

ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣ តុលា លោក សម រង្ស៊ី ស្នើសុំឲ្យប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ពិចារណាកុំចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា ខណៈប្រទេសបារាំងកំពុងប្រឈមវិបត្តិនយោបាយ និងសង្គមដែលទាមទារឲ្យមានអ្នកដោះស្រាយ ហើយកម្ពុជាមិនមែនជាទីកន្លែងសមស្របបំផុតសម្រាប់ប្រធានាធិបតីបារាំងទៅអបអរសាទរហ្វ្រង់កូហ្វូនីក្នុងស្ថានភាពនេះឡើយ។
ខណៈពេលប្រទេសបារាំងកំពុងប្រឈមនឹងភាពតានតឹងខ្លាំងផ្នែកនយោបាយ និងសង្គម ជាពិសេសបញ្ហាសេដ្ឋកិច្ច និងថវិកា ប្រធានាធិបតី លោក អេម៉ានុយអែល ម៉ាក្រុង ក៏គ្រោងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី។
លោក សម រង្ស៊ី បានសរសេរលិខិតមួយផ្ញើទៅកាន់ក្រសួងការអឺរ៉ុប និងការបរទេសបារាំង និងបានផ្សាយកាលពីថ្ងៃទី២ វិច្ឆិកា ដោយស្នើសុំឲ្យប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ពិចារណាកុំចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅភ្នំពេញនៅសប្តាហ៍ក្រោយនេះ។ លោក សម រង្ស៊ី លើកឡើងថា ការទទួលស្វាគមន៍យ៉ាងឱឡារិកតាមរយៈពិធីការទូត ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលនេះ អាចធ្វើឲ្យលោកបានធូរស្រាលពីភាពចម្រូងចម្រាសនៅទីក្រុងប៉ារីសមួយគ្រាប៉ុណ្ណោះ ប៉ុន្តែបរិយាកាសនយោបាយនៅកម្ពុជា គឺមានសភាពថប់ដង្ហើមយ៉ាងខ្លាំង សម្រាប់អ្នកដែលហ៊ានប្រឆាំងនឹងអំណាច។
លោក សម រង្ស៊ី ថា ដំណើរទស្សនៈកិច្ចរបស់ប្រធានាធិបតីបារាំងមកកម្ពុជា នឹងធ្វើឲ្យអ្នកកាន់អំណាចកម្ពុជាអាចយករូបភាពនេះទៅប្រើប្រាស់យ៉ាងងាយស្រួល ដើម្បីបង្ហាញថាខ្លួនទទួលបានការទទួលស្គាល់ពីអន្តរជាតិ។
លោកលើកឡើងថា អង្គការហ្វ្រង់កូហ្វូនីបានដាក់លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន ជាស្នូលនៃការប្តេជ្ញាចិត្តរបស់ខ្លួន ខណៈកម្ពុជាទទួលបានចំណាត់ថ្នាក់ទាបខ្លាំងលើសន្ទស្សន៍នីតិរដ្ឋរបស់គម្រោងយុត្តិធម៌ពិភពលោកឆ្នាំ២០២៦ គឺលំដាប់លេខ១៤០ ក្នុងចំណោមប្រទេស១៤៣ ពាក់ព័ន្ធនឹងឯករាជ្យភាពរបស់តុលាការ ការគោរពសិទ្ធិមនុស្ស និងសេរីភាពនយោបាយ។ លោកបញ្ជាក់ថា តាមរយៈចំណាត់ថ្នាក់នេះ បង្ហាញឱ្យឃើញច្បាស់ពីតថភាពជាប្រព័ន្ធមួយនៃការក្តោបក្តាប់អំណាច ដែលលោក ហ៊ុន សែន បាន ផ្ទេរតំណែងជានាយករដ្ឋមន្ត្រីទៅឱ្យកូនប្រុសរបស់ខ្លួន គឺលោក ហ៊ុន ម៉ាណែត ខណៈដែលមេដឹកនាំដទៃទៀតក៏បានប្រគល់តំណែងរបស់ខ្លួនទៅឱ្យកូនៗ ជាពិសេសនៅក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ព្រមទាំងតំណែងប្រមុខធនាគារកណ្តាល។
