ លោកបានបញ្ជាក់ថា ទាហានដែលបានពលីទាំងនេះ មាន ១ករណីត្រូវភ្លើងឆេះស្លាប់នៅទិសប្រាសាទតាក្របី និង២ករណីទៀត បានស្លាប់ដោយសារការបាញ់ប្រហារដោយកាំភ្លើង។ ក៏ប៉ុន្តែលោកបន្តថា ករណីទាំងនេះ មិនត្រូវបានអង្គភាពបើកការស៊ើបអង្កេតនោះឡើយ ដោយមេបញ្ជាការនៅថ្នាក់លើបានបញ្ជាឱ្យបិទសំណុំរឿងនេះភ្លាមៗ និងបានធ្វើរបាយការណ៍ថា វីរជនដែលបានពលីទាំងនេះ បានស្លាប់ដោយសារខ្យល់គ និងរាលកៃកាំភ្លើងបាញ់សម្លាប់ខ្លួនឯងទៅវិញ។
«រឿងហ្នឹងវាមានការលាក់បាំង។ ទាហានដែលបញ្ជូនទៅជួរមុខសុទ្ធតែឆ្លងកាត់ការបណ្ដុះបណ្ដាលច្បាស់លាស់ពីការប្រើប្រាស់អាវុធ វាមិនអាចទៅរួចទេដែលផ្ទុះអាវុធ ដែលរាលកៃខ្លួនឯងហ្នឹងបាញ់ចំក្បាលខ្លួនឯង វាមិនអាចទៅរួចទេ អាវុធពេលមានសង្គ្រាមបាញ់សឹងមិនចង់ចេញផងហ្នឹង។ ហើយរបាយការណ៍គេបញ្ជូនទៅថ្នាក់លើគេដាក់ថា គ្រោះថ្នាក់ក្នុងពេលបំពេញបេសកកម្ម ដល់ពេលអញ្ចឹងទៅវាអត់ច្បាស់លាស់ទេ»។
ទាហានជួរមុខ
ផ្អែកតាមការប្រកាសរបស់អង្គភាពយោធានៅតាមតំបន់ ដែលទូរទស្សន៍អាស៊ីសេរីបានកត់ត្រាទុក បានបង្ហាញថា គិតត្រឹមដើមខែវិច្ឆិកា នេះ យ៉ាងហោចណាស់មានទាហានចំនួន ៥០នាក់ បានស្លាប់នៅក្រោយការផ្អាកសង្គ្រាមតាមព្រំដែនថៃ។ ទាហានទាំងនោះ ត្រូវបានអង្គភាពរាយការណ៍ថា បានស្លាប់ដោយសារជំងឺគ្រោះថ្នាក់ចរាចរណ៍ និងជួបឧបទ្ទវហេតុក្នុងពេលបំពេញការងារ។
ក៏ប៉ុន្តែ បើតាមការផ្ទៀងផ្ទាត់របស់ទូរទស្សន៍អាស៊ីសេរី ដែលបានសម្ភាសជាមួយទាហាននៅតាមព្រំដែន បានរកឃើញថា នៅក្នុងករណីស្លាប់ទាំងអស់នេះ យ៉ាងហោចណាស់មានទាហានចំនួន ៨រូបបានពលីដោយគ្មានការបញ្ជាក់ពីមូលហេតុត្រឹមត្រូវ និងមានការបំភ្លៃនៅក្នុងរបាយការណ៍ ដែលអង្គភាពនៅតាមតំបន់បានប្រកាស។ ករណីទាំងនោះ រួមមាន ទាហានត្រូវភ្លើងឆេះស្លាប់នៅទិសប្រាសាទតាក្របី ចំនួន១ករណី ករណីទាហានកាន់គ្រាប់បែកដៃធ្វើអត្តឃាតនៅតំបន់មុំបី ចំនួន១ករណី ករណីទាហានបោកគ្រាប់បែកដៃ បណ្ដាលបណ្ដាលឱ្យទាហានបីនាក់ស្លាប់នៅតំបន់មុំបី ចំនួន១ករណី និងករណីទាហានចង.ក ធ្វើអត្តឃាតនៅទិសប្រាសាទព្រះវិហារ ចំនួន១ករណី។