ក្រៅពីនោះ របបដឹកនាំសព្វថ្ងៃ បានបន្តធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋ បង្ក្រាបលើក្រុមប្រឆាំង អ្នកសារព័ត៌មាន និងសកម្មជនបរិស្ថានឯករាជ្យ សកម្មជនសិទ្ធិមនុស្សជាបន្តបន្ទាប់ ដែលទាំងអស់នេះក៏ត្រូវបានអង្គការ Human Rights Watch កត់ត្រាទុកជាឯកសារផងដែរ។ បច្ចុប្បន្នមនុស្សជាង១០០នាក់បានបាត់បង់សិទ្ធិរបស់ខ្លួន និងកំពុងជាប់ឃុំក្នុងពន្ធនាគារដោយសារតែការបង្ក្រាបរបស់មេដឹកនាំកម្ពុជា ដោយគ្រាន់តែពួកគេបានអនុវត្តសិទ្ធិរបស់ខ្លួនក្នុងការបញ្ចេញមតិ និងធ្វើសកម្មភាពនយោបាយ។
ក្រសួងការបរទេសសហរដ្ឋអាមេរិកក៏ធ្លាប់បានរាយការណ៍ដែរថា មានការឃុបឃិតគ្នាដែលមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលជាច្រើនរូបមានជាប់ពាក់ព័ន្ធក្នុងការជួយការពារនិងកាងឲ្យក្រុមឧក្រិដ្ឋជន ប្រព្រឹត្តអំពើជួញដូរមនុស្ស ឲ្យបម្រើការតាមទីតាំងឆបោកអនឡាញ ដែលមានការធ្វើទារុណកម្ម និងឃុំឃាំងមនុស្ស ហើយពួកគេទទួលផលចំណេញពីសកម្មភាពឆបោកទាំងនោះ។
ករណីជាច្រើនទៀតដូចជា ការបាញ់សម្លាប់អតីតតំណាងរាស្ត្របក្សប្រឆាំងលោក លិម គិមយ៉ា នៅកណ្តាលទីក្រុងបាងកកកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ដែលប្រទេសបារាំងក៏បានថ្កោលទោសយ៉ាងខ្លាំងចំពោះករណីនេះ ហើយនឹងការបិទសិទ្ធិ និងរារាំងអ្នកនយោបាយបក្សប្រឆាំងដែលមានសញ្ជាតិបារាំង និងខ្មែរ មិនឱ្យវិលត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញជាដើម។
លោក សម រង្ស៊ី ទទូចឲ្យប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង គួរចាត់តំណាងថ្នាក់រដ្ឋមន្ត្រីឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូល និងលើកឡើងនូវការទាមទាររបស់ប្រទេសបារាំង ជាជាងការទៅដោយផ្ទាល់។
ទូរទស្សន៍មិនអាចសុំការអត្ថាធិប្បាយជុំវិញរឿងនេះ ពីអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា បានទេ នៅថ្ងៃទី០៣ ខែវិច្ឆិកា។
អ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជា លោក សេង វណ្ណលី មានប្រសាសន៍ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង ក្នុងកាលៈទេសៈប្រទេសបារាំងកំពុងប្រឈមវិបត្តិនេះ មិនមែនជារឿងចាំបាច់នោះទេ។ លោកថា លោក ម៉ាក្រុង គួរតែផ្តោតលើការដោះស្រាយបញ្ហាប្រឈមរបស់ប្រជាជនខ្លួន ជាជាងការចំណាយធនធាន និងផ្តល់ភាពស្របច្បាប់ផ្នែកនយោបាយដល់រដ្ឋាភិបាលកម្ពុជាដែលរំលោភសិទ្ធិមនុស្សនេះ។ លោកលើកឡើងថា នៅក្នុងបរិបទដែលកម្ពុជាកំពុងប្រឈមមុខនឹងវិបត្តិផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរដូចគ្នា ហើយការចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ និងការបង្កើតរូបភាពស្អាតស្អំពីខាងក្រៅនៃព្រឹត្តិការណ៍អន្តរជាតិនេះ ត្រូវបានគេមើលឃើញថា គ្រាន់តែជាល្បិចកលនយោបាយដើម្បីបង្វែរអារម្មណ៍សាធារណជន និងពិភពលោកចេញពីបញ្ហាស្នូលដែលកំពុងគាបសង្កត់ពលរដ្ឋម្ចាស់ឆ្នោតប៉ុណ្ណោះ។
លោក សេង វណ្ណលី យល់ថា បញ្ហាប្រឈមធំៗនៅកម្ពុជា រួមមានការរីករាលដាលនៃបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Cyber-scams) ដែលធ្វើឱ្យកម្ពុជាធ្លាក់ឈ្មោះជាមជ្ឈមណ្ឌលឧក្រិដ្ឋកម្មដ៏ធំ ការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ការចាប់ចងសកម្មជននយោបាយ និងបរិស្ថាន ព្រមទាំងការក្ដោបអំណាចតាមរបៀបគ្រួសារនិយម បង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាលកំពុងបរាជ័យក្នុងការបម្រើប្រយោជន៍ពលរដ្ឋ។
លោកទទូចឲ្យប្រធានាធិបតេយ្យបារាំង ពិចារណាឡើងវិញលើដំណើរទស្សនកិច្ចនេះ ដើម្បីកុំឱ្យបារាំងក្លាយជាអ្នកជួយបិទបាំងកំហុសឆ្គងរបស់អាជ្ញាធរកម្ពុជា។
«កិច្ចប្រជុំកំពូលនេះមិនបានផ្តល់ផលប្រយោជន៍សេដ្ឋកិច្ច ឬសង្គមផ្ទាល់ដល់ប្រជាពលរដ្ឋសាមញ្ញដែលកំពុងរងគ្រោះនោះទេ ប៉ុន្តែវាជាឧបករណ៍នយោបាយសម្រាប់គណបក្សកាន់អំណាចក្នុងការប្រើប្រាស់ដើម្បីបំពញមុខមាត់របស់ខ្លួនលើឆាកអន្តរជាតិ និងលុបលាងរូបភាពអវិជ្ជមាននៃការដឹកនាំដែលរំលោភបំពានសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋមូលដ្ឋាន។ ដោយឡែកការព្រមាន និងការលើកឡើងរបស់លោក សម រង្ស៊ី ជុំវិញវិបត្តិទាំងនេះ ឆ្លុះបញ្ចាំងពីការព្រួយបារម្ភយ៉ាងពិតប្រាកដអំពីអនាគតរបស់ប្រទេសជាតិ ជាពិសេសលើប្រជាពលរដ្ឋ។ ការចង្អុលបង្ហាញអំពីគ្រោះថ្នាក់នៃការបាត់បង់សេរីភាព ការកើតឡើងនៃឧក្រិដ្ឋកម្មឆ្លងដែន និងការខូចខាតប្រព័ន្ធប្រជាធិបតេយ្យ គឺជាការរំលឹកស្មារតីមួយថា កិច្ចប្រជុំអន្តរជាតិណាមួយក៏ដោយ មិនអាចយកមកជំនួសការកែទម្រង់ផ្ទៃក្នុងពិតប្រាកដ ក្នុងការគោរពសិទ្ធិមនុស្ស និងការស្តារប្រជាធិបតេយ្យឡើងវិញបាននៅកម្ពុជាបានទេ បាទ។»
លោក សេង វណ្ណលី
កាលពីខែតុលា ឆ្នាំ២០២៦ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) ក៏ធ្លាប់បានបង្ហាញការព្រួយបារម្ភចំពោះការរឹតត្បិតសេរីភាពបញ្ចេញមតិ លំហសង្គមស៊ីវិល និងការចូលរួមនយោបាយ ព្រមទាំងការឃុំខ្លួនអ្នកការពារសិទ្ធិមនុស្ស សកម្មជននយោបាយ និងអ្នកសារព័ត៌មាន។ កន្លងមក អង្គការជាតិ និងអន្តរជាតិជាច្រើនក៏ធ្លាប់បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ស្តារឡើងវិញនូវលំហប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សស្របតាមស្មារតីរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ប៉ុន្តែរដ្ឋាភិបាលកម្ពុជាហាក់មិនអើពើ និងខ្វល់ខ្វាយចំពោះបញ្ហាទាំងនេះឡើយ។ បញ្ហាទាំងនេះ ធ្វើឲ្យអង្គការជាតិ និងអន្តរជាតិបារម្ភថា វិបត្តិសិទ្ធិមនុស្សនេះ នឹងធ្វើឲ្យពលរដ្ឋនឹងបន្តរងគ្រោះជាប្រព័ន្ធបន្តទៀត ដោយសារតែការដឹកនាំបែបគ្រួសារនិយមរបស់អ្នកមានអំណាច៕