កាន់តែធ្ងន់ធ្ងរជាងនេះ មានករណីទាហានពលីចំនួន ៤ករណីផ្សេងទៀត បានកើតឡើងនៅតំបន់ព្រំដែនខេត្តឧត្តរមានជ័យ ព្រះវិហារ និងបាត់ដំបង ត្រូវបានទាហានជួរមុខអះអាងថា បង្កឡើងដោយសារការវាយប្រហារដោយកាំភ្លើង។ ទាហាននៅជួរមុខបន្តថា ករណីទាំងនេះត្រូវបានមេបញ្ជាការភូមិភាគបិទសំណុំរឿង និងប្រកាសថា ពួកគេបានរាលកៃបាញ់ខ្លួនឯង និងជាឧបទ្ទវហេតុទៅវិញ។
ទាហាននៅជួរមុខបានរៀបរាប់ថា ក្រៅពីស្លាប់ដោយអាថ៌កំបាំងហើយនោះក៏នៅមានករណីទាហានស្លាប់ដោយសារសម្ពាធការងារធ្ងន់ធ្ងរ និងជំងឺដែលគ្មានការសង្គ្រោះឱ្យបានទាន់ពេលទៀតផង។ ពួកគាត់បញ្ជាក់ថា ទាហានទាំងនោះ ខ្លះមានអាយុនៅក្មេងៗនៅឡើយ ដោយកាលពីចុះបេសកកម្ម ពួកគាត់មានស្មារតី និងសុខភាពល្អជាធម្មតា ក៏ប៉ុន្តែក្រោយមកពួកគាត់បានស្លាប់មួយរំពេច ដែលពួកគាត់បានពិពណ៌នាថា ដូចយមបាលមកយកទៅទាំងរស់។ ក្នុងនោះមានទាហានមួយចំនួន បានស្លាប់ដោយសារការដឹកជញ្ជូនស្បៀង គ្មានជំនួយផ្នែកសម្ភារៈពីថ្នាក់លើ បណ្ដាលឱ្យពួកគាត់ជួបគ្រោះថ្នាក់ និងធ្លាក់ពីលើភ្នំ។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា និងមេបញ្ជាការនៅតាមយោធភូមិភាគ និងតំបន់ ដើម្បីសុំការផ្ទៀងផ្ទាត់ជុំវិញរឿងនេះបានទេ នៅថ្ងៃទី៣ ខែវិច្ឆិកា។
ពាក់ព័ន្ធរឿងនេះ នាយទាហានម្នាក់ប្រចាំការនៅកងពលធំអន្តរាគមន៍លេខ៣ បានអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណថា ករណីទាហានដែលបានពលី ធ្វើអត្តឃាត ឬស្លាប់ដោយសារការបាញ់ដោយកាំភ្លើងនេះ ត្រូវបានថ្នាក់លើដាក់បញ្ជាឱ្យធ្វើកំណត់ហេតុ និងដាក់បញ្ចូលទៅក្នុងរបាយការណ៍ថា ពួកគេបានស្លាប់ដោយសារគ្រោះថ្នាក់ក្នុងពេលបំពេញបេសកកម្ម។ លោកបន្តថា ការផ្លាស់ប្ដូរអង្គហេតុរបស់ទាហានដែលបានពលីនេះ គឺដោយសារថ្នាក់លើមានបំណងបញ្ចៀសការចោទប្រកាន់ និងការពារកុំឱ្យមានភាពចលាចលនៅក្នុងជួរកងទ័ព។
ទោះជាបែបនេះក្ដី ប្រធានក្រុមប្រឹក្សាឃ្លាមើលកម្ពុជា លោក ម៉ែន ណាត ស្នើឱ្យមានការស៊ើបអង្កេតច្បាស់លាស់ពីសំណាក់ស្ថាប័នមានសមត្ថកិច្ច និងកងឯកភាពពាក់ព័ន្ធ ដើម្បីផ្តល់ភាពយុត្តិធម៌ និងបំភ្លឺការពិតជូនគ្រួសារទាហានដែលបានពលី និងសាធារណជន ឱ្យបានដឹងរឿងនេះ។ លោកបន្តថា ករណីនេះនឹងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងជំនាញរបស់កងទ័ព។ លោកបារម្ភថា បញ្ហានេះនឹងបង្កើតឱ្យមានអសន្តិសុខ ភាពជ្រួលច្របល់ និងការបាត់បង់ទំនុកចិត្តពីមជ្ឈដ្ឋានប្រជាពលរដ្ឋចំពោះវិស័យយោធា។
«ពួកមេដឹកនាំមិនថាមេដឹកនាំក្រសួងការពារជាតិទេ សុទ្ធតែពួកកំសាក ពីព្រោះពួកអស់ហ្នឹងអត់មានសមត្ថភាពជាក់លាក់នៅក្នុងការដឹកនាំស្រុកទេ ព្រោះអ្នកអស់ហ្នឹងជាមនុស្សដែលឡើងតាមជើងខោ ឡើងតាមការផ្ទេរអំណាចពីឪពុកទៅកូន ពីមីងទៅក្មួយ ពីសាច់ញាតិសាច់ញាតិអញ្ចឹង។ ក្នុងរឿងនេះយើងគិតទៅគិតមកទៅវាអស្ថិរភាពសម្រាប់ជាតិយើងហ្នឹង»។
លោក ម៉ែន ណាត
អនុក្រឹត្យស្តីពីរបបឧបត្ថម្ភចំពោះយោធិនពលី បង្កស្លាប់ និងបាត់ខ្លួន របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឆ្នាំ២០០៩ បានកំណត់ឧបត្ថម្ភចំពោះគ្រួសារយោធិន ដែលបានស្លាប់ដោយទទួលបាន ៩ខែ នៃប្រាក់បៀវត្សសរុបចុងក្រោយ ហើយអង្គភាពនឹងទទួលបន្ទុករៀបចំបុណ្យបូជា ឬបញ្ចុះសព។ ក្រៅពីនេះ រដ្ឋាភិបាលបានផ្ដល់អាទិភាពជូន សាច់ញាតិបង្កើតចំនួន ១ រូប របស់យោធិនពលី ឱ្យទទួលបានក្របខ័ណ្ឌការងាររដ្ឋ នៅក្នុងកងទ័ព ឬនគរបាលជាតិ ដើម្បីបន្តវេន និងជួយទំនុកបម្រុងគ្រួសារបន្ថែមទៀត។
ទោះជាបែបនេះក្ដី ទាហានដែលកំពុងឈរជើងនៅជួរមុខ បានលើកឡើងដូចៗគ្នាថា ប្រាក់ឧបត្ថម្ភទាំងនេះ វាមិនស្មើនឹងការចំណាយចូលហាងផឹកស៊ីមួយយប់ របស់មេទាហាន និងកូនចៅអ្នកធំ ដែលឡើងតាមសែស្រឡាយនោះឡើយ។ ពួកគាត់លើកឡើងថា នៅពេលលាប្រពន្ធកូន និងសាច់ញាតិ ឡើងឡាន ឬធ្វើដំណើរចេញពីផ្ទះទៅកាន់សមរភូមិនោះ ពួកគាត់បានស្ម័គ្រចិត្តពលីនៅក្នុងសមរភូមិ ដោយគ្មានការភ័យខ្លាចនោះឡើយ ប៉ុន្តែពួកគាត់ក៏មិនចង់ស្លាប់ដោយផុយៗ ដូចយមបាលមកយកទៅទាំងរស់ និងគ្មានការស៊ើបអង្កេតបែបនេះនោះដែរ៕









